បើ​ទោះបី​ជា​មិន​មាន​សេចក្តី​រាយការណ៍​ពី​ការប្រឡង​បាក់ឌុប​នៅ​តាម​ប្រទេស​នានា មាន​សិស្ស​សន្លប់ ឬក៏​មាន​បញ្ហា​បាត់បង់​ស្មារតី​នៅពេល​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នេះ​ក៏ដោយ ក៏​ការប្រឡង​ថ្នាក់​បាក់ឌុប​នៅ​ស្រុក​ខ្មែរ​គឺ​មាន​បញ្ហា​ខុស​ពី​ប្រក្រតី​រាល់​ឆ្នាំ ដូចជា បេក្ខជន​ប្រឡង​មាន​អាការ​ធេងធោង ឈឺក្បាល វិលមុខ ក្អួតចង្អោរ បាត់បង់​ស្មារតី និង​បាត់បង់​ភាព​ម្ចាស់ការ សន្លប់​នៅ​ថ្ងៃ​ប្រឡង​តែ​ម្តង​។

ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​អប់រំ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​ ២១ ខែ​សីហា ឆ្នាំ​ ២០១៨ ស្តីពី​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) ឆ្នាំ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​បេក្ខជន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មាន​ចំនួន ៦៤ ករណី តែ​បន្ទាប់ពី​មាន​ការ​សង្គ្រោះ​បឋម​អាច​បន្ដ​ការប្រឡង​ទៀត​បាន លើកលែង​តែ ៥ ករណី​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិន​អាច​ត្រឡប់​មក​ប្រឡង​វិញ​បាន​»​។

ប៉ុន្តែ​ឆ្នាំ​នេះ​មាន​ករណី​ចម្លែក​មួយ​ទៀត​គឺ​សិស្ស​ឈ្មោះ សុំ រស្មី នៅ​ខេត្ត​កំពង់ធំ ត្រូវ​បាន​លោក​នាយក​សាលា​លុប​ឈ្មោះ​ច្រឡំ ខាន​បាន​ប្រឡង​ជាមួយ​នឹង​គេ​។ តែ​ក្រសួង​អប់រំ​បាន​សម្រេច​ផ្តល់​ពិន្ទុ ២៦ សម្រាប់​ប្រឡង​ឆ្នាំ​ក្រោយ ហើយ​ក្រសួង​បាន​បកស្រាយ​ថា​មិន​មាន​គោលការណ៍​ឲ្យ​បេក្ខជន​ជាប់​ជា​ស្វ័យប្រវត្តិ​នោះ​ទេ​។

សម្រាប់​ការបកស្រាយ​របស់​លោក​បណ្ឌិត​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​នេះ​ក៏​ដូចជា​មាន​លក្ខណៈ​សមហេតុ​សមផល​ម្យ៉ាង​ដែរ​។

ប៉ុន្តែ​ទោះ​យ៉ាង​ណា​ការខាតបង់​ការសិក្សា​ពេញ​ ១ ​ឆ្នាំ​របស់​យុវសិស្ស សុំ រស្មី ដែល​ពុំ​បាន​ប្រព្រឹត្ត​អ្វី​ខុស​ក្រសួង​គួរតែ​ផ្តល់​ដំណោះស្រាយ​សមរម្យ​មួយ​។

ឧទាហរណ៍​៖ ការចាប់ផ្តើម​កំណែទម្រង់​ដំបូង​របស់​លោក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​ ២០១៤ គឺ​ការ​រឹតបន្តឹង​ការប្រឡង​បាក់ឌុប​ឆ្នាំ​នោះ​មាន​អ្នក​ជាប់​បាន​តែ​ជាង ២,៣ ម៉ឺន នាក់​ស្មើ​នឹង ២៦ ភាគរយ​នៃ​បេក្ខជន​សរុប​ជាង​ ៨ ម៉ឺន​នាក់​ដែល​ចំនួន​ធ្លាក់​ដ៏គំហុក​នេះ​ក៏​មាន​អន្តរាគមន៍​ពី​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​ឱកាស​ឲ្យ​សិស្សានុសិស្ស ដែល​បាន​ប្រឡង​ធ្លាក់​នោះ​បាន​ប្រឡង​ជា​លើក​ទី ២ គឺ​បេក្ខជន​បាន​ជាប់​ជាង ១ ​ម៉ឺន​នាក់​បន្ថែម​ទៀត​ផងដែរ​។ តែ​ការប្រឡង​ជា​លើក​ទី​ ២ ​នេះ​ក៏​ក្រសួង​អប់រំ​គ្មាន​គោលការណ៍​ណែនាំ​ជាក់លាក់​ផង​ដែរ តែ​ក្រសួង​អាច​ធ្វើ​បាន​ដោយ​មាន​ចំណារ​ពី​រដ្ឋាភិបាល​។

រីឯ​ករណី​និស្សិត​សាលា​ពេទ្យ ប្រឡង​ធ្លាក់​សុំ​លោក​នាយករដ្ឋមន្ត្រី​ជាប់​កាលពី​ឆ្នាំ​ ២០១៦ ខណៈ​ដែល​ក្រសួង​អប់រំ​គ្មាន​គោលការណ៍​ជាក់លាក់​សម្រាប់​និស្សិត​ដែល​ប្រឡង​ធ្លាក់​ហើយ ឲ្យ​ជាប់​វិញ​នោះ​ផង​ដែរ​។

កន្លង​មក​លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​បកស្រាយ និង​រក​ដំណោះស្រាយ​ជូន​អត្តពលិក​ដែល​ជា​បេក្ខជន​ប្រឡង​បាក់ឌុប​ធ្លាក់​នេះ​ផង​ដែរ គឺ​ផ្តល់​ឱកាស​ស្វែងរក​ការសិក្សា​តាម​វិទ្យាស្ថាន និង​មហាវិទ្យាល័យ​ផ្នែក​បរិញ្ញាបត្ររង​។

តែ​ចំពោះ​ករណី​សុខភាព​បេក្ខជន និង​កំហុស​បច្ចេកទេស​របស់​មន្ត្រី​ដូច​បាន​រៀបរាប់​ខាង​លើ​មក​នេះ​គឺ​ហាក់បី​ដូចជា​ការ​ធ្វើ​ទារុណកម្ម​មួយ​ចំពោះ​បេក្ខជន​។ បើ​បើក​មើល​ទៅ​លើ​រូបភាព​ដែល​បាន​ចែករំលែក​នៅ​តាម​សារព័ត៌មាន ក៏ដូចជា​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​មាន​តាំងពី​អ្នកគ្រូ​គ្រាហ៍​សិស្ស​ដែល​បាត់បង់​ស្មារតី សិស្ស​អង្គុយ​ប្រឡង​ដៃ​ព្យួរសេរ៉ូម​ខ្លះ អង្គុយ​ក្រោម​ដើមឈើ​ប្រឡង​ជាមួយ​នឹង​សេរ៉ូម ខ្លះ​ប្រឡង​ក្នុង​ឡានពេទ្យ​សង្គ្រោះបន្ទាន់​ និង​ខ្លះ​ទៀត​បោះបង់​ចោល​ការប្រឡង​នេះ​តែ​ម្តង ដោយសារ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ពេក​។

ហេតុ​ដូច្នេះ​ហើយ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ករណី​ជាក់ស្តែង ដែល​មិនមែន​ធ្វើ​ពុត​ឈឺ​របស់​បេក្ខជន​ប្រឡង​ភ្ជាប់​ពី​វេជ្ជបញ្ជា​ពី​លោកគ្រូ​ពេទ្យ​ប្រចាំការ​នៅក្នុង​មណ្ឌល​ស្រាប់ ឬ​ក៏​ករណី​កំហុស​បច្ចេកទេស​របស់​មន្ត្រី​អប់រំ​ជាដើម​គឺ​ក្រសួង​អប់រំ​គួរ​សិក្សា​លើ​ករណី​មួយៗ​ឡើង​វិញ ដែល​មាន​លក្ខណៈ​សមហេតុ​សមផល ហើយ​ស្វែងរក​ដំណោះស្រាយ​ដល់​បេក្ខជន និង​មាតាបិតា​របស់​បេក្ខជន​ឲ្យ​បាន​អស់​ចិត្ត​។

រាល់​ដំណោះស្រាយ​នីមួយៗ មិនមែន​មាន​ន័យ​ថា មិន​ប្រឡង​ឲ្យ​បេក្ខជន​នោះ​ជាប់​ដោយ​ស្វ័យប្រវត្តិ​នោះ​ទេ បើ​ដូច​ករណី​ខាងលើ​នេះ​ក្រសួង​អាច​ចេញ​ជា​គោលការណ៍​ណែនាំ​ថ្មី​ ១ ជា​ករណី​លើកលែង​ក្នុង​ការផ្តល់​លទ្ធភាព​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប​ដែល​មាន​បញ្ហា​សុខភាព​គ្រោះថា្នក់​ដោយ​ចៃដន្យ​ណា​មួយ​ ឬ​ក៏​បាត់​ឈ្មោះ​ដោយ​ចៃដន្យ​បែប​នេះ​គឺ​បញ្ឈប់​ពួកគេ​មិន​ឲ្យ​ប្រឡង​លើក​ទី​​ ១ ទាំងស្រុង​។ តែ​អនុញ្ញាត​ឲ្យ​ពួកគេ​មក​ប្រឡង​ជា​លើក​ទី​ ២ ​នៅ​សប្តាហ៍​បន្ទាប់​វិញ ដើម្បី​ឲ្យ​ពួកគេ​មាន​ឱកាស​ប្រឡង​វិញ្ញាសា​ថ្មី​ទៅ​តាម​ខេត្ត-រាជធានី​រៀងៗ​ខ្លួន​។

តែ​ការធ្វើ​បែប​នេះ​មិនមែន​មាន​ន័យ​ថា​ក្រសួង​អប់រំ​បង្កើត​ធ្វើឲ្យ​ការប្រឡង​មាន​ស្តង់ដារ ២ នោះ​ទេ (Double standards) នេះ​គឺជា​ការស្វែងរក​ដំណោះស្រាយ ទៅ​តាម​ករណី​ជាក់ស្តែង​បណ្តោះអាសន្ន​សាកល្បង​សិន ប្រសិន​បើ​បញ្ហា​បាតុភាព​នេះ​មាន​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ឬ​ក៏​លែង​កើត​មាន​ឡើង​គឺ​អាច​ដក​គោលការណ៍​បណ្តោះអាសន្ន​នេះ​ចេញ​វិញ​។

កន្លង​មក​ក្រសួង​អប់រំ​ត្រូវ​បាន​សាធារណជន​ទូទៅ​កោតសរសើរ​អំពី​កំណែទម្រង់​ថ្មី ជាពិសេស​គឺ​លទ្ធផល​ការប្រឡង​បាក់ឌុប​នេះ​តែ​ម្តង​ទៅ​តាម​គោលនយោបាយ​របស់​លោករដ្ឋមន្ត្រី​គឺ​ «​អ្នកចេះ​គឺ​ជាប់​» និង​រាល់​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ច្រើន ហើយ​ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ​ក្រសួង​បាន​ធ្វើ​វិសហមជ្ឈការ​ទៅ​មន្ទីរ​ខេត្ត​អនុវត្ត​រៀងៗ​ខ្លួន​បាន​ជោគជ័យ​រួច​មក​ហើយ​។ ថ្មីៗ​នេះ​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែល​បាន​ចុះ​សង្កេត​ជាក់ស្តែង​ពេល​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​ការអនុវត្ត​ច្បាប់ មាន​យុត្តិធម៌ និង​មាន​តម្លាភាព​ទទួល​យក​បាន​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com