The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គួរ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ ករណី​ស្លាប់​ស្ត្រី​ពេល​សម្រាល​កូន​តាម​គ្លីនិក




គួរ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ ករណី​ស្លាប់​ស្ត្រី​ពេល​សម្រាល​កូន​តាម​គ្លីនិក

Content image - Phnom Penh Post
មណ្ឌល​សុខភាព​ចារ​ឈូក​នៅ​ស្រុក​ប្រតិបត្តិ​អង្គរជុំ​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​កន្លង​មក​។ រូបថត ហ្វេសប៊ុក

គួរ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ ករណី​ស្លាប់​ស្ត្រី​ពេល​សម្រាល​កូន​តាម​គ្លីនិក

ខណៈ​ក្រសួង​សុខាភិបាល​ខំ​ពង្រឹង​ប្រព័ន្ធ​សេវា​សុខាភិបាល​រដ្ឋ​ពី​ថ្នាក់ជាតិ​ដល់​មណ្ឌល​សុខភាព​ជនបទ ប៉ុន្តែ​ហាក់​ដូចជា​មិន​ទាន់​មាន​យន្តការ​ដាក់​ទណ្ឌកម្ម​លើ​គ្លីនិក​ឯកជន​ទំនើបៗ​នៅ​ទីក្រុង ចំពោះ​ការ​ធ្វេសប្រហែស​ធ្វើឲ្យ​ស្លាប់​ម្តាយ​ ឬ​ក៏​ស្លាប់​ទាំង​ម្តាយ និង​កូន​ពេល​ឆ្លងទន្លេ​នៅ​ឡើយ​ទេ បើ​ទោះ​ជា​មាន​ការផ្សព្វផ្សាយ​ជា​ហូរហែ​ពី​ករណី​នេះ​ក្ដី ។

ខណៈ​ដែល​វិស័យ​សារព័ត៌មាន និង​បណ្តាញ​សង្គម​កំពុង​​រីកសាយ​ពី​ទីក្រុង​ដល់​ជនបទ​ថ្វីបើ​មាន​ទាំង​ព័ត៌មាន​វិជ្ជមាន​ និង​អវិជ្ជមាន​ក្តី ប៉ុន្តែ​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​គឺ​មាន​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​ភ្នំពេញ​ដែល​បាន​ផ្សព្វផ្សាយ​​ពី​ការស្លាប់​ម្តាយ​ ឬ​ក៏​ការស្លាប់​ទាំង​ម្តាយ និង​ទារក​ផ្ទួនៗ​អំឡុងពេល​សម្រាល​កូន​នៅ​គ្លីនិក​ឯកជន​ក្នុង​ពេល​ដែល​ពី​មុន​ការស្លាប់​បែប​នេះ គេ​តែង​គិតថា​​មាន​តែ​នៅ​តាម​តំបន់​ជនបទ​​ដែល​ខ្វះ​សម្ភារ និង​ឧបករណ៍​សង្គ្រោះ​គ្រប់គ្រាន់ និង​ការខ្វះ​ឆ្មប​ដែល​មាន​វិជ្ជាជីវៈ​ ឬ​ក៏​គេ​គិតថា​ការស្លាប់​មាតា​ដោយសារ​ឆ្មប​បុរាណ​ដែល​សម្រាល​កូន​តាម​ផ្ទះ​នៅ​តាម​ជនបទ​។

ផ្ទុយ​ទៅវិញ​ការស្លាប់​មាតា​ពេល​ឆ្លងទន្លេ​នៅ​តាម​ជនបទ​នានា​បែរ​ជា​ស្ងប់ស្ងាត់ ព្រោះ​កម្មវិធី​ថា្នក់​ជាតិ​បាន​ខំប្រឹងប្រែង​សាងសង់​អគារ​ពេទ្យ​ផ្តល់​​ទាំង​បច្ចេកទេស​ផ្តល់​ទាំង​វគ្គ​បណ្តុះបណ្តាល​ដល់​ឆ្មប និង​គិលានុបដ្ឋាយិកា ដោយ​ដាក់​ពិន្ទុ​តាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ទៅ​តាម​ទម្រង់​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ និង​បើក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ទទួល​រង្វាន់​តាម​មណ្ឌល​​សុខភាព​ណា​ដែល​ឆ្នើម​ជាង​គេ​ទូទាំង​ប្រទេស​ចំនួន​ ៥ ​រៀងរាល់​​ឆ្នាំ​ដើម្បី​កាត់បន្ថយ​ការស្លាប់​មាតា និង​ទារក​នៅ​ពេល​សម្រាល​​កូន​នៅ​កន្លែង​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ​។

ម្យ៉ាង​វិញ​ទៀត​រាជរដ្ឋាភិបាល​​បាន​ផ្តល់​ថវិកា​ ៦ ​ម៉ឺន​រៀល​បន្ថែម​ជូន​ឆ្មប​ដែល​សម្រាល​បាន​ទារក​​ម្នាក់​ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​​ឆ្មប​បុរាណ​ក៏ត្រូវ​បាន​លុប​បំបាត់​ស្ទើរតែ​ទាំង​ស្រុង​នៅ​តាម​ជនបទ​ពោល​គឺ​លែង​ឲ្យ​ពួកគាត់​ដើរ​សម្រាល​កូន​តាម​ផ្ទះ​ដូច​កាលពី​មុន​ទៀត​ហើយ​។

ឧទាហរណ៍​នៅ​ស្រុក​ប្រតិបត្តិ​សុខាភិបាល អង្គរជុំ ខេត្ត​សៀមរាប​បាន​ប្រកាស​ថា​គ្មាន​ឆ្មបបុរាណ​សម្រាល​កូន​តាម​ផ្ទះ​ទៀត​ទេ​តាំងពី​ឆ្នាំ​ ២០១៥ ​មក​ហើយ​កាលពី​ឆ្នាំ​ ២០១៧ ​មណ្ឌល​សុខភាព​ចារឈូក នៅ​ស្រុក​ប្រតិបត្តិ​អង្គរជុំ​នេះ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ ១ ​ទូទាំង​ប្រទេស​លើ​ការ​បម្រើ​សេវា​ល្អ កន្លែង​ស្អាត ការគ្រប់គ្រង​ល្អ គ្មាន​ស្ត្រី និង​ទារ​កណា​ម្នាក់​ស្លាប់​ដោយសារ​សម្រាល​កូន​នៅ​ទីនោះ​។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គសន្និបាត​ក្រសួង​​សុខាភិបាល​ក្នុង​ឆ្នាំ​ ២០១៨​។

ចាប់​តាំងពី​កំណែទម្រង់​ថ្មីៗ​នេះ​មក​ស្រុក​ប្រតិបត្តិ​អង្គរជុំ​​ដែល​មាន​ទីតាំង​នៅ​ជនបទ តែ​ត្រូវ​បាន​កម្មវិធី​ថ្នាក់ជាតិ ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍន៍​នានា​កោតសរសើរ​ចំពោះ​ការ​គ្រប់គ្រង ការផ្តល់​សេវា​ល្អ និង​ប្រព័ន្ធ​បញ្ជូន​បាន​ល្អ​ជូន​ពលរដ្ឋ​​ជាពិសេស​គឺ​គ្មាន​ការស្លាប់​មាតា​ និង​ទារក​នៅពេល​សម្រាល​នៅ​ទីនោះ​ទៀត​ទេ​។ ឧទាហរណ៍​ទាំង​នេះ​គឺ​អ្វី​ដែល​ក្រសួង​សុខាភិបាល​បាន​ខិតខំ​ពង្រឹង និង​ផ្តល់​​ទំនុកចិត្ត​ដល់​ពលរដ្ឋ​ដែល​មក​ទទួល​សេវា​សុខាភិបាល​រដ្ឋ ដែល​ជា​លទ្ធផល​ឃើញ​ថា អត្រា​ស្លាប់​​មាតា​មាន​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​មក​ត្រឹម ​២០៦ ​នាក់​ក្នុង​ចំណោម​ទារក​កើត​រស់​ ១០ ​ម៉ឺន​នាក់​ (CDHS, 2014)​។

ទោះជា​យ៉ាង​ណា​ក៏ដោយ​ទាំង​ក្រសួង​សុខាភិបាល​ទាំង​គណៈគ្រូពេទ្យ ហាក់បី​ដូចជា​មិន​ទាន់​បាន​យក​ចិត្ត​ទុកដាក់​លើ​ការដាក់ទណ្ឌកម្ម​ចំពោះ​គ្លីនិក​ឯកជន និង​គ្រូពេទ្យ​ណា​ដែល​ប្រព្រឹត្ត​​ខុស​វិជ្ជាជីវៈ​ ឬ​ក៏​ប្រូតូកូល​ថ្នាក់ជាតិ​នៅ​ឡើយ​ទេ​។ ​ផ្ទុយ​ទៅ​វិញ​ហាក់​ដូចជា​មាន​ការ​សម្របសម្រួល​ស៊ុមគ្រលុំៗ​គ្នា​ឯង​ច្រើន​ជាង​គិតពី​ជីវិត​អ្នក​ជំងឺ​ស្លាប់​ដែល​មើល​ទៅ​ដូច​ធម្មតា​សម្រាប់​ពួកគាត់​។ សកម្មភាព​បែប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ហាក់​ដូចជា​ខ្លាច​ប៉ះពាល់​ផលប្រយោជន៍​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នៅ​ក្រសួង​ក៏ដូចជា​គណៈគ្រូពេទ្យ​ដែល​មិនមាន​ភាព​ឯករាជ្យ​ដូច​គណៈមេធាវី​ទេ ដែល​គេ​ហ៊ាន​ព្រមាន​ពិន័យ និង​បញ្ឈប់​អាជីព​មេធាវី បើ​ប្រព្រឹត្ត​ខុស​។

មក​ទល់​ពេល​នេះ​ដូចជា​គ្មាន​គ្រូពេទ្យ​ ឬ​ក៏​ឆ្មប​ឯក​ជន​ណា​ម្នាក់​​ទទួលរង​នូវ​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ ឬ​ក៏​បញ្ចប់​អាជីព​ចំពោះ​ការ​ធ្វេសប្រហែស​ធ្វើឲ្យ​ស្លាប់​ម្ដាយ​ ឬ​កូន​នៅ​ឡើយ​ទេ​។ អ៊ីចឹង​ហើយ​ទើប​បាន​គ្រូពេទ្យ​ឯកជន​នៅ​តាម​គ្លីនិក​ខ្លះ មិន​ព្រម​បញ្ជូន​អ្នក​ត្រូវ​សង្គ្រោះ​មក​មន្ទីរពេទ្យ​ជាតិ បើ​ទោះ​ជា​ដឹងថា​ជនរងគ្រោះ​មិន​ស្រួល​ខ្លាំង​ក៏ដោយ​ពោល​គឺ​គ្រូពេទ្យ​នៅ​ព្យាយាម​សម្រាល​ ឬ​ក៏​ឆ្កឹះឆ្កៀល​វះកាត់​ឲ្យ​អស់ចិត្ត​យក​លុយ​ចូល​គ្លីនិក​ខ្លះ​សិន​កុំ​ឲ្យ​គេ​ថា​អន់​ ឬ​ក៏​កុំ​ឲ្យ​មក​​គ្រូពេទ្យ​ថ្នាក់ជាតិ​ស្តីបន្ទោស​។

ពេល​ខ្លះ​អ្នកជំងឺ​ស្លាប់​រួច​ហើយ​បាន​ដាក់​អុកស៊ីហ្ស៊ែន​រួច​បញ្ជូន​ចេញ​ទៅ​មន្ទីរពេទ្យ​ជាតិ​ធំៗ​ហើយ​សរសេរ​ក្នុង​របាយការណ៍​​ ឬ​ក៏​កំណត់​ហេតុ​ថា​អ្នក​ជំងឺ​ ឬ​ក៏​ស្ត្រី​ដែល​មក​ឆ្លងទន្លេ​បាន​ស្លាប់​ពេល​បញ្ជូន​ពី​គ្លីនិក​ទៅ​មន្ទីរពេទ្យ​រដ្ឋ​ដែល​ហាក់​មាន​ចេតនា​សម្រាល​ការដាក់​បន្ទុក​។

ករណី​ស្លាប់​មាតា​ពេល​ឆ្លងទន្លេ​ខ្លះ​គឺ​មក​គ្រូពេទ្យ​ខ្វះ​សមត្ថភាព​ខ្លួនឯង​តែ​មិន​ទទួល​ស្គាល់​​ការពិត​ឡើយ​។ ម្យ៉ាង​ទៀត​ឲ្យ​តែ​បាន​លុយ​ចូល​ច្រើន​គឺ​ពេល​អ្នកជំងឺ​ឈាន​ជើង​ចូល​គ្លីនិក​ភ្លាម​គឺ​លែង​ឲ្យ​ចេញ​វិញ​តែម្តង​ហើយ​ដើម្បី​ឲ្យ​បាន​ល្បី​ថា​បង្កើត​កូន​បាន​លឿន​តាមពិត​គឺ​នៅ​គ្លីនិក​ខ្លះ​គ្រូពេទ្យ​ចាក់​ថ្នាំ​បង្ខំ​​ឲ្យ​បើក​មាត់ស្បូន​ដែល​ភាសា​បច្ចេកទេស​ថា​ (Épreuve de travail)​។ នេះ​គឺ​អ្វី​ដែល​ខ្ញុំ​ធ្លាប់​បាន​រៀន​ផ្នែក​សុខភាព​សាធារណៈ និង​សុខភាព​បន្ត​ពូជ​។

តែ​ការប្រើ​ថ្នាំ​បង្ខំ​ឲ្យ​កើត​មុន​ធម្មជាតិ​នេះ​ហើយ​ដែល​ធ្វើ​ប៉ះពាល់​​ដល់​ការ​រហែក​មាត់​ស្បូន​ ឬ​ក៏​រហែក​ស្បូន​តែ​ម្តង​បណ្តាល​ឲ្យ​ធ្លាក់ឈាម​ច្រើន ហើយ​ករណី​នេះ បើ​ជួយ​មិន​ទាន់​គឺ​ស្លាប់​ទាំង​ម្តាយ និង​ទារក​។ ម្យ៉ាង​វិញ​ទៀត​ថ្នាំ​ចាក់​បង្ខំ​ឲ្យ​កើតកូន​មុន​ប្រភេទ​ខ្លះ គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​ប្រូតូកូល​ថ្នាក់ជាតិ​នោះ​ទេ​។

ដោយឡែក​សមត្ថកិច្ច​នគរបាល​ក៏​មិន​ដឹង​ពី​បញ្ហា​ចាក់​ថ្នាំ​បង្ខំ​ឲ្យ​កើតមុន​នេះ​ដែរ ហើយ​បើ​សួរ​ទៅ​តុលាការ​ក៏​មិន​ដឹង​ពី​វិជ្ជាជីវៈ​ពេទ្យ​នេះ​ដូច​គ្នា ខណៈ​ស្ត្រី​មក​ឆ្លងទន្លេ និង​ក្រុម​គ្រួសារ​គាត់​ដែល​មិនមែន​ជា​គ្រូពេទ្យ​ក៏មិនដឹង​គឺ​បាន​ត្រឹម​តែ​ត្អូញត្អែរ ទួញ​សោក និង​សម្ដែង​ការ​ក្រៀមក្រំ​តាម​ហ្វេសប៊ុក​ និង​តាម​សារព័ត៌មាន​ពី​ការស្លាប់​ប្រពន្ធ ឬ​ក៏​កូនស្រី​របស់​ខ្លួន​តែប៉ុណ្ណោះ​ពោល​គឺ​សូម្បី​តែ​ការស្លាប់​ដោយសារ​អ្វី​ក៏​មិនដឹង ហើយ​ក៏​មិន​ហ៊ាន​ប្រាប់​គេ​ដែរ​។ អ្វី​ដែល​សំខាន់​ពួកគេ​ទៅ​គ្លីនិក​ឯកជន​គឺ​ដោយ​មាន​ជំនឿ​ថា ទី​នោះ​មាន​គ្រូពេទ្យ​​ល្អៗ ឧបករណ៍​ទំនើប និង​បម្រើ​សេវា​ល្អ​បើ​ទោះ​ជា​ថ្លៃ​ក៏ដោយ​។ តែ​ចុងក្រោយ​គី្លនិក​ឯកជន​ទាំងនោះ​យក​តែ​គ្រូពេទ្យ​ភាគច្រើន​ពី​រដ្ឋ​ហើយ​ក៏​បញ្ជូន​ទៅ​ពេទ្យ​រដ្ឋ​វិញ​ដដែល​។ ​តើ​ឲ្យ​ជឿ​គ្លីនិក​ឯកជន​ដូចម្តេច​ទៀត​ទៅ​? ​តែ​យ៉ាង​​ហោចណាស់​ក៏​មាន​គ្លីនិក​ឯកជន​ឡាំប៊ុនថន មួយ​ដែល​មាន​គ្រូពេទ្យ​ចេញ​មុខ​បកស្រាយ​ហើយ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ បន្ទាប់ពី​មាន​ការ​ស្លាប់​ទាំង​ម្តាយ​​ និង​ទារក​នៅពេល​មក​សម្រាល​កូន​នៅ​គ្លីនិក​នេះ​។ ​ចុះ​គ្លីនិក​ឯកជន​ដទៃ​ទៀត​គួរ​ឲ្យ​មាន​ការស៊ើប​អង្កេត​តាម​បច្ចេកទេស និង​ឥរិយាបថ​ប្រព្រឹត្ត​របស់​គ្រូពេទ្យ​ជួយសង្គ្រោះ​ផង​ដែរ​ឬ​?

សរុប​មក​វិញ​រាជរដ្ឋាភិបាល​គួរ​បង្កើត​គណៈកម្មការ​មួយ​ដែល​មាន​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សម្រាប់​បើក​ការស៊ើបអង្កេត​គ្លីនិក​ឯកជន​ ឬ​ពេទ្យ​ឯកជន​ដែល​សម្រាល​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ស្លាប់​នៅពេល​ឆ្លងទន្លេ​នោះ​ ព្រោះ​ការស្លាប់​មនុស្ស​សម័យ​នេះ​លែង​គិត​ថា​ជា​ការ​ស្លាប់​ធម្មតាៗ​ដូច​ពី​មុន​ទៀត​ហើយ​។

រីឯ​កម្មវិធី​ថ្នាក់ជាតិ​ក៏​រឹតបន្តឹង​​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​គ្លីនិក​ឯកជន​ផង​ដែរ ចំពោះ​ការស្លាប់​មាតា​នៅ​ទី​នោះ​ដែល​ជា​​ការធ្វើ​ឲ្យ​ប៉ះពាល់​ទិន្នន័យ​ថ្នាក់ជាតិ​ផងដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍