The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គួរ​អភិរក្ស​វប្បធម៌ ប្រពៃណី​ខ្លួនឯង​ឲ្យ​សកម្ម​ ជាង​ការចម្លង​យក​ពី​បរទេស

គួរ​អភិរក្ស​វប្បធម៌ ប្រពៃណី​ខ្លួនឯង​ឲ្យ​សកម្ម​ ជាង​ការចម្លង​យក​ពី​បរទេស

Content image - Phnom Penh Post
អត្ថន័យ​នៃ​ពិធីបុណ្យ​វិសាខបូជា ដែល​ពុទ្ធបរិស័ទ​តែង​ប្រារព្ធ​រៀងរាល់ឆ្នាំ​។ រូបថត ហ្វេសប៊ុក

គួរ​អភិរក្ស​វប្បធម៌ ប្រពៃណី​ខ្លួនឯង​ឲ្យ​សកម្ម​ ជាង​ការចម្លង​យក​ពី​បរទេស

ទស្សនទាន​នៃ​ពាក្យ​ជាតិ​និយម​មិនមែន​មាន​ន័យ​ថា ទាល់តែ​កាន់​ក្បាល​មេក្រូ​ប្រកាស​លើក​ទង់ជាតិ​ខ្មែរ លើក​រូបថត​ស្តេច ឬ​ក៏​ការទូងស្គរ​លើ​បញ្ហា​អ្វីមួយ​ទើប​ហៅថា មាន​លក្ខណៈ​ជាតិនិយម​នោះ​ទេ​។ តែ​ជាតិនិយម គឺជា​ការបង្ហាញ​អត្តសញ្ញាណ​របស់​ជាតិ​ខ្លួន​ទៅវិញ​ទេ​ដូចជា មាន​រដ្ឋធម្មនុញ្ញ ការគោរព​ព្រះមហាក្សត្រ ព្រះពុទ្ធសាសនា ការប្រើ​ភាសាជាតិ​របស់​ខ្លួន​ចម្រៀង​បទ​ជាតិ​របស់​ខ្លួន មាន​ប្រវត្តិសាស្ត្រ ​និង​វប្បធម៌​អរិយធម៌​ខ្លួនឯង ជាពិសេស​គឺ​ការដាក់​កាលបរិចេ្ឆទ​នៅតាម​គ្រឹះស្ថាន​អប់រំ និង​លិខិតស្នាម​ផ្សេងៗ​ដោយ​បាន​ភ្ជាប់​នូវ​ពុទ្ធសករាជ​ផងដែរ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នាពេល​បច្ចុប្បន្ន​។

ទោះបី​ជា​យ៉ាងណា ដោយសារ​តែ​សកល​ភាវូបនីយកម្ម ឥទ្ធិពល​វប្បធម៌​បរទេស​បាន​ជ្រាប​ចូល​មក​ក្នុង​សង្គម​ខ្មែរ​តាមរយៈ​ការផ្សាយ​ពាណិជ្ជកម្ម ​ការអប់រំ ប្រព័ន្ធ​បច្ចេកវិទ្យា និង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ផង​នោះ​បាន​ធ្វើ​ឲ្យ​កូន​ខ្មែរ​សម័យថ្មី​ងាយ​នឹង​ចាប់យក​ដោយ​ឯកឯង មិន​ថា ចូលឆ្នាំ​ចិន សែន​ក្បាលទឹក សែន​ផ្នូរ​ឆេងម៉េង​សែន​នំ​លោក​ខែ ដែល​ពី​មុន​មាន​តែ​អ្នក​ជាប់​សែ​ស្រឡាយ​ចិន​ប៉ុណ្ណោះ​ដែល​ទទួល​យក​មក​ប្រតិបត្តិ​។

ក៏ប៉ុន្តែ​សព្វថ្ងៃនេះ​អ្នក​មិន​កាត់​ចិន​សោះ​ក៏​សែន​ដែរ​ដោយ​លើក​ហេតុផល​ថា កុំ​ឲ្យ​កូនចៅ​មើល​មុខ​គេ​ព្រោះ​សែន​រួចហើយ​នាំ​គ្នា​ហូប​ទាំងអស់​គ្នា​ដដែល​។

រីឯ​វប្បធម៌​អឺរ៉ុប​លោក​ខាងលិច និង​សហរដ្ឋអាមេរិក​វិញ​គឺ​គេ​បញ្ជ្រាប​បញ្ចូល​តាម​ការសិក្សា​នៅក្នុង​មេរៀន​ និង​សម្ភារ​សម្រាប់​តុបតែង​ខ្លួន​ដែល​រឹតតែ​ធ្វើឲ្យ​កូន​ខ្មែរ​ងាយ​ទទួល​ឥទ្ធិពល​វប្បធម៌​អរិយធម៌​របស់​បស្ចិម​ប្រទេស​ដោយ​ស្រួល ហើយ​កាយវិការ​ខ្លះ​ងាយ​ធ្វើ​តាម​ទៀត​ដូចជា ការជួបគ្នា​ចាប់ដៃ និង​ការហៅ​ឈ្មោះ​មិន​មាន​បង​ ឬ​ក៏​ប្អូន​ទេ​ហៅ​ឈ្មោះ​យក​តែ​ម្តង​ក្នុង​នោះ​មាន​ការធ្វើ​ពិធី​ខួបកំណើត និង​ខួបអាពាហ៍ពិពាហ៍​ជាដើម​។

ក្រៅពី​បុណ្យ​ធំៗ​ដូចជា ចូលឆ្នាំ​សកល និង​បុណ្យ​ណូអែល​ដែល​កូន​ខ្មែរ​ស្គាល់​យូរហើយ​នោះ​ក៏មាន​ពិធី​ជួបជុំគ្នា ដើម្បី​សប្បាយ​ហើយ​តែងតែ​ចងចាំ​ជានិច្ច ពោល​គឺ​ឲ្យ​តែ​ដល់​ថ្ងៃ​ហ្នឹង​នាំគ្នា​ប្រារព្ធ​ពិធី ហើយ​យ៉ាង​ហោចណាស់​ក៏​បង្ហោះ​តាម​ហ្វេសប៊ុក​ឲ្យ​គេ​ដឹងថា​ថ្ងៃនោះ​ជា​បុណ្យ​ ឬ​ក៏​ពិធី​អ្វី​ដែរ​ដូចជា​បុណ្យ​ខ្មោច​ Halloween ​ថ្ងៃទី​ ៣១ ខែតុលា បុណ្យ​ Thanksgiving នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​ទី​ ៤ នៃ​ខែវិច្ឆិកា ទិវា​នៃ​ក្តី​ស្រឡាញ់​ថ្ងៃទី​ ១៤ ​ខែ​កុម្ភៈ​បុណ្យ​ម្តាយ​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​ ២ នៃ​ខែ​ឧសភា និង​ថ្មីៗ​នេះ​បុណ្យ​ឪពុក​នៅ​ថ្ងៃអាទិត្យ​សប្តាហ៍​ទី​ ៣ ​នៃ​ខែមិថុនា​។​ល​។

ការចងចាំ​ទាំង​ថ្ងៃខែ និង​ចូលរួម​ក្នុង​ពិធី​តាមបែប​ចម្លង​ចូល​ពី​បរទេស និង​អាច​បកស្រាយ​បាន​ទៀត​នោះ គឺ​ហាក់​ដូចជា​ងាយ​ទទួល​យក​យ៉ាង​លឿនណាស់​។ ប៉ុន្តែ​ផ្ទុយទៅវិញ​ចំពោះ​អ្វី​ដែល​មាន​ស្រាប់​នៅក្នុង​វប្បធម៌​អរិយធម៌ និង​ប្រពៃណី​ខ្មែរ​គឺ​ពិបាក​ចងចាំ​ខ្លាំងណាស់ ជាហេតុ​ធ្វើឲ្យ​ពិធី​ជា​ប្រពៃណី​ខ្លះ ទៅ​ជា​សោះកក្រោះ​ដោយសារ​តែ​ខ្វះ​ការចូលរួម​ពី​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នេះឯង​។

ក្រៅតែ​ពី​ពិធីបុណ្យ​ជាតិ​ធំៗ ដូចជា បុណ្យចូលឆ្នាំ​ខ្មែរ បុណ្យ​ភ្ជុំបិណ្ឌ បុណ្យអុំទូក​អកអំបុក​សំពះ​ព្រះខែ បុណ្យច្រត់ព្រះនង្គ័ល និង​បុណ្យ​វិសាខបូជា ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ និង​មាន​នៅក្នុង​កម្មវិធីសិក្សា​ខ្លះ​ផង​នោះ តើ​មាន​កូន​ខ្មែរ​ណាខ្លះ​ដែល​ចងចាំ​នូវ​អត្ថន័យ​របស់​បុណ្យ និង​ថ្ងៃខែ​ប្រារព្ធ​ពិធី​បែប​ប្រពៃណី​ខ្មែរ​ផ្សេងៗ​ទៀត​? ដូចជា ៖ បុណ្យមាឃបូជា បុណ្យដារលាន បុណ្យ​ដារភូមិ បុណ្យ​កឋិនទាន បុណ្យ​បច្ច័យ​៤ បុណ្យ​ទន្លេ និង​បុណ្យ​សមុទ្រ​...​។

ជាង​នេះ​ទៅ​ទៀត ក៏មាន​ពិធី​ផ្សេងទៀត​ជា​តំណាង​ជាតិខ្មែរ​ដែល​កូន​ខ្មែរ​គួរតែ​ដឹងផង​ដែរ ដូចជា ទិវា​វប្បធម៌​ជាតិ ទិវា​អំណាន​ជាតិ ទិវា​បរិស្ថាន​ជាតិ ទិវា​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ UNESCO នូវ​ប្រាសាទ​អង្គរវត្ត ប្រាសាទ​ព្រះវិហារ ប្រាសាទ​សំបូរព្រៃគុក របាំ​អប្សរា និង​ល្ខោនខោល​ជាដើម​។ ​សំណួរ​សួរថា​តើ​ធ្វើ​ដូចម្តេច​ដើម្បី​កូន​ខ្មែរ​អាច​ឈ្វេងយល់​ និង​លើកស្ទួយ​នូវ​វប្បធម៌​អរិយធម៌​របស់ខ្លួន​បាន​?

ការដែល​អាច​ធ្វើឲ្យ​កូន​ខ្មែរ​ងាយ​ចងចាំ​នូវ​អត្ថន័យ​នៃ​បុណ្យ និង​ពិធី​នីមួយៗ​ដែលមាន​ប្រវតិ្ត និង​មាន​វប្បធម៌​ច្បាស់លាស់​នោះ​គឺ​ការចេញ​នូវ​វិញ្ញាសា​ប្រឡង ឬ​ក៏​រំឭក​មេរៀន​ហៅ​សួរ​ក្នុង​ថ្នាក់​ព្រោះ​បុណ្យ និង​ពិធី​របស់​ខ្មែរ​គឺ​សុទ្ធតែ​មាន​នៅក្នុង​មេរៀន​សិក្សា​សង្គម និង​ប្រវត្តិវិទ្យា តែ​គ្រាន់តែ​ថ្នាក់​ខុសគ្នា ហើយ​មាន​ទាំង​ភាសា​អង់គ្លេស​សម្រាប់​សាលា​ឯកជន​ទៀតផង​។

យ៉ាង​ហោចណាស់​ក៏មាន​តាម​ប្រតិទិន​ដែល​ប្រាប់​ថ្ងៃខែ​បុណ្យ និង​ពិធី​សំខាន់ៗ​ដែរ​។ យ៉ាងណាមិញ តាមរយៈ​សារព័ត៌មាន​ការប្រគំ​តន្ត្រី ពិធីករ​ក្តី តារាចម្រៀង​ក្តី​និង​អ្នក​កំប្លែង​ក្តី ក៏មាន​តួនាទី​ជួយ​ផ្សព្វផ្សាយ​ផងដែរ ពោល​គឺ​កុំ​បាន​ត្រឹម​តែ​ការឡើង​ឆាក​ច្រៀង​រាំៗ​កំប្លែង​ឲ្យ​គេ​សើច​ហើយ​យក​លុយ​អួត​ដាក់​គ្នា​រឿង​សម្ភារ​ទំនើបៗ​គ្មាន​បាន​បង្កប់​នូវ​អត្ថន័យ​នៃ​ការបណ្តុះ​គំនិត​ជាតិនិយម​តាមរយៈ​វប្បធម៌​អរិយធម៌​របស់ខ្លួន​នោះ​។

ម្យ៉ាង​វិញទៀត​សកម្មភាព​ប្រកួតប្រជែង​ឆ្លើយ​យក​រង្វាន់​នៅលើ​កញ្ចក់​ទូរទស្សន៍​នៅតែ​បន្ត​ដើម្បី​ឲ្យ​កុមារ និង​យុវជន​ហាត់​តាមដាន ហាត់​ឆ្លើយ​នូវ​សំណួរ​សាមញ្ញ​ដើម្បី​ឲ្យ​ពួកគេ​អាច​ចងចាំ​បាន​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​។

កន្លងមក​មាន​ការយល់​ច្រឡំ​គ្នា​រវាង​ពិធីបុណ្យ​មាឃបូជា និង​បុណ្យ​វិសាខបូជា ហើយ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៃ​អ្នកកាន់​ព្រះពុទ្ធសាសនា​ជាង​ ៩៧ ​ភាគរយ​នៃ​ប្រជាជន​សរុប​ ១៥,៣ ​លាន​នាក់​អត់​បាន​ដឹង​ពិធីបុណ្យ​ទាំង​ ២ ​ច្បាស់​ទេ​។ ​ទោះ​ជា​យ៉ាងណា​បច្ចុប្បន្ននេះ​គឺ​ងាយ​រក​តាម​ឯកសារ​យោង​មក​ពន្យល់​យ៉ាងច្បាស់​តាមរយៈ​អនឡាញ​អ៊ីនធឺណិត ជាពិសេស​វេបសាយ https://km.wikipedia.org មាន​ការពន្យល់​ក្បោះក្បាយ និង​សង្ខេប​បាន​ស្រួល​។

ពិធីបុណ្យ​ «​មាឃបូជា​» ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​រំឭក​ដល់​ថៃ្ង​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត​ព្រះពុទ្ធសាសនា​ក្នុង​លោក​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ ៥៨៨ ​ឆ្នាំមុន​គ្រិស្តសករាជ​នា​ថ្ងៃ​ ១៥ ​កើត ខែមាឃ ក្រោយពី​ការត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ​ខែ​គត់​។ ជាទូទៅ​ពិធី​តែង​ប្រព្រឹត្ត​ទៅ​នៅក្នុង​ខែកុម្ភៈ​នៃ​ឆ្នាំ​នីមួយៗ​។

រីឯ​បុណ្យ​ «​វិសាខបូជា​» ​វិញ​ការ​ប្រារព្ធ​ពិធី​ដើម្បី​រំឭក​ដល់​ព្រឹត្តិការណ៍​ដ៏ពិសេស​ចំនួន​ ៣ ដែល​ទាក់ទង​នឹង​ព្រះសម្មាសម្ពុទ្ធ​។ ក្នុងនោះ​មាន​ការប្រសូត​ការត្រាស់ដឹង និង​ការចូល​និព្វាន​។ ​ពិធី​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ពេញបូណ៌មី​ថ្ងៃ​ ១៥ កើត ខែ​វិសាខ​ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា ជា​មហាកុសល​ដ៏ប្រសើរ​ហើយ​ក៏​ជា​ការចាប់ផ្តើម​កំណត់​ឆ្នាំ​ពុទ្ធសាសនា​ផងដែរ​គឺ​មុន​គ្រិស្តសករាជ​ចំនួន​ ៦២៣ ​ឆ្នាំ​។ ជាទូទៅ​ប្រព្រឹត្ត​ទៅ​នៅក្នុង​ខែឧសភា​នៃ​ឆ្នាំ​នីមួយៗ​។

ហេតុ​ដូច្នេះ​ក្នុង​នាម​កូន​ខ្មែរ​គួរតែ​ឈ្វេងយល់​ពី​វប្បធម៌​អរិយធម៌​ប្រពៃណីជាតិ និង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ច្បាស់លាស់​ជាជាង​ចងចាំ​ និង​ចម្លង​ចូល​តែ​វប្បធម៌​អរិយធម៌​បរទេស​ហើយ​ការអភិរក្ស​ ឬ​ការចងចាំ​ពិធីបុណ្យ​ជាតិ​ខ្លួនឯង​ទៅជា​យឺតយ៉ាវ​ ឬ​សោះអង្គើយ​នោះ​។ រីឯ​ស្ថាប័ន​ដែល​តំណាង​ឲ្យ​រាជរដ្ឋាភិបាល​លើ​វិស័យ​វប្បធម៌​អរិយធម៌ ប្រពៃណីជាតិ ក៏​គួរតែ​ខំ​អភិវឌ្ឍ​ឲ្យ​មាន​អ្វី​ថ្មី និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ផងដែរ​ដើម្បី​ទាក់ទាញ​មនុស្ស​សម័យថ្មី​ឲ្យ​ពេញចិត្ត និង​ទទួល​យក​ដោយ​ចិត្ត​ស្មោះស្ម័គ្រ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍