ទីក្រុងវូហាននៃប្រទេសចិន គឺជាកន្លែងដែលផ្ទុះជំងឺកូវីដ ១៩ ដំបូងគេកាលពីចុងឆ្នាំ ២០១៩ ឥឡូវប្រទេសចិនបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់ថ្ងៃខ្លះ គ្មានអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីតែម្តង។ តែប្រទេសផ្សេងៗនៅលើពិភពលោកកំពុងតែរាលដាលយ៉ាងខ្លាំងរហូតដល់ប្រទេសមួយចំនួនដាក់ប្រទេសឲ្យនៅក្នុងគ្រាអាសន្ន បិទប្រទេសទាំងមូលតែម្តងដើម្បីគ្រប់គ្រងស្ថានការណ៍ ដោយសារតែអត្រាការឆ្លងកូវីដ ១៩ ក៏ខ្លាំង ហើយការស្លាប់កាន់តែលឿន និងច្រើនទៀត ជាពិសេសប្រទេស អ៊ីតាលី អេស្ប៉ាញ អ៊ីរ៉ង់ បារាំង និងអាមេរិក។
ដើម្បីជោគជ័យចិនបានធ្វើកិច្ចការជាច្រើនក្នុងការទប់ទល់ជាមួយជំងឺកូវីដ១៩នេះមានតាំងពីការបិទមិនឲ្យពលរដ្ឋចេញ-ចូលទីក្រុងវូហានបញ្ជូនគ្រូពេទ្យមកពីខេត្តផ្សេងៗមកជួយទប់ការធ្វើបណ្តើរស្រាវជ្រាវបណ្តើរ ការបាញ់ថ្នាំ ការត្រួតពិនិត្យរាល់អ្នកដំណើរបិទរាល់ការជួបជុំគ្នាទាំងអស់ និងការថែទាំអនាម័យស្អាតនៅទីក្រុង ជាពិសេសគឺគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ។ ជាលទ្ធផលមានកុមារឆ្លងមេរោគកូវីដ ១៩ តិចតួចបំផុតដោយក្នុងចំណោមកុមារ ១៧១ នាក់ ដែលឆ្លងមានតែកុមារាអាយុ ១៤ ឆ្នាំម្នាក់ទេបានស្លាប់ (NEJM, March 18, 2020)។
ចំណែកឯប្រទេសកម្ពុជាវិញទើបតែមានករណីឆ្លងជំងឺកូវីដ ១៩ សរុបមានតែ ១១០ ករណីទេភាគច្រើនគឺអ្នកផ្ទុកមេរោគឆ្លងពីប្រទេសក្រៅមកវិញទេ។ ទោះបីជាកម្ពុជានៅមានចំនួននៃអ្នកឆ្លងមានតិចនៅឡើយ និងមិនទាន់មានអ្នកស្លាប់ដោយសារកូវីដ១៩នេះក៏ដោយ ក៏កម្ពុជាមិនព្រងើយកន្តើយជាមួយនឹងស្ថានការណ៍នៃមេរោគថ្មីដែលកំពុងរាតត្បាតទូទាំងពិភពលោក និងទូទាំងប្រទេសដោយរាជរដ្ឋាភិបាលកំពុងតែដុតដៃដុតជើង ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។
មានតាំងពីការបិទវិសមកាលតាមសាលារៀនមុនកាលកំណត់ បិទការជួបជុំក្រុមធំៗ បិទក្លិបកម្សាន្តខារ៉ាអូខេការប្រគំតន្ត្រី កាស៊ីណូ សូម្បីតែការរៀបចំពិធីមង្គលការ ឬក៏បុណ្យទានមិនចាំបាច់ត្រូវលុបចោលផងដែរ។
ជាងនេះទៅទៀតរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបង្កើតគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលដឹកនាំដោយសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការកៀរគរស្វែងរកថវិកាពីសប្បុរជនដើម្បីប្រយុទ្ធប្រឆាំងកូវីដ១៩ផងដែរ។
ប៉ុន្តែអ្វីដែលគួរបារម្ភគឺសេណារីយោទី ៣ ដែលឆ្លងជំងឺកូវីដ ១៩ ក្នុងសហគមន៍ហើយសកម្មភាពដែលចម្បងនោះគឺសំរាម ការសម្អាតអនាម័យបរិស្ថាននៅផ្ទះ និងនៅក្នុងសហគមន៍កំពុងស្ថិតនៅជាបញ្ហាប្រឈមនៅឡើយទេ ជាពិសេសនោះគឺការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រទាំងសំណល់រឹង និងទាំងសំណល់រាវដែលជាភ្នាក់ងារចម្លងមិនផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។
កូវីដ ១៩ នេះ គឺថ្មីសូម្បីតែអង្គការសុខភាពពិភពលោកក៏ទទួលស្គាល់ថា មានរបៀបចម្លងមួយចំនួនមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ (Uncertainty) ហើយវ៉ាក់សាំងការពារមេរោគមិនទាន់មាន និងថ្នាំព្យាបាលក៏មិនទាន់មានដែរ គឺកំពុងតែស្ថិតនៅក្នុងការស្រាវជ្រាវ និងការធ្វើតេស្តនៅឡើយ។ សំណួរជាទូទៅដែលពាក់ព័ន្ធទៅនឹងរយៈពេលនៃមេរោគនៅក្នុងបរិយាកាសដែលចម្លងរោគបានក៏មិនបានកំណត់ច្បាស់ថា រយៈពេលណាមួយកំណត់នោះដែរគឺវាអាស្រ័យទៅនឹងបរិស្ថាន និងអាកាសធាតុ។
ប៉ុន្តែបើតាមគេបកស្រាយលទ្ធភាពនៃមេរោគគឺអាចរស់នៅក្នុងទឹកមាត់បាន ហើយវាអាចឆ្លងនៅពេលដែលទឹកមាត់និយាយខ្ទាតចេញមក ឬក៏ក្អកកណ្ដាស់ ផ្តាសាយហៀរសំបោរចេញមកក្រៅហើយវាអាចចម្លងរោគផ្ទាល់តាមរយៈមាត់ ច្រមុះ និងភ្នែកទៅក្នុងផ្លូវដង្ហើមបាន។
ទោះជាយ៉ាងណាកាលពីថ្ងៃចុងខែមុនមានការសិក្សាស្រាវជ្រាវរបស់ស្ថាប័ន New England Journal of Medicine បានរកឃើញ និងផ្សព្វផ្សាយពីរយៈពេលដែលវីរុសកូរ៉ូណាអាចរស់នៅបរិយាកាសអាស្រ័យទៅនឹងស៊ីតណ្ហភាព បើនៅក្នុងខ្យល់វាអាចរស់នៅរហូតដល់ ៣ ម៉ោងនៅលើទង់ដែង ឬក៏ស្ពាន់អាចដល់ទៅ ៤ ម៉ោងនៅលើក្រដាសកាតុងរឹងបាន ២៤ ម៉ោង និងនៅលើប្លាស្ទិក និងដែកអ៊ីណុកបានដល់ ២ ទៅ ៣ ថ្ងៃឯណោះ។
អ៊ីចឹងមេរោគកូរ៉ូណានេះវាចម្លងបានយ៉ាងងាយកាលណាវារស់នៅបានរយៈពេលកាន់តែយូរចំពោះការខ្វះខាតអនាម័យដៃនឹងសាប៊ូ និងទឹកអាល់កុល និងការសម្អាតបរិស្ថានដែលនៅជុំវិញខ្លួននោះហើយអ្វីដែលកាន់តែប្រឈមនោះគឺការគ្រប់គ្រងសំណល់វិជ្ជសាស្ត្រ។
បើនៅមន្ទីរពេទ្យ មន្ទីរពេទ្យបង្អែកខេត្ត និងស្រុក និងមណ្ឌលសុខភាពរបស់រដ្ឋគឺមានការរៀបចំ និងគ្រប់គ្រងបានល្អទៅតាមគោលការណ៍ណែនាំស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ។ ពោលគឺសំណល់វេជ្ជសាស្ត្រសំណល់រឹងដូចជាម្ជុល សៀរ៉ាំង ឡាម និងដង្គៀបជាដើមគឺគេប្រមូលពីមណ្ឌលសុខភាពមកមន្ទីរពេទ្យបង្អែកដើម្បីកម្ទេចដោយម៉ាស៊ីនមានកំដៅខ្ពស់ រីឯសំណល់វេជ្ជសាស្ត្រខ្លះដូចសម្បកថ្នាំពេទ្យ ក្រណាត់រុំរបួស និងថង់ប្លាស្ទិកគឺកម្ទេចចោលដោយឡដុតសំរាមវេជ្ជសាស្ត្រ។
បើសំណល់រាវគឺមានលូកប់ស្ដុក និងការដាក់ថ្នាំសម្លាប់មេរោគមុនបង្ហូរចេញ ដើម្បីកុំឲ្យបង្ហូរចេញឆ្លងរោគ។ ចុះចំណែកឯសេវាគ្លីនិកឯកជនវិញ តើយកសំណល់វេជ្ជសាស្ត្រទៅណា? នៅខេត្តខ្លះគេអាចឲ្យសេវាគ្លីនិកឯកជនបង់លុយទៅមន្ទីរពេទ្យជួយកម្ទេចទៅតាមទំហំសំរាម។
តែនៅខេត្តខ្លះ និងនៅទីក្រុងគ្លីនិក និងកន្លែងកាប៊ីណេកុងស៊ុលអ្នកជំងឺខ្លះហ៊ានចាក់ថ្នាំ ឬក៏ព្យួរសេរ៉ូមដល់អ្នកជំងឺ និងពិនិត្យកំហាក ហើយយកសំរាមទាំងនេះមកដាក់ដូចសំរាមតាមផ្ទះធម្មតាដែរ រីឯសំណល់រាវបង្ហូរចូលលូទៅចប់។ នេះហើយជាបញ្ហាមួយដែលចម្លងនៅក្នុងសហគមន៍ដោយសារតែការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រមិនបានល្អ។
អ្នកដែលប្រឈមមុខការឆ្លងមេរោគជាងគេដោយសារសំណល់វេជ្ជសាស្ត្រនេះ គឺអ្នករើសអេតចាយតាមផ្ទះ បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមមកដល់កន្លែងគំនរសំរាមក៏មានអ្នករើសអេតចាយមួយក្រុមទៀតដែលពួកគេទាំងអស់គ្នានោះ កម្រប្រើស្រោមដៃប្រមូលសំរាមណាស់។ បើទោះបីជាកុមារមានអត្រាចម្លងមេរោគកូវីដ១៩នេះតិចតួចក៏ដោយក៏កុមារងាយឆ្លងជាមួយនឹងសំរាមវេជ្ជសាស្ត្រនេះណាស់ពួកគេរពឹសចេះតែឆ្កឹះឆ្កៀលកាន់របស់លេង ឬក៏ខាំលេង។
ហេតុដូច្នេះហើយរាជរដ្ឋាភិបាល ជាពិសេសអភិបាលរាជធានី ខេត្ត និងអាជ្ញាធរដែនដី គួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ដោះស្រាយបញ្ហាគ្រប់គ្រងសំរាមសំណល់វេជ្ជសាស្ត្រនេះ ដែលងាយជាភ្នាក់ងារចម្លងមេរោគកូវីដ ១៩ លឿនហើយរហ័សទៀតនេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com