ដល់​ពេល​ធម្មជាតិ​បំផ្លាញ​មនុស្ស​វិញ​ហើយ​ពេល​ក្តៅ​គឺ​ក្តៅ​ហួតហែង​ជ្រុល ពេល​ភ្លៀង និង​ព្យុះ​ទឹកជំនន់​លិច​តែ​ម្តង បន្ទាប់ពី​មនុស្ស​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​អស់​ជាច្រើន​មាន​តាំងពី​ការកាប់​បំផ្លាញ​ព្រៃឈើ ការរំលាយ​ភ្នំ ការជីក​គាស់​យក​រ៉ែ ការ​បូម​ខ្សាច់​លក់ និង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ជាច្រើន​ជាដើម​។

បច្ចុប្បន្ន​នេះ​ឲ្យ​តែ​ប្រជុំ​រឿង​បរិស្ថាន​ ឬ​ក៏​ការប្រែប្រួល​អាកាសធាតុ​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​ពាក់​កណ្តាល​អភិវឌ្ឍន៍​ (Emerging Economic Countries) និង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​ចាប់ផ្តើម​បន្ទោស​គ្នា​ទៅវិញ​ទៅមក យក​ត្រូវ​រៀងៗ​ខ្លួន​ថា​បាន​ប្រើ​ឧស្សាហកម្ម​ធុន​ធ្ងន់​បំពុល​បរិយាកាស និង​រីឯ​ខាង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ត្រូវ​បាន​គេ​ចោទ​ថា​បាន​បំផ្លាញ​ធនធាន​ធម្មជាតិ​ច្រើន ជាពិសេស​ព្រៃឈើ​តែ​ម្តង​បង្ក​ឲ្យ​មាន​បញ្ហា​គ្រោះធម្មជាតិ​កើតឡើង​។

សូម្បីតែ​លោក ដូណាល់ ត្រាំ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏​មិន​ជឿ​ថា មាន​ការ​ប្រែប្រួល​អាកាសធាតុ​ដែរ អ៊ីចឹង​ហើយ​បាន​ជា​ថវិកា​ជំនួយ​ទាក់ទង​ទៅ​នឹង​បរិស្ថាន​ត្រូវ​បាន​រដ្ឋបាល​លោក​ ត្រាំ កាត់​មួយ​ផ្នែក​ធំ​ដែរ​។ នៅ​ដើម​ខែ​នេះ​ផ្តើម​ចេញ​ពី​ទឹកជំនន់​នៅ​ប្រទេស​ជប៉ុន មក​ប្រទេស​នីហ្សេរីយ៉ា តំបន់​អាហ្វ្រិក​សោះ ក៏​មាន​ទឹកជំនន់​ដែរ ឥឡូវ​នេះ​មក​ដល់​ស្រុក​ខ្មែរ និង​ប្រទេស​វៀតណាម នៅពេល​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង និង​ព្យុះ​ស៊ុន​ទិញ​ (Son-Tinh) ​បក់បោក​បំផ្លាញ​ដីស្រែ​ចម្ការ ផ្ទះ​សំបែង និង​ប្រជាពលរដ្ឋ​។

ទាក់ទង​ទៅ​នឹង​ការ​ជន់​លិច​ទឹក​នៅ​ប្រទេស​កម្ពុជា​លោក កែវ វី អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​មក​ដល់​ត្រឹម​ថ្ងៃទី​ ២៣ ខែ​កក្កដា​លោក​បាន​ទទួល​ព័ត៌មាន​បន្ថែម​ទៀត​គឺ​ទឹក​លិច​ចូល​ដល់​រាជធានី​ភ្នំពេញ​ហើយ​នៅ​ខណ្ឌដង្កោ និង​ខណ្ឌ​ពោធិ៍សែនជ័យ​សរុប​ទៅ ៧ ខេត្ត និង​រាជធានី ហើយ​ខេត្ត​ដែល​ត្រូវ​ទឹក​ជន់​លិច មាន​ដូចជា ខេត្ត​កោះកុង ព្រះសីហនុ កំពង់ស្ពឺ បាត់ដំបង កំពត និង​រាជធានី​ភ្នំពេញ​។

ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន ៧ ១៦០ គ្រួសារ ដំណាំ​ស្រូវ ៨ ២៣២ ហិកតា និង​ដំណាំ​ចម្ការ ៩៨៤ ហិកតា តែ​ពុំ​មាន​សេចក្តី​រាយការណ៍​ថា មាន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ទឹកជំនន់​នេះ​នៅ​ឡើយ​ទេ​។

លោក​ កែវ វី បាន​បន្ត​ទៀត​ថា​មក​ទល់​ពេល​នេះ​រាជរដ្ឋាភិបាល​មិន​ទាន់​បញ្ចេញ​ថវិកាបម្រុង​សម្រាប់​គ្រោះ​ទឹកជំនន់​នេះ​នៅ​ឡើយ​ទេ ហើយ​គណៈកម្មាធិការ​ជាតិ​មិន​ទាន់​វាយតម្លៃ​ថា ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ​ខូចខាត​អស់​ប៉ុន្មាន​នៅ​ឡើយ​ដែរ ដោយ​នៅ​រង់ចាំ​អន្តរក្រសួង​ចុះ​វាយតម្លៃ ព្រោះ​វា​មិន​ទាន់​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​កាលពី​ឆ្នាំ​ ២០១១ និង​ឆ្នាំ​ ២០១៣ នៅ​ឡើយ​ទេ​។

ទោះបី​ជា​ការជួយ​តិចក្តី ច្រើនក្តី ក៏​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​បាន​ចុះ​ជួយ​ជម្លៀស​ជនរងគ្រោះ​ពី​ទឹកជំនន់​ទៅ​កាន់​ទីទួល​សុវត្ថិភាព និង​បិទ​ផ្លូវ​ដែល​ទឹក​ហូរ​ខ្លាំង​កុំ​ឲ្យ​មាន​ចរាចរណ៍​ឆ្លងកាត់​បាន​មួយរយៈ​ដែរ​។ ម្យ៉ាងវិញ​ទៀត ក្រសួង​សុខាភិបាល​ក៏​បាន​ចុះ​យុទ្ធនាការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចាំបាច់​សង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ផង​ដែរ តាមរយៈ​ការចុះ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ និង​ការអប់រំ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ទឹកជំនន់​នេះ​។

តែ​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​តិចតួច​ដែល​បាន​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​តែប៉ុណ្ណោះ​។ ជាក់ស្តែង​បញ្ហា​គ្រោះ​ទឹកជំនន់​នេះ​ហាក់បី​ដូចជា​ត្រូវ​បាន​គេ​បង្រួម​ឲ្យ​ឃើញ​តូច និង​មិន​ឲ្យ​ខ្ជះខ្ជាយ​ខ្លាំង​ពេក​នៅ​តាម​សារព័ត៌មាន និង​តាម​កញ្ចក់​ទូរទស្សន៍​នោះ​ទេ សូម្បី​តែ​វេបសាយ​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ (http://www.ncdm.gov.kh) ​ក៏​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ទាល់តែ​សោះ​ស្តីអំពី​បញ្ហា​ទឹកជំនន់​លិច​ដល់​ទៅ ៧ ​ខេត្ត និង​រាជធានី​ក៏ដោយ​។

ម្យ៉ាង​វិញ​ទៀត​សូម្បីតែ​ការពិភាក្សា​តុមូល​របស់​គណបក្ស​នយោបាយ​ក្នុង​យុទ្ធនាការ​បោះឆ្នោត​នេះ​ក៏​មិន​បាន​លើក​អំពី​ប្រធានបទ​ទឹកជំនន់​ថ្មីៗ ឬ​ការប្រែប្រួល​អាកាសធាតុ​មក​ជជែក​ដេញដោល​គ្នា​ផង​ដែរ​។ គឺ​គណបក្ស​នីមួយៗ​បាន​ត្រឹម​តែ លើក​គោលនយោបាយ​របស់​បក្ស​រៀងៗ​ខ្លួន​យ៉ាង​ច្រើន​បាន​ត្រឹម​តែ​រិះគន់​រដ្ឋាភិបាល រឿង​ទប់ស្កាត់​ការកាប់​បំផ្លាញ​ព្រៃឈើ​មិន​បាន បាន​ជា​មាន​ទឹកជំនន់​តែ​ប៉ុណ្ណោះ​។

និយាយ​រួម​គឺ​គណបក្ស​នយោបាយ​ចុះ​ពង្រឹង​មូលដ្ឋាន​ដែល​ជា​គោលដៅ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ប្រសិន​បើ​មូលដ្ឋាន​ណា​ដែល​ជួប​គ្រោះទឹកជំនន់​នេះ​ក៏​នាំ​គ្នា​ចុះ​បន្តិចបន្តួច​លឹបលៗ ឲ្យ​តែ​ម្ចាស់ឆ្នោត​ឃើញ​មុខ​តែ​ប៉ុណ្ណោះ​គឺ​មាន​ផលប៉ះពាល់​ជាក់ស្តែង​ទៅ​នឹង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត និង​ការបោះឆ្នោត​នៅ​សប្តាហ៍​ក្រោយ​នេះ​។

ឆ្លង​តាម​បទពិសោធ​នៃ​គ្រោះទឹកជំនន់​នេះ​កើត​មានឡើង​ដដែលៗ​រំលង​តែ​ ២ ​ឆ្នាំ ឬ​ ៣ ​ឆ្នាំ​ទឹក​មក​ជន់​លិច​កន្លែង​ដដែល​ហ្នឹង​ទៀត​ដូចជា​នៅ​តំបន់​វាលរេញ​ខេត្ត​ព្រះសីហនុ ដែល​មាន​ទំនប់​អាង​ខ្លះ​សល់​តាំងពី​សម័យ​ខ្មែរក្រហម មិន​បាន​ធ្វើការ​ជួសជុល ឬ​ក៏​ស្តារ​ឡើង​វិញ​នោះ​ទេ ឲ្យ​តែ​ភ្លៀង​ខ្លាំង​ទឹក​ធ្លាក់​ពី​ភ្នំ​មក​លិច​រាល់​តែ​ដង​។ ចំណុច​នេះ​រាជរដ្ឋាភិបាល​គួរតែ​បន្ថែម​ថវិកា​អភិវឌ្ឍន៍ ឃុំ-សង្កាត់ ដោយ​ផ្តោត​ទៅ​លើ​យន្តការ​ប្រមូល និង​គ្រប់គ្រង​ទិន្នន័យ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​បន្សាំ​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ​ប្រមាណ​ជា ២០ ភាគរយ​នៃ​ថវិកា​ដែល​រដ្ឋាភិបាល​ទើប​តែ​អនុម័ត​ថ្មីៗ​នេះ​គឺ ១២៩ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​រដ្ឋបាល​ឃុំ-សង្កាត់​។

ការបន្ថែម ២០ ភាគរយ​នេះ​មាន​ន័យ​ថា​ជា​ការ​ចូលរួម​ទប់ស្កាត់​គ្រោះ​មហន្តរាយ​បន្តិច​ម្តងៗ​នៅ​ថ្នាក់​ក្រោម​ជាតិ ដើម្បី​កុំ​ឲ្យ​ចាំ​ដល់​ពេល​ទឹក​ឡើង​មក​ធំ មក​បុក​បាក់បែក​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ដូចជា​ផ្លូវថ្នល់ ស្ពាន ប្រឡាយ ប្រព័ន្ធ​ទឹកស្អាត ភ្លើង​អគ្គិសនី និង​ខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​អស់​រាប់លាន​ដុល្លារ​នោះ​។

ចំពោះ​ករណី​ទប់ទល់​នឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​នេះ​មាន​បទពិសោធ​ដ៏ល្អ​នៅ​ខេត្ត​បន្ទាយមានជ័យ​មាន​ការសហការ​គ្នា​រវាង​មន្ទីរ​ធនធាន​ទឹក​ខេត្ត រដ្ឋបាល​មូលដ្ឋាន និង​អង្គការ​អូខិនដិន​ (Ockenden Cambodia) ​បាន​ដោះស្រាយ​បញ្ហា​បន្សាំ​នេះ គឺ​ករណី​ទី​ ១ គឺ​ការ​ទប់ទល់​នឹង​គ្រោះ​រាំងស្ងួត និង​រៀបចំ​អាង​ស្តុក​ទឹក​ឈ្មោះ ជើងគ្រុះ​នៅ​ស្រុក​បន្ទាយឆ្មារ​គឺ​បាន​ស្តារ​អាង​ដែល​មាន​តាំងពី​សម័យ​បុរាណ​បន្ទាយឆ្មារ​ឡើង​វិញ បន្ទាប់ពី​សង្គ្រាម​បាក់បែក​ទឹក​ហូរ​ពី​ភ្នំ​មក​អស់​តាមរយៈ​ធ្វើ​ទំនប់ទឹក និង​ធ្វើ​ប្រឡាយ​សម្រាប់​បង្ហូរ​សម្រាប់​ស្រោចស្រព​ស្រែ និង​ចម្ការ​ធ្វើ​ ១ ​ឆ្នាំ​បាន​ផល ២ ​ដង​។

ករណី​ទី​ ២ នៅ​ស្រុក​មង្គលបុរី ទឹក​ឡើង​ពី​ទន្លេសាប​មក​លិច ក៏​កិច្ចសហការ​គ្នា​ដដែល​គឺ​ផ្អែក​លើ​បទពិសោធ​ទឹក​លិច​ជាក់ស្តែង​គឺ​សង់​ផ្លូវ​ខ្ពស់​ជាង​ទឹក ហើយ​ធ្វើ​ប្រឡាយ​ធំៗ​ដើម្បី​ងាយស្រួល​បង្ហូរទឹក​បញ្ចូល​ស្រែ ហើយ​និង​ការសាងសង់​ទីទួល​ជម្រក​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។ នេះ​បើ​តាម​របាយការណ៍​អភិវឌ្ឍន៍​ប្រចាំ​ឆ្នាំ​ ២០១៧ របស់​អង្គការ​អូខិនដិន​។

សរុប​មក​វិញ​ផ្អែក​តាម​ករណី​សិក្សា​ទាំង ២ ដ៏ល្អ​នេះ​រាជរដ្ឋាភិបាល​គួរ​តែ​បង្កើន​ថវិកា​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ចំពោះ​ការ​បន្សាំ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ជួយ​ទប់ស្កាត់​កុំ​ឲ្យ​មាន​គ្រោះមហន្តរាយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​នោះ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com