ផ្លូវ​ជាតិ​លេខ​ ៤​ ពី​ភ្នំ​ពេញ​ ទៅ​ខេត្ត​ព្រះ​សីហនុ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ផ្លូវ​ដែល​កើត​មាន​គ្រោះ​ថ្នាក់​​ចរាចរ​​ណ៍​ច្រើន​ជាង​គេ​ គឺ​កើត​ឡើង​រាល់​ថ្ងៃ​គ្រាន់​​តែ​ថា​ ថ្ងៃ​ខ្លះ​តិច​ ថ្ងៃ​ខ្លះ​ច្រើន​ប៉ុណ្ណោះ ដោយ​សារ​តែ​​ផ្លូវ​នេះ​ ជា​ផ្លូវ ជាតិ​មាន​ទំហំ​តូច​ នាពេល​បច្ចុប្បន្ន ដែល​ចរា​ចរណ៍​កំពុង​តែ​កក​កុញ​ស្ទះ​រាល់​ថ្ងៃ ហើយ​ជាផ្លូវ​ពាណិជ្ជ​កម្ម​មាន​រថ​យន្ត​កុង​តឺន័រ​ធំៗ​ ដឹក​ទំនិញ​ មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន និង​រោង​ចក្រ​កាត់​ដេរ​ នៅ​តាម​ដង​ផ្លូវ ពេល​កម្មករ​ចេញ​ពី​ធ្វើការ​មាន​ភាព​មមាញញឹក។

នៅ​ពេល​អ្នក​បើក​បរ​​ម្នាក់​ ចេះ​តែ​ចង់​ប្រញាប់​បើក​បង្កើន​​ល្បឿន ​វ៉ា​​ជែង​គេ ឯង​ ធ្វើ​ឲ្យមាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ទៅ​វិញ​ បុក​រះ​ឆ្លង​ទៅ​គំនូ​ស​នៃ​គន្លង​ផ្លូវ​​ម្ខាង​ទៀត ដែល​គេបើក​បរ​ស្រប​ផ្លូវ​សោះ​នោះ​ ដូច​ករណី​គ្រោះ​ថ្នាក់​កាល​ពី​​ចុង​សប្តាហ៍​មុន​ មាន​រថ​យន្ត​ ៣ ​គ្រឿ​ង​បុក​គ្នា​ដោយ​សារ​តែ​វ៉ា​គ្នា​ឆ្លង​ទៅ​ខាង​ឆ្វេង​ដៃ​ ដែល​កំពុង​បើក​បញ្រ្ចាស​ទិស​គ្នា​នោះ​។ គ្រោះ​ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​​ដោយ​មាន​ឆេះ​រថ​យន្ត​នេះ​បណ្តាល​ឲ្យ​មានមនុស្ស​​ស្លាប់​ដល់​ទៅ​ ១​០​ នាក់ ក្នុង​នោះ ​មាន​មន្ត្រី​គយ​ផែ​កំពង់​សោម​ចំនួន​ ៣​ រូប​ផង។

តាម​ពិត​ទៅ​ កាល​ពី​មិន​ទាន់​ជួសជុល​ផ្លូវ​ជាតិ​លេខ ​៣ គឺ​អ្នក​ដំណើរ​​ដែល​ទៅ​កម្សាន្ត​នៅ​​កំព​ង់​សោម​ បើក​តាម​ផ្លូវ​ជាតិ​លេខ​ ៣ កាត់​តាម​ខេត្ត​កំពត​ ទៅ​ចេញ​តាម​ព្រៃ​នប់​​ ផ្លូវ​ជាតិ​លេខ​ ៤​ ទៅ​វិញ​។ ឥឡូវ​ផ្លូវ​ជាតិ​លេខ​ ៣ កំពុង​ជួស​ជុល អ៊ីចឹង​ម្នាក់ៗ​ចេះតែ​មក​តាម​ផ្លូវ​ជាតិ​ ៤ ​វិញ​ ធ្វើឲ្យ​កាន់​តែ​ស្ទះ និង​ងាយ​គ្រោះ​ថ្នាក់​ជាង​គេ​ទៅ​វិញ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ ​គឺ​​កើតឡើង​តែ​មួយ​ប៉ប្រិច​ភ្នែក​ទេ នៅ​ពេល​ដែល​អ្នក​បើក​បរ​​សម្រេច​ចិត្ត​វ៉ា​ជែង​ដោយ​ប្រើ​ល្បឿន​លើស​ការ​កំណត់​នោះ នេះ​គឺ​ដោយ​សារ​តែឥ​រិយា​បថ​របស់​អ្នក​បើក​បរ​ខ្លះ ​ចេះ​តែ​បង្ខំ​ឲ្យ​តែបាន​លឿន​ប្រញាប់​ជាង​គេ​ជាង​ឯង​ភ្លាមៗ មិន​បាន​គិត​ពី​ផល​គ្រោះថ្នា​ក់​ខ្លួន​ឯង​ផង និង​អ្នក​ដំណើរ​ជាមួយនិ​ង​អ្នក​ដទៃ​ទេ។

ពួក​គេ​អាង​តែឡាន​ជាន់​ស្រួល​ ហើយ​គិត​ថា​ ផុត​ ពេល​ណា​វ៉ាផុត​ទៅរួច​ខ្លួន បើមិន​ផុត​ទេ​ គឺ​ទៅ​បុក​គេ​នៅ​ម្ខាង​បញ្រ្ចាស​ទិស​ សង​គេពេញ​ទំហឹង​ហើយ ខ្លួន​ឯង​គ្រោះ​ថ្នាក់​ទៀត អាង​អី​បើក​ទ្វារឡា​ន​រត់​ចោល​​ឡាន​បាត់ ឬ​ក៏បើក​ឡាន​រត់ចោល​តែ​ម្តង​។ បើ​និយាយ​រឿង​រៀន​ទ្រឹ​ស្តី និង​ប្រឡង​បើក​បរ​វិញ​ គឺ​ប្រញាប់ៗ ​ធ្វើ​ឲ្យ​តែ​បានៗ​នោះ​ទេ មិន​បាន​រឹត​បន្តឹង​តាំង​ពីការ​ប្រឡង​​ឡើយ អ៊ីចឹង​ហើយ​ ពេល​ខ្លះអ្នក​រៀន​ដៃ​ចង្កូ​ត​ល្អ​ហើយ​ តែ​គាត់​ខ្វះ​ទ្រឹស្តី និង​ក្រម​សីល​ធម៌ គឺ​មិន​គិត​ពី​ផល​លំបាក​ដល់​អ្នក​ធ្វើ​ដំណើរ​ដូចគ្នា​នោះ​ទេ។

កន្លង​ម​ក​​ ផ្លូវ​ជាតិ​លេខ ​៤ ត្រូវ​បាន​ជួស​ជុល​កែ​លម្អ​​បាន​ធំ​ទូលាយ​​ច្រើន ​រហូត​ដល់​ខេត្ត​កំព​ង់​ស្ពឺ​ដែរ ជាង​នេះ​ទៅ​ទៀត​ មាន​ផ្លូវ​កាត់​ទទឹង​ឡើង​លើស​ម្រាប់​អ្នក​ដំណើរ​ឆ្លង​ផ្លូវ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​ច្រើន​ដែរ រីឯ​ផ្សា​រ​ដែល​នៅ​លើផ្លូវ​ក៏រុញ​ចូល​ខាង​ៗ​ចិញ្ចើម​ផ្លូវ​ដែរ។

តែមិន​ឈ្នះ​អ្នក​បើក​បរដែល​ចូល​ចិត្ត​តែបើក​បរ​ជែ​ង​គ្នាឲ្យ​តែបានទៅ​មុខមិន​ខ្វល់​ពី​ការ​កក​ស្ទះចរា​ចរណ៍និង ​គ្រោះ​ថ្នាក់​ប៉ះពាល់​ដល់​អ្នក​ដទៃ​​​នោះ​ឡើយ​គ្រាន់​តែអត្រា​ស្លាប់​ដោយ​សារគ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​រហូត​ដល់​ ៦ ​នា​ក់​​ក្នុង​ ១ ​ថ្ងៃ​ទៅ​ហើយ។ នេះ​បើតាម​ទិន្ន័យ ​របស់​ក្រសួង​មហាផ្ទៃ​ឆ្នាំ​ ២០១៨។

មួយ​ថ្ងៃៗឮ​តែ​សំឡេង​ឡាន​សាមុ​យ​​ Ambulance ស៊ីរ៉ែន​ដឹក​អ្នក​រង​គ្រោះ​ថ្នាក់​ ដោយ​សារ​តែ​ចរាចរណ៍​នេះ។ បើ​និយាយ​ពីការ​ខាត​បង់​ ១ ​ឆ្នាំៗ​វិញ​ មាន​ដល់​ទៅ ​៣៣០​ លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ ​(HIB, 2013) និង​មិន​ទាន់​គិត​ដល់​ការ​បាត់​បង់​ធន​ធាន​មនុស្សនិង​សមា​​ជិក​ក្រុម​គ្រួសារ​ផង។ ទម្រាំ​តែ​រៀន​ចប់​ហើយ​ប្រឡង​បាន​ជាប់​ជាមន្ត្រី​គយ​ គឺ​ស៊ីពេល​រាប់​ឆ្នាំដូច​មន្ត្រី​គយ​ ៣ ​រូប​ដែ​ល​បាន​ស្លាប់​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​​ចរា​​ចរណ៍​កាល​ពី​ចុង​សប្តាហ៍​មុន​នេះ។

តែអ្វី​ដែល​អាច​ធ្វើ​បាន​ចំពោះ​ការ​កា​ត់​​បន្ថយ​គ្រោះ​ថ្នាក់​ចរាច​រណ៍​នោះ ​គឺ​អ្នក​បើកបរ​ ​ត្រូវ​មាន​ភាព​អត់​ធ្មត់ និង​ពង្រឹ​ង​ការ​រៀន​ទ្រឹស្តីការ​បើក​បរ ជា​ពិសេ​ស​ចំពោះ​ការ​រង់​ចាំ​ផ្លូវ​មាន​ល្បឿ​ន​​លឿន​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​នោះ​។ តែ​នៅ​ពេល​នេះ​គឺ​មាន​តែ​កំណត់​ល្បឿន​ថេរ​ ៨០ ​គីឡូម៉ែត្រ​ក្នុង​ ១​ ម៉ោង​ មិន​វ៉ាគ្នា​លើស​ល្បឿន​នេះ​ទេហើយ​ប៉ូលិ​ស​​ចាំ​ធ្វើ​ចាប់​ឆ្មក់ ​(Spot Check)​ រថយន្ត​ដែល​បើក​លើស​គីឡូម៉ែត្រ​នេះ៕

ចូល​រួ​ម​ផ្តល់​យោ​បល់​តាម​រយៈ​ soprach.ton​g@phnompenhpost.com