
ឧបករណ៍បុរាណធ្វើពីស្ពាន់ដែលកន្លងមកមានការយកទៅរំលាយច្នៃធ្វើរបស់របរផ្សេងជំនួស។ រូបថត SEN
ទម្លាប់របស់ពលរដ្ឋខ្មែរមួយចំនួននៅមានការប្រព្រឹត្តអំពើលោភលន់ ដោយមិនចេះខ្មាសអៀនតាំងពីសម័យលង្វែក ឬបុរាណកាលមកម្ល៉េះ ខណៈដែលកងទ័ពសៀម (ពាក្យបច្ចុប្បន្ននេះកងទ័ពថៃ) បានចូលវាយលុកបន្ទាយលង្វែកមិនចុះដោយសារតែមានកំផែងដើមឫស្សីដ៏ក្រាសឃ្មឹក។
ដោយសារតែចង់ឈ្នះទ័ពខ្មែរ ពួកទ័ពសៀមក៏ផ្លាស់ប្តូរយុទ្ធសាស្ត្រដោយបាចប្រាក់ដួងចូលទៅក្នុងព្រៃឫស្សីនោះ បន្ទាប់ពីគេបានសិក្សាដឹងថាពលរដ្ឋខ្មែរខ្លះនៅសម័យនោះចង់មានចង់បានលឿនក៏នាំគ្នាចូលកាប់ឆ្ការព្រៃឫស្សីដែលជារបងដ៏ក្រាស់នោះ ដើម្បីដណ្ដើមយកប្រាក់ដួងទាំងនោះមកចាយដោយភ្លេចគិតថាជាទង្វើរំលាយរបងបំផ្លាញបន្ទាយខ្លួនឯង។
បន្ទាប់ពីដឹងថា ខ្មែរឆ្ការព្រៃឫស្សីស្ទើរអស់ហើយនោះ ទ័ពសៀមក៏បានចូលលុកលុយវាយបែកបន្ទាយលង្វែកនៅក្បែរក្រុងឧដុង្គផ្លូវជាតិលេខ ៥ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំងដោយជោគជ័យ ហើយបានប្រមូលយកគម្ពីរក្បួនខ្នាតពីព្រះគោ និងព្រះកែវទៅស្រុកគេអស់គ្មានសល់។ នេះគឺជាប្រវត្តិសាស្ត្រសម័យលង្វែកដែលខ្មែរសម័យនោះចាញ់សង្គ្រាមជាមួយនឹងប្រទេសសៀមជិតខាងតាមរយៈប្រវត្តិរឿងព្រះគោព្រះកែវខ្មែរ។
ឥរិយាបថចង់មានចង់បានខុសរបៀបបែបនេះហាក់កំពុងជះឥទ្ធិពលអាក្រក់មកដល់សង្គមបច្ចុប្បន្នដោយមានពលរដ្ឋខ្មែរខ្លះ មិនបានគិតពីរបស់ជាកេរដំណែល ឬក៏ទ្រព្យសម្បត្តិរបស់អ្នកដទៃទេគឺដឹងតែស្រវាស្រទេញប្រមូលយកហើយ។
ករណីដូចជា គ្រាន់តែមានគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងណាមួយភ្លាមមើលតែម្ចាស់របួសចង់សន្លប់ផង គឺនាំគ្នាទៅជួយលិចកើតក៏ឆ្លៀតបូតយកនាឡិកា ខ្សែក កាបូប ឬក៏ទូរស័ព្ទដៃ និយាយរួមយកបានអីគឺយកហ្នឹង។ ដូចគ្នានេះដែរ រឿងឆេះផ្ទះម្ចាស់ផ្ទះខំប្រមូលរបស់របរគ្នាពីក្នុងផ្ទះមកដាក់ខាងក្រៅមានអ្នកមកបន្លំយកទ្រព្យគ្នាបន្តទៀតដោយប្រើពាក្យថាដូចរបស់ជយភ័ណ្ឌ។
ម្យ៉ាងវិញទៀតកន្លងមកមានការជីកគាស់កកាយរករូបបដិមា និងរបស់បុរាណដែលមានធាតុដើមជាលោហធាតុធ្វើពីមាសសំរឹទ្ធស្ពាន់ក្តី...ដោយអ្នកខ្លះមានរហូតដល់ប្រើម៉ាស៊ីនរាវរកលោហធាតុទាំងនោះពីក្នុងដីទៀតក៏មាន គឺដើម្បីដុតរំលាយចម្រាញ់យកសាច់មាស យកសំរឹទ្ធ និងស្ពាន់យកលក់ហើយក៏កំណត់យកសកម្មភាពនេះធ្វើជាមុខរបរតែម្តង។
ទន្ទឹមនឹងនេះមានបុគ្គលខ្លះថែមទាំងហ៊ានយកវត្ថុបុរាណ ជារូបបដិមាព្រះ ឬក៏លំពែង ដាវ ដែលបានចុះបញ្ជីបេតិកភណ្ឌជាតិដាក់នៅក្នុងវត្តរួចទៅហើយក៏នៅមានអ្នកលួចយកមកចម្រញ់ឲ្យចេញវត្ថុមួយធ្វើថ្មី ឬក៏ផ្លាស់ប្តូររូបរាងចាស់តែម្តងដែលជាហេតុធ្វើឲ្យបាត់បង់នូវឫសគល់នៃវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។
ដោយសារសកម្មភាពបែបនេះនៅតែបន្តមាននៅតាមវត្តអារាមមួយចំនួនទើបថ្មីៗនេះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិត ១ ច្បាប់កាលពីថ្ងៃ ៥ សីហាឆ្នាំ ២០២០ ប្រគេនសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ដើម្បីជួយធ្វើអន្តរាគមន៍ឲ្យបញ្ឈប់ករណីនេះ។ លុះដល់ថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ក៏បានចេញលិខិត ១ ច្បាប់ ប្រគេនព្រះមេគណរាជធានី ខេត្តស្តីពីការបញ្ឈប់ការរំលាយបំណែក ឬក៏បុរាណវត្ថុពេញលេញអំពីលោហធាតុ ដើម្បីសិតព្រះពុទ្ធបដិមា ឬរូបចម្លាក់ផ្សេងៗតាមវត្តអារាម ដើម្បីធ្វើអន្តរាគមន៍បន្ត។
បើតាមប្រសាសន៍លោក ឡុង ប៉ុណ្ណស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ថា៖ «ចំពោះវត្ថុបុរាណណាដែលបានចុះបញ្ជីក្នុងបេតិកភណ្ឌជាតិរួចហើយ ហើយអ្នកដែលថែរក្សាមិនគង់វង្ស បើបាត់ ឬក៏យកទៅរំលាយវត្ថុបុរាណនោះ គឺត្រូវមានទោសទណ្ឌទៅតាមច្បាប់ហើយ ព្រោះមុននឹងសម្រេចចិត្តយកទៅដាក់ថែរក្សានៅទីវត្តអារាមក្តី ឬក៏ថែរក្សានៅតាមផ្ទះក្តីគឺសុទ្ធតែមានកិច្ចសន្យាជាមួយសមត្ថកិច្ចថា បើបាត់ ឬក៏យកទៅរំលាយវត្ថុបុរាណទាំងនោះទៅធ្វើជារបស់ថ្មីក៏ដោយ គឺត្រូវមានទោស»។
លោកបន្តទៀតថា៖ «ក្រសួងតែងតែលើកទឹកចិត្តម្ចាស់វត្ថុបុរាណ ឬក៏នៅវត្តអារាម បើការពារមិនគង់ទេសូមយកទៅដាក់នៅសារមន្ទីរជាតិដោយស្ម័គ្រចិត្ត។ ក្រសួងមិនផ្តល់ជារង្វាន់អ្វីធំដុំនោះទេតែគ្រាន់តែមានជួនសគុណបន្តិចបន្តួចដែលម្ចាស់វត្ថុបុរាណបានខំថែរក្សាតាំងពីយូរមកហើយតែប៉ុណ្ណឹង» ។
ទោះជាយ៉ាងណាលោក ស៊ីរីវត្ថ លើកឡើងថា ក្រសួងនៅមានការខ្វះចន្លោះនូវយន្តការខ្លះដែលត្រូវធ្វើឲ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងធម្មការ និងកិច្ចការសាសនាអាជ្ញាធរដែនដី និងសមត្ថកិច្ចក្នុងកិច្ចការថែរក្សាបេតិកភណ្ឌឲ្យបានគង់វង្ស។ ក៏ប៉ុន្តែក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដើរជីកគាស់កាយដីរកវត្ថុបុរាណធ្វើអាជីវកម្មយកមកដាក់នៅសារមន្ទីរជាតិដើម្បីបានកម្រៃជើងសា ឬក៏រង្វាន់នោះទេ។ តែក្រសួង និងមន្ទីររាជធានី ខេត្ត នៅថ្នាក់ក្រោមជាតិនៅតែខិតខំសហការជាមួយអាជ្ញាធរដែនដី ធ្វើការផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យយល់ពីតម្លៃនៃវត្ថុបុរាណជាតិត្រូវតែចូលរួមថែរក្សា។
ចំណែកឯលោក ជា យុទ្ធា ជាងចម្លាក់ក្បាច់បុរាណនៅលើស្ពាន់ល្បីមួយរូបនៅស្រុកពញាឮ ខេត្តកណ្តាលក៏មិនពេញចិត្តផងដែរ ចំពោះការដែលយកវត្ថុបុរាណដែលជាលោហធាតុមករំលាយរួចច្នៃធ្វើរបស់ថ្មី ឬក៏លក់ទៅឲ្យអ្នកលក់អេតចាយដើម្បីចម្រាញ់យកស្ពាន់នោះ។
លោកបានលើកឡើងថា ទោះបីជាលោកធ្វើការងារជាមួយនឹងស្ពាន់មែន តែលោកមិនធ្លាប់ទិញវត្ថុបុរាណដែលមានជាតិស្ពាន់យកមកចម្រាញ់យកស្ពាន់មកឆ្លាក់នោះទេ ព្រោះវារឹងងាយនឹងបាក់។ ប៉ុន្តែលោកទិញតែស្ពាន់ដែលគេលក់បោះដុំស្រាប់ប៉ុណ្ណោះ គឺទន់ងាយឆ្លាក់ចេញជារូបរាង។
កាលពីដើមទសវតត្សរ៍ឆ្នាំ ៨០ លោក ជា យុទ្ធា បានឃើញប្រជាពលរដ្ឋមួយចំនួននៅតំបន់ស្រុកពញាឮ និងស្រុកឧដុង្គ ដែលជាទីក្រុងចាស់បានគាស់កកាយដីនៅតាមចេតិយបុរាណដោយពេលខ្លះជីកបានវត្ថុបុរាណដូចជា រូបព្រះ ដាវ លំពែង និងខែលធ្វើពីលោហធាតុ ខ្លះស្រោបមាសយកមកចម្រាញ់ដើម្បីលក់ ខ្លះមិនត្រឹមតែរំលាយលោហធាតុទេ គឺថែមទាំងរំលាយបំបែកថ្មបុរាណរូបបដិមាទៀតផង។
លោក យុទ្ធា មិនគាំទ្រការដើរជីកគាស់ដើម្បីយកវត្ថុបុរាណមករំលាយ ដើម្បីលក់នោះទេដោយលោកយល់ឃើញថា វាជារបស់រួមសម្រាប់ពលរដ្ឋខ្មែរទាំងអស់គ្នាដែលចាំបាច់ត្រូវតែយកទៅថែរក្សាដោយដាក់នៅសារមន្ទីរជាតិ។
សម្រាប់អ្នកស្រី ម្ចាស់ហាងឈ្មោះ កុសល រចនា ដែលលក់គ្រឿងចម្លាក់នៅក្បែរវត្តឧណ្ណាលោមរាជធានីភ្នំពេញក៏បានរិះគន់ទៅលើការរំលាយវត្ថុបុរាណយកមកធ្វើថ្មី ឬក៏ចម្រាញ់លោហធាតុដើម្បីលក់យកលុយផងដែរ។ អ្នកស្រីបានលើកឡើងថា នៅហាង កុសល រចនា របស់អ្នកស្រី មិនទិញរបស់ចាស់ៗពីបុរាណដូចជា រូបបដិមា រូបព្រះ ឬក៏វត្ថុប្រើប្រាស់ពីបុរាណនោះទេ គឺខុសច្បាប់។
ម្យ៉ាងវិញទៀតអ្នកស្រីមានជំនឿថារបស់អស់ទាំងនោះគឺសុទ្ធគេអភិសេករួចហើយ អ៊ីចឹងមិនហ៊ានទិញដើម្បីលក់បន្តទេ ដោយអ្នកស្រីសុខចិត្តកុម្ម៉ង់ឲ្យជាងធ្វើថ្មីចម្លងឲ្យដូចគ្នានឹងរបស់ចាស់បុរាណវិញ ហើយប្រាប់អ្នកទិញត្រង់ៗថា វាមិនមែនជាវត្ថុបុរាណនោះទេ តែវាជារបស់ចាក់ពុម្ព ឬក៏ឆ្លាក់ធ្វើថ្មីឲ្យមើលទៅដូចរបស់វត្ថុបុរាណតែប៉ុណ្ណោះ។
សរុបសេចក្ដីមកវិញ មិនថាជាពលរដ្ឋសាមញ្ញ ឬក៏ព្រះសង្ឃចៅអធិការវត្ត ដែលមានឥទ្ធិពលនោះទេ គឺមិនគួរបន្តវប្បធម៌ចង់មាន ចង់បាន ឬក៏ចង់កែច្នៃវត្ថុបុរាណតាមរយៈការរំលាយលោហធាតុ ដើម្បីលាភសក្ការៈផ្ទាល់ខ្លួន ឬក៏ចង់បង្ហាញស្នាដៃបង្កើតថ្មីទៀតនោះទេ។
បើទោះបីជារបស់វត្ថុបុរាណហ្នឹងចាស់ពុកផុយពេកហើយក៏ដោយ ក៏ត្រូវតែមានគណៈកម្មការវាយតម្លៃថា តើគួរទុក ឬក៏រំលាយចោលធ្វើថ្មី ក៏ត្រូវមានឯកសារ និងមានការសម្រេចពីថ្នាក់ជាតិផងដូចអគារ ឬក៏ព្រះវិហារចាស់ៗដែលនៅសេសសល់ពីសម័យបុរាណជាដើម៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com