ពលរដ្ឋ​កម្ពុជា​ចាប់ពី​អាយុ​ ១៥ ​ឆ្នាំ​ឡើង​ទៅ​ត្រូវបាន​គេ​វាយតម្លៃ​ជាប់​ចំណាត់​ទី​ ៧ ​ខាង​ផឹកស្រា ដែល​មាន​កម្រិត​ខ្ពស់​ប្រចាំ​ទ្វីបអាស៊ី បន្ទាប់ពី​ប្រទេស​ឡាវ​គឺជា​មធ្យម​ផឹក​អស់​ ៦,១ ​លីត្រ​ក្នុង​ ១ ​ឆ្នាំ រីឯ​ឡាវ​មាន​ដល់​ទៅ​ ៧,៥ ​លីត្រ និង​វៀតណាម​មាន​ដល់​ទៅ ៨,៧ ជាប់​លេខ ២ បន្ទាប់ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អង្គការ​សុខភាព​ពិភពលោក​ (WHO) ឆ្នាំ​ ២០១៥​។

សម្រាប់​អ្នកញៀន​នឹង​ស្រា​វិញ​គឺ​ត្រូវ​តែ​ដក​មេ ដើម្បី​បង្គ្រប់​ដូស​បើ​អត់​បាន​ផឹក​គឺ​ញ័រ​ដៃ​ញ័រ​ជើង​ធ្វើការ​អ្វីៗ​មិ​នកើត​នោះ​ទេ​។ អ៊ីចឹង​ហើយ​បាន​ជា​ផឹកស្រា​ទៅ​តាម​កម្រិត​ជីវភាព អ្នកមាន​លុយ​គេ​ផឹកស្រា​ឆ្ងាញ់ៗ​ថ្លៃៗ​ទៅ អ្នកមាន​លុយ​ល្មម​ទៅ​ផឹកស្រា និង​ស្រា​បៀរ​ដេញ​តាម​យក​រង្វាន់ បើ​ទោះ​ជា​បាន​បើក​គម្រប​ដប ឬ​កំប៉ុង​មើល​ឃើញ​រង្វាន់​ ១ ​ដប ឬ​ ១ ​កំប៉ុង​បន្ថែម​ទៀត​ក៏​សប្បាយ​នឹង​គាស់​បើក​មើល​ដែរ​។

រីឯ​អ្នកក្រ​វិញ បើ​មិន​បាន​ស្រា​ល្អ ឬ​ក៏​ស្រាបៀរ​ល្អៗ​នោះ​ទេ​គឺ​បាន​ត្រឹម​តែ​ស្រាស​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ទាំង​កានៗ ឬ​ក៏​ស្រា​បិត​នៅក្នុង​ភូមិ​ដោយ​ប្រើ​សារជាតិ​មេតាណុល​ខ្ពស់ ដើម្បី​ឲ្យ​បាន​ខ្លាំង ព្រោះ​អ្នក​ផឹក​ចូលចិត្ត​ខ្លាំង ខ្លាច​ផឹក​មិន​ស្រវឹង​ថា ស្រាស​របស់​អ្នកលក់​ហ្នឹង​ខ្សោយ​ណាស់ ឬ​ក៏​ខ្វះ​គុណភាព​។

អ៊ីចឹង​ហើយ​អ្នកផលិត​ស្រាស​លក់​គឺ​ធ្វើ​យ៉ាងណា​តម្រូវ​ចិត្ត​អ្នក​ទិញ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​បាន​ខ្លាំង ហើយ​ផលិត​ឲ្យ​បាន​បរិមាណ​ច្រើន មិនមែន​មាន​ន័យ​ថា​អ្នក​ផលិត​ស្រាស​លក់​នោះ​គាត់​មិន​ចេះ​បិត​ស្រាស​បែប​បុរាណ ដោយ​ប្រើ​មេតំបែរ​នោះ​ទេ ព្រោះ​បើ​ធ្វើ​តាម​មេតំបែរ​គឺ​វា​ផលិត​បាន​យឺត​មិន​តម្រូវការ​ទាន់​ទីផ្សារ​តែ​ការបិត​ស្រាស​កាច់​តាម​មេដំបែរ​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មិន​ធ្ងន់ធ្ងរ​នោះ​ទេ​។

យ៉ាងណា​មិញ​អ្នក​ចូលចិត្ត​ផឹកស្រា បើ​ទោះបី​ជា​ដឹងថា​ប៉ះពាល់​សុខភាព​ក៏ដោយ​ក៏​នាំ​គ្នា​ផឹក​ជាប្រចាំ​ដែរ​មិន​ថា​ទីក្រុង ឬ​ក៏​ជនបទ ឬ​ក៏​អ្នកមាន និង​អ្នកក្រ​នោះ​ទេ គឺ​សម្រាប់​អ្នក​ចូលចិត្ត​មិន​ខ្វល់​រឿង​សុខភាព​នោះ​ទេ ជាពិសេស​ឲ្យ​តែ​ឮ​ថា​ផឹកស្រា​ណា​នាំ​ឲ្យ​ប៉ូវ​ប្រដាប់ភេទ​បុរស​បាន​ខ្លាំង ហើយ​រួមភេទ​បាន​យូរ គឺ​នាំ​គ្នា​ទិញ​ផឹក​ហើយ​។

តែ​នៅពេល​ដែល​សុខភាព​ចាប់ផ្តើម​ទ្រុឌទ្រោម​ធ្លាក់​ខ្លួន​ឈឺ​បណ្តើរៗ​បាន​ទៅ​មើល​ឈាម​មើល​បេះដូង បាន​ដឹង​ថា​វា​ប៉ះពាល់​សុខភាព​ប៉ុន​ណា​ខ្លះ​ដឹង​ទៅ​ក៏​កែខ្លួន​ពី​ផឹក​ច្រើន​មក​ផឹក​តិចតួច​ទៅ ខ្លះ​ក៏​នៅ​តែ​បន្ត​ដាក់​មួយ​ឆ្អែតៗ​ទៅ​។

ផលប៉ះពាល់​ពី​ការទទួលទាន​ស្រា​នេះ​មាន​រយៈពេល​វែង និង​រយៈ​ខ្លី​ទៅ​តាម​គុណភាព​នៃ​ស្រា និង​កម្លាំង​របស់​អ្នក​ផឹក​ដោយ​លើក​ដាច់​ទៅ​តាម​កម្លាំង​នោះ​។ ផលប៉ះពាល់​រយៈពេល​វែង​ពី​ការទទួលទាន​ជាតិ​អាល់កុល​នោះ​បណ្តាល​ឲ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​កើនឡើង​ដូចជា លើស​ឈាម ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល គាំងបេះដូង លើស​ជាតិ​ខ្លាញ់ រលាក​ថ្លើម ទឹកនោមផ្អែម ទាចទឹក និង​មហារីក​ជាដើម​។

នេះ​គឺជា​បញ្ហា​ព្រួយបារម្ភ​អំពី​និន្នាការ​នៃ​ជំងឺ​រ៉ាំរ៉ៃ​កើនឡើង​គ្រប់​ប្រភេទ​នៃ​ជំងឺ​រ៉ាំរ៉ៃ ឧទាហរណ៍ គ្រាន់តែ​អ្នក​លើស​សម្ពាធ​ឈាម​ហើយ​មក​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កើនឡើង​ដល់ ២១៣០៩ នាក់​នៅ​ឆ្នាំ​ ២០១៧ ដែល​កាលពី​ឆ្នាំ​ ២០១៤ មាន​តែ ១៤ ០០០ ​នាក់ (MoH, 2018) ខណៈ​ដែល​ជំងឺ​ឆ្លង​មាន​ការ​ធ្លាក់ចុះ ដូចជា​អត្រា​ប្រ៉េវ៉ាឡង់​នៃ​ជំងឺអេដស៍​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ធ្លាក់​ចុះ​ជា​លំដាប់​មក​ត្រឹម​ ០,៦ ​ភាគរយ​នៅ​ឆ្នាំ​ ២០១៦ (NCHADS, 2016)​។

ចំណែកឯ​ផលប៉ះពាល់​រយៈពេល​ខ្លី​វិញ​គឺ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង ឬ​ក៏​ដឹក​ចូល​ពេទ្យ​សង្គ្រោះបន្ទាន់​តែ​ម្តង តាមរយៈ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ចុះផ្សាយ​ព្រោងព្រាត​កាលពី​ខែ​ឧសភា​កន្លង​ទៅ​មាន​បុរស​ម្នាក់​ផឹកស្រា​ជា​ប្រចាំ​ស្រវឹង​វង្វេង​ដើរ​ទៅ​ដេក​ស្លាប់​នៅ​ចំការពោត​នៅ​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង និង​នៅ​ខេត្ត​មណ្ឌលគិរី​ក៏​មាន​មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ស្លាប់​ដោយសារ​ហូប​ស្រា​ដែរ​កាលពី​ខែ​កក្កដា​កន្លង​ទៅ​។

ក្រៅពី​នេះ​ក៏​មាន​ការបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ស្រា ឈ្លោះ​កាប់​ចាក់​គ្នា បាញ់​បោះ មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ក៏​ដោយសារ​តែ​ស្រា​។ តែ​ដោយឡែក​នៅ​ខេត្ត​ក្រចេះ​វិញ​គឺ​មាន​អ្នកស្លាប់​ភ្លាម និង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ ញឹកញាប់​ជាងគេ​ដោយសារ​តែ​ផឹកស្រាស​ដែល​មាន​សារជាតិ​គីមី​មេតាណុល​ច្រើន​រហូត​ដល់​បិទ​កន្លែង​ផលិត​ស្រាស​ទៀត​ផង​។

ឥឡូវ​នេះ​ដល់​ពេល​ឃាត់​អ្នក​ផឹកស្រា​លែង​ស្តាប់​ស្លាប់​ក៏​លែង​ខ្វល់ ពេល​ឈឺ​ទៅ​ដេក​ពេទ្យ​ព្យួរសេរ៉ូម​យ៉ាង​រំភើយ​ទៀត គឺ​មាន​តែ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ចុះ​បើក​វគ្គ​បណ្តុះបណ្តាល​ពី​របៀប​ធ្វើ​ស្រាស​ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ជាង​មុន​។

តែ​ការបង្រៀន​ពី​ការផលិត​ស្រាស និង​ការផ្តល់​សិទ្ធិ​ឲ្យ​បើក​ផលិត​នេះ គ្រាន់​តែ​ជា​ដំណោះស្រាយ​មួយរយៈ​ខ្លី​នោះ​ទេ តែ​សុខភាព​របស់​ពួកគាត់​នៅ​តែ​យ៉ាប់យឺន​ដដែល​ប៉ុណ្ណោះ​ហើយ​ការផលិត​ស្រាស​តាមរយៈ​កាច់​មេដំបែរ​នេះ​ពួកគាត់​ចេះ​តាំង​ពី​ដូនតា​មក​ហើយ តែ​គ្រាន់តែ​ផលិតភាព​បាន​បរិមាណ​តិច ហើយ​ស៊ី​ពេល​យូរ​នោះ​។

ហេតុ​ដូចនេះ​ហើយ​រាជរដ្ឋាភិបាល​គួរតែ​រឹតបន្តឹង​ទៅ​លើ​ការនាំ​ចូល​តាម​ច្រកព្រំដែន​នូវ​សារ​ធាតុគីមី ដែល​ផលិត​ជា​ស្រាស និង​ធ្វើការ​ត្រួតពិនិត្យ​ស្រាស​នាំ​ចូល​ពី​ប្រទេស​ជិត​ខាង​ដែល​មាន​ជាតិ​មេតាណុល​ខ្ពស់​ជា​ជាង​សកម្មភាព​របស់​មន្ត្រី​កាំកុងត្រូល​ទៅ​ត្រួតពិនិត្យ និង​ចាប់​នៅ​កន្លែង​លក់​ម្ជូរ ដូចជា​ស្វាយត្រាំ រំដេញ ត្របែក​ត្រាំ និង​ពុទ្រា​ត្រាំ​លក់​តាម​ថ្នល់​ ៣-៤ ​កែវ​លើ​តុ​តិចតួច​ហ្នឹង ថា​មាន​ជាតិ​គីមី​ពុល​ច្រើន​ទៅ​វិញ ហើយ​ថតរូប​បង្ហោះ​តាម​ហ្វេសប៊ុក​ឲ្យ​គេ​មើល​ទៀត ឲ្យ​ដឹង​ថា​ពួកគាត់​សកម្ម​ណាស់​ក្នុង​ការឆែក​គុណភាព​ទំនិញ​។

ជាង​នេះ​ទៅ​ទៀត​គឺ​ការ​សហការ​គ្នា​រវាង​មន្ត្រី​សុខាភិបាល និង​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​អំពី​ហានិភ័យ​ដោយសារ​តែ​ស្រា​ហ្នឹង​ឲ្យ​បាន​ដល់​មូលដ្ឋាន​ជាង​មុន ហើយ​បញ្ឈប់​រាល់​ការផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​ផ្តល់​រង្វាន់​ច្រើនៗ​ដល់​អ្នក​ផឹកស្រា និង​ស្រាបៀរ​ទាំងនោះ​ផង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com