ហេតុអ្វី​ចាំបាច់​កម្ទេច​ក្រដាស​ស្នាម ឯកសារ​រដ្ឋបាល​ផ្លូវការ បទដ្ឋាន​គតិយុត្ត លិខិត​រដ្ឋបាល​សាធារណៈ ឬ​ក៏​ឯកសារ​ផ្ទាល់​ខ្លួន​? បើទោះបី​ជា​បច្ចុប្បន្ននេះ​បច្ចេកវិទ្យា​ទំនើបៗ​មាន​ម៉ាស៊ីន​កម្ទេច​ឯកសារ​ជា​ក្រដាស ចិញ្ច្រាំ​​ខ្ទេច​ម៉ដ្ឋខៃ​ដែល​ជំនួស​ដោយ​ការដុត​កម្ទេច​ក្តី​ក៏​នៅ​មាន​មនុស្ស​មួយចំនួន នៅ​តែ​មាន​ទម្លាប់​ស្តាយ​ក៏ព្យាយាម​ប្រមូល​ឯកសារ​ចាស់​នោះ​ទុក​លក់​ឲ្យ​ឯកជន​យក​ទៅ​ប្រើ​បន្តទៀត ដូច​ក្រដាស​កាសែត​ដែរ​។

ខណៈ​ដែល​ក្រដាស​ប្រើ​ហើយ​ប្រភេទ A4 គឺ​មាន​លក្ខណៈ​រឹង គេ​យក​ទៅ​ប្រើ​ច្រើន​ពេញនិយម​នៅ​កន្លែង​លក់​ចាប់ហួយ​ខ្ចប់​ប៊ីចេង ខ្ចប់​ខ្ទឹម ខ្ចប់​ម្រេច ខ្ចប់​ថ្នាំពេទ្យ​ងាយស្រួល​សរសេរ​នៅលើ​ក្រដាស​សហ្នឹង​ទៀត ខ្លះ​យក​ទៅ​ខ្ចប់​ចេកចៀន ដំឡូង​ចៀន ទ្រាប់​គូទ​ឆ្នាំង​ជួនកាល​ទៅ​អ្នកខ្លះ​ទៀត​ញ៉ាំ​នំប៉័ង​អស់​បានឃើញ​ឈ្មោះ​រដ្ឋមន្ត្រី និង​ត្រា​សាមីក្រសួង​របស់​ខ្លួន​ឯង​នៅ​នឹង​ក្រដាស​ខ្ចប់​នំប៉័ង​ហ្នឹង​។ នេះហើយ​ជា​បញ្ហា​ដែល​ប៉ះពាល់​កិត្តិយស និង​កិត្តិនាម​របស់​បុគ្គល ឬ​ក៏​ស្ថាប័ន​ជាតិ​ និង​ស្ថាប័ន​អន្តរជាតិ​ ឬ​ក៏​ក្រុមហ៊ុន​ឯកជន​ដែល​មិនគួរ​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ដូចនេះ​ទេ​។

ជួនកាល​ទៅ​ឯកសារ​ខ្លះ​មាន​តាំងពី​ឡាយព្រះហស្តលេខា​របស់​ព្រះមហាក្សត្រ និង​ត្រា និង​ឈ្មោះ​ប្រមុខ​រាជរដ្ឋាភិបាល​មាន​តាំងពី​ព្រះឆាយាល័ក្ខណ៍ ទង់ជាតិ ទង់សាសនា​ក៏ត្រូវ​បាន​គេ​យក​មក​ប្រើ​ដូច្នេះ​ដែរ​។ បើ​នៅ​ថៃ​វិញ​កុំ​ថា​ឡើយ​ការវេចខ្ចប់​ដូចនេះ​សូម្បី​តែ​លុយ​ដែល​មាន​រូប​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ក៏​មិន​អាច​ដាក់​ហោប៉ៅ​ក្រោយ​អង្គុយ​ពី​លើ​បាន​ទេ​។

សឹងតែ​ជាទូទៅ​ទៅ​ហើយ​នៅ​ស្រុក​គេ​កម្រ​យក​ក្រដាស​រដ្ឋបាល​សាធារណៈ​យក​មក​ខ្ចប់​ទំនិញ ឬ​ម្ហូបអាហារ​នោះ​ទេ ព្រោះ​ក្រដាស​ទាំងនោះ​វា​គគ្រិច ចេញ​ពី​ទឹក​ថ្នាំ​ព្រីនធ័រ ឬ​ក៏​ហ្វូតូកូពី​ហើយ​ដៃ​កាន់​ពី​មួយ​ទៅមួយ​ហើយ​យក​មក​ខ្ចប់​ចំណី​ហូប​នោះ​។ បើទោះបី​ជា​ជនជាតិ​ឥណ្ឌា ទម្លាប់​យក​ដៃ​សម្រាប់​ការទទួលទាន​របស់​ពួកគេ​ក៏ដោយ ក៏​គេ​ប្រើ​ស្លឹកចេក ឬ​ក៏​ស្លឹក​ឈូក​ជា​មធ្យោបាយ​ជំនួស​ដោយ​ថង់​ប្លាស្ទិក​ និង​ក្រដាស​ស្នាម​ផ្លូវការ​បែបបទ​រដ្ឋបាល​សាធារណៈ​ដែល​នៅសល់ ឬ​ក៏​ឯកសារ​ផ្ទាល់ខ្លួន​ចាស់ៗ​ដែរ​។

អ្វី​ដែល​ជា​បញ្ហា​ទៀត​នោះ គឺ​ឯកសារ​ក្រដាស​មួយ​ចំនួន​ដែលមាន​លក្ខណៈ​សម្ងាត់​ដូចជា​ទាក់ទង​ទៅនឹង​របាយការណ៍​ហិរញ្ញវត្ថុ និង​ទិន្នន័យ​របស់​ស្ថាប័នរដ្ឋ និង​ឯកជន​ក្តី​ត្រូវ​បាន​បែកធ្លាយ​ផងដែរ​ហើយ​ឯកសារ​ខ្លះ​ដូច​ការតាក់តែង​ច្បាប់ គោលលនយោបាយ សេចក្តីណែនាំ ជាដើម​គឺ​ទើប​តែ​ធ្វើ​សេចក្តីព្រាង​នៅ​ឡើយ​មិនទាន់​បាន​សម្រេច​ផង បែរ​ជា​បែកធ្លាយ​ចេញ​មក​ខ្ចប់​ចំណីអាហារ​ផងដែរ​។ ដូចគ្នា​នេះ​ដែរ​គឺ​ទិន្នន័យ​ផ្ទាល់ខ្លួន​ និង​លុយ​នៅក្នុង​គណនី​ធនាគារ​ផ្ទាល់ខ្លួន​ក៏​អាច​ប៉ះពាល់​ទៅនឹង​សុវត្ថិភាព​ផ្ទាល់ខ្លួន​ផងដែរ ដោយសារ​ក្រដាស​ឯកសារ​ទាំងនោះ​ត្រូវ​បាន​គេ​យក​ទៅ​វេចខ្ចប់​ហើយ​បោះចោល​រាយប៉ាយ​។

មិន​ថា​ប្រទេស​ជឿនលឿន​ទេ ប្រទេស​ជិត​ខាង​យើង​ក៏​គេ​មិន​យក​ក្រដាស​ឯកសារ​ផ្លូវការ​សាធារណៈ និង​ក្រុមហ៊ុន​ឯកជន​នានា ឬ​ក៏​ឯកសារ​ផ្ទាល់​ខ្លួន យក​មក​វេចខ្ចប់​ដែរ​គឺ​គេ​ផលិត​ក្រដាស​ស្តើង​ថ្មី​សម្រាប់​ខ្ចប់​នំប៉័ង ឬ​ក៏​សាំងវិច ដើម្បី​កុំ​ឲ្យ​ឆ្លង​រោគ និង​ដើម្បី​កុំឲ្យ​ប៉ះពាល់​បរិស្ថាន​ខ្លាំងពេក​គឺ​គេ​ប្រើ​ស្លឹកឈើ​ជំនួស​វិញ​។

រីឯ​នៅ​ស្រុក​ខ្មែរ​ក៏​មាន ក្រុមហ៊ុន​ផ្គត់ផ្គង់​អាហារ​តូចៗ ឥឡូវ​ក៏​កំពុងតែ​អនុវត្ត​ការវេចខ្ចប់​ដោយ​មិន​ប្រើ​ថង់​ប្លាស្ទិក និង​ក្រដាស​ឯកសារ​នានា​នោះទេ​។ ដូចជា​សេវា​ផ្គត់ផ្គង់​ម្ហូបអាហារ​អ៊ីឡឺវែនវ៉ន់​ (Eleven one kitchen) ​នៅ​សង្កាត់ បឹង​កេងកង រាជធានី​ភ្នំពេញ​គឺ​ប្រើ​ស្លឹកចេក ស្លឹក​ឈូក និង​ដើម​កំប្លោក ដើម្បី​ខ្ចប់​បាយ​សម្ល​បាន​យ៉ាង​ស្អាត ហើយ​មិន​ប៉ះពាល់​បរិស្ថាន​ទៀត​។

ហេតុ​ដូចនេះ​ហើយ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​កិត្តិយស​ជាតិ កិត្តិនាម​ព្រះមហាក្សត្រ​ក្តី ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ក្តី និង​ទាំង​ស្ថាប័នរដ្ឋ ទាំង​ស្ថាប័នឯកជន ទាំង​គណបក្ស​នយោបាយ​នានា គួរតែ​គិតគូរ​ការអនុវត្ត​បែបបទ​រដ្ឋបាល​ប្រើ​ម៉ាស៊ីន​កម្ទេច​ឯកសារ​ឲ្យ​ម៉ដ្ឋខៃ​មើល​លែង​យល់​ជា​ជាង​ទុកចោល ហើយ​ត្រូវ​បាន​អ្នក​បោសសម្អាត​នៅ​ការិយាល័យ​ប្រមូល​យក​ទៅ​ថ្លឹង​គីឡូ​លក់បាន​។

រីឯ​ឯកសារ​ជា​លក្ខណៈ​បុគ្គល​វិញ​គឺ​ហែក​ចោល​ឲ្យ​ខ្ទេច​តែម្តង​ដុតចោល​ក្នុង​ជើងក្រាន​ឲ្យ​ឆេះ​តែម្តង​។ យ៉ាងណា​មិញ​អ្នកលក់​ចេកចៀន​ក្តី អ្នកលក់​ចាប់ហួយ​ក្តី អ្នកលក់​នំប៉័ង​សាច់​ក្តី គួរតែ​បញ្ឈប់​ការប្រើ​ក្រដាស​ឯកសារ​ដែល​បោះពុម្ព​រួច និង​ថង់​ប្លាស្ទិក ហើយ​ងាក​មក​ប្រើ​ស្លឹកឈើ​ដែល​មាន​តម្លៃ​ថោកៗ ដូចជា​ស្លឹក​ឈូក ស្លឹកចេក ស្លឹក​ចាក ស្លឹកត្នោត និង​ដើម​កំប្លោក ជា​របស់​ធម្មជាតិ​ដូច​ដែល​យើង​ធ្លាប់ប្រើ​វា​កាលពី​មុន ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ផង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com