ចាប់តាំងពីជំងឺកូវីដ ១៩ (COVID-19) បានរីករាលដាលពាសពេញផ្ទៃពិភពលោក អង្គការសុខភាពពិភពលោកបានប្រកាសថា ជំងឺរាតត្បាតជាសកលមួយនេះ មានអ្នកបន្តឆ្លងកើនឡើងរហូតដល់ជាង ៥,៦ លាននាក់ អ្នកស្លាប់មានជាង ៣៥ ម៉ឺននាក់គិតត្រឹមថ្ងៃទី ២៧ ឧសភា ២០២០។ ចំណែកនៅកម្ពុជារលកឆ្លងទី ១ ដែលមាន ១២២ នាក់ ទើបបានបញ្ចប់ដោយសារបានព្យាបាលជាសះស្បើយទាំង ១២២ នាក់គិតត្រឹមថ្ងៃ ១៦ ឧសភា កន្លងទៅ។
តែមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីផ្ទុះជំងឺកូវីដ ១៩ ថ្មី ២ ករណីកាលពីចុងសប្តាហ៍មុនធ្វើឲ្យមានការរឹតបន្តឹងជាច្រើនដើម្បីទប់ទល់នឹងបញ្ហានេះ។
ចំពោះការរកស៊ីជួញដូរ និងការងារវិញគឺក្នុងរយៈពេលជិត ៦ ខែដំបូងនៃឆ្នាំនេះបានជួបការរាំងស្ទះតែគ្រប់វិស័យដោយមានក្រុមហ៊ុនខ្លះបិទទ្វារបណ្តោះអាសន្ន ក្រុមហ៊ុនខ្លះទៀតក៏ក្ស័យធន ជាពិសេសក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រកាត់ដេរបានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារការឆ្លងជំងឺកូវីដ ១៩ ទូទាំងសកលលោក។ ដើម្បីដោះស្រាយបញ្ហានេះប្រទេសនីមួយៗបានរិះរកវិធានការរៀងៗខ្លួន។
ដោយឡែករាជរដ្ឋាភិបាលកម្ពុជាបានបម្រុងទឹកប្រាក់រហូតដល់ ៨ រយលានដុល្លារ សម្រាប់រយៈពេល ៦ ខែដំបូងនៃផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូវីដ ១៩។ ឧទាហរណ៍សម្រាប់កម្មករដែលរោងចក្រពួកគេផ្អាកបណ្តោះអាសន្នគឺបើក្នុងប្រព័ន្ធ រដ្ឋបានជួយចេញ ៤០ ដុល្លារ និងថៅកែជួយចេញ ៣០ ដុល្លារ ក្នុង ១ ខែ។
រីឯអ្នកនៅក្រៅប្រព័ន្ធដូចជា ពលករចំណាកស្រុកមកពីថៃប្រមាណជា ៩ ម៉ឺននាក់ថ្មីៗគឺក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីមិនទាន់អនុញ្ញាតឲ្យត្រឡប់ទៅវិញទេហើយបានបន្តបិទទាំងច្រករបៀងផងដោយសារប្រទេសជិតខាងនៅមានការឆ្លងកូវីដ១៩ និងមានការរឹតបន្តឹងនៅឡើយ។ ទោះជាយ៉ាងណារដ្ឋមានថវិកា ៣០០ លានដុល្លារ សម្រាប់ដោះស្រាយបញ្ហានេះតាមរយៈកិច្ចគាំពារសង្គម តែកញ្ចប់ថវិកានេះរួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពនូវបណ្ណក្រីក្រ និងបញ្ហាស្បៀងអាហារដែលចាប់ផ្តើមពីចុងខែឧសភានេះ រហូតដល់ដំណាច់ឆ្នាំ។
រីឯវិស័យកសិកម្មក៏រដ្ឋាភិបាលបានយកចិត្តទុកដាក់ផងដែរក្នុងអំឡុងពេលនេះដោយទប់ស្កាត់ការនាំចូលកសិផលខុសច្បាប់ដើម្បីការពារតម្លៃកសិផលក្នុងស្រុក និងបើកឱកាសឲ្យផលិតករក្នុងស្រុក និងការផ្តល់ទឹកប្រាក់រហូតដល់ ៥០ លានដុល្លារ ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មដើម្បីផ្តល់កម្ចីមានការប្រាក់ទាបក្នុងគោលដៅបង្កើតការងារបន្ថែម។
ជាមួយនេះដែរកាលពីថ្ងៃទី ២៦ ខែឧសភា ថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់វិធានការបន្ថែមជុំទី ៤ សំដៅជួយដល់វិស័យឯកជន និងកម្មករនិយោជិតដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដើម្បីស្តារ និងជំរុញសេដ្ឋកិច្ចឡើងវិញ។ ក៏ប៉ុន្តែវិធានការនេះហាក់ជួយបានតែក្នុងប្រព័ន្ធដែលមានស្រាប់ តែផ្នែកគាំពារសង្គមខាងក្រៅប្រព័ន្ធដូចជានៅមានការយឺតយ៉ាវដោយមិនទាន់ឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋដែលរងផលប៉ះពាល់សេដ្ឋកិច្ចឡើយ។
បើផ្អែកលើកម្រិតនៃការឆ្លងជំងឺកូវីដ ១៩ គឺកម្ពុជាទប់ស្កាត់បានល្អដោយជើងទី ១ មានការចម្លងយឺតហើយភាគច្រើនគឺនាំចូលពីខាងក្រៅ។ តែការរាំងខ្ទប់ចំពោះការធ្វើចំណាកស្រុកនៅតែជាបញ្ហាខាងក្នុងនៅឡើយខណៈនៅសប្តាហ៍មុនសមត្ថកិច្ចថៃបានចាប់បញ្ជូនពលករខ្មែរឲ្យត្រឡប់វិញជាង ១០០ នាក់ បន្ទាប់ពីពួកគាត់លួចឆ្លងដែនតាមច្រករបៀងទៅរកការងារធ្វើដោយសារខ្វះខាតជីវភាពខ្លាំងពេកក៏ដាច់ចិត្តលួចធ្វើចំណាកស្រុក។
ការទប់ស្កាត់មិនឲ្យពលរដ្ឋឆ្លងកាត់ព្រំដែននេះគឺជាដំណោះស្រាយមួយល្អហើយសម្រាប់បញ្ហាសុខភាព តែបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃមិនទាន់បានដោះស្រាយនៅឡើយទេ។ ដូច្នេះរដ្ឋគួរពន្លឿនការទម្លាក់ថវិកាបម្រុង ៣០០ លានដុល្លារ ដើម្បីគាំពារសង្គម និងវិស័យកសិកម្មបន្ថែម ៥០ លានដុល្លារទៅតាមផែនការ ដើម្បីដោះស្រាយបញ្ហាមួយគ្រាសិន ជាពិសេសគឺការផ្តល់ស្បៀងចាំបាច់ដើម្បីរស់រួមមានបន្លែគ្រាប់ពូជត្រីមាន់ទាជ្រូកជាដើមព្រោះពេលនេះអាកាសធាតុដូចជាក្តៅផងអ៊ីចឹងពលរដ្ឋតាមជនបទជួបការលំបាកសព្វគ្រប់ ហើយជាពិសេសទៀតនោះគឺរឿងប្រឡាយទឹកដែលត្រូវតភ្ជាប់ទន្លេ ឬក៏ស្ទឹងដែលជាតម្រូវការបំផុតរបស់ប្រជាកសិករ ហើយនេះជាបញ្ហាដែលត្រូវប្រើប្រាស់ថវិកាឲ្យចំគោលដៅ។
រីឯករណីយកិច្ចរបស់ក្រុមហ៊ុនគឺការពង្រើកផលិតភាព និងបង្កើនការងារដល់និយោជិតអាចដំណើរការទៅបានក៏អាស្រ័យលើការគាំទ្រពីរដ្ឋដូចជា ការបន្ថយការយកពន្ធ និងកាតព្វកិច្ចផ្សេងៗដែលរដ្ឋកំពុងតែជួយក្នុងជុំទី ៤ នេះ។ ក៏ប៉ុន្តែរដ្ឋត្រូវជួយបង្ហាត់បង្រៀនបន្ថែមលើការកែច្នៃ និងវេចខ្ចប់ដើម្បីឲ្យមានគុណភាពខ្ពស់ក៏ដូចជាការជួយរកទីផ្សារសម្រាប់ផលិតផលកសិកម្ម និងផលិតផលកសិឧស្សាហកម្ម ព្រោះមន្ត្រីបច្ចេកទេសសុទ្ធតែបានទទួលការបណ្តុះបណ្តាលជំនាញជាក់លាក់រួចហើយមុនពេលក្លាយខ្លួនជាមន្ត្រីពេញសិទ្ធិនោះ។
ចំណុចដ៏ល្អមួយ គឺគ្រាន់តែការនាំចេញកៅស៊ូមានការកើនឡើង ១៣ ភាគរយក្នុងរយៈពេល ៤ ខែដំបូងធៀបនឹងឆ្នាំមុន។ អ៊ីចឹងកាលណាការនាំចេញច្រើនតម្រូវការកម្លាំងពលកម្មបន្ថែមច្រើនដែរដែលនេះជាការចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់ជីវភាពគ្រួសារស្របពេលដែលអង្ករចាប់ផ្ដើមនាំចេញបណ្តើរៗឡើងវិញ។
ម្យ៉ាងទៀតផលិតផលខ្លះ រដ្ឋត្រូវតែជួយឲ្យអស់ពីសមត្ថភាពក្នុងការរកដំណោះស្រាយដូចជាផ្លែស្វាយនៅសល់គរ និងមានតម្លៃទាបពេក ខណៈតម្លៃដំឡូងមីក៏យ៉ាប់ខ្លាំងណាស់ដែរ។
ករណីនេះមិនមែនគ្រាន់តែថ្នាក់ដឹកនាំពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើរទស្សនកិច្ចបន្តិចបន្តួចតាមចម្ការ ឬរងបន្លែរបស់ពលរដ្ឋហើយថតរាយការណ៍តាមប្រព័ន្ធព័ត៌មានថា បានធ្វើនោះទេ។ បើមើលគំរូប្រទេសជិតខាងគឺរដ្ឋគេយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើវិស័យកសិកម្ម និងការកែច្នៃផលិតផលគឺគេចាប់ផ្ដើមតាំងពីការរៀបចំប្រព័ន្ធធារាសាស្ត្រគឺទឹកទៅដល់កន្លែងដំណាំកសិកម្ម សូម្បីតែកូនភ្នំជ្រលងភ្នំ ក៏គេដាំបន្លែបានដែរដូចនៅខេត្តដាឡាត់ប្រទេសវៀតណាម ហើយរដ្ឋគេហ៊ានទិញផលិតផលកសិកម្មដូចជា នៅប្រទេសថៃគេហ៊ានទិញស្រូវពីពលរដ្ឋដើម្បីទប់ទល់នឹងការបន្ទាបតម្លៃនៅទីផ្សារ។
ចំណែកអ្នកមានទ្រព្យសម្បតិ្តសេដ្ឋីៗឧកញ៉ាអ្នកធំៗតារាៗដែលសល់លុយច្រើនក៏គួរមានកាតព្វកិច្ចមានចិត្តមានថ្លើមក្នុងដំណាក់កាលជំងឺកូវីដ ១៩ ផង ដោយត្រូវចូលរួមជួយគាំទ្ររដ្ឋ និងរកដំណោះស្រាយទៅតាមផ្នែកនីមួយៗឲ្យអស់ពីលទ្ធភាពដូចជា ការស្រូបយកកម្លាំងពលកម្មក្នុងក្រុមហ៊ុនកសិកម្មឲ្យបានច្រើនជាងមុន ដូចជាការផ្តល់ជាអាហារ ឬក៏ស្បៀងដល់អ្នកក្រីក្រ ឬមួយក៏ផ្តល់ការងារដល់ពលករមកពីថៃឲ្យទទួលបានកម្រៃអាចរស់បានមួយគ្រាសិនក្នុងកាលៈទេសៈលំបាកនេះដូចជា ការងារចាក់ដីលើកផ្លូវ ការជួលសម្អាតទីធ្លាចម្ការធំៗជាដើមជាជាងចាំតែកេងប្រវ័ញ្ចពីអ្នកក្រដោយដើរមើលតែប្លង់ដីស្រែចម្ការហើយបបួលអ្នកស្រែឲ្យលក់ដី ឬក៏ដីចម្ការថោកៗរួចទិញទុកលក់ឡើងថ្លៃក្រោយពេលចប់បញ្ហាកូវីដ១៩នោះ។
រីឯតារាៗខ្លះគួរផ្អាកការបង្ហោះរូបភាពបង្អួតទ្រព្យលើបណ្ដាញសង្គមសិន ព្រោះឥរិយាបថបែបនេះដូចជា មិនសមស្របនឹងស្ថានភាពដែលរដ្ឋាភិបាល និងពលរដ្ឋភាគច្រើនក្នុងពិភពលោកកំពុងជួបវិបត្តិនោះឡើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com