ខណៈ​ពិភពលោក​កំពុង​មមាញឹក​ប្រយុទ្ធប្រឆាំង​ជាមួយ​នឹង​ជំងឺឆ្លង​តាម​ផ្លូវ​ដង្ហើម​បង្កដោយ​មេរោគ​កូរ៉ូណា​ថ្មី​ (2019-nCoV) ​ដែល​ផ្ទុះឡើង​ (outbreak) ​ដំបូង​នៅ​ទីក្រុង​វូហាន​នៃ​ប្រទេស​ចិន ក៏​មាន​អ្នក​ឆ្លៀត​កេង​យក​ប្រយោជន៍​ពី​វិបត្តិ​នេះ​ផងដែរ ខណៈ​មកទល់​ពេល​នេះ​នៅ​ចិន​មាន​​អ្នកជំងឺ​ឆ្លង​ដល់​ទៅ ៤០ ១៧១ ​ករណី​។ ​រីឯ​អ្នកស្លាប់​បាន​កើនឡើង​ដល់ ៩០៨ ​នាក់ និង​អ្នក​ព្យាបាល​ឲ្យ​ជាសះស្បើយ​មាន​ ៣ ២៨១ ​នាក់​ស្រប​ពេល​ដែល​ប្រទេស​ជាង​ ៣០ ​នៅ​លើ​ពិភពលោក​កំពុង​ឆ្លង​មេរោគ​នេះ​។

ដោយឡែក​នៅ​ប្រទេស​កម្ពុជា​​គឺ​ទើប​តែមាន​បុរស​ជាតិ​ចិន​វ័យ​ ៦០ ​ឆ្នាំ​ម្នាក់​ប៉ុណ្ណោះ​ដែល​ក្រុម​គ្រូពេទ្យ​កម្ពុជា​រកឃើញ​ឆ្លង​មេរោគ​ផ្លូវដង្ហើម​នេះ ខណៈ​ក្រុម​គាត់​ធ្វើ​ដំណើរ​ពី​ទីក្រុង​វូហាន​ប្រទេស​ចិន​ជា​ប្រភព​នៃ​ជំងឺ​នេះ​មក​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​តាំងពី​ថ្ងៃទី​ ២៧ ខែ​មករា​មក​នោះ តែ​មកទល់​ពេល​នេះ​​គ្រូពេទ្យ​កម្ពុជា​បាន​ព្យាបាល​ជា​​សះស្បើយ និង​ទើប​បាន​អនុញ្ញាត​​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​វិញ កាលពី​ថ្ងៃ​ម្សិលមិញ​។

ទោះ​ជា​យ៉ាងណា អ្វី​ដែល​កំពុង​ក្លាយជា​បញ្ហា​លេចធ្លោ​នោះ​គឺ​ឈ្មួញ​ក៏ដូចជា អ្នករកស៊ី ក្រុមហ៊ុន​ខ្លះ បែរ​ជា​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​ពី​ជន​ងាយ​រង​ ឬ​ក៏​ជនងាយ​រងគ្រោះ​ដោយ​បំផុស​ដើម្បី​លក់​ដំឡើង​ថ្លៃ​ទ្វេ​ជា​ ២ ​ឬ​ ៣ ​ដង​នៃ​តម្លៃ​ធម្មតា​នូវ​ផលិតផល​សម្ភារ​ ឬ​ក៏​ប្រដាប់​ការពារ​ជំងឺឆ្លង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​ទៅវិញ ដូចជា​ដំបូង​ឡើយ​មើម​ខ្ទឹមស ក្រោយមក​ទៀត​ម៉ាស់​ការពារ​ច្រមុះ និង​មាត់ ទឹក​ថ្នាំ​សម្រាប់​លាង អាល់កុល និង​ស្រោមដៃ​ជាដើម​។​ល​។

ជុំវិញ​ករណី​នេះ ខ្ញុំ​បាន​សាកសួរ​តាំងពី​កន្លែង​ឱសថស្ថាន​ស្តង់ដា​ជាមួយ​នឹង​យីហោ​ធំៗ​រហូត​ដល់​អ្នកលក់​រាយ​តាម​ផ្ទះ​ដើម្បី​រក​មូលហេតុ​ថា​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ទំនិញ​ទាំងនេះ មាន​ការឡើង​ថ្លៃ​ខ្លាំង​ម្ល៉េះ​? ​សម្រាប់​មើម​ខ្ទឹមស​នោះ ផ្អើល​ឡើង​ថ្លៃ​តែ​ថ្ងៃ​ដំបូងៗ​ទេ តែ​ក្រោយមក​ក៏​ស្ងាត់​ទៅវិញ​។ ​តែ​សម្រាប់​ម៉ាស់​ដែលជា​តម្រូវការ​ភ្លាមៗ​នោះបាន​លក់​អស់ពី​ស្តុក​សឹងតែ​គ្រប់​ហាង ហើយ​ខ្លះ​ថា ការដំឡើង​ថ្លៃ​នោះ​គឺ​មកពី​ក្រុមហ៊ុន​ដើម​ចេញ​បញ្ជី​តម្លៃ​ថ្មី អ៊ីចឹង​អ្នក​លក់​ក៏​ដាក់​តម្លៃ​ថ្មី​ដែរ គឺ​ពី​មុន​ ១ ​ប្រអប់​ ៥០ ​ម៉ាស់ តម្លៃ​តែ​ ៣ ​ដុល្លារ តែ​តម្លៃ​ថ្មី​ឡើង​ដល់​ ៦ ​ដុល្លារ​អាមេរិក​។

ដូចគ្នា​នេះដែរ​ទឹក​ថ្នាំ​លាងដៃ​ការពារ​មេរោគ​ ១ ​ដប​តូច​ក៏​ឡើង​ថ្លៃ​ពី​ ២,៥ ​ដុល្លារ​ ដល់​ជិត​ ៥ ​ដុល្លារ ខណៈ​អាល់កុល​កន្លះ​លីត្រ​ដែល​ពីមុន​ថ្លៃ​តែ​ ២ ០០០ ​រៀល​ក៏​ឡើង​ដល់​ ៤​ ០០០ ​រៀល​ដែរ​។ ចំណែក​ហេតុផល​របស់​អ្នកលក់​រាយ​វិញ ពួកគេ​ថា​បើ​គង់តែ​តម្លៃ​ហ្នឹង​ឡើង​ថ្លៃ​ខ្ពស់​ដដែល គឺ​ពួកគេ​ក៏​ដំឡើង​មុន​ឲ្យ​ហើយ​ទៅ​ព្រោះ​គង់តែ​ទិញ​ចូល​ឡើង​ថ្លៃ​ដដែល​។ ប៉ុន្តែ​ក៏​នៅមាន​អ្នក​លក់រាយ​មួយ​ចំនួន​តូច​អះអាង​ថា​លក់​ក្នុង​ធម្មតា​ដែរ ដោយ​ពួកគាត់​បាន​ប្រកាន់​នូវ​ក្រម​សីលធម៌​ជា​អ្នកលក់​ដែល​មិន​ចង់​ចំណេញ​ហួសហេតុ​ពី​តម្រូវការ​សម្រាប់​សុខភាព​នោះ​។

ជា​ការកត់សម្គាល់ ឥរិយាបថ​របស់​ឈ្មួញ​ដែល​រកស៊ី​ចាំតែ​កេង​ចំណេញ​ពី​ព្រឹតិ្តការណ៍​ករណី​សង្គ្រោះបន្ទាន់​ ឬ​ក៏​ការទប់ស្កាត់​ជំងឺ​បន្ទាន់ៗ​ណាមួយ​គឺ​សឹងតែ​ក្លាយ​ជា​ទម្លាប់​អាក្រក់​ទៅហើយ​ ខណៈ​គេ​កំពុង​មាន​តម្រូវការ​ចាំបាច់​នោះ​។ ​ករណី​ឆ្លៀតឱកាស​បែប​នេះ ពេលខ្លះ​អាជ្ញាធរ​ឃាត់​មិន​ស្តាប់ ក៏​រាជរដ្ឋាភិបាល​ជួយ​ដោះស្រាយ​បាន​ខ្លះទៅ ដូចជា​ករណី​ថ្លៃ​រថយន្តឈ្នួល​ខ្ពស់​​នៅ​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ និង​ភ្ជុំបិណ្ឌ​ជាដើម គឺ​សាលា​រាជធានី​បាន​បញ្ចេញ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​មិន​យក​តម្លៃ​ដើម្បី​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ខ្ពស់​ហួសហេតុ​លើ​តាក់ស៊ី​ ឬ​រថយន្តឈ្នួល​របស់​ក្រុមហ៊ុន​ឯកជន​។

មាន​ករណី​ខ្លះទៀត​គេ​នាំគ្នា​បង្អើល​ជា​ពាក្យ​ចចាមអារ៉ាម​ទៅ ដើម្បី​លក់​ទំនិញ​របស់ខ្លួន​ឲ្យ​ដាច់​ដូច​កាលពី​ជំងឺ​សារស៍​ (SARS) ​នៅ​​ឆ្នាំ​ ២០០៣ នាំគ្នា​ផ្អើល​ថា បបរ​សណ្តែកបាយ​អាច​ការពារ​ជំងឺ​សារស៍​ក៏​នាំ​គ្នា​ផ្អើល​ហូប​ទាំងយប់​សម្រេច​សម្រួច​ទៅ​អត់​មាន​បាន​ជួយ​អ្វី​ទាំងអស់ ឯ​តម្លៃ​សណ្តែកបាយ​កាលនោះ​ឡើង​ថ្លៃ​ ៣ ​ដង ហើយ​ពេលយប់​រក​អត់​មាន​ទៀត​។ ​បន្ទាប់មកទៀត​ផ្អើល​ករណី​ជាន់គ្នា​ស្លាប់​ជាង​ ៣០០ ​នាក់​នៅលើ​ស្ពាន​កោះពេជ្រ​ក៏​ផ្អើល​ថា នៅ​មាន​គេ​មក​យក​ជីវិត​បន្តទៀត​ទាល់តែ​សែន​ចេកណាំវ៉ា​នៅមុខ​ផ្ទះ​ទើប​បញ្ចៀស​​បាន ធ្វើឲ្យ​តម្លៃ​ចេក​កាលនោះ​ថ្លៃ​ក្នុង​ ១ ​ស្និត​ឡើង​ដល់​ជាង​ ១ ​ម៉ឺន​រៀល ខណៈ​មុនពេល​បំផុស​តម្លៃ​​ត្រឹមតែ ២ ០០០ ​រៀល​ប៉ុណ្ណោះ​។

ស្រដៀង​គ្នា​នេះ ការ​ឆ្លៀត​ឱកាស​ដំឡើងថ្លៃ​តាមចិត្ត​នេះ​ក៏មាន​ផងដែរ ដូច​នៅ​កន្លែង​ផ្ញើ​​ម៉ូតូ ឡាន​ឯកជន តាម​មន្ទីរពេទ្យ​​មួយចំនួន​លើ​អ្នក​ទៅ​កំដរ​អ្នក​ជំងឺ​ដែល​ចេញចូល​យ៉ាងហោចណាស់ ៥ ​ទៅ​ ១០ ​ដង​ ១ ​ថ្ងៃ ខណៈ​គ្រួសារ​កំពុង​ក្រ​ហើយ​មានទុក្ខ​នោះ​។ ជាក់ស្ដែង​គ្រាន់តែ​ព្រឹត្តិការណ៍​បាល់ទាត់​ថ្នាក់​អន្តរជាតិ​គឺ​កន្លែង​ផ្ញើ​ឯកជន​ខាង​​ក្រៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​គ្រាន់តែ​ថ្លៃ​ផ្ញើ​ម៉ូតូ​ ១ ​គ្រឿង​​ឡើង​ដល់​ ១ ​ដុល្លារ​។

ការបង្កើត​ទម្លាប់​អាក្រក់​ឆ្លៀត​​ដំឡើង​តម្លៃ​បែប​នេះ​ហាក់បី​ដូចជា​ហួសហេតុ​ពេក ហើយ​ប្រសិន​បើ​មានការ​អនុវត្ត​រឹតបន្តឹង​ទៅ​បែរ​ជា​ថា គេ​ធ្វើបាប​អ្នករកស៊ី​ជំនួញ​តូចតាច​។ ​ដូច​នៅ​ប្រទេស​កូរ៉េខាងត្បូង​ទើប​តែ​ចេញ​ច្បាប់​ ១ ​កាលពី​ថ្ងៃទី ​៤ ខែ​កុម្ភៈ​ឆ្នាំនេះ​​ ដើម្បី​ធ្វើ​អន្តរាគមន៍​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ឆ្លងតាម​ផ្លូវដង្ហើម ដោយ​​អនុវត្ត​ចំពោះ​ជន​ណា​ដែល​ទិញ​ម៉ាស់ និង​ទឹក​ថ្នាំ​លាងដៃ​សម្លាប់​មេរោគ​យក​ទៅ​ស្តុក​ទុក​ដើម្បី​លក់​ដំឡើង​ថ្លៃ​តាមចិត្ត​នោះ​គឺ​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ជាង​ ៤ ​ម៉ឺន​ដុល្លារ​អាមេរិក និង​ត្រូវ​ជាប់គុក​រហូត​ដល់​ទៅ​ ២ ​ឆ្នាំ​។ ​នេះ​បើតាម​សារព័ត៌មាន​ The Korean Herald ដែល​បាន​ចុះ​កាលពី​ថ្ងៃទី​ ៥ ខែកុម្ភៈ​ថ្មីៗ​នេះ​ហើយ​រដ្ឋាភិបាល​កូរ៉េ​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​ ៥ ខែកុម្ភៈ រហូត​ដល់​ថ្ងៃ​​ទី​ ៣០ ​ខែ​មេសា​ឆ្នាំ​ ២០២០​។

បើ​តាម​បទពិសោធ​ដ៏ល្អ​នេះ​ដើម្បី​ដោះស្រាយ​មួយគ្រា​សិន​រាជរដ្ឋាភិបាល គួរតែ​ចេញ​ច្បាប់​មួយ​បន្ទាន់​ដែរ ដើម្បី​ទប់ស្កាត់​នូវ​ការទិញ​ម៉ាស់ និង​ទឹក​ថ្នាំ​លាងដៃ​សម្លាប់​មេរោគ​កុំ​ឲ្យ​ឈ្មួញ​ក៏​ដូចជា ក្រុមហ៊ុន​ចេះ​ដំឡើង​ថ្លៃ​ស្រេច​តែ​នឹង​ចិត្ត ពីព្រោះ​បើ​ប្រកាស​ហាម​តែ​មាត់ ដូចជា​អ្នកលក់ដូរ​បែប​ឱកាសនិយម​មិន​ស្តាប់​សោះ ខណៈ​ម្នាក់ៗ​កំពុង​​តែ​បារម្ភ និង​រៀបចំ​បង្ការ​ពី​ជំងឺ​កើត​ចេញ​ពី​មេរោគ​ថ្មី​ដែល​មិនទាន់​មាន​វ៉ាក់សាំង​ការពារ និង​ថ្នាំ​ព្យាបាល​នេះ​។ ​កាលពី​សប្តាហ៍​មុន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ទិញ​ម៉ាស់​ពី​រោងចក្រ និង​ជំរុញ​ឲ្យ​បង្កើន​​ការផលិត ដោយ​រដ្ឋ​ជា​អ្នក​ទទួលខុសត្រូវ​ក្នុង​ការទិញ​ដើម្បី​រៀបចំ​បង្ការ និង​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី​នេះ​។

រីឯ​ឈ្មួញ​រកស៊ី​ជា​លក្ខណៈ​​ក្រុមហ៊ុន​ក៏ដូចជា អ្នក​លក់រាយ​វិញ​ក៏​គួរតែមាន​សមានចិត្ត​ជួយ​ជាតិ​ឡើងវិញ​ក្នុង​ការរក្សា​នូវ​តម្លៃ​ទំនិញ​ឲ្យ​ដូច​ធម្មតា ខណៈ​ដែល​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​ ឬ​ក៏​បញ្ហា​បន្ទាន់ៗ ឬ​ក៏​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង​មិនថា​ឡើយ​ថ្នាក់ជាតិ​ ឬ​ក៏​ថ្នាក់​អន្តរជាតិ​នោះ​​ទេ​។ បច្ចុប្បន្ននេះ​ដោយសារ​តែ​មេរោគ​កូរ៉ូណា​នេះ​កំពុង​រីករាលដាល​យ៉ាង​រហ័ស​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ការធ្វើ​ពាណិជ្ជកម្ម​សូម្បីតែ​ទីផ្សារ​ភាគហ៊ុន​ក៏​ធ្លាក់ចុះ​លឿន ប្រេងឆៅ​ក៏​ធ្លាក់​ថ្លៃ​នៅត្រឹម​តែ​ ៥៥ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​ដែល​តម្លៃ​ធម្មតា​ ៦០ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។ ​នេះ​បើតាម​រយៈ​ទីភ្នាក់ងារ Bloomberg ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​ ៤ ខែ​កុម្ភៈ ឆ្នាំ​ ២០២០៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com