ការឲ្យតម្លៃបរមងារ ឬក៏សញ្ញាបត្រ និយមតាមគ្នាទៅតាមសម័យកាលនៅក្នុងសង្គមច្រើនពេកធ្វើឲ្យសាបរលាបគ្មានខ្លឹមសារដោយសារតែរបស់ទាំងនោះបានមកដោយស្រួលៗពេកដូចជា បរមងារ ឯកឧត្តម លោកជំទាវៗមានក្រឹត្យ និងអត់ក្រឹត្យ ឧកញ៉ាៗ ឧត្តមសេនីយ៍ៗ និងបណ្ឌិតៗជាដើម។
ឥឡូវចូលដល់ការបំពាក់គ្រឿងឥស្សរិយយសមេដាយថ្នាក់ជាតិសម្រាប់មន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងដែលខិតខំបំពេញកិច្ចការងារហើយមានស្នាដៃល្អ ឬក៏អ្នកដែលមានស្នាដៃការងារលេចធ្លោចូលរួមកសាងជាតិនោះ។
រីឯគ្រឿងឥស្សរិយយសមេដាយនោះទៀតសោតគឺមានកម្រិតជាក់លាក់ជាលក្ខណៈប័ណ្ណជាគ្រឿងបំពាក់នឹងក បំពាក់លើដើមទ្រូងខាងឆ្វេងឡើងរហូតដល់ពាក់ឆៀងដែលចាប់ផ្តើមពីមេដាយសំរឹទ្ធ មេដាយប្រាក់ មេដាយមាស ...មេដាយមុនីសារាភណ្ឌថ្នាក់ «អស្សឫទ្ធិ» មេដាយមុនីសារាភ័ណ្ឌថ្នាក់ «ធិបឌិន្ទ»...រហូតដល់មេដាយថ្នាក់មហាសិរីវឌ្ឍន៍។
ការផ្តល់មេដាយថ្នាក់ជាតិនេះកាន់ធ្លាក់ចុះនូវតម្លៃបណ្តើរៗតាមរយៈការផ្តល់មានលក្ខណៈលោតផ្លោះមិនទៅតាមលំដាប់លំដោយនៃកម្រិតមេដាយថ្នាក់ជាតិ និងពេលខ្លះផ្តល់ឲ្យអ្នកដែលមិនទំនង ឬក៏មិនស័ក្តិសមនឹងទទួលបានចំពោះការធ្វើការងារបន្តិចបន្តួចសោះហើយក៏ត្រូវបានគេរិះគន់ផងដែរ។
ដូចករណីកញ្ញា ធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គមបានទទួលមេដាយមេដាយមុនីសារាភ័ណ្ឌថ្នាក់ «ធិបឌិន្ទ» ដោយសារការពារព្រៃឈើហើយថ្មីៗនេះការផ្តល់មេដាយដល់តារាចម្រៀងប្រុស-ស្រី ក្រុមហ៊ុនសាន់ដេ ៦ រូបក្នុងនោះមានតារាចម្រៀង សុខ ពិសី ស្អាត និងល្បីគឺទទួលបានដល់មេដាយមុនីសារាភ័ណ្ឌថ្នាក់ «អស្សឫទ្ធិ» គឺបំពាក់ផ្ទាល់ដោយលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងនឹងអំពើពុករលួយ។
ករណីទាំង ២ នេះគឺត្រូវបានសាធារណជនមួយចំនួនឆ្ងល់ថាតើគ្រាន់តែចុះទៅមើលព្រៃម្តងម្កាល ឬក៏ពីរទៅបីដងបានមេដាយថ្នាក់ជាតិដែររីឯតារាចម្រៀងវិញគ្រាន់តែឡើងច្រៀងម្នាក់ ១ ឬក៏ ២ បទរួចផ្ញើសារប្រឆាំងនឹងអំពើពុករលួយសោះបានដល់មេដាយថ្នាក់ជាតិដែរ? ការដែលធ្វើដូចនេះធ្វើឲ្យមន្ត្រីថ្នាក់ក្រោមឱវាទសាមីស្ថាប័នក្តី ឬក៏មន្ត្រីរាជការស៊ីវិលទូទៅក្តី ឬក៏កងកម្លាំងក្តីដែលបានបម្រើជាតិរាប់ឆ្នាំខ្លះទៀតជិតចូលនិវត្តន៍ហើយតែមិនដែលបានស្គាល់មេដាយថ្នាក់ជាតិហ្នឹងផង។
បើធ្វើការប្រៀបធៀបរវាងតារាចម្រៀង សុខ ពិសី និងនាយកុយ ដែលបានចូលរួមផ្សព្វផ្សាយពីរបាយការណ៍របកគំហើញថាកម្ពុជាបានបាត់ថវិកាប្រមាណជា ៥៥០ លានដុល្លារដោយសារអំពើពុករលួយដែលរៀបចំដោយអង្គការ USAID របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០០៩ នៅស្តាតអូឡាំពិក។
បន្ទាប់លេងឆាកកំប្លែងនៅលើឆាកមកនាយកុយហាក់បីដូចត្រូវបានគេស្តីបន្ទោសអ៊ីចឹងហើយនាយកុយព្យាយាមយកឱកាសលេងតន្ត្រីតាមកញ្ចក់ទូរទស្សន៍រួចហើយវាយបករបកគំហើញនោះវិញ និងចាប់ផ្តើមសរសើរពីស្នាដៃរបស់រាជរដ្ឋាភិបាល។
អ្នកទាំងពីរផ្សព្វផ្សាយស្តីពីការប្រឆាំងនឹងអំពើពុករលួយដូចគ្នាតែបានរង្វាន់ខុសគ្នាកញ្ញា សុខ ពិសី បានមេដាយថ្នាក់ជាតិរីឯនាយកុយវិញគឺគ្មានស្ថាប័នណាឲ្យមេដាយ ឬក៏រង្វាន់លើកទឹកចិត្តនោះទេគឺមានតែបានរង្វាន់ត្រូវមាត់ភ័យញ័រដៃញ័រជើងទៅវិញ។
ជាងនេះទៅទៀតបើធ្វើការប្រៀបធៀបស្នាដៃសម្រាប់ជាតិទទួលបានរវាងតារាចម្រៀងស្អាតៗ និងអ្នកប្រាជ្ញ ចាប៉ីដងវែង ដូចជា លោកតា ប្រាជ្ញ ឈួន និង លោកតា គង់ ណៃ ដែលសម្តែងច្រើនតែលើកស្ទួយវិស័យសិល្បៈ និងចូលរួមផ្សព្វផ្សាយស្នាដៃរបស់រាជរដ្ឋាភិបាលច្រើនជាងហើយចាប៉ីដងវែងហ្នឹងត្រូវបានចាត់ចូលទៅក្នុងបេតិកភណ្ឌពិភពលោករបស់យូណេស្កូថ្មីៗទៀតតើលោកតាទាំងពីរនាក់ហ្នឹងបានទទួលមេដាយថ្នាក់ជាតិពីរាជរដ្ឋាភិបាលអ្វីខ្លះ? នេះបង្ហាញអំពីការឲ្យតម្លៃមនុស្សខុសគ្នានៅក្នុងសង្គមខ្មែរ។
ប៉ុន្តែអ្វីដែលសំខាន់នោះគឺថាជំងឺបំពាក់មានមេដាយនេះអាចរីករាលដាលទៅស្ថាប័នផ្សេងៗទៀតមានទម្រង់ប្រហាក់ប្រហែលគ្នានេះ តើរាជរដ្ឋាភិបាលនៅតែអនុញ្ញាតឲ្យស្ថាប័ន ឬក្រសួងដទៃទៀតរៀបចំបំពាក់គ្រឿងឥស្សរិយយសឲ្យសម្រាប់អ្នកដែលមិនស័ក្ដិសម និងតារាៗបែបនេះទៀតទេ? ហើយគួរតែបែងចែងកម្រិតនៃតម្លៃមេដាយឲ្យបានច្បាស់ថាតើបើគ្រាន់តែច្រៀង ១ បទ ឬក៏ ២ បទហើយផ្សព្វផ្សាយសារណាមួយនោះត្រូវបំពាក់មេដាយថ្នាក់ជាតិ? ឬក៏ត្រឹមតែរង្វាន់លើកទឹកចិត្ត ឬសេចក្តីថ្លែងអំណរគុណអមជាមួយនឹងបាច់ផ្កាធំមួយគ្រប់គ្រាន់ហើយ? រីឯការបំពាក់មេដាយវិញបើអ្នកទទួលមេដាយនោះជាស្ត្រីគឺជូនគាត់ផ្ទាល់ដៃហើយឲ្យគាត់ពាក់នៅលើដើមទ្រូងខ្លួនឯង ឬក៏អនុញ្ញាតឲ្យមន្ត្រីជាន់ខ្ពស់តំណាងស្ថាប័នជាស្រី្តដូចគ្នាឡើងបំពាក់ជូនគាត់ទៅជាជាងបំពាក់ជុំវិញខ្លួនគាត់ដោយបុរសៗ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com