ដោយសារទម្លាប់ខ្វះទំនាក់ទំនងស៊ីជម្រៅរវាងគ្រូពេទ្យរដ្ឋ និងពលរដ្ឋ ឬអ្នកជំងឺបាននាំឲ្យអ្នកជំងឺជាច្រើនតែងតែទៅទិញថ្នាំនៅតាមឱសថស្ថានឯកជន ឬក៏ទៅរកសេវាសុខាភិបាលឯកជនជាមុនសិន ហើយប្រសិនបើព្យាបាលទៅមិនរួច ទើបរត់មករកសេវាពេទ្យរដ្ឋ។ ទម្លាប់បែបនេះនៅតែជាប់ដិតដាមលើអ្នកឈឺបន្តិចបន្តួចដែលមិនបានពិគ្រោះជាមួយគ្រូពេទ្យទេ តែសុខចិត្តទៅទិញថ្នាំខ្លួនឯង ឬក៏ឲ្យបងប្អូនទៅផ្សំថ្នាំនៅឱសថស្ថានខាងក្រៅសិន។ ករណីដូចជាបុរសខ្មែរជាពលករចំណាកស្រុកអាយុ ២១ ឆ្នាំម្នាក់ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ហើយបានស្លាប់នៅមណ្ឌលចត្តាឡីស័កទី ១ នៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ ថ្មីៗនេះជាដើម។
បើតាមក្រសួងសុខាភិបាល ការស្លាប់របស់បុរសរូបនេះ មិនមែនបណ្តាលមកពីជំងឺកូវីដ១៩នោះទេ ខណៈការធ្វើតេស្តលើកទី ១ របស់គាត់មិនឃើញមានឆ្លងជំងឺកូវីដ១៩ ថ្វីបើគាត់ស្ថិតក្នុងអំឡុងពេលធ្វើចត្តាឡីស័ក ១៤ ថ្ងៃក៏ដោយ។ ប៉ុន្តែគាត់ក៏អាចកំពុងប្រឈមនឹងការឆ្លងជំងឺកូវីដ១៩នៅដំណាក់កាលថ្ងៃទី ១៣ ផងដែរដែលត្រូវយកសំណាកទៅធ្វើតេស្តម្តងទៀតដើម្បីបញ្ជាក់ថាមាន ឬគ្មានមេរោគឆ្លងមួយនេះ។
ក្នុងដំណាក់កាលតាមដានជំងឺកូវីដ ១៩ នេះ គឺគាត់មានអាការកណ្ដាសផ្តាសាយ តែគាត់មិនបានប្រាប់គ្រូពេទ្យប្រចាំការនោះទេ តែបែរជាពឹងឲ្យបងប្រុសទៅផ្សំថ្នាំផ្តាសាយពីខាងក្រៅមកលេប ហើយ ១ ម៉ោងក្រោយមកគាត់ក៏ស្លាប់។ លុះពេលក្រុមគ្រូពេទ្យយកសំណាកគាត់មកតេស្តមិនឃើញមានមេរោគបង្កជាជំងឺកូវីដ ១៩ ទេ។
តាមវិធានរបស់សុខាភិបាលគឺគេបញ្ចុះសពទាំងយប់ បើទោះបីជាមានការរិះគន់ក៏ដោយ គឺមិនអនុញ្ញាតឲ្យធ្វើបុណ្យតាមប្រពៃណីទេព្រោះគាត់ត្រូវបានគេចាត់ចូលទៅក្នុងក្រុមដែលមានហានិភ័យ។ អ៊ីចឹងការអនុវត្តវិធានការរបស់អាជ្ញាធរបែបនេះគឺជាកាតព្វកិច្ចក្នុងការការពារជំងឺឆ្លងជាសកល ដើម្បីចៀសវាងការរីករាលដាលទៅក្នុងសហគមន៍។
បើតាមបទពិសោធ ការឆ្លងជំងឺកូវីដ ១៩ ទៅក្នុងសហគមន៍នៅប្រទេសឥណ្ឌូនេស៊ីគឺដោយសារតែជំនឿសាសនាដែលសាច់ញាតិបានទៅគាស់យកសាកសពដែលបានស្លាប់ដោយជំងឺនេះមកធ្វើបុណ្យតាមប្រពៃណី តែក្រោយមកមានអ្នកចូលរួមពិធីបុណ្យចំនួន ១៥ នាក់ បានឆ្លងជំងឺកូវីដ ១៩ ថ្មី។
នេះបើតាមសារព័ត៌មាន Asia one កាលពីខែឧសភាកន្លងទៅ។ ករណីធ្វេសប្រហែសធ្វើឲ្យឆ្លងជំងឺកូវីដ ១៩ ថ្មីនៅក្នុងសហគមន៍នេះ ក៏មាននៅរដ្ឋវិចតូរៀ ប្រទេសអូស្ត្រាលីផងដែរ ដោយគ្រាន់តែធ្វើតេស្ត ១ ថ្ងៃរកឃើញអ្នកមានផ្ទុកមេរោគដល់ទៅ ៤៨៤ នាក់ លើអ្នកដែលមានអាការផ្តាសាយបន្តិចបន្តួចហើយគិតថាមិនអី តែនៅពេលចេញដើរក្រៅផ្ទះក៏មានការឆ្លងកូវីដគួរឲ្យកត់សម្គាល់។ នេះបើតាមសារព័ត៌មាន The Age កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២០ កន្លងទៅនេះ។
ដោយសារការឆ្លងកូវីដថ្មីទៅក្នុងសហគមន៍មានលក្ខណៈខុសគ្នាបែបនេះ ទើបរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខាភិបាលតែងតែក្រើនរំឭកឲ្យពលរដ្ឋប្រុងប្រយ័ត្នជានិច្ច ដើម្បីទប់ស្កាត់ការឆ្លងទៅក្នុងសហគមន៍ បើទោះបីជាបានគ្រប់គ្រងល្អនៅខាងក្នុងប្រទេសក្ដី។
ថ្វីបើករណីជំងឺកូវីដ ១៩ សុទ្ធតែនាំចូលពីក្រៅប្រទេសក្ដី តែបញ្ហាចម្លងពីក្រៅនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតដោយផ្អែកតាមគោលការណ៍ប្រតិបត្តិ (SOP) សម្រាប់អនុវត្តការងារនៅក្នុងមណ្ឌលត្រួតពិនិត្យសុខភាពតាមព្រំដែនអាកាសដែលបានចេញកាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២០ ដោយគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
ក្នុងករណីរកឃើញលទ្ធផលវិជ្ជមានពេលធ្វើតេស្តលើកទី ១ នៃអ្នកដំណើរក្នុងយន្តហោះតែ ១ គឺអ្នកដំណើរទាំងអស់ក៏តម្រូវឲ្យធ្វើចត្តាឡីស័ក ១៤ ថ្ងៃដែររហូតដល់មានលទ្ធផលចុងក្រោយនៅថ្ងៃទី ១៣ ទើបគ្រូពេទ្យសម្រេចតាមភាពជាក់ស្តែង។ តែអ្វីដែលកំពុងបារម្ភនោះគឺរបៀបនៃការឆ្លងកូវីដ ១៩ មានហានិភ័យខ្ពស់ដូចករណី ១៥ នាក់ នៃអ្នកដំណើរតាមជើងយន្តហោះមកដល់កម្ពុជានៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០ ជាដើមគឺទាល់តែធ្វើតេស្តលើកទី ៣ ទើបបានរកឃើញវិជ្ជមានកាលពីថ្ងៃទី ២៤ ខែកក្កដា។
អ៊ីចឹងករណីនេះបានន័យថា ពួកគាត់អាចឆ្លងតាំងពីនៅក្នុងយន្តហោះជាមួយគ្នា ឬក៏តាមរយៈសេវាដឹកជញ្ជូនទៅមណ្ឌលចត្តាឡីស័ក ឬក៏អាចឆ្លងនៅមណ្ឌលចត្តាឡីស័កទាំងកម្រិត១ និងកម្រិត ២ ប្រសិនបើមណ្ឌលចត្តាឡីស័កដែលអាជ្ញាធរផ្តល់សេវាឲ្យទាំងនោះ មិនឆ្លើយតបតាមស្តង់ដាដែលជាគោលការណ៍ប្រតិបត្តិ (SOP) ដូចជាកន្លែងស្នាក់នៅខ្វះអនាម័យគ្រប់គ្រាន់ក្នុងនោះមានបន្ទប់ទឹក និងបង្គន់ ឬក៏ពុំមានមន្ត្រីសុខាភិបាលប្រចាំការពន្យល់អ្នកដំណើរឲ្យបានច្បាស់អំពីវិធានការដើម្បីឲ្យបានយល់ និងអនុវត្តតាមវិធានការការពារជំងឺកូវីដ ១៩ ឬក៏មានការឆកល្វែងរបស់មន្ត្រីប្រចាំការនៅពេលផ្លាស់ប្តូរវេនគ្នា និងការរាយការណ៍ព័ត៌មានឲ្យគ្នាណាមួយ។
អ៊ីចឹងហើយទើបថ្មីៗនេះមានកើតករណីស្ត្រីខ្មែរអាមេរិកាំងម្នាក់បានរត់ចេញពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញទៅស្នាក់នៅផ្ទះសំណាក់ ១ ក្នុងខេត្តកំពង់ចាម។ តែករណីស្ត្រីខ្មែរអាមេរិកាំងដែលលួចរត់ចេញនេះគឺផ្ទុយទៅនឹងអនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជំងឺឆ្លងជាសកលឆ្នាំ ២០១៥។ អ៊ីចឹងហើយទើបបានសមត្ថកិច្ចតម្រូវឲ្យគាត់បង់ពិន័យទៅតាមច្បាប់នេះចំនួន ១ លានរៀល និងឲ្យធ្វើកិច្ចសន្យាអនុវត្តចត្តាឡីស័ករបស់ក្រសួងសុខាភិបាលគឺស្នាក់នៅសណ្ឋាគារមេគង្គដែលជាកន្លែងមានស្តង់ដា។
ដោយសារមានករណីចម្លងមកពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីច្រើនលើសលប់ដែលលំបាកគ្រប់គ្រងក្នុងការធ្វើចត្តាឡីស័កនេះហើយ ទើបរាជរដ្ឋាភិបាលសម្រេចផ្អាកជើងយន្តហោះមកពីប្រទេសទាំង ២ នេះជាបណ្តោះអាសន្នកាលពីថ្ងៃទី ២៥ កក្កដា ឆ្នាំនេះ។
បើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលអ្នកឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជាបានកើនដល់ ២២៥ នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ១៤៣ នាក់។
បច្ចុប្បន្ននេះ មុខងារមន្ទីរសុខាភិបាលត្រូវបានផ្ទេរឲ្យស្ថិតនៅក្រោមរដ្ឋបាលរាជធានី-ខេត្តទទួលខុសត្រូវលើភារកិច្ចដែលបានផ្ទេរពីថ្នាក់ជាតិគឺក្រសួងសុខាភិបាលកាលពីដើមឆ្នាំនេះ។
ក៏ប៉ុន្តែករណីជំងឺឆ្លងកូវីដ ១៩ នេះ គឺក្រសួងសុខាភិបាលនៅតែជួយសម្របសម្រួលតាមគោលការណ៍ណែនាំ និងគោលការណ៍ប្រតិបត្តិដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដឹកនាំអនុវត្តដូចជាការបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩រាជធានី-ខេត្តដែលមានអភិបាលខេត្តជាប្រធាន។
ហេតុដូច្នេះរដ្ឋបាលរាជធានី-ខេត្តក៏ជាសមត្ថកិច្ចដឹកនាំផ្សព្វផ្សាយពីជំងឺរាតត្បាតកូវីដ១៩ នៅតាមសហគមន៍ឲ្យបានខ្លាំងក្លា និងត្រួតពិនិត្យវាយតម្លៃទៅលើស្តង់ដារបស់មណ្ឌលចត្តាឡីស័កទាំងទី ១ និងទី ២ ជាពិសេសលើការផ្តល់សេវារបស់គ្រូពេទ្យ និងទីតាំងសុវត្ថិភាពឲ្យបានសមស្របទៅនឹងអនាម័យខ្ពស់។
ពីព្រោះពលរដ្ឋមួយចំនួនបានយល់ដឹងច្រើនពីអនាម័យនៅផ្ទះរបស់គាត់ តែបើនៅមណ្ឌលចត្តាឡីស័កមិនឆ្លើយតបទៅនឹងអនាម័យក៏វាជាបញ្ហាដែរ។ ជាងនេះទៀតត្រូវលើកទឹកចិត្តឲ្យពលរដ្ឋទូរស័ព្ទមកលេខ ១១៥ ឬក៏ទាក់ទងទៅគ្រូពេទ្យប្រចាំការនៅមណ្ឌលចត្តាឡីស័កដើម្បីតាមដានសុខភាពរបស់ខ្លួនជាជាងទិញថ្នាំពីខាងក្រៅ មិនមានសុវត្ថិភាពដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះថាមិនស្លាប់ដោយសារជំងឺកូវីដ១៩ តែបែរមកស្លាប់ដោយសារការភ័យខ្លាច ឬក៏មិនចង់ជួបគ្រូពេទ្យរួចមកសម្រេចចិត្តប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យទៅវិញ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com