ចាប់តាំងពីការបញ្ជ្រាបទ្រឹស្តីយេនឌ័រចូលមកប្រទេសកម្ពុជាបានជាង ២០ ឆ្នាំទៅហើយនេះគឺចង់ឲ្យមានសមភាពរវាងបុរស និងស្ត្រីក្នុងគោលដៅលុបបំបាត់ការរើសអើងប្រឆាំងស្ត្រី និងការកេងប្រវ័ញ្ចពីស្ត្រីរហូតដល់មានការចេញជារូបភាពនារីរតនជាតិ និងផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីជាដើម។
ចុះហេតុអ្វីបានអ្នកនយោបាយមួយចំនួននៅតែចូលចិត្តលេងល្បែងយកស្ត្រីធ្វើជាកូនអុកនយោបាយ ឬក៏កេងប្រវ័ញ្ចទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវភេទពីស្ត្រីដែលផ្ទុយទៅនឹងផែនការជាតិទៅវិញ?
កន្លងមកក៏ដូចជាបច្ចុប្បន្ននេះដែរអស់លោកមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងអ្នកនយោបាយមួយចំនួនដែលងប់នឹងស្រីដើម្បីបម្រើតណ្ហារបស់ខ្លួនមិនចេះស្កប់ស្កល់នោះគឺតែងដាក់សម្ពាធលើនារីភេទគ្រប់ទិសទីមានតាំងពីការទិញសេវាផ្លូវភេទ និងការចាប់បង្ខំគ្រប់រូបភាពពោលគឺឲ្យតែខ្លួនចង់បាន។
ប្រសិនបើស្ត្រីស្អាតៗ ឬក៏តារាៗណាដែលខ្លួនពេញចិត្តហើយគឺត្រូវជារបស់ខ្លួនហើយគេចមិនរួចទេដែលភាសាសាមញ្ញថាស្រីតាតា (PSI, 2002) តែបើលោកជំទាវៗរបស់តាតាដឹងក៏មិនដឹងថាគេចខ្លួនបែបណាដែរជួនកាលទៅអ្នកធំៗស្រឡាញ់ស្រីជាន់លេខរៀងគ្នាជាមួយឧកញ៉ាជើងខ្លាំងហើយក៏ឈានដល់យកកាំភ្លើងភ្ជង់គ្នាក៏មានដែរ។
រឿងតាតាប្រើវិធីយកស្រីកំណាន់ទៅរួមភេទនៅក្រៅប្រទេសដើម្បីគេចពីជំទាវគាត់នោះក៏មិនមែនជាវិធីសាស្ត្រថ្មីនោះទេដែលតារាៗមួយចំនួនតូចតែងតែយកលេសពេលចេញទៅក្រៅម្តងៗថាទៅមើលការបើកហាងនៅស្រុកគេ ឬក៏ទៅយកទំនិញពីក្រៅមក។ បើសិនជាសំណាងស្រីតាៗទាំងនោះបានទទួលផលលាភមានតាំងពីឡានទំនើប វីឡា និងបើកហាងផ្សេងក៏មានដែរ។
ប៉ុន្តែនៅពេលដែលស៊យវិញក៏មានករណីជំទាវរបស់តាតាដឹងខ្លះគេចរួចក៏រួចទៅ ឯអ្នកមិនរួចក៏ត្រូវបានគេបាញ់សម្លាប់ ឬក៏ឲ្យរបួស ឬក៏ជះទឹកអាស៊ីតផងដែរ។ ដូចករណីអ្នកស្រី ពិសិដ្ឋ ពាលិកា កញ្ញា តាត ម៉ារីណា កញ្ញា ពៅ បញ្ញាពេជ្រ និងកញ្ញា ទូច ស្រីនិច ជាដើមសុទ្ធតែជាជនរងគ្រោះទាំងផ្លូវភេទ ទាំងពិការភាពមួយជីវិត និងមរណភាពដោយសារការធ្វើឃាតកម្មលើពួកគាត់។
ស្ត្រីទាំងនេះត្រូវបានសពកវីដ៏ល្បីឈ្មោះ គង្គ ប៊ុនឈឿន បានតែងជាសាច់រឿងចងក្រងទុកទាំងអស់នៅក្នុងរឿងវាសនានាងម៉ារីណា និងរឿងព្រលឹងនាយរោងដែលរំឭកពីវិញ្ញាណក្ខន្ធនាងពិសិដ្ឋ ពាលិកា ក្រោយពេលស្លាប់សុទ្ធតែបង្ហាញទំនាក់ទំនងស្នេហាក្រៅរវាងអ្នកធំៗ និងតារាៗ។
ដោយសារតែការនិពន្ធរឿងទាំងនេះហើយដែលធ្វើឲ្យលោក គង្គ ប៊ុនឈឿន ត្រូវបាននិរទេសខ្លួនទៅក្រៅស្រុករហូតដល់មរណភាពនៅបរទេស (ប្រទេសន័រវែស) ព្រោះមិនហ៊ានចូលស្រុកដោយសារការយាយីពីអាជ្ញាធរ។
អ្វីដែលលោកឈឺចាប់បំផុតគឺរឿងរ៉ាវដែលកើតឡើងចំពោះក្មួយស្រីរបស់គាត់គឺនាង តាត ម៉ារីណា ដែលត្រូវឃាតករជះទឹកអាស៊ីតធ្វើឲ្យពិការមួយជីវិតហើយជនល្មើសរស់នៅធ្វើព្រងើយគ្មានចំណាត់ការតាមផ្លូវច្បាប់ដែលបង្ហាញភាពយុត្តិធម៌នៅក្នុងសង្គមសោះបើទោះបីជាវិទ្យុអាស៊ីសេរីតែងតែរំឭកនៅព្រឹត្តិការណ៍នោះបានបង្ហាញតាំងពីឈ្មោះអ្នកពាក់ព័ន្ធក៏ដោយ។
ក្រៅពីយកស្ត្រីធ្វើជាអ្នកបម្រើផ្លូវភេទ និងឃាតកម្មនោះអ្នកធំៗ និងអ្នកនយោបាយខ្លះបែរជាធ្វើអាជីវកម្មនយោបាយលើសាកសពស្ត្រីអតីតតារាៗទៀតដូចគណបក្ស សម រង្ស៊ី តែងតែយកសពអ្នកស្រី ពិសិដ្ឋ ពិលិកា ភ្ជាប់ជាមួយថា្នក់ដឹកនាំជាន់ខ្ពស់យកចាក់ផ្សាយជារឿងផង និង ចែកខិត្តប័ណ្ណផងនៅក្នុងពេលឃោសនាបោះឆ្នោតម្តងៗដែលភាសាសាមញ្ញថាប្រើអស់សាច់ចំហៀវឲ្យអស់ខ្លាញ់តែម្តង។
ជាលទ្ធផលគណបក្ស សម រង្ស៊ី គ្មានបានទៅចំណេញសន្លឹកឆ្នោតអីពីសពគាត់ផងតែផ្ទុយទៅវិញមានតែគណបក្សប្រជាជនកើនអាសនៈបន្ថែមដល់ ៩០ នៅក្នុងសភាជាតិអាណត្តិទី ៤ ទៅវិញព្រោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមិនបានគិតគូររឿងអាស្រូវផ្លូវភេទនោះទេគឺពួកគាត់ខ្វល់ខ្វាយតែរឿងក្រពះពួកគាត់ប្រចាំថ្ងៃថាថ្ងៃស្អែកមានអីហូបទេ? តែផ្ទុយទៅវិញនៅអាណត្តិទី ៥ នេះបក្សកាន់អំណាចបែរទៅជាយកស្ទីលតាមបក្សប្រឆាំងរឿងយកស្រីកំណាន់ពីខេត្តព្រៃវែងមកលាយឡំក្នុងរឿងនយោបាយដោយដាក់បន្ទុកលើលោក កឹម សុខា តែបែរជាបាត់អស់ ២២ កៅអីទៅវិញ។
ឥឡូវនេះមិនទាន់ដល់ពេលបោះឆ្នោតអាណត្តិទី ៦ ស្រួលបួលផងអ្នកនយោបាយក៏យករឿងស្ត្រីកំណាន់មកដាក់ប្រយុទ្ធគ្នាដណ្តើមគ្នាទៀតហើយដូចជាមិនចងចាំពីខាតអាសនៈនៅសភាសោះធ្វើដូចជាស្ត្រីហ្នឹងជានុយសន្ទូចរបស់អ្នកនយោបាយ ឬក៏កូនអុកនយោបាយរបស់ពួកគាត់អីចឹង បើទោះបីជាមិនសមទំនង ឬខុសច្បាប់ក៏ចេះតែទៅដែរ។
ដូចករណីរឿងបញ្ចេញការសន្ទនាគ្នាតាមទូរស័ព្ទរវាងលោក កឹម សុខា និងកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ គឺខុសទៅនឹងក្រមព្រហ្មទណ្ឌមាត្រា ៣១៨ ហើយព្រះរាជអាជ្ញាទម្លាយព័ត៌មានពីចម្លើយរបស់ ស្រីមុំ ក៏ខុសក្រមសីលធម៌ដែរហើយមានលក្ខណៈលម្អៀង និងមានចេតនាកាច់កុងគ្នារវាងបក្សនយោបាយ។
ឥឡូវនេះស្ត្រី ២ នាក់អាចទំនងជាទាក់ទងធ្វើជានុយសន្ទូចគឺ ស្រីមុំ និងកញ្ញា ធី សុវណ្ណថា ហើយគ្រាន់តែ ស្រីមុំ ចង្អុលអ្នកណាចាប់អ្នកហ្នឹងតែម្តង ដូច លោក ស៊ាង ចែត មេឃុំស្រកមកពីគណបក្ស សមរង្ស៊ី ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ដែរ។
បន្ទាប់មកទៀតអង្គភាព ACU បានធ្វើការទាំងយប់ទាំងថ្ងៃលើសំណុំរឿងចោទប្រកាន់មន្ត្រីអង្គការអាដហុក ៤ នាក់ និងអគ្គលេខាធិការរង គ.ជ.ប ១ រូបផងថា បានពាក់ព័ន្ធរឿងពុករលួយជាមួយនឹងករណី ស្រីមុំ ហើយតុលាការក៏ចាត់ការតាម ACU ដែលទីបំផុតអ្នកទាំង ៥ នាក់នោះក៏ត្រូវបានឃុំខ្លួនបានដូចបំណង។
ចំណាត់ការរបស់អង្គភាព ACU និងតុលាការលើករណីនេះត្រូវបានគេមើលទៅហាក់បីដូចជាមានភាពលម្អៀងផ្នែកនយោបាយទៅគណបក្សកាន់អំណាចមើលទៅខិតខំប្រឹងប្រែងណាស់ធ្វើការខ្លាំងណាស់គ្រាន់តែនិស្សិតអត់សាលាប្តឹងក៏ខំប្រឹងបើកកកាយមកមើលដូចមាន់អ៊ីចឹង។
តែផ្ទុយទៅវិញបើទោះបីជាមានឯកសារ អត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ដែលបានផ្តល់បទសម្ភាសជាមួយសាក្សីសុំមិនបញ្ចេញឈ្មោះដែលជាមន្ត្រីសុខាភិបាលក្នុងពេលថ្មីៗនេះបានផ្តល់ព័ត៌មានអំពីអំពើពុករលួយនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តថាប្រធានស្ថាប័ននេះបានប្រើប្រាស់តំណែងរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយគ្រួសារនិយម និងលួចថវិកាជំនួយដែលសូម្បីតែស្ថាប័ននោះមានទីតាំងនៅផ្លូវព្រះមុនីវង្សក៏ត្រូវបានគេលក់ដូរទៅនៅជាយរាជធានីភ្នំពេញហួសផ្សារដីហុយជិតចម្ការព្រីងទៀតផង។
ជាងនេះទៅទៀតសាក្សីទាំងនេះក៏ធ្លាប់ដាក់ពាក្យបណ្តឹងទៅអង្គភាព ACU តាំងពីខែមេសា ឆ្នាំ ២០១៥ ក្នុងរឿងអាស្រូវពុករលួយនៅតែបន្តដល់សព្វថ្ងៃនេះក៏នៅតែមិនចាត់ការឲ្យមានតម្លាភាពដែរ។
ចុះហេតុអ្វីបានជារដ្ឋសភាមិនអញ្ជើញអង្គភាព ACU មកសាកសួរម្តងអំពីដំណើរការនៃការចោទប្រកាន់ករណីពុករលួយមានការរើសអើងបែបនេះ?
ឥឡូវចូលដល់ត្រីធំស៊ីនុយសន្ទូចតូចហើយអ្នកស្ទូចកំពុងតែខំប្រឹងទាញត្រីធំមិនចេញផុតពីទឹកសោះ ហើយខ្សែសន្ទូចក៏ចង់ដាច់ដែរ។ តើខ្សែសន្ទូចអាចដាច់ដែរឬទេ? បើទាញត្រីធំចេញពីទឹកមិនរួច ឬក៏ត្រីធំនោះអាចទាញអ្នកស្ទូចហ្នឹងធ្លាក់ទឹកវិញដែរឬទេ? តែបញ្ហាធំគឺ ស្រីមុំ ដែលជានុយសន្ទូចនោះហេតុអ្វីបានជាបុរសៗដើមទ្រូងប្រាំហត្ថជាអ្នកនយោបាយបានដាក់សម្ពាធលើស្ត្រីទន់ខ្សោយគ្រាន់តែជាជាងកាត់សក់សោះក៏មិនលើកលែងដែរ?
ក្នុងករណីនេះខ្សែសន្ទូចអាចដាច់ច្រើនជាងព្រោះអ្នកស្ទូចប៉ុនប៉ងប្រើប្រាស់តុលាការដើម្បីចាប់ខ្លួនលោក កឹម សុខា ដែលជាត្រីស៊ីសន្ទូចនោះរីឯបក្សប្រឆាំងថាបើចាប់មេបក្សគេ គេហ្នឹងប្រើកម្លាំងអ្នកគាំទ្រដើម្បីទប់ទល់ឥឡូវដូចជានៅទ្រឹងរៀងៗខ្លួនហើយដូចជាមានសញ្ញាចង់បន្តវប្បធម៌សន្ទនាឡើងវិញ។
យ៉ាងណាក៏ដោយ កាលពីសប្តាហ៍មុននេះ សភាអឺរ៉ុប និងអង្គការសហប្រជាជាតិដែលមួយចំនួនជាភ្នែកច្រមុះ និងជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីសឆ្នាំ ១៩៩១ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការ «យាយីតាមផ្លូវតុលាការ» ទៅលើសមាជិកគណបក្សប្រឆាំង សង្គមស៊ីវិល និងមន្ត្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតខណៈដែលអគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការបំភិតបំភ័យ និងការយាយីទៅលើតួអង្គសំខាន់ៗដែលកាន់តែមានការរីករាលដាលនេះ។
ប៉ុន្តែបើបុរសៗដែលជាអ្នកនយោបាយចេះតែយកស្ត្រីធ្វើជាចំណាប់ខ្មាំងដោយដើរចោទអ្នកនេះចាប់អ្នកនោះអ៊ីចឹងៗតើឲ្យបង្ហាញថាជាប្រទេសនីតិរដ្ឋអនុវត្តច្បាប់តាមបែបលទ្ធិប្រជាធិបតេយ្យដូចម្តេចទៅ?អ្នកនយោបាយនៅស្រុកខ្មែរចូលចិត្តកេងប្រវ័ញ្ចលើផ្លូវភេទស្ត្រី និងនយោបាយរបស់បក្សរៀងៗខ្លួនដើម្បីប្រយុទ្ធគ្នាឯងគឺខុសពីប្រទេសជិតខាងដែលអ្នកដឹកនាំគេយកស្ត្រីធ្វើជាចារកម្មដើម្បីឈ្នះសង្គ្រាមលើប្រទេសបារាំង និងសហរដ្ឋ អាមេរិកកន្លងមកគួរឲ្យខ្មាសអៀន។
ចំណុចដែលអ្នកនយោបាយចូលចិត្តយកល្បែងស្ត្រីជាត្រីមុខនោះមានកត្តាចម្បង ២ គឺ ទី ១- អ្នកនៅក្បែរអ្នកធំហ្នឹងចង់បានតំណែងធំណាមួយគឺតែងតែគិតរកស្ត្រីស្អាតៗ តារាៗ តាមបែបដឹកញីបន្ស៊ីឈ្មោល។ ពេលខ្លះកូនស្រីខ្លួនឯងក៏មិនលើកលែងដែរគឺខ្លួនឯងចង់បានអំណាចបង្ខំកូនស្រីខ្លួនឯងឲ្យទៅដេកជាមួយមេខ្លួនឯងក៏មាន។ ជាងនេះទៅទៀតឲ្យតែមេពេញចិត្តស្រីស្នេហ៍របស់ខ្លួនឯងក៏ជូនមេដែរ។
ទី ២- យកស្ត្រីធ្វើជានុយ ឬ កូនអុកធ្វើយ៉ាងណាឲ្យទៅកៀកនឹងគូបដិបក្ខដើម្បីរៀបចំបំបែក ឬក៏ផ្តួលតែម្តង។ ល្បែងនេះគឺល្បែងចាស់គំរឹលមែនតែមានអ្នកដឹកនាំ និងអ្នកនយោបាយខ្លះក៏ភ្លាត់ស្នៀត ខ្លះធ្វើឲ្យប៉ះពាល់កិតិ្តយស និងសេចក្តីថ្លៃថ្នូរដែរដោយសារយកស្ត្រីសម្រាប់បម្រើផ្លូវភេទផង និងនយោបាយផង។
ប៉ុន្តែល្បែងនេះគួរតែអ្នកនយោបាយបុរសៗបញ្ឈប់ប្រើវាទៅព្រោះមិនបានលើកស្ទួយស្ត្រីដូចទៅនឹងនារីរតនៈជាតិ និងសមភាពយេនឌ័រនោះទេផ្ទុយទៅវិញមើលទៅស្ត្រីរងគ្រោះទាំងនោះហាក់បីដូចជាទាសករផ្លូវភេទសម័យទំនើបអ៊ីចឹង។
ជាងនេះទៅទៀតវាក៏មិនធ្វើឲ្យចំណេញដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបតិ្តគ្រោះមហន្តរាយដូចជា បញ្ហាលិចទឹកពេលរដូវវស្សា និងទឹកលិចរាជធានីក្រោយពេលភ្លៀងហើយ និងបញ្ហាក្តៅហួតហែងរាំងស្ងួតខ្វះទឹកខ្យល់ព្យុះកន្លងមកធ្វើស្រែចម្ការមិនបានហើយសុខចិត្តនាំគ្នាធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេនៅបរទេសរាប់ម៉ឺននាក់។
ជាក់ស្តែងតាមបទពិសោធបោះឆ្នោតជាតិកន្លងមកបក្សណាដែលយកស្ត្រីមកធ្វើជានុយសន្ទូចក្នុងឆាកនយោបាយកន្លងមកគឺមានតែបាត់អាសនៈខ្លួនឯងនៅក្នុងសភាជាតិ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com