
គំនរសំរាមនៅលើចិញ្ចើមផ្លូវកៀនរបងសាលាបឋមសិក្សាច្បារអំពៅ ១ ក្នុងខណ្ឌច្បារអំពៅកាលពីថ្ងៃទី ៣០ ខែធ្នូ។ រូបថត តុង សុប្រាជ្ញ
មានការត្អូញត្អែរពីប្រជាពលរដ្ឋស្ទើរតែរាល់ថ្ងៃរឿងសំរាមហ្នឹងដែលបណ្តាលមកពីការប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីមិនទៀងទាត់ការយឺតយ៉ាវមិនមកប្រមូលសំរាម បន្ទាប់ពីថ្ងៃបុណ្យទានការចាក់សំរាមនៅតាមរបងសាលារៀន ឬក៏តាមផ្លូវលូទឹកស្អុយយ៉ាងអនាធិបតេយ្យដោយពលរដ្ឋធំក្លិនសំរាមស្អុយហូរស្រក់ទឹកស្អុយពីរថយន្តដឹកសំរាមមកលើថ្នល់ និងការស្ទះលូលិចទីក្រុង ដោយសារតែសំរាមនេះដែរ។
ការដោះស្រាយបញ្ហាសំរាមនេះក៏មិនឃើញធ្វើទៅដោយរលូនដែរមកពីការដេញថ្លៃផ្តាច់មុខរយៈពេលវែងអ៊ីចឹងបានក្រុមហ៊ុនស៊ីនទ្រីក្លាយទៅជាទីផ្សារម៉ូណូប៉ូលី (Monopoly market) គ្មានគូប្រកួតប្រជែងចំពោះការផ្តល់សេវាប្រមូលសំរាមនេះ។
រីឯការផាកពិន័យពីអ្នកបោះចោលសំរាមទៅតាមច្បាប់មិនដែលបានអ្វី ១ រៀលនោះទេ បើទោះបីជាលោកអភិបាលរាជធានីភ្នំពេញប្រកាសផាកពិន័យ ចំពោះអ្នកចោលសំរាមតាមទីសារធារណៈកាលពីខែកញ្ញាកន្លងទៅនេះក៏ដោយ។
រីឯស្លាកធំៗដែលដាក់តាមទីសាធារណៈប្រាប់ពីការផាកពិន័យជាទឹកប្រាក់ទៅតាមច្បាប់នោះក៏បាក់បែកខ្ទេចខ្ទីចង់អស់ដែរ បើទោះបីអនុក្រឹត្យ ដែលតម្រូវឲ្យអនុវត្តតាំងពីឆ្នាំ ២០១៥ មកនោះគឺពិន័យអ្នកបោះចោលសំរាមពី ១ ម៉ឺនរហូតដល់ ២០ ម៉ឺនរៀលក៏ដោយ។ ម្យ៉ាងទៀតមានផ្ទះពលរដ្ឋខ្លះបានទិញធុងសំរាមជ័រធំៗទុកប្រើនៅពេលដែលដាក់ចោលចោរលួចយកទៅបាត់។
ឥឡូវចូលដល់បញ្ហាខាងក្នុងរបស់ក្រុមហ៊ុនស៊ីនទ្រីវិញម្តងគឺបុគ្គលិកប្រមូលសំរាមមិនបានប្រើស្រោមដៃការពារសុវត្ថិភាពនោះទេមានន័យថាលើកដាក់ៗចូលក្នុងរថយន្ត ឬក៏រទេះអូស។ ពួកគេប្រឈមទៅនឹងការមុតដាច់រលាត់អាចឆ្លងតេតាណូស និងជំងឺឆ្លងផ្សេងៗ ឯការហិតក្លិនវិញគឺចូលសួតពេញៗរាល់ថ្ងៃ ពួកគេមិនដែលសូវឃើញពាក់ម៉ាស់នោះទេ មើលទៅហាក់បីដូចជាមានការលំបាកជាងកម្មកររោងចក្រផង និងប្រាក់ខែក៏តិចជាងកម្មកររោងចក្រដែរ តែប្រាក់ខែកម្មកររោងចក្រត្រូវបានគេដំឡើងឲ្យរាល់ឆ្នាំ។
កាលពីសប្តាហ៍មុននេះគឺមានបាតុកម្មរបស់កម្មករក្រុមហ៊ុនប្រមូលសំរាមប្រមាណជា ៥០០ នាក់ទាមទារប្រាក់ខែបន្ថែម ១២ ដុល្លារ និងប្រាក់បំណាច់ផ្សេងទៀតនៅមុខក្រុមហ៊ុនស៊ីនទ្រីតែម្តង។
ចំណុចនេះក្រុមហ៊ុនស៊ីនទ្រីគួរតែផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដើម្បីឲ្យមានកម្លាំងធ្វើការ ព្រោះអ្វីៗក៏ឡើងថ្លៃដែរ ឲ្យនៅប្រាក់ខែដដែលម៉េចនឹងកើត បុគ្គលិកកម្មករក្រុមហ៊ុនផ្សេងៗក៏ឡើងថ្លៃជារៀងរាល់ឆ្នាំដែរ ហើយវិបត្តិខ្វះកម្មករក្នុងស្រុកធ្វើការក៏ជាបញ្ហាផងដែរ។ ដើម្បីបំពេញការខាតបង់សម្រាប់បុគ្គលិកនេះគឺក្រុមចរចាជាមួយរដ្ឋាភិបាលក្នុងការកែសម្រួលកិច្ចសន្យាក្នុងការដំឡើងថ្លៃសេវាយកសំរាមតាមផ្ទះដែលភ្ជាប់ជាមួយក្រដាសតម្លៃភ្លើងពី ១ ដុល្លារក្នុង ១ ខែ ទៅ ២ ដុល្លារក្នុង ១ ខែវិញទៅសម្រាប់ ១ ខ្នងផ្ទះ រីឯក្រុមហ៊ុន ឬក៏អាជីវកម្មផ្សេងក៏ដំឡើងទៅតាមតម្លៃសមស្រប។
ករណីនេះក្រុមហ៊ុនស៊ីនទ្រី ក៏មិនអាចនៅតែយកលុយ ១ ដុល្លារ ក្នុង ១ ខែសម្រាប់ប្រជាពលរដ្ឋ ១ ខ្នងផ្ទះដូចកាលពី ១០ ឆ្នាំមុននោះទៀតដែរ ពីព្រោះវាមិនឆ្លើយតបទៅនឹងតម្លៃទីផ្សារ ហើយម្យ៉ាងទៀតប្រាក់ចំណូលជាមធ្យមរបស់ពលរដ្ឋក៏កើនឡើងរាល់ឆ្នាំដែរដោយនៅឆ្នាំ ២០១៧ ពលរដ្ឋខ្មែរម្នាក់មានប្រាក់ចំណូលជាមធ្យម ១៣៨៥ ដុល្លារក្នុង ១ ឆ្នាំ (Data World Bank)។ បើប្រៀបធៀបជាមួយថ្លៃភ្លើងគឺខុសគ្នាឆ្ងាយណាស់ បើទោះបីជាចំណាយភ្លើងអគ្គិសនីមានកម្រិតលម្អៀងពី ៣ ទៅ ៤ ម៉ឺនរៀល (ប្រហែលជា ៨ ទៅ ១០ ដុល្លារ) ក្នុង ១ ខែក៏គ្មាននរណាទៅយកចិត្តទុកដាក់ខ្វល់ខ្វាយនោះទេ។
បើតម្លៃប្រមូលសំរាមនោះត្រូវបានដំឡើង ហើយក្រុមហ៊ុនស៊ីនទ្រីត្រូវតែឆ្លើយតប និងរកដំណោះស្រាយវិញដូចជា៖
១- ត្រូវប្រមូលសំរាមឲ្យបានទៀងទាត់ ២ ថ្ងៃម្តង និងឲ្យមានប្រសិទ្ធភាព ដោយមិនត្រូវឲ្យឃើញមានគំនរសំរាមស្អុយរលួយមាននៅពាសវាលពាសកាលតាមទីសាធារណៈទៀតទេ។
២- ថ្ងៃឈប់សម្រាកបុណ្យទានក៏ត្រូវផ្លាស់ប្តូរវេនគ្នាប្រមូលសំរាមឲ្យបានទៀងទាត់ដែរ។
៣- ត្រូវមានប្រព័ន្ធតាមដាន និងវាយតម្លៃ ដើម្បីមើលសកម្មភាពការអនុវត្តរបស់កម្មករប្រមូលសំរាមឲ្យបានត្រឹមត្រូវ។
៤- រថយន្តដឹកសំរាមត្រូវលាងសម្អាតរាល់ថ្ងៃ ដើម្បីសុខភាពទាំងអស់គ្នា ចៀសវាងគ្រាន់តែសម្បកឡានបើកកាត់ក៏ធុំក្លិនស្អុយដែរនោះ។
៥- កាត់បន្ថយឲ្យខាងតែបានរឿងហូរទឹកស្អុយតាមផ្លូវក្លិនស្អុយពេញផ្លូវ និងប្រឡាក់ពេញផ្លូវស្អាត។
៦- ប្រមូលតាមផ្លូវធំៗពេលយប់ឲ្យអស់ហើយពេលថ្ងៃប្រមូលតាមផ្លូវតូចៗតាមបុរី ឬក៏ផ្ទះល្វែងដើម្បីរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍។
រីឯរាជរដ្ឋាភិបាលវិញក៏គួរតែបើកចំហឲ្យក្រុមហ៊ុនប្រមូលសំរាមផ្សេងទៀត ចូលរួមប្រកួតប្រជែងប្រមូលសំរាមផងដែរហើយធ្វើការប្រៀបធៀប និងវាយតម្លៃក្នុងការអនុវត្តរបស់ពួកគេជាជាងឲ្យក្រុមហ៊ុនតែមួយ ធ្វើផ្គរធ្វើភ្លៀងចង់មកប្រមូល ឬក៏មិនប្រមូលស្រេចតែចិត្តនោះទេ៕
ចូលរួមផ្តល់យោបល់តាមរយៈsoprach.tong@phnompenhpost.com