សកម្មភាព​វិវាទ​គ្នា​រវាង​យុវជន​កើតឡើង​អាស្រ័យ​ទៅ​នឹង​ទម្លាប់​របស់​ប្រទេស​ ឬ​ក៏​តំបន់​នីមួយៗ​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ដែល​ធ្វើឲ្យ​ភាគី​ម្ខាង​ទៀត​ខឹងសម្បា​តាមរយៈ​ការធ្វើ​កាយវិការ​ក្តី ការហៅ​ត្រកូល​គ្នា​ការ​ដៀល​គ្នា​ថា​អា ឬ​ក៏​មីខ្ទើយ អាខ្វាក់ អាខ្វិន អាឆែប អាខ្មៅ អាតឿ អាក្រញាញ់ អារហាម មើល​មុខ​ឌឺដង​ដាក់គ្នា ជាដើម​។

ករណី​ប្រើពាក្យ​អសុរោះ​ដាក់គ្នា​នេះ​គឺជា​ដើមហេតុ​ចម្បង​ដែល​ធ្វើឲ្យ​មនុស្ស​ចាប់ផ្តើម​តឹង​សរសៃ​ក​ដាក់​គ្នា​រករឿង​ឈ្លោះ​ប្រកែក​គ្នា ហើយ​ពេលខ្លះ​ធ្វើឲ្យ​ភាគី​ទាំងសង​ខាង​លែង​និយាយ​រកគ្នា ខ្លះ​ក៏​ឈាន​ដល់​ការវ៉ៃតប់​គ្នា​ឲ្យ​រងរបួស​ធ្ងន់ អាច​ឈាន​ដល់​ស្លាប់​ក៏មាន ជាពិសេស​ក្នុង​ចំណោម​យុវជន និង​កុមារ ដែល​ងាយ​នឹង​ខឹង​ឈ្លោះ​គ្នា​វាយ​គ្នា​ប្រាវៗ មិន​ថា​នៅក្នុង​សាលារៀន ឬ​នៅ​សហគមន៍​តាម​ភូមិ​នោះទេ​។

ជួនកាល​វាយ​ចំ​កន្លែង​ទំនង​ឈាន​ដល់​ការស្លាប់​ក៏មាន​ដែរ ដូច​កាលពី​ពេល​ថ្មីៗ​នេះ យុវជន​សិស្ស​សាលា​ឯកជន AIS រាជធានី​ភ្នំពេញ បាន​ឈ្លោះ​គ្នា​វាយតប់​គ្នា​នៅមុខ​សាលា ពេល​ចេញ​ពី​រៀន​។ បើ​មើល​តាម​វីដេអូឃ្លីប កាមេរ៉ា​តាម​ផ្ទះ​ដែល​បាន​ចែករំលែក​តាម​ហ្វេសប៊ុក​ដូចជា​យុវជន​ទាំង ២ ​នាក់​មិន​ឈ្លោះប្រកែក​គ្នា​អី​ធំដុំ​ទេ​មិត្តភក្តិ​របស់​ពួកគេ ក៏​មិន​ជួយ​ឃាត់​ដែរ សួរ​ទៅ​ថា​មកពី​ភាគី​ម្ខាង​ទៀត​ហៅ​ «​អា​» ធ្វើឲ្យ​យុវជន​ម្ខាង​ទៀត​ខឹងសម្បា​ថា ឌឺ​ក៏​វាយ​គ្នា​ដៃ​ទល់​នឹង​ដៃ​។

នៅពេល​ចប់​មួយ​វគ្គ​ក៏​ឈប់​វាយ​គ្នា​ពេល​យក​ម៉ូតូ​បើក​ចេញ​ក៏​ឆ្លៀត​ហក់ធាក់​គ្នា ហើយ​វាយ​គ្នា​មួយ​ប្រាវ​ទៀត​ធ្វើឲ្យ​ភាគី​ម្ខាង​ត្រូវចំ​កញ្ចឹងក​ភ្លាត់ស្នៀត​ស្លាប់​ភ្លាម​មួយ​រំពេច យក​ទៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-សូវៀត​មិនទាន់​ក៏​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​។ ឥឡូវនេះ​យុវជន​ដែល​វាយ​មិត្ត​រួម​សាលា​ជាមួយ​គ្នា ក្លាយ​ទៅ​ជា​ឃាតករ​ទៅវិញ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​។

តាមរយៈ​របាយការណ៍​ជា​សកល​មួយ​របស់​អង្គការ UNESCO ឆ្នាំ​ ២០១៩ ស្តីពី​ការបញ្ឈប់​ការប្រើ​ពាក្យ​អសុរោះ និង​ការវាយតប់​គ្នា​នៅក្នុង​សាលារៀន​បាន​រកឃើញ​ថា មាន​សិស្សសាលា​ម្នាក់​ក្នុង​ចំណោម​ ៣ ​នាក់​ធ្លាប់​ទទួលរង​ការប្រើ​ពាក្យ​មិន​សមរម្យ​ពី​មិត្ត​រួម​សាលា​របស់​ពួកគេ​យ៉ាង​ហោចណាស់​ម្តង​កាលពី​ខែ​មុន​។ កូនសិស្ស​សាលា​ ៣៦ ​ភាគរយ​នៃ​អ្នកផ្តល់​សម្ភាសន៍​ធ្លាប់​ចូលរួម​វាយតប់​គ្នា​ជាមួយ​សិស្ស​ដូចគ្នា​ដោយសារ​តែ​ការប្រើ​ពាក្យ​ចំអក​។

រីឯ​ការសិក្សា​ស្រាវជ្រាវ​យុវវ័យ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ៥៨០ ​នាក់​ ដែលមាន​អាយុ​ពី​ ១៣ ​ដល់​ ២៨ ​ឆ្នាំ​ ស្តីអំពី​ឥរិយាបថ​យុវវ័យ​ចំពោះ​ក្មេង​ទំនើង និង​វាយតប់​គ្នា​មាន​យុវវ័យ​ចំនួន​ ៦៨ ​ភាគរយ​ ជា​សិស្សសាលា​មាន​ការភ័យខ្លាច​យុវវ័យ​វាយតប់​គ្នា​ (Bearup &Soprach, 2003)​។

ជាទូទៅ​ការវាយតប់​គ្នា​ក្នុង​ចំណោម​យុវជន គឺ​ច្រើន​តែ​ផ្តោត​តែ​យុវវ័យ​ជា​ប្រុស​ទេ មិនសូវ​ឃើញ​យុវតី​ឡើយ​។ ​តែ​មកដល់​សម័យ​ឌីជីថល​នេះ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​សារព័ត៌មាន​អនឡាញ ឥឡូវ​លឿន​នៅទីណា​ក៏​ថត​មក​បង្ហាញ​បាន​ចែករំលែក ក៏​ឃើញ​មាន​សកម្មភាព​លេចធ្លោ​ឡើងដៃ​ទៅលើ​យុវតី​ខាង​បញ្ចេញ​ហិង្សា​ដាក់​គ្នា​បង្ហោះ​ឌឺដង​ដាក់គ្នា​ដោយ​មិន​ញញើត​សមត្ថកិច្ច​អ្វី​បន្តិច​សោះ​មិន​ថា​នៅ​សាលារៀន ឬ​ក៏​នៅ​សហគមន៍​តាម​ភូមិ​នោះទេ គឺ​បញ្ចេញ​លក្ខណៈ​ទំនើង​ដូច​ប្រុសៗ​ដែរ​។

ថ្មីៗ​នេះ​ឃើញ​សុទ្ធតែ​ទូរស័ព្ទ​ហៅ​គ្នីគ្នា​ពី​សាលា​ចិន​ទុនហ័រ​មក​វាយ​មិត្ត​រួម​សាលា​ជាមួយ​គ្នា​តែម្នាក់ឯង​នៅ​វិទ្យាល័យ​ផ្សារដើមថ្កូវ រាជធានី​ភ្នំពេញ​គ្នា​គេ​មាន​ដល់​ទៅ ៤ ​នាក់​ទាត់ធាក់​ដូច​បាវ​សាក់ និង​ជេរ​ដៀលត្មះ​។ តែ​ដល់​រូបភាព​ហិង្សា​ហ្នឹង​ក្លាយ​ជា​ភ័ស្តុតាង​សម្រាប់​សមត្ថកិច្ច​ល្មម​ដាក់បន្ទុក​ផងដែរ​ទៅ​យុវតី​ទាំង​ ៤ ​នាក់​ឲ្យ​ទទួល​កំហុស ហើយ​សុំទោស​យុវតី​ជនរងគ្រោះ និង​រៃ​លុយ​គ្នា​ប្រមូល​បាន​ ២ ​ពាន់​ដុល្លារ សងជំងឺចិត្ត​ទៅ​ជនរងគ្រោះ​។

បន្ទាប់ពី​មាន​ ២ ​ករណី​ខាងលើ​ទាំង​សាលា​ឯកជន និង​សាលា​រដ្ឋ​ធ្វើឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ប្រតិកម្ម​ចេញ​សេចក្តី​ប្រកាស​ភ្លាមៗ​ផងដែរ​កាលពី​ថ្ងៃទី​ ២០ ខែ​មករា ឆ្នាំ​ ២០២០ ជាមួយ​នឹង​ការសម្តែង​ការសោកស្តាយ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ការបាត់បង់​ជីវិត យុវសិស្ស​សាលា​ឯកជន AIS ផងដែរ​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​និយាយ​អំពី​វិធានការ​ពង្រឹង និង​ការលើកកម្ពស់​វិន័យ បទបញ្ជា​ផ្ទៃក្នុង និង​ការអប់រំ​សីលធម៌​នៅ​តាម​គ្រឹះស្ថានសិក្សា​ផ្សារភ្ជាប់​នូវ​អ្វី​ដែល​ក្រសួង​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​មាន​តាំងពី​គោលនយោបាយ​ជាតិ​ស្តីពី​​ការអភិវឌ្ឍ​យុវជន​កម្ពុជា និង​សេចក្តី​ណែនាំ​ការអនុវត្ត​បទបញ្ជា​ផ្ទៃក្នុង​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដើម្បី​សាលា​នីមួយៗ​ភ្ញាក់ស្មារតី​ឡើង​កុំ​ឲ្យ​ធ្វេសប្រហែស​ទៀត​។ តែបើ​កូនសិស្ស​នៅតែ​មិន​ព្រមស្តាប់​បទបញ្ជា​ផ្ទៃក្នុង​គឺ​ក្រសួង​នឹង​បណ្តេញ​ចេញពី​សាលា​។

សម្រាប់​នៅ​សាលារៀន ក្រសួង​អប់រំ​ធ្វើ​បាន​ប៉ុណ្ណឹង តែ​នៅតាម​សហគមន៍​វិញ គឺជា​ការទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​ដែនដី សមត្ថកិច្ច និង​កាតព្វកិច្ច​របស់​ឪពុកម្តាយ​ទៅវិញ​ទេ​។ ដូច​ករណី​យុវតី​បងធំ​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង​បង្ហោះ​រូបភាព​តាម​ហ្វេសប៊ុក​បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​នៅ​ទឹកដី​នោះ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​។ រីឯ​ករណី​កាលពី​ពេល​ថ្មីៗ​នេះដែរ​នៅ​សួនច្បារ​មុខ​វត្ត​បទុមវតី​ក្រុម​យុវតី​ ១ ​ក្រុម​ព្រួត​វាយ​យុវតី​ម្នាក់​ឡើង​ដេក​នៅ​នឹង​ដី​ដូច​កីឡាករ​វ៉ៃ​គ្នា​ដាក់​ទ្រុង​ MMA ទម្រាំ​តែ​មាន​អ្នក​ឃាត់​យុវតី​រងគ្រោះ​ឡើង​ទ្រម​។ ការដែល​យុវតី​ចេះ​ជ្រួលជ្រើម​តាម​គ្នា​ដើរ​តួឯក​ជើងកាង​ដើរ​វ៉ៃ​គេឯង​ដូចនេះ​គឺ​មិន​ខុសពី​ប្រុសៗ​ទេ បណ្តាល​មកពី​មូលហេតុ​ខ្សោយ​ក្នុង​ការសិក្សា គឺ​សម្ភារ​អូសទាញ​តាមរយៈ​រូបភាព​ហិង្សា​តាម​ហ្វេសប៊ុក និង​តាម​បទចម្រៀង​ «​ស្គាល់​ឡាន​សារ៉ែន​អត់​បង​» ​ដែល​បង្ហាញ​រូបភាព​ស្ត្រី​ទាញ​ប៉័ងតោ និង​ដាវ​ដេញ​កាប់ កូនកំលោះ និង​កូនក្រមុំ​ផ្អើល​ពេញ​រោងការ​។

ចំពោះ​ការចូលរួម​សកម្មភាព​ប្រើ​អំពើ​ហិង្សា​ដាក់គ្នា​ក្នុង​ចំណោម​យុវវ័យ​ទាំងប្រុស​ទាំងស្រី​បែប​នេះ ដោយសារ​តែ​ការប្រើ​ពាក្យ​អសុរោះ​ដាក់​គ្នា តាមរយៈ​ផ្ទាល់មាត់ និង​តាមរយៈ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ទំនើប​ត្រូវ​បាន​អ្នកស្រាវជ្រាវ​ធ្វើការ​ប្រៀបធៀប​គ្នា​នៃ​ផលគ្រោះថ្នាក់​។

ជា​លទ្ធផល​បាន​បញ្ជាក់ថា ការប្រើ​ពាក្យ​អសុរោះ​ដាក់​គ្នា​តាមរយៈ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ទំនើប​កាន់តែ​អាក្រក់​ជាង​តាមរយៈ​ផ្ទាល់មាត់ ហើយ​ការប្រើ​ពាក្យ​អសុរោះ​តាមរយៈ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ទំនើប​ហ្នឹង​ត្រូវ​បាន​គេ​រកឃើញ​មាន​ ៤ ​ទម្រង់​រួមមាន​៖ ការផ្ញើ​សារ​តាម​ឌីជីថល​បណ្តាញ​សង្គម​តាម​អ៊ីមែល​តាម​ទូរស័ព្ទ និង​តាម​រូបភាព ឬ​ក៏​វីដេអូឃ្លីប​។ នេះ​បើ​តាម​ការសិក្សា​ស្រាវជ្រាវ​បែប​គុណភាព​ចំពោះ​សិស្សសាលា​នៅ​សាធារណរដ្ឋ​អៀរឡង់​ចំនួន ១២២ ​នាក់​ដែល​មាន​អាយុ​ពី​ ១២ ដល់​ ១៨ ​ឆ្នាំ​ (NUI, 2013)​។

ម្យ៉ាងវិញទៀត​នៅ​ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​នេះ​អង្គការ UNICEF នៅ​ស្នាក់ការ​កណ្តាល​បាន​ធ្វើការ​ស្រាវជ្រាវ​ពី​ឥរិយាបថ​យុវជន​អាយុ​ពី​ ១៥ ​ដល់​ ២៥ ​ឆ្នាំ​មាន​ប្រទេស​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ចំនួន ១៦០ ​ធ្វើ​សំណាក​ក្នុង​ការសិក្សា​នេះ​គឺ​រកឃើញ​ថា ៨៥,៧ ភាគរយ​នៃ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​ដោយសារ​តែ​អំពើ​ហិង្សា​តាម​វេបសាយ ការប្រើ​ពាក្យ​អសុរោះ​តាមរយៈ​បច្ចេកវិទ្យា​អេឡិចត្រូនិក​ទំនើប និង​ការយាយី​គ្នា​តាមរយៈ​អនឡាញ​ឌីជីថល​។

រីឯ​អង្គការ UNICEF ប្រចាំ​នៅ​កម្ពុជា​កាលពី​ឆ្នាំ ២០១៨ បាន​ធ្វើការ​ស្រាវជ្រាវ​ឥរិយាបថ​កុមារ និង​ក្មេងជំទង់​នៅ​សហគមន៍​ក្រីក្រ​នៅ​រាជធានី​ភ្នំពេញ​ចំនួន ១១៤០ នាក់​ដែល​មាន​អាយុ​ ១៤ ​ឆ្នាំ​ចុះក្រោម​។ ជា​លទ្ធផល​រកឃើញ​ថា ក្មេង​ជំទង់​ជាង​ពាក់កណ្តាល​ (៥២,៤ ភាគរយ​) មាន​មិត្តភក្តិ​ជា​សមាជិក​ក្រុម​ក្មេង​ទំនើង​ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​វាយតប់​គ្នា​។

គ្រាន់តែ​រយៈពេល ៥ ​ឆ្នាំ​ពី​ឆ្នាំ​ ២០១៣ ​ដល់​ឆ្នាំ​ ២០១៧ ​ក្រសួង​មហាផ្ទៃ​បាន​ដកស្រង់​ទិន្នន័យ​អំពី​សមត្ថកិច្ច​បាន​បង្ក្រាប​ក្មេងទំនើង​ដែល​វាយតប់​គ្នា និង​ប្រព្រឹត្ត​បទល្មើស​បាន​ចំនួន ២៦៦៦ ​នាក់​។ បើតាម​បទពិសោធ​ដែល​ខ្ញុំ​ធ្លាប់​បានធ្វើការ​ជាមួយ​យុវជន​ ១០ ​ឆ្នាំ និង​ជា​អ្នកស្រាវជ្រាវ​ទៅ​លើ​ឥរិយាបថ និង​សកម្មភាព​របស់​ក្មេង​ទំនើង​សង្កេត​ឃើញ​ថា និន្នាការ​នៃ​សកម្មភាព​ឈ្លោះប្រកែក​គ្នា​ និង​វាយតប់​គ្នា​របស់​ពួកគេ​មាន​លក្ខណៈ​រង្វើល​ជាង​ប៉ុន្មាន​ឆ្នាំមុន​។

មេរៀន​ដែល​ខ្ញុំ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល និង​ពី​ការធ្វើ​ទស្សនកិច្ច​សិក្សា​ស្តីពី​ការកសាង​សន្តិភាព និង​ការដោះស្រាយ​បញ្ហា​ទំនាស់​យុវជន​តាម​សាលារៀន និង​សហគមន៍​នៅ​ប្រទេស​មួយ​ចំនួន​ និង​សមាជិក​អាស៊ាន​ខ្លះ​ផងដែរ​កន្លងមក​។ បើទោះបី​ជា​ប្រទេស​មួយ​ចំនួន​មាន​ការរីកចម្រើន​ខាង​សេដ្ឋកិច្ច​ហើយ​ក៏​ដោយ ក៏​នៅ​មាន​វិបត្តិ​ខ្លះ​មាន​ទំនាស់​គ្នា​ដោយសារ​តែ​ការប្រើ​ពាក្យ​អសុរោះ​ក្នុង​ចំណោម​កុមារ និង​យុវជន​ដែល​មាន​ជាតិ​សាសន៍​ខុសគ្នា​ច្រើន មិន​ថា​នៅ​សាលារៀន ឬ​នៅ​សហគមន៍​ទេ​។

ហេតុ​ដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​គួរតែ​រៀបចំ​ឯកសារ​លម្អិត​ករណី​សិក្សា​ខ្លីៗ និង​អប់រំ​តាម​ឌីជីថល​សម្រាប់​អនុវត្ត​ស្តីពី​ការប្រើ​ពាក្យពេចន៍​ឲ្យ​បាន​សមរម្យ​ដែល​ឆ្លើយតប​ជាក់ស្តែង​ទៅ​តាម​តំបន់ សាសនា វប្បធម៌​ទម្លាប់​ការរស់នៅ​របស់​កុមារ និង​យុវជន ដើម្បី​ដោះស្រាយ​បញ្ហា​ទំនាស់​គ្នា​ឲ្យ​កាន់តែ​លម្អិត​បន្ថែមទៀត​នៅ​រដ្ឋបាល​មូលដ្ឋាន​កម្រិត​ក្រុង​/​ស្រុក​/​ខណ្ឌ​ទាំង​នៅ​តាម​សាលារៀន​ដែល​មាន​ក្រុមប្រឹក្សា​យុវជន និង​កុមារ​។

រីឯ​នៅ​សហគមន៍​វិញ គួរ​មាន​មជ្ឈមណ្ឌល​សម្រាប់​យុវជន និង​កុមារ ការរៀបចំ​ជា​សិល្បៈ​ការសម្តែង មណ្ឌល​ស្ថារនីតិសម្បទា ការរក​ការងារ​ធ្វើ សកម្មភាព​ផ្សព្វផ្សាយ​នៅតាម​សហគមន៍​ផ្ទាល់​ និង​មាន​ប៉ូលិស​មូលដ្ឋាន​ការពារ​កុំ​ឲ្យ​ក្មេង​ទំនើង​មកពី​ខាងក្រៅ​មក​អុកឡុក​ក្នុង​តំបន់​របស់​ពួកគេ​ទៀតផង​។ មាន​តែ​គោលការណ៍​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ក៏​អនុវត្ត​មិន​គ្រប់គ្រាន់​ដែរ​។

មិនតែ​ប៉ុណ្ណោះ​គឺ​ក្រុមប្រឹក្សា​ស្រុក​គួរ​មាន​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​នូវ​ការអនុវត្ត​ការប្រើពាក្យ​ពេចន៍​សមរម្យ និង​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​ចំណោម​យុវជន និង​កុមារ​។ បើ​នៅ​សាលារៀន​គឺ​គេ​បណ្តុះបណ្តាល​របៀប​ផ្សះផ្សា​គ្នា របៀប​ផ្តល់​ប្រឹក្សា​ចំពោះ​កុមារ និង​យុវជន​ដែល​សកម្ម​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​បន្ត​ដល់​មិត្តភក្តិ​របស់​ពួកគេ ជាពិសេស​ការអប់រំ​តាម​ឌីជីថល​ផងដែរ​។ ចំណែកឯ​ឪពុកម្តាយ​គឺ​មាន​តួនាទី​តាមដាន​កូនៗ​ពួកគេ និង​ផ្តល់​ដំបូន្មាន​បន្ថែមទៀត​នៅផ្ទះ ការប្រើប្រាស់​ទូរស័ព្ទ​ ឬ​ក៏ tablets ដែល​ប្រើពាក្យ​មិន​សមរម្យ​។

បើ​ដូច​អ្វី​ដែល​ក្រសួង​អប់រំ​មាន​សព្វថ្ងៃនេះ​ក្នុង​ការដោះស្រាយ​បញ្ហា​ទំនាស់​នៅតាម​សាលារៀន​ដូចជា គោលនយោបាយ និង​សេចក្តី​ណែនាំ​នូវ​បទបញ្ជា​ផ្ទៃក្នុង​មិនទាន់​ស៊ីជម្រៅ និង​មិនទាន់​គ្រប់គ្រាន់​ទៅតាម​បច្ចុប្បន្នភាព​សម័យ​ឌីជីថល​នៅ​ឡើយ​ទេ ទោះបី​ជា​មាន​ក្រុមប្រឹក្សា​យុវជន និង​កុមារ តែ​ពួកគេ​មិនទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ភាគច្រើន​មិន​សកម្ម​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com