ឥឡូវនេះអាកាសធាតុក៏ប្រែប្រួលរបត់នយោបាយក៏ប្រែប្រួល ការធ្វើជំនួញក៏ប្រែប្រួល ឥរិយាបថអតិថិជនក៏ប្រែប្រួលដែរគឺលេងសុទ្ធតែប្រ៊ែនៗ (Brands) ដាក់គ្នាមានន័យថាទំនិញ ឬឈ្មោះម៉ាកមានអាជ្ញាប័ណ្ណត្រឹមត្រូវមាននិន្នាការមិនក្លែងបន្លំ ឬក៏លួចចម្លងដែលផ្ទុយពីដើមទសវត្សរ៍ឆ្នាំ ២០០០ គឺធ្វើឲ្យតែបានហូប ឬប្រើមួយពេលៗឲ្យតែមានដូចគេដូចឯងប៉ុណ្ណោះ។
សង្គមខ្មែរកំពុងឲ្យតម្លៃលើរបស់របរដែលមានម៉ាកផលិតផលល្បីៗទាំងក្នុងស្រុក ទាំងអន្តរជាតិ ប្រសិនបើឃើញគេយួរការហ្វេមួយកែវដែលមានឈ្មោះល្បីដូចជា Brown, Amazon ឬក៏ Starbucks ជាដើមគឺគេមើលមុខហើយលួចសរសើរក្នុងចិត្តព្រោះផលិតផលទាំងនេះមានគុណភាពហើយត្រូវបានចុះបញ្ជីត្រឹមត្រូវដោយមិនលួចចម្លងពីគេ ទោះបីផលិតផលនោះជាផលិតផលក្នុងស្រុក ឬទិញអាជ្ញាប័ណ្ណពីអន្តរជាតិ ឬមានអាជ្ញាប័ណ្ណបែប ហ្វ្រ៊ែនឆាយ (Frenchie) ឬក៏ទិញផលិតផលផ្តាច់មុខក្តី។
ជាមួយគ្នានេះដែរ បើមានមិត្តអ្នកអានកាន់ ឬក៏កំពុងអានកាសែតភ្នំពេញប៉ុស្តិ៍ដែលជាប្រភេទស្តង់ដារចេញផ្សាយប្រចាំថ្ងៃក៏សង្គមគេឲ្យតម្លៃភ្លាមថាគ្រាន់បើដោយសារតែការចុះបញ្ជីជាផលិតផលកាសែត នៅក្រសួងព័ត៌មានត្រូវ និងចុះបញ្ជីធ្វើអាជីកម្មនៅកម្ពុជាហើយបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
ជាងនេះទៅទៀតគឺបង្កើតការងារដល់បុគ្គលិកខ្មែរ និងបរទេសទៀតផងសូម្បីតែព័ត៌មានអន្តរជាតិក៏ទិញកម្មសិទ្ធិបញ្ញាត្រឹមត្រូវមកចុះផ្សាយដែរ។ មិនត្រឹមតែចេញជាក្រដាសកាសែតទេគឺលោកអ្នកអាចជាវតាមអនឡាញ (online) ក៏បានដែរ។
ទន្ទឹមនឹងនេះអាជីវកម្មផ្តល់សេវារៀបចំពិធីមង្គលការ និងកម្មវិធីនានាក៏កំពុងរីកសាយផងដែរដោយបានជួយដោះស្រាយបន្ទុកគ្រួសារដែលមានរៀបចំអាពាហ៍ពិពាហ៍កូនចៅកុំឲ្យមានការត្អូញត្អែរពីញាតិ ឬ ក៏មិត្តភក្តិថាមិនបានសប្បាយសោះព្រោះជួយហត់ពេក។
តាមរយៈលោក ហ៊ឺ វីរៈ ដែលទទួលបានសញ្ញាបត្រអនុបណ្ឌិតពាណិជ្ជកម្ម (MBA) និងជាស្ថាបនិកក្រុមហ៊ុនសិរីមង្គលដែលបម្រើសេវារៀបចំមង្គលការមុនគេតាំងពីឆ្នាំ ២០០៨ មកមានការសប្បាយចិត្តពេលដែលមានសេវាដូចលោកកាន់តែច្រើនជាង ១០០ ក្រុមហ៊ុនទៅហើយនោះ។
ចំពោះលោកចរន្តបែបនេះ «វាជារឿងធម្មតាក្នុងការរកស៊ីដែលតែងមានការប្រកួតប្រជែងលក្ខណៈដូចៗគ្នានៅលើទីផ្សារតែត្រូវចុះបញ្ជីឲ្យស្របច្បាប់ ខណៈក្រុមហ៊ុនលោកកំពុងពង្រីកមុខជំនួញផ្សេងៗទៀតដូចជាកូនផ្សារបន្លែទំនើបហេបភីហ្វាមគ្មានជាតិគីមី ក្លិបហាត់ប្រាណយុវជនអន្តរជាតិ និងហាងកាត់សក់ឧត្តមបុរសជាដើម។
ចំណុចខ្លាំងរបស់ខ្ញុំគឺគ្រប់មុខជំនួញសុទ្ធតែជាការផ្តួចផ្តើមមានរចនាប័ទ្មរបស់ខ្លួនដោយបានចុះបញ្ជី និងបង់ពន្ធជូនរដ្ឋត្រឹមត្រូវគឺធ្វើយ៉ាងណាឲ្យអតិថិជនមានជំនឿលើសេវារបស់ខ្ញុំ។ អ្វីដែលខ្ញុំសប្បាយចិត្តទៀតនោះគឺខ្ញុំបានជួយនិស្សិតក្រីក្រមួយចំនួនដោយផ្តល់តាំងពីស្នាក់នៅបានប្រាក់ខែ និងបានរៀនចប់ចុងចប់ដើម»។
កាលណាការប្រកួតប្រជែងមានលក្ខណៈស្មោះត្រង់ដោយមានច្បាប់ត្រឹមត្រូវគឺធ្វើឲ្យតម្លៃទីផ្សារសមរម្យងាយស្រួលជ្រើសរើសសម្រាប់អតិថិជនទៅតាមកម្រិតជីវភាពហើយមានស្តង់ដាររៀងៗខ្លួនដែលមានតាំងពីការបើកសាលាមត្តេយ្យកុមារតូចរហូតដល់មនុស្សពេញវ័យដូចជា Western International, NYIS, AIS, Westline, Home of English និងសុវណ្ណភូមិជាដើម។
បញ្ហាម៉ាកឈ្មោះប្រ៊ែនៗជារឿងមួយ រីឯចម្រៀងអ្នកនិពន្ធចម្រៀង និងទំនុកភ្លេងក៏ខំប្រឹងប្រកួតប្រជែងធ្វើឲ្យស្នាដៃនោះជារបស់ខ្លួនជាខ្មែរដោយមិនចម្លងពីគេដូចជា បទរាំញីកែងជើង បទបុណ្យភូមិ បទនៅទីនេះកំពុងមានមនុស្សខូចចិត្ត និងបទនឹកបានត្រឹមស្រមៃ ជាដើម។
ការធ្វើដូចនេះគឺជាការលើកទឹកចិត្តដល់អ្នកនិពន្ធកុំឲ្យលួចចម្លង ឬបកប្រែពីគេផងធ្វើឲ្យអ្នកច្រៀងមិនខ្មាសគេផង ឯម្ចាស់ឧបត្ថម្ភក៏ពេញចិត្តផងដែរហើយបើបទទាំងនោះបានចុះបញ្ជីទៀតគឺលួចចម្លងលែងបានហើយបើហ៊ានគឺប្តឹងយកតែម្តង។
ដោយឡែកការរកស៊ីលក់ទំនិញតាមអនឡាញ (online) នៅស្រុកខ្មែរវិញនៅមិនទាន់មានស្តង់ដារ និងស្របច្បាប់នៅឡើយទេគឺពេលខ្លះឃើញតែបង្ហោះតាមហ្វេសប៊ុក និងតាមអ៊ីនធឺណិតដាក់តែលេខទូរស័ព្ទ និងអ៊ីមែលមិនមានអាសយដ្ឋានពិតនោះទេសូម្បីតែថ្នាំពេទ្យក៏មានលក់តាមអនឡាញដែរ ដោយអ្នកទិញខ្លះគ្រាន់តែឮថាគេលក់ថ្នាំសម្រកទម្ងន់ ឬក៏ថ្នាំប៉ូវកម្លាំងគឺទូរស័ព្ទទាក់ទងទិញភ្លែតដោយមិនដឹងថ្នាំលក់នោះផលិតនៅទីណា ឬក៏ប៉ះពាល់សុខភាពយ៉ាងណាទេ។
ប៉ុន្តែបើក្រុមហ៊ុនចុះបញ្ជីត្រឹមត្រូវគេអាចរកស៊ី ឬក៏ផ្ដល់សេវាបានពិសេសគឺវិស័យធនាគារគេអាចផ្ទេរលុយឆ្លង និងទិញទំនិញបានស្រួល។
ទន្ទឹមនឹងនេះការប្រកួតប្រជែងសេវាអនឡាញនេះក៏តម្រូវឲ្យចុះបញ្ជីទំនិញស្របច្បាប់ និងមានគុណភាពផងដែរដើម្បីការពារសុវត្ថិភាពដល់អតិថិជនពោលគឺយកគំរូល្អៗដូចក្រុមហ៊ុន Alibaba ដ៏ល្បីលើពិភពលោករបស់មហាសេដ្ឋីចិន Jack Ma គឺដោយសារការរកស៊ីស្របច្បាប់ និងស្មោះត្រង់តាមអនឡាញបានធ្វើឲ្យលោកក្លាយជាមហាសេដ្ឋីយ៉ាងលឿន។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបន្ថយរបៀបធ្វើការបែបការិយាធិបតេយ្យតាមរយៈការធ្វើវិមជ្ឈការសេវាសាធារណៈ «ច្រកចេញចូលតែមួយ» ដែលបានកាត់បន្ថយបន្ទុកការងាររបស់សាមីក្រសួង និងស្ថាប័នមួយចំនួនមករដ្ឋបាលថ្នាក់ក្រោមជាតិពីការចុះបញ្ជីការធ្វើអាជីវកម្ម ឬសិប្បកម្មខ្នាតតូច ឬសេវាកម្មផងដែរដោយធ្វើត្រឹមថ្នាក់ខណ្ឌ ឬក្រុងគឺស្របច្បាប់ដូចគ្នា។
ការជំរុញឲ្យការបើកអាជីវកម្មត្រូវចុះបញ្ជីនេះគឺបានប្រយោជន៍សំខាន់ៗដល់ម្ចាស់អាជីវកម្ម និងចំណូលរដ្ឋផងដែរ ដែលកត្តាទី ១) មានសិទ្ធិផ្តាច់មុខនូវឈ្មោះ និងការធ្វើរចនាប័ទ្មត្រូវបានការពារដោយច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល និងច្បាប់ស្តីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ដូចលោក ហ៊ឺ វីរៈ ក៏ធា្លប់បានព្រមានទៅក្រុមហ៊ុនសិរីមង្គលពីការរកស៊ីរៀបចំពិធីមង្គលការខុសច្បាប់នៅខេត្តបាត់ដំបងឲ្យដូរយីហោចេញបើមិនដូច្នេះទេលោកនឹងប្តឹងតាមផ្លូវច្បាប់ព្រោះឈ្មោះជាន់គ្នាជាមួយក្រុមហ៊ុនលោកដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចហើយតែក្រោយមកក៏ប្តូរឈ្មោះហ្នឹងចេញវិញ។
ឧទាហរណ៍ដ៏ល្អរបស់អាជីវកម្មក្នុងស្រុកដែលផ្តល់សេវាបោកអ៊ុតទំនើបមានរូបកីឡាករស៊ូម៉ូធំ ក្រុមហ៊ុននេះបានចុះបញ្ជីត្រឹមត្រូវ និងចេញលក់ជាលក្ខណៈ Frenchie ដោយយករូបមន្តផ្សំទាំងស្រុងក្នុងការបោកគក់ទៅអ្នកដែលចង់រកស៊ីរបរដូចគ្នាព្រោះបានសាងកេរ្តិ៍ឈ្មោះល្បីរួចហើយដែលមកទល់ពេលនេះឃើញមានស្លាកយីហោច្រើនមាននៅស្ទើរគ្រប់កន្លែង។
ទី ២) នៅពេលសាងឈ្មោះបានល្បីហើយគឺក្រុមហ៊ុនអាចពង្រីកនៅក្រៅប្រទេសបានដោយសារមានច្បាប់ការពាររួច។ ដូចជាធនាគារអេស៊ីលីដាបានពង្រីកសាខាដល់ប្រទេសឡាវ និងភូមា...រីឯក្រុមហ៊ុននំស្រួយលីលីដែលបានសញ្ញាបត្រ ISO ពីប្រទេសសិង្ហបុរីក៏កំពុងតែលក់នៅក្រៅប្រទេសដូចជានាំចេញទៅប្រទេសភូមា សហរដ្ឋអាមេរិក និងកូរ៉េជាដើម។ នេះក៏ដោយសារកម្ពុជាបានចុះបញ្ជីពាណិជ្ជកម្មក្នុងប្រព័ន្ធអន្តរជាតិ (WTO) និងអាស៊ាន ខណៈថ្មីៗនេះកម្ពុជាក៏បានព្រមព្រៀងទទួលស្គាល់ និងការពារប៉ាតង់នៅអឺរ៉ុបដែរនោះ។
ទី ៣) ការចុះបញ្ជីត្រឹមត្រូវនេះក៏ងាយស្រួលសម្រាប់រាជរដ្ឋាភិបាលក្នុងការប្រមូលពន្ធផងដែរ បើទោះជាក្រុមហ៊ុនព្យាយាមគេចវេះ បើឧបមាថាក្នុង ១០០ ភាគរយក៏អាចបង់ជូនរដ្ឋបាន ៥០ ភាគរយដែរគ្រាន់បើជាងអត់តែបើរដ្ឋចាប់បានពីការគេចពន្ធនេះវិញគឺសងលើសដើមហើយត្រូវថែម ២៥ ភាគរយលើ ៥០ ភាគរយដែលបានបាត់នោះបូករួមនឹងការប្រាក់ប្រចាំខែ ២ ភាគរយបន្ថែមទៀតហើយករណីអត់ព្រមបង់គឺឡើងថ្លៃថែម ៤០ ភាគរយ។ នេះបើផ្អែកតាមច្បាប់សារពើពន្ធ។
ដោយសារសារៈសំខាន់នៃការប្រមូលពន្ធដែលជាចំណូលដ៏ធំមួយសម្រាប់ជាតិគឺក្រសួងទេសចរណ៍បានប្រកាសនៅសប្តាហ៍មុនថាគ្រាន់តែស្ថាប័នមួយនេះគឺបានចំណូលស្មើនឹង ១៣ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ដែលមានទឹកប្រាក់ ២២ ពាន់លានដុល្លារនៅឆ្នាំមុន។ អ៊ីចឹងហើយទើបក្រសួងនេះធ្វើយុទ្ធនាការលើឧស្សាហកម្មទេសចរណ៍ណាដែលគ្មានអាជ្ញាប័ណ្ណគឺត្រូវតែចុះបញ្ជីទាំងអស់។
ទី ៤) ការលេងផ្សារភាគហ៊ុននៅទីផ្សារមូលបត្រកម្ពុជា (CSX) គឺតម្រូវឲ្យក្រុមហ៊ុននីមួយៗបង្ហាញពីតម្លាភាព និងភាពស្របច្បាប់ច្បាស់លាស់ណាស់តាំងពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំទើបចូលលេងបាន។
សរុបមកវិញការចុះបញ្ជីគឺពិតជាមានសារៈសំខាន់មែនហើយតែស្ថាប័នរដ្ឋដែលពាក់ព័ន្ធក៏ត្រូវពង្រឹងការរៀបចំប្រព័ន្ធប្រមូលពន្ធឲ្យបានរឹងមាំផងដែរហើយការប្រមូលពន្ធទៀតសោតគឺត្រូវការពារក្រុមហ៊ុនផង កុំចាំតែយកលុយពីគេស្រួលៗហើយអត់ធ្វើការដោយចាំតែគេប្តឹងទើបស្ទុះស្ទាដោយយកលេសថាសមត្ថភាពមន្ត្រីជំនាញនៅមានកម្រិតតែបែរជាការពារហាងអ្នកធំៗដូចជាហាងកាហ្វេដែលស្រដៀងគ្នារវាង AmazoN និង AmazinG នោះ។
ជាងនេះទៀតការប្រមូលពន្ធក៏ត្រូវមានតម្លាភាពដែរកុំប្រឹងគាបតែក្រុមហ៊ុនតូច និងមធ្យម (SME) ឲ្យបង់ពន្ធ រីឯក្រុមហ៊ុនអ្នកធំៗរួចពន្ធរហូតនោះ តើឲ្យដំឡើងប្រាក់ខែដល់មន្ត្រីរាជការ និងនិវត្តជនបានច្រើនម៉េចកើតទៅ?
ក្រៅពីនោះរាជរដ្ឋាភិបាលក៏ត្រូវជួយរកទីផ្សារឲ្យក្រុមហ៊ុនវិញផងដែរបន្ទាប់បានចុះបញ្ជី និងបង់ពន្ធរួចនោះ ទោះតាមរយៈកម្រិតជាតិក្តី កម្រិតអន្តរជាតិក្តី បើមិនដូច្នេះទេក្រុមហ៊ុនដែលរកស៊ីមិនមានភាពរឹងមាំយូរអង្វែងឡើយគឺមានលក្ខណៈឡើងចុះដូចទឹករលកអ៊ីចឹង ម្តងគេផ្អើលថាដាំដំឡូងមី លុះដល់គេថាខាតក៏នាំគ្នាផ្អើលទៅដាំកៅស៊ូដល់កៅស៊ូអត់ទីផ្សារក៏នាំគ្នាផ្អើលទៅដាំម្រេច បន្ទាប់មកថាធ្វើស្រូវក្រអូបវិញម្តងគឺមើលទៅដូចជាមានលក្ខណៈឈូឆរតាមគ្នាហើយដល់អ៊ីចឹងពេកទៅដូចជាមិនប្រាកដត្រង់ណាសោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com