ប្រទេស​ ថៃ​ គឺជា​ប្រទេស​ជា​ប់​ចំណាត់​ថ្នាក់​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ​ក្នុង​ចំណោម​​ ១០ ​ប្រទេស​នៅ​លើ​សកល​លោក​ដោយ​នៅ​ពេល​ចូល​ឆ្នាំថ្មី​ម្តងៗ​យ៉ាង​ហោចណាស់​ក៏មាន​មនុស្ស​ស្លាប់​ប្រមាណ​ជា​ ៥០០​ នាក់​ដែរ។

តែ​កាលពី​ឆ្នាំ​មុន​មាន​អ្នក​ស្លាប់​ធ្លាក់​ចុះមក​ត្រឹម​ ៤០០​ នាក់ ខណៈនៅក្នុង​ឆ្នាំ​នេះ​អាជ្ញាធ​រ​ថៃ​ដឹកនាំ​ដោយ​លោក ប្រា​យុធ ចាន់​អូចា​ កំពុង​តែ​ពិចារ​ណា យកយុទ្ធ​នាការ​ថ្មី​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​ក្នុង​អំឡុង​ចូល​ឆ្នាំថ្មី​ខាង​មុខ​​គឺ​ហាម​លក់​គ្រឿង​ស្រវឹង​ទូទាំង​ប្រទេស ហើយ​អ្នក​លក់​ស្រា​នៅចំ​ថ្ងៃ​បម្រាម​នោះ​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនា​គារ​ដល់​ទៅ​ ៦​ ខែ និង​ពិន័យ ១ ម៉ឺន​បាត​ដែល​គិត​ជា​លុយ​រៀល​ជិត​ ១​ លាន ​៣ ​សែន​រៀល។ នេះ​បើ​តាម​កាសែត​ The Nation ​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី ​២៩ ខែ ​មីនា​។

ចំណែក​ឯ​ប្រទេស​ កម្ពុជា ​វិញ​ក៏​មាន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ណ៍​ច្រើន​ផង​ដែរ​ក្នុង​អំឡុង​ចូល​ឆ្នាំ​ខ្មែរ ដោយ​កាល​ពី​ឆ្នាំ ២០១៧ ស្លាប់​ចំនួន​ ៤៣ ​នាក់ រីឯ​នៅ​ក្នុង​ឆ្នាំ ​២០១៨ អ្នក​ស្លាប់​បាន​ថយ​​មក​ត្រឹម ​២៦​ នាក់ តែ​ចំនួន​នេះ​ក៏នៅតែ​ខ្ពស់​ដដែល។​

ដោយ​ឡែក​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កាល​ពី​ស​ប្តា​ហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ គឺមាន​លក្ខណៈដ៏​រន្ធត់​ខ្លាំង​ដោយ​មាន​តាំង​ពី​ការ​ធ្វេស​ប្រហែស ​មាន​តាំង​ពី​មាន​ចេតនា​​បើ​កបំ​បុក​ចូល​ហ្វូង​មនុស្ស​យក​តែ​ម្តង​។ ដូច​ជា​ករណី​ឈ្មោះ​ យិន ឃុន​ម៉ី ហៅ ម៉ា​ណា បាន​បើក​រថយន្ត​ម៉ាក Range Rover ទៅ​បុក​លើ​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​កញ្ញា ​ឌុំ រី​ដា ជា​និស្សិត​ធ្វើ​ឲ្យ​ប៉ើង​ហោះ​ដូច​ក្រដាស​ស្លាប់​ភ្លាមៗ​ ជា​ករណី​ដែល​ត្រូវ​បាន​លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ហៅ​ថា​ការ​បើក​បរ​ដោយ​គ្មាន​គុណ​ធម៌ ​និង​ជំរុញឲ្យ​រកមុខអ្នក​បើក​បរ​ឲ្យ​ឃើញ ហើយមក​ទល់​ពេល​នេះ ​កញ្ញា ​ឃុន​ម៉ី ត្រូវ​បាន​តុលា​ការ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន។

កន្លង​ផុត​បាន​២​ថ្ងៃ​បន្ទាប់​មក​ក៏ស្រាប់តែ​មាន​ករណី​ខឹង​គេ​មិន​ហៅ​ផឹក​ស៊ី​ពេល​បុណ្យ​អ្នក​តា​នៅ​សង្កាត់​បឹង​សា​ឡាង​ខណ្ឌ​ទួល គោកក៏យក​រថយន្ត​​ម៉ាក Lexus 300 បើក​បំ​បុក​មនុស្ស​កំពុង​ទទួល​ទាន​អា​ហារ​ថ្ងៃ​ត្រង់​ស្លាប់​អស់ ២ ​នាក់​ ខណៈ​ ៦​ នាក់​ទៀត​របួស​ធ្ងន់ រីឯ​ជន​បង្ក​ក៏ត្រូវ​បានចាប់​ខ្លួន​ភ្លាមៗ​ផងដែរ​។

ចំណុច​មួយ​ទៀត​នៅ​ពេល​ទំនោរ​បង្ហាញ​ភាព​ហ៊ឺ​ហា​ជា​មួយ​នឹង​សម្ភារ​និយម​យូរៗ​ទៅ​មាន​អ្នក​បើក​ប​រខ្លះ​ថែម​ទាំង​លែង​ស្គាល់​ លែង​គោរព​សិទ្ធិអាទិ​ភាពរបស់រថ​យន្ត​ស៊ី​រ៉ែ​ន​ជូន​ដំណើរ​គណៈ​ប្រតិភូ​ដែល​មក​ទ​ស្សនកិច្ច​នៅកម្ពុជា​ទៅទៀត។ ដូចជា​ ថ្មីៗនេះ​នៅ​ខេត្ត​កោះ​កុង​​មាន​រថយន្ត​ម៉ាក Lexus 300 មួយ​គ្រឿង​របស់​មន្ត្រី​នៃ​មន្ទីរ​កសិ​កម្ម​ខេត្ត​កោះ​កុង​បាន​បើក​បរ​ចូល​ក្នុង​ក្បួន​អម​ដំណើរ​គណៈ​ប្រតិភូ​វៀត​ណាម​ខណៈ​កំ​ពុងបំពេញ​ទស្ស​នកិច្ច​នៅ​ខេត្ត​កោះកុ​ងហើយ​បាន​បុ​ក​ជាមួ​យ​​រថយន្ត​ស៊ី​រ៉ែ​ន​ធ្វើ​ឲ្យមន្ត្រី​កង​រាជ​អាវុធហត្ថ​ចំនួន ​៣ ​នាក់រង​របួស តែ​ស៊ី​សង​គ្នា​ក្រៅ​តុលា​ការ​​ ស្រប​ពេល​ដែល​នៅ​ខេត្ត​ក្រចេះ​ឯណោះ​វិញ​មាន​រថយន្ត​ស៊ាំ​ង​យ៉ុង​មី​នី​បឹស​ ១​ គ្រឿង​ដែ​ល​កំ​ពុង​ដឹក​អង្ករ​បាន​ក្រឡាប់​ម្នាក់​ឯង ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់។

​ការ​ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ផ្ទួនៗ​គួរ​ឲ្យ​រន្ធត់​នា​ប៉ុន្មាន​ថ្ងៃ​នេះ បានធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លះខ្លាច​រអា​នឹង​ការ​ធ្វើចរា​ចរណ៍​តាម​ផ្លូវ​ក្នុង​អំឡុង​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ដែល​តាម​ធម្មតា​យើង​តែង​តែ​រីក​រាយ​នាំគ្នា​ទៅលេ​ង​ស្រុក​កំណើត​រៀង​ៗ​ខ្លួន។

បើ​ធ្វើការ​ប្រៀប​ធៀប​រវាង​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កាល​ពី​ឆ្នាំ​ ២០១៨ ​គឺមាន​ចំនួន​ ១ ៨០០​ នាក់​ ​ខណៈ​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​មាន​តែ​ ៥៨​ នាក់ ​​(CMAC, 2019) ហើយករណី​ជំងឺ​គ្រុន​ឈាម​គឺ​មាន​កុមារ​ស្លាប់​តែម្នាក់ ស្រប​ពេល​ដែល​ជំងឺ​គ្រុន​ចាញ់​មាន​អ្នក​ស្លាប់​ ៣ ​នាក់ ​(MOH, 2018)។

ម្យ៉ាង​វិញ​ទៀត​ការ​ផ្សព្វ​ផ្សាយ​អប់រំ​អំពី​ចំណេះ​ដឹង និង​គ្រោះ​ថ្នាក់​ចរាច​រណ៍​នៅ​លើ​ផ្ទាំង​រូបភា​ព​ធំៗ​តាម​ទីសា​ធា​រណៈ​ក្តីនិង​ទូរទស្សន៍​ក្តី​គឺមាន​ចំនួន​តិច​តួច​បំផុត ហើយ​មានកន្លែង​ខ្លះ​គឺ​ផ្ទាំង​សារ​នោះ​ថែម​ទាំង​ស្លេក​ពណ៌​មើល​លែង​ស្គា​ល់ ហើយ​បែរ មកមើល​ស្លាក​ផ្សាយ​ពាណិ​ជ្ជ​កម្ម​ស្រា​ និង​ស្រាបៀរ​ដែល​ជាសារ​ធាតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នា​ក់​ចរាច​រណ៍​វិញ​គឺ​ដំឡើង​តាម​ដង​ផ្លូវ​ដោយ​មាន​គ្រប់​ពណ៌​ហើយ​ស្លាក​មាន​លក្ខណៈទំ​នើប​បែបដេញ​ជើង​គ្នា​ទៀត​ផង។

បើ​និយាយ​ពី​ពាណិជ្ជ​កម្ម​ស្រានិង​ស្រា​បៀរ​តាម​ទូរ​ទស្សន៍​វិញ​ហាក់បានពង្វក់​យុវជន​ឡើង​វីវក់​អស់​ទៅហើយ ដោយមានចេញ​គ្រប់​ឈុត​គ្រប់​ឆាក​តាម​ឌី​ជី​ល​ទំនើបៗ​ អន​ឡាញ​ព្រោងព្រាតពោលគឺងាក​ទៅ​ណា​ក៏​ឃើញ​ដែរ។

ជុំវិញ​ករណី​នេះ មាន​សំណួរ​ដ៏សាម​ញ្ញ​មួយ​ថា ​តើ គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កាន់​តែ​កើន​ឡើង​និង​អ្នក​បើក​បរ​លែង​គិត​គូ​រ​ពី​គុណ​ធម៌​ហ្នឹង​មកពី​ការ​សង់​ផ្លូវ​ល្អៗ​ស្រួល​បើក​ពេក​? មាន​ន័យ​ថា​ ផ្លូវ​កាន់តែ​ល្អ ករណី​គ្រោះ​ថ្នាក់​កាន់​តែ​កើន​ឡើង?

បញ្ហា​នេះ​មិន​ទាន់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ជាក់​លាក់​ល្អិត​អំពី​ទំនាក់ទំនង​គ្នា​រវាង​ផ្លូវ​ល្អ ​និង​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​នៅ​ឡើយ​ទេ។​ ទោះ​ជា​យ៉ាង​ណា​ក៏មាន​របាយ​ការណ៍​រប​ស់ធ​នាគារ​អភិវ​ឌ្ឍន៍​អាស៊ី​ ADB ​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ​ ២០០៨ បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ពី​ការសង់​ផ្លូវ​បាន​ល្អ ធ្វើ​ឲ្យ​មាន​ការរីក​​រាល​ដាល​នៃ​ជំងឺ​ឆ្លង​មក​ស្រុក​ភូមិ​ផង​ដែរ ដូច​ជា​ជំងឺ​អេដស៍ និង​ជំងឺ​គ្រុ​នចាញ់​​ជាដើម នៅ​ពេល​ពលរដ្ឋ​មា​ន​ឱកាស​ធ្វើចំណាក​ស្រុក​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ស្រុក​របស់​ខ្លួន​នោះ។

សរុប​មក​វិញ អំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​​​​ គណៈ​កម្មាធិកា​រ​ជាតិ​សុវត្ថិ​ភាព​ចរាច​រណ៍​ផ្លូវ​គោក​គួររៀបចំ​​មុនករណី​គ្រោះ​ថ្នាក់​ចរាចរ​ណ៍​កើត​ឡើង​គឺ​ទី​១) គួរ​រឹត​បន្តឹង​ទៅ​អ្នក​បើក​បរ​ដោយ​មាន​លក្ខណៈ​ស្រវឹង​ចាប់​ផាក​ពិន័យ ​ដាក់​គុក​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង។

ទី​២) កាត់​បន្ថយ​ការ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជ​កម្ម​ស្រា និង​ស្រា​បៀរ​ដែល​ប្រកាស​ពីត្រូវ​រង្វាន់​ច្រើន​ពេក។

ទី​៣) ​បង្កើន​ថវិកាចំណាយ​បន្ថែម​ចំពោះ​កា​ររៀបចំ​ផ្សព្វផ្សាយ​សារ​អប់រំ​អំពី​ចរា​ចរ​ណ៍​តាម​កញ្ចក់​ទូរទស្សន៍​តាមកាសែតនិង​អន​ឡាញ​ដើម្បី​ជួយ​ទប់​ស្កាត់​ទាំង​អស់​គ្នាជា​ជាង​ចាំតែ​ស្រង់​តែ​ទិន្ន​ន័យ​គ្រោះ​ថ្នាក់​ចរាច​រណ៍ ​គ្មាន​សារ​អប់រំ​នោះ។

ទី​៤) ប្រសិន​បើ​កូន​មិន​ទាន់​ដល់​អាយុ​បើក​បរ​ឬក៏​មាន​ជំងឺ​ផ្លូវ​ចិត្ត ឪពុក​ម្តាយ​ត្រូវតែ​រក​អ្នកបើក​ឲ្យ​កូន​ទៅណា​​មក​ណា​នោះជា​ជាង​បុក​គេ​ស្លាប់​ហើយ​បាន​មក​បង្ហាញ​សមត្ថ​កិច្ច​ថា​កូន​មាន​រោគ​ចិត្ត​គឺ​វា​យឺត​ពេល​ទៅ​ហើយ៕

ចូល​រួម​ផ្តល់យោ​បល់​តាម​រយៈ ​soprach.tong@phnompenhpost.com