បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) មានន័យទូលំទូលាយដែលក្នុងនោះរួមមានឧបករណ៍ និងប្រព័ន្ធឌីជីថលនៃការប្រាស្រ័យទាក់ទងគ្នាបូករួមទាំងវិទ្យុ ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ បណ្តាញផ្នែករឹង និងផ្នែកទន់នៃកុំព្យូទ័រការប្រើប្រាស់ប្រព័ន្ធផ្កាយរណប និងសេវាផ្សេងៗទៀតពាក់ព័ន្ធទៅនឹងឌីជីថល ឬក៏ទាក់ទិននឹងវីដេអូខនហ្វើរិន និងការសិក្សាតាមអនឡាញជាដើម។
ទន្ទឹមនឹងនេះតម្រូវការចាំបាច់ផ្នែកបង្គន់អនាម័យ និងការផ្គត់ផ្គង់ទឹកស្អាតនៅតាមសាលារៀនដែលយ៉ាងហោចណាស់ក៏ប្រហែលជា ២០ ភាគរយនៃសាលារៀនទូទាំងប្រទេសកំពុងមានការខ្វះខាត។ នេះបើតាមប្រសាសន៍របស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំកាលពីឆ្នាំទៅ។ តែមធ្យោបាយ ICT ក៏ជាតម្រូវការចាំបាច់បំផុតមួយដែរក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជាខណៈដែលប្រទេសសមាជិកអាស៊ានកំពុងតែរីកចម្រើនលើបច្ចេកវិទ្យា ICT នេះទាំងនៅតាមសាលារៀន និងទីផ្សារការងាររបស់ពួកគេគឺកំពុងមានតម្រូវការចាំបាច់ផងដែរ។
ចំណែកឯ ប្រទេសកម្ពុជាវិញគឺមានគោលនយោបាយជាតិសម្រាប់ ICT ដោយគោលនយោបាយ និងយុទ្ធសាស្ត្រប្រើប្រាស់ ICT ក្នុងប្រព័ន្ធអប់រំនៅកម្ពុជាមានតាំងពីឆ្នាំ ២០០៤ មកម្ល៉េះក្នុងនោះមានផែនការមេស្តីពី ICT នៅកម្ពុជាពីឆ្នាំ ២០១៤ ដល់ ២០២០ ។
នៅក្នុងបញ្ហានេះសូម្បីតែយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី ២ ក៏បានដាក់បញ្ចូលការអភិវឌ្ឍ ICT នៅក្នុងចំណុចទី ២ ផងដែរ។ បន្ទាប់ពីបានបណ្តុះបណ្តាលគរុសិស្ស និងលោកគ្រូ-អ្នកគ្រូរួចមកក្រសួងអប់រំក៏បានប្រកាសឲ្យប្រើប្រាស់កម្មវិធីសិក្សាអំពីបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) សម្រាប់សិស្សានុសិស្សថ្នាក់ទី ១១ និងថ្នាក់ទី ១២ នៅឆ្នាំ ២០១២ យ៉ាងហោចណាស់ ២ ម៉ោងក្នុងមួយសប្តាហ៍សម្រាប់បង្រៀនចំណេះដឹងជាមូលដ្ឋាន។
បើទោះបីជាឯកសារទាំងនោះមិនបានការឲ្យនិយមន័យពន្យល់ជាក់លាក់ចំពោះ ICT ក៏ដោយ ក៏ ICT ត្រូវបានបកស្រាយសម្រាប់ការប្រើប្រាស់ តម្រូវការ និងសារៈសំខាន់របស់វាដែរ។
ជាក់ស្តែងតាមរយៈការសង្កេត និងការលើកឡើងពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សឃើញថាការអនុវត្តនៅសាលាឯកជន និងសាលាស្តង់ដារអន្តរជាតិសព្វថ្ងៃនេះគឺបំពាក់សម្ភារអគ្គិសនី និងដំណើរការអ៊ីនធឺណិតសម្រាប់បម្រើ ICT បានប្រសើរឡើងហើយតែសម្រាប់សាលារដ្ឋវិញគឺបានតែនៅទីក្រុង និងទីប្រជុំជនខ្លះប៉ុណ្ណោះដែលអាចមានលទ្ធភាពអនុវត្ត ICT បាន។
ទោះបីជាយ៉ាងណាសេវានៃការតភ្ជាប់អ៊ីនធឺណិតនៅដើរយឺតឯកុំព្យូរទ័រក៏ចាស់ៗពេក និងកំពុងខ្វះខាតម៉ាស៊ីនត្រជាក់នៅឡើយទេ។
ហេតុដូច្នេះ ហើយរាជរដ្ឋាភិបាលគួរតែទម្លាក់ថវិកាទៅលើការចំណាយចំពោះ ICT បន្ថែមទៀតដើម្បីឲ្យបានគ្រប់គ្រាន់សមស្របទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រ ICT ក្នុងប្រព័ន្ធអប់រំដែលជាការបំពេញទៅតាមតម្រូវការចាំបាច់បំផុតសម្រាប់ការសិក្សាកម្រិតឧត្តមសិក្សា និងការសិក្សានៅក្រៅប្រទេសក៏ដូចជាតម្រូវការទីផ្សារការងារជាច្រើននាពេលបច្ចុប្បន្ននេះទាំងនៅក្នុងស្ថាប័នរដ្ឋក៏ដូចជាតម្រូវឲ្យចេះ ICT ផងដែរ។ បញ្ហានេះសូម្បីតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់មានប្រសាសន៍ឲ្យប្រើអ៊ីៗ«e-» ទៅគឺមានលោកជួយលើកទឹកចិត្តឲ្យប្រើប្រាស់ ICT នៅក្នុងប្រព័ន្ធរដ្ឋបាល និងសេវាសាធារណៈជាពិសេស e-government។
ជាមួយគ្នានេះដែរនៅរៀងរាល់ឆ្នាំក្រុមនិស្សិត លោកគ្រូ-អ្នកគ្រូ និងអ្នកជំនាញបច្ចេកវិទ្យា ICT តែងបានរៀបចំ Bar Camp ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍ ICT ថ្មីៗដើម្បីចែករំលែកចំណេះដឹងគ្នាទៀតផង។
ជាលទ្ធផលឃើញថាវាមានទំនាក់ទំនងគ្នារវាងការដាក់កម្មវិធី ICT ចូលទៅក្នុងប្រព័ន្ធអប់រំដោយកត់សម្គាល់ឃើញថាអត្រាបោះបង់ការសិក្សាមានការធ្លាក់ចុះ។ តាមគម្រោងសាកល្បងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិដែលអនុវត្តការទប់ស្កាត់ចំពោះការបោះបង់ការសិក្សា (SDPP-USAID) របស់សិស្សថ្នាក់ទី ៧ ដល់ទី ៩ នៅតាមបណ្តាខេត្តចំនួន ៦ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៤ គឺមានដាក់បញ្ចូលកម្មវិធីកុំព្យូទ័រ និង ICT ជាផ្នែកមួយនៃគម្រោងនេះ។
ជាលទ្ធផលឃើញថាអាចកាត់បន្ថយអត្រាបោះបង់ការសិក្សាដល់ទៅ ២,៥ ភាគរយក្នុងចំណោមកុមារ ៦ ម៉ឺននាក់។
ដូចគ្នានេះដែរតាមរយៈការធ្វើបទបង្ហាញរបស់តំណាងអង្គការមូលនិធិកុមារកម្ពុជា (CCF) នៅឯសិក្ខាសាលាស្តីពី ICT ក្នុងវិស័យអប់រំដែលរៀបចំដោយស្ថានទូតស៊ុយអែតកាលពីសប្តាហ៍មុននេះការបណ្តុះបណ្តាលជំនាញ ICT និងវិធីសាស្ត្របង្រៀនទៅដល់លោកគ្រូ អ្នកគ្រូ និងការគាំទ្រសម្ភារ ICT សម្រាប់ការប្រើប្រាស់នៅក្នុងដំណើរការរៀន និងបង្រៀនពិតជាធ្វើឲ្យសិស្សានុសិស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការសិក្សាដែលបានរួមចំណែកយ៉ាងខ្លាំងដល់ការធ្វើឲ្យប្រសើរឡើងនៃគុណភាពអប់រំនៅអង្គការមូលនិធិកុមារកម្ពុជា។
ជាការពិតណាស់បើយើងសង្កេតប្រចាំថ្ងៃដោយធ្វើការប្រៀបធៀបកុមារដែលមាន iPad រៀនអក្សរ ឬលេខតាមអនឡាញជាមួយនឹងកុមារដែលអត់មានសម្ភារ iPad ប្រើប្រាស់នោះឃើញថាកុមារដែលមាន iPad មានភាពវៃឆ្លាត និងរហ័សរហួនជាងកុមារដែលអត់មានសម្ភារ ICT ប្រើប្រាស់។
សរុបមកវិញការដាក់បញ្ចូលកម្មវិធី ICT ទៅក្នុងប្រព័ន្ធអប់រំគឺមិនត្រឹមតែតម្រូវតាមទីផ្សារការងារនោះទេគឺអាចកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សទៀតផងគឺអាចឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពទី ៤ គឺគុណភាពនៃការអប់រំដែលអត្រាពិតការសិក្សានៅបឋមភូមិថ្នាក់ទី ៧-៩ ជាសកលមធ្យមគឺចាប់ផ្តើម ៤៩ ភាគរយឯកម្ពុជាវិញបានបញ្ចប់ថ្នាក់ទី ៧-៩ តែ ៤៥ ភាគរយ (MoEYS, 2014 /15) ហើយបើជាលក្ខណៈម៉ាក្រូសេដ្ឋកិច្ចវិញគឺការប្រើប្រាស់ ICT បានជួយបង្កើនប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ ០,៧៥ ភាគរយប្រចាំឆ្នាំហើយអាចចូលរួមចំណែកឲ្យមានការកើនឡើង ១៩៣ កោដិលានដុល្លារសម្រាប់សេដ្ឋកិច្ចលើពិភពលោក និងបង្កើតការងារបានដល់ទៅ ៦ លាន (Sabbagh, et al., 2013)។
ប៉ុន្តែអ្វីដែលសំខាន់គឺថវិកាជាតិដែលត្រូវផ្តល់មកផ្នែក ICT ក្នុងប្រព័ន្ធអប់រំគឺមិនគ្រប់គ្រាន់ទេបើទោះបីជាកំណើនថវិកាឆ្នាំ ២០១៦ របស់ក្រសួងអប់រំមានកំណើនដល់ទៅ ២៨ ភាគរយប្រៀបធៀបកាលពីឆ្នាំ ២០១៥ ក៏ដោយ (MoEF,2016)។ ឧទាហរណ៍ដ៏ល្អរបស់ប្រទេសកូរ៉េខាងត្បូងគឺរដ្ឋាភិបាលគេព្យាយាមលុបបំបាត់ការសិក្សាតាមបែបការប្រើប្រាស់ជាក្រដាសសៀវភៅទៅហើយគឺគេពង្រីកផ្នែក ICT យ៉ាងខ្លាំងទៅលើប្រព័ន្ធអប់រំរបស់គេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com