
ឱសថក្លែងក្លាយ និងផុតសុពលភាពដែលសមត្ថកិច្ចបង្ក្រាបកាលពីសប្ដាហ៍មុន។ រូបថត ហ្វេសប៊ុក
កាលពីសប្តាហ៍មុន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាបក្រុមហ៊ុនចែកចាយឱសថក្លែងក្លាយ និងហួសសុពលភាព «ខេមបូឌា ខបភើរេសិនហ្វាម៉ា» បន្ទាប់ពីធ្វើសកម្មភាពអស់ ៧ ឆ្នាំនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយសមត្ថកិច្ចបានរឹបអូសឱសថក្លែងក្លាយ និងហួសកាលកំណត់រហូតដល់ ៤០ តោនឯណោះ។
នេះគ្រាន់តែបង្ក្រាបលើក្រុមហ៊ុននាំចូលឱសថត្រឹម ១ កន្លែងផង រឹបអូសបានឱសថក្លែងក្លាយដល់ ៤០ តោនទៅហើយ ចុះប្រសិនបើចុះស៊ើបអង្កេត និងធ្វើឆែក (Spot check) តាមក្រុមហ៊ុននាំឱសថចូលពីបរទេសផ្សេងៗទៀតគឺច្បាស់ជាមានជាប់ជាបន្តបន្ទាប់គ្នាដូចសម្លកំពឹសអ៊ីចឹង រីឯការរឹបអូសឱសថក្លែងក្លាយ និងហួសកាលកំណត់ក៏អាចនឹងមានរាប់រយតោនច្រើនជាងនេះ។
តែបើសាកល្បងធ្វើលឿនដូច្នេះ គឺវាអាចប៉ះសែស្រឡាយអ្នកធំៗទាំងនៅក្រសួងសុខាភិបាលទាំងមន្ត្រីមានបុណ្យស័ក្ដិធំដែលនៅពីក្រោយខ្នង ខណៈការផ្ដល់តម្រុយឱ្យគ្នាមិនទាន់ពេលចំពោះនៅទីតាំងដែលត្រូវចុះបង្ក្រាប។
ប៉ុន្តែបើចាំចាប់ក្រុមហ៊ុន ១ ឱ្យផ្អើល រួចបាត់ ៣ ខែសឹមបង្ក្រាបទៀត ឬក៏ការបង្ក្រាបរង្វើលៗទៅក៏សមដែរ ដើម្បីងាយស្រួលក្នុងបែកធ្លាយការសម្ងាត់ថានឹងចុះចាប់នៅតំបន់ណាដែលការធ្វើបែបនេះអាចជួយក្រុមហ៊ុននាំចូលឱសថនោះមានលទ្ធភាពលាក់បាំងឱសថក្លែងក្លាយដោយផ្ទេរទៅកន្លែងផ្សេង ហើយទុកតែឱសថចុះបញ្ជិកា និងបង់ពន្ធរួចដាក់លក់សិនប៉ុណ្ណោះ ហើយពេលស្ងប់សឹមយកឱសថក្លែងក្លាយមកធ្វើចរាចរណ៍វិញ ឬក៏ដូរយុទ្ធសាស្ត្រទៅលក់តាមអនឡាញ ទាន់ច្បាប់ធ្វើពាណិជ្ជកម្មតាមអនឡាញ (E-commerce) មិនទាន់អនុម័ត។
ការបង្ក្រាបទ្រង់ទ្រាយធំលើកនេះ វាមិនមែនជារឿងចម្លែក ឬក៏កត្តាចៃដន្យនោះទេ តែជាការអនុវត្តស្របគ្នានឹងការបារម្ភរបស់លោកនាយករដ្ឋមន្ត្រីចំពោះសុខភាពពលរដ្ឋ និងឱ្យផ្តន្ទាទោសធ្ងន់ធ្ងរដល់ជនល្មើសដែលចរាចរណ៍ឱសថក្លែងក្លាយ ខណៈលោកចូលរួមថ្លែងបើកសន្និសីទថ្នាក់តំបន់ទន្លេមេគង្គ និងប្រទេសបារាំងរួមគ្នាស្តីពី “ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព” ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកាលពីដើមខែនេះ។
ស្ទើរតែជាទូទៅទៅហើយចំពោះការបង្ក្រាបទ្រង់ទ្រាយធំបែបនេះគឺ ១ ឆ្នាំ ឃើញម្តងរួចក៏ស្ងប់ស្ងាត់ទៅវិញ។ ប៉ុន្តែសំណួរសួរថា តើមានការឃុបឃិតគ្នាយ៉ាងដូចម្តេចរវាងមន្ត្រីគយ និងកាំកុងត្រូលដែលបណ្ដោយឱ្យឱសថក្លែងក្លាយដល់ទៅ ៤០ តោនអាចចូលក្នុងស្រុកបានស្រួលៗបែបនេះ?
បើតាមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មាធិការដែលបានប្រាប់អ្នកសារព័ត៌មានគឺនាំចូលតាមច្រកកំពង់ផែ អ៊ីចឹងសួរថាតើមន្ត្រីពាក់ព័ន្ធណាខ្លះដែលទទួលបន្ទុកត្រួតពិនិត្យទំនិញនោះ? ព្រោះក្រសួងសុខាភិបាលបានបញ្ជូនបញ្ជីរាយនាមមុខទំនិញឱសថដែលអាចអនុញ្ញាតឱ្យប្រើនៅកម្ពុជាដោយអនុលោមតាមស្តង់ដារអន្តរជាតិទៅអគ្គនាយកគយ អគ្គនាយកពន្ធដារ និងអគ្គនាយកាំកុងត្រូល។ អ៊ីចឹងបានន័យថាឱសថណាដែលមិនមានក្នុងបញ្ជិកា គឺសុទ្ធតែក្លែងក្លាយ ឬហួសកាលកំណត់។
បើឱ្យនាំចូលឱសថក្លែងក្លាយស្រួលៗរាប់សិបតោនបែបហ្នឹង តើឱ្យគណៈកម្មាធិការចាប់ម៉េចអស់ទៅ? ដល់ពេលមានការអី មន្ត្រីៗឆ្លើយដាក់គ្នាយកតែរួចខ្លួនគឺចប់ ឯអ្នករងគ្រោះពីការប្រើប្រាស់ឱសថក្លែងក្លាយ និងហួសកាលកំណត់បែបនេះគឺពលរដ្ឋដែលមិនមានការយល់ដឹងពីផលប៉ះពាល់របស់វា។
ចំពោះពាក្យថា «ឱសថក្លែងក្លាយ» អាចត្រូវបានគេបកស្រាយបានថា គឺជាឱសថមានឈ្មោះក្រុមហ៊ុនផលិតត្រឹមត្រូវដែលមានគុណភាពដែរ តែគេចពន្ធនិងមិនចុះបញ្ជិកាត្រឹមត្រូវ។
ម្យ៉ាងទៀតឱសថក្លែងក្លាយគឺជាប្រភេទឱសថដែលត្រូវបានគេក្លែងគុណភាពដើម ដោយធ្វើភិនភាគឱ្យដូចគ្នា តែមិនសុទ្ធ។ នេះហើយជាបញ្ហាដែលប៉ះពាល់សុខភាពអ្នកប្រើប្រាស់ដែលគ្មានសមត្ថភាពអាចដឹងបានថា ឱសថណាពិត ឱសថណាក្លែងក្លាយ។ រីឯឱសថហួសសុពលភាព ឬហួសកាលកំណត់នោះគឺជាឱសថល្អ តែហួសកាលកំណត់ប្រើដែលលែងមានប្រសិទ្ធភាព ឬក៏អាចប្រើទៅបែរជាស៊ាំ (Resistance) ដែលពេលប្រើឱសថផ្សេងទៅលែងមានប្រសិទ្ធភាពក៏មាន។
មួយវិញទៀតការហូរចូលឱសថក្លែងក្លាយ និងហួសកាលកំណត់ទប់មិនឈ្នះបែបនេះក៏ជាហេតុផលមួយបណ្តាលឱ្យអ្នកជំងឺមើលមិនជាសះស្បើយ ហើយកាន់តែធ្ងន់ធ្ងរទៅៗ ជាហេតុធ្វើឱ្យមានកំណើននៃអ្នកជំងឺរ៉ាំរ៉ៃផងដែរដូចជា ជំងឺទឹកនោមផ្អែម ជំងឺផ្លូវដង្ហើម ជំងឺរលាកថ្លើម រលាកពោះវៀន ជំងឺបេះដូង សរសៃឈាម និងជំងឺមហារីកជាដើម។ នេះបើតាមរបាយការណ៍សមិទ្ធផលក្នុងឆ្នាំ ២០១៧ និងទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងសុខាភិបាល។
ម្យ៉ាងវិញទៀតការធ្វើឱ្យមានចរាចរណ៍ឱសថក្លែងក្លាយ និងហួសកាលកំណត់កើតមានបែបនេះគឺក្រៅពីឈ្មួញទុច្ចរិត និងក្រុមហ៊ុនរកស៊ីខុសច្បាប់ក៏មានការចូលរួមចំណែកពីការឃុបឃិតរបស់គ្រូពេទ្យ និងឱសថការីឯកជនខ្លះផងដែរ ខណៈខ្លួនត្រូវបានគ្លីនិក ឬឱសថស្ថានជួលឱ្យឈរឈ្មោះកាន់ការងារពិនិត្យមើលឱសថ តែមិនបានឈរលក់ឱ្យគេ បែរជាទៅធ្វើការនៅស្ថាប័នផ្សេង។
ចំណុចនេះគឺគួរចាប់ឱសថការីឯកជនហ្នឹងមុនគេដូចជាករណីបង្ក្រាបខាងលើ រឿងអីក៏ក្រុមហ៊ុនដំណើរការ ៧ ឆ្នាំហើយឱសថការីប្រចាំការមិនបានដឹងថាជាឱសថក្លែងក្លាយ និងហួសសុពលភាពហើយបណ្ដោយឱ្យចែកចាយតាមទីផ្សារបាន?
រីឯគ្រូពេទ្យវិញគឺបើកគ្លីនិកខ្លួនឯង ឬក៏ឈរឈ្មោះឱ្យគេនៅតាមគ្លីនិក នៅពេលក្រុមហ៊ុនដែលឱសថការីប្រចាំការមានឱសថក្លែងក្លាយ ឬក៏ហួសកាលកំណត់ដែលគេចពន្ធ ឬក៏កែច្នៃកាលបរិច្ឆេទនោះគឺត្រូវបានក្រុមហ៊ុនឱសថបំពាក់បំប៉នឱ្យបញ្ជូនឱសថទាំងនោះទៅលក់បន្តឱ្យអ្នកជំងឺក្នុងគ្លីនិករបស់ខ្លួន ហើយគ្រូពេទ្យទាំងនោះអាចត្រូវក្រុមហ៊ុនឱ្យរង្វាន់លួងចិត្តដូចជាទិញទូរស័ព្ទ ស្មាតហ្វូនល្អៗឱ្យ ឬក៏ទូរទស្សន៍ទំនើបៗ ឬក៏គ្រឿងបរិក្ខារអេឡិចត្រូនិកផ្សេងៗទៀត។
តែបើគ្រូពេទ្យណារាងគីឡូធ្ងន់ទៅអាចបានសំបុត្រដើរកម្សាន្តនៅបរទេសដូចជា ប្រទេសបារាំង បែលហ្ស៊ិក អាមេរិក អូស្ត្រាលី និងជប៉ុន ជាដើម។
ក្នុងករណីដែលមានការចូលរួមពីគ្រូពេទ្យ ឬឱសថការីឯកជនបែបនេះហើយដែលធ្វើឱ្យបទល្មើសលក់ឱសថក្លែងក្លាយ និងហួសកាលកំណត់មានវត្តមានលើទីផ្សារ ដែលនេះគឺជាកំហុសទាំងក្រមសីលធម៌ និងអនុវត្តផ្ទុយនឹងច្បាប់គ្រប់គ្រងឱសថ និងវេជ្ជសាស្ត្រនោះ។ ប៉ុន្តែពុំឃើញមានគណៈគ្រូពេទ្យ និងគណៈឱសថការីដែលប្រព្រឹត្តខុសណាមួយត្រូវបានចាប់ទោសអូសដំណើរនោះទេ។
សរុបមកវិញការធ្វើអន្តរាគមន៍លុបបំបាត់ឱសថដែលដាក់លក់តាមកញ្ច្រែងចាប់ហួយ ឬតាមភូមិ គឺទាំងស្ថាប័នសុខាភិបាល និងសមត្ថកិច្ចអាចបញ្ឈប់បានល្អហើយគឺគ្មានទៀតទេ នៅតាមភូមិ-ឃុំទូទាំងប្រទេស។
តែអ្វីដែលជាឆ្អឹងទទឹងកនោះ គឺក្រុមហ៊ុនឱសថនាំចូលធំៗ គ្លីនិក និងឱសថស្ថានដែលមានគ្រូពេទ្យ និងឱសថការីឯកជនខ្លះចូលរួមប្រព្រឹត្តបទល្មើសទៅវិញទេដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយត្រូវរកមុខដើម្បីផ្តន្ទាទោសឱ្យធ្ងន់ធ្ងរនោះ ហើយសូមកុំអន្តរាគមន៍ដូចភ្លើងចំបើង។ ជាងនេះទៀតច្បាប់ធ្វើពាណិជ្ជកម្មអនឡាញ (E-commerce) គួរតែត្រូវបានអនុម័តឆាប់ៗខាងមុខនេះដើម្បីចូលរួមលុបបំបាត់ឱសថក្លែងក្លាយ និងហួសកាលកំណត់ប្រើប្រាស់៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com