The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចរិត​ខ្មែរ

ចរិត​ខ្មែរ

Content image - Phnom Penh Post
ប្រាសាទ​អង្គរ​វត្ត​ ​ជា​ភ័ស្តុតាង​បង្ហាញ​ពី​ភាព​រុង​រឿង​នៃ​អាណា​ច​ក្រខ្មែរ។ ស្រេង ម៉េងស្រ៊ុន

ចរិត​ខ្មែរ

"ចរិត​ខ្មែរ" គឺជា​សៀវភៅ​ដែល​សរសេរ​ដោយ ប៊ុណ្ណ ចន្ទ​ម៉ុល ជា​អ្នក​ប្រឆាំង​នឹង​រាជា​និយម ប្រឆាំង​អាណា​និគម​បារាំង អ្នក​នយោបាយ​សាធា​រណរដ្ឋ និង​ជា​សមាជិក​ខ្មែរ​ឥស្សរៈ។ បោះពុម្ពផ្សាយ​ក្នុង​ឆ្នាំ ១៩៧៣ សៀវភៅ​នេះ​បាន​ពិពណ៌នា​អំពី​ការ​ដណ្តើម​អំណាច​ផ្ទៃ​ក្នុង​ក្នុង​នយោបាយ​កម្ពុជា និង​អាកប្ប​កិរិយា​មិន​ល្អ​របស់​អ្នក​នយោបាយ និង​មន្ត្រី​រាជការ​មួយ​ចំនួន​ក្នុង​អំឡុង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៤០ ដល់​ឆ្នាំ ១៩៧០។

ដើមឡើយ​ក្រុម​ឧទ្ទាម​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រជាជន ប៉ុន្តែ ក្រោយ​មក សមាជិក​មួយ​ចំនួន​នៃ​ខ្មែរ​ឥស្សរៈ​បាន​បង្កើន​អំណាច​របស់​ខ្លួន​ដល់​កម្រិត​ស្តេច​ត្រាញ់ និង​ប្រកាន់​និន្នាការ​តស៊ូ​ដណ្តើម​អំណាច​ដោយ​បង្ហូរ​ឈាម​យ៉ាង​ព្រៃផ្សៃ​ហើយ​អ្វីៗ​ទាំង​អស់​នេះ​ត្រូវ​បាន​លោក ប៊ុណ្ណ ចន្ទ​ម៉ុល អធិប្បាយ​ថា​ជា “ចរិត​ខ្មែរ”។

ថ្វីបើ​សៀវភៅ​នេះ​បាន​បំពេញ​គោលបំណង​របស់​អ្នកនិពន្ធ​ក៏ដោយ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ភាន់​ច្រឡំ​នៅ​ពេល​ដែល​គាត់​ដាក់​ចំណង​ជើង​សៀវភៅ​ជា​លក្ខណៈ​ទូទៅ​ថា ជា "ចរិត​ខ្មែរ" ព្រោះ​ថា គាត់​រៀបរាប់​តែ​ចំពោះ​អ្នក​នយោបាយ និង​មន្ត្រីរាជការ​មួយ​ចំនួន​ប៉ុណ្ណោះ។ បរិបទ​នៃ​សៀវភៅ​នេះ​គឺ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៤០ ដល់​ឆ្នាំ ១៩៧០ នៅ​ពេល​ដែល​កម្ពុជា​មិន​ដែល​ស្គាល់​ទាល់​តែ​សោះ​អ្វី​ទៅ​ដែល​ហៅថា សន្តិភាព​ជាប់​លាប់។

អាណា​និគម​និយម សង្គ្រាម​ឧទ្ទាម ការ​ដណ្តើម​អំណាច​ផ្ទៃ​ក្នុង គឺជា​អ្វី​ដែល​កម្ពុជា​ធ្លាប់​តែ​បាន​ស្គាល់​ដឹងឮ ហើយ​សង្គម​កម្ពុជា​មិន​ដែល​មាន​ឱកាស​អប់រំ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​របស់​ខ្លួន​ឡើយ​ក្នុង​រយៈពេល ៥ សតវត្សរ៍​នៃ​ភាព​វឹកវរ​គ្មាន​ទីបញ្ចប់។ ទន្ទឹម​នឹង​ការ​លើក​ឡើង​នូវ​រាល់​ចំណុច​អវិជ្ជមាន គាត់​ពុំបាន​វែក​ញែក​ទេ​ថា តើ​អ្វី​ទៅ​ដែល​ជា​ចរិត​ខ្មែរ​ដែល​យើង​គួរ​ប្រកាន់​យក។ នេះ​គឺជា​ប្រធាន​បទ​ដែល​ខ្ញុំ​ចង់​លើក​មក​ពិភាក្សា។

ជា​លក្ខណៈ​ប្រៀបធៀប​ខ្ញុំ​នឹកឃើញ​ដល់​កម្រិត​សីលធម៌​ដ៏​ខ្ពស់​របស់​ប្រជាជន​ជប៉ុន ដែល​សុខ​ចិត្ត​ឈរ​តម្រង់​ជួរ​យ៉ាង​វែង​ដើម្បី​ទិញ​អាហារ ដោយ​គ្មាន​ការ​ឆក់​ប្លន់ បំផ្លាញ​ហាង​ទំនិញ ឬ​ដំឡើង​ថ្លៃ​ទំនិញ នៅ​ក្រោយ​គ្រោះ​មហន្តរាយ​នៃ​រលក​យក្ស​ស៊ូណាមិ​នៅ​ឆ្នាំ ២០១១។

ជយលាភី​រង្វាន់​ណូបែល​លោក អាម៉ាធៀ សេន តែង​តែ​រំលេច​ជានិច្ច​ថា ការ​អភិវឌ្ឍ​ដ៏​អស្ចារ្យ​នៃ​សង្គម​ជប៉ុន គឺ​ដោយសារ​តែ​ការ​សម្រេច​បាន​នូវ​ការ​អប់រំ​ជា​មូលដ្ឋាន ដែល​ជប៉ុន​បាន​សម្រេច​នូវ​អក្ខរកម្ម​ជា​សកល​របស់​ប្រជាជន​ខ្លួន នៅ​រយៈកាល ៤០ ឆ្នាំ ក្រោយ​ពី​ការ​ចាប់ផ្តើម​បដិវត្តន៍​មេជិ នៅ​ឆ្នាំ ១៨៦៨។

នៅ​ក្នុង​អំឡុង​ពេល​នោះ ប្រទេស​កម្ពុជា​ទើប​តែ​បាន​ធ្លាក់​ក្រោម​អាណា​និគម​និយម​បារាំង​ហើយ​ការ​អប់រំ​មហាជន​មិន​មែន​ជា​គោល​បំណង​នៃ​អាណា​និគម​សោះ​ឡើយ។

ឥឡូវនេះ ប្រទេស​កម្ពុជា កំពុង​រីករាយ​នឹង​សន្តិភាព​ជាប់លាប់​យ៉ាង​ហោច​ណាស់​ក្នុង​រយៈពេល ២០ ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ប្រជាជន​កម្ពុជា​ភាគ​ច្រើន​មាន​ឱកាស​ទទួល​ការ​អប់រំ។

របាយ​ការណ៍​អង្កេត​សេដ្ឋកិច្ច​សង្គម​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០១៥ បង្ហាញ​ថា អត្រា​អក្ខរកម្ម​សម្រាប់​មនុស្ស​ពេញ​វ័យ​បាន​កើន​ឡើង​រហូត​ដល់ ៨០,៥%។ ថវិការដ្ឋ​សម្រាប់​វិស័យ​អប់រំ​បាន​ឈាន​ដល់ ៨៥០ លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ ២០១៨ ដែល​ស្មើ​នឹង ១ ភាគ ៤ នៃ​ថវិការដ្ឋ​សរុប។ រដ្ឋ​ក៏មាន​គោល​ដៅ​កសាង​វិទ្យាល័យ​នៅ​គ្រប់​ស្រុក អនុ​វិទ្យាល័យ​នៅ​គ្រប់​ឃុំ និង​សាលា​បឋម​សិក្សា​នៅ​គ្រប់​ភូមិ​ផង​ដែរ។

ខណៈពេលដែល​អត្រា​ចុះឈ្មោះ​ចូលរៀន​នៅ​កម្រិត​បឋមសិក្សា​ឈាន​ដល់ ៩៣,៥% សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ មាន​តែ ៥៥,៧% និង ២៥,១% ប៉ុណ្ណោះ ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​កម្រិត​អនុ​វិទ្យាល័យ និង​កម្រិត​វិទ្យាល័យ។ តួលេខ​ក៏​បង្ហាញ​ផង​ដែរ​ថា ប្រជាជន ២០,៧% មិន​មាន​ការ​អប់រំ ៣៦% មាន​ការ​អប់រំ​ខ្លះ​ហើយ​មាន​តែ ២២% ប៉ុណ្ណោះ​ដែល​បាន​បញ្ចប់​កម្រិត​បឋម​សិក្សា។ អ្នក​បញ្ចប់​កម្រិត​មធ្យ​ម​សិក្សា​មាន​ត្រឹម​តែ ១៦,៧% ប៉ុណ្ណោះ។

ទោះបី​ជា​ប្រទេស​កម្ពុជា​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​កសាង​ស្ថាប័ន​ក៏ដោយ ជាមួយ​នឹង​តួលេខ​ខាង​លើ​នេះ​ប្រទេស​កម្ពុជា​មាន​ហេតុផល​ជាច្រើន​ក្នុងការ​សង្ឃឹម​ថា "ចរិត​ខ្មែរ" នឹង​មិន​ដូច​អ្វី​ដែល​ធ្លាប់​មាន​ក្នុង​សម័យ​សង្គ្រាម និង​អ្វី​ដែល​បាន​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​ខាង​លើ​នោះ​ទេ។

ដូច្នេះ​តើ​អ្វី​ទៅ​ដែល​គួរ​ហៅថា “ចរិត​ខ្មែរ” ដែលជា​គុណ​តម្លៃ​ដែល​ប្រជាជន​កម្ពុជា​គួរ​ប្រាថ្នា​ចង់​បាន? តើ​អ្វី​ទៅ​ដែល​ជា​គុណ​តម្លៃ​ដែល​ជនជាតិ​ខ្មែរ​អាច​កំណត់​ហៅថា​ជា​អត្ត​សញ្ញាណ​រួមគ្នា​និង​ភាពជា​បងប្អូន? តើ​គុណ​សម្បត្តិ​ខ្មែរ​អ្វីខ្លះ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​គួរ​មាន​មោទនភាព​ក្នុង​ការ​រៀន​សូត្រ​តម្រង់​ទិស​របស់​ពួកគេ?

ពិតណាស់​មានគុណ​សម្បត្តិ​ជាច្រើន​នៃលក្ខណៈ​ខ្មែរ​ដែល​កម្ពុជា​អាច​ប៉ង​ប្រាថ្នា ដោយ​ការ​ក្រឡេក​ទៅ​មើល​សម័យ​អង្គរ នៅ​ពេល​ដែល​អាណា​ចក្រ​ខ្មែរ​បាន​ឈាន​ដល់​កម្រិត​កំពូល​នៃ​អរិយធម៌។ ខ្ញុំ​ចង់​លើក​ឡើង​នូវ​គុណ​សម្បត្តិ ៤ ដែល​ខ្ញុំ​គិត​ថា អាច​កំណត់​អត្ត​សញ្ញាណ​ប្រកប​ដោយ​គុណ​តម្លៃ​ខ្ពស់​នៃ​ចរិត​ខ្មែរ។ គុណ​តម្លៃ​ទាំង​នោះ​គឺ ទី១ មេត្តាធម៌ ភាព​អត់​ឱន និង​សប្បុរស​ធម៌ ទី២ គឺ​ការ​គោរព​បុព្វ​បុរស​និង​ចាស់ទុំ ទី ៣ គឺ​ភាព​ឧស្សាហ៍​ព្យាយាម​ការងារ​ជា​ក្រុម​និង​សាមគ្គី​ភាព និង​ទី៤ គឺ​ស្មារតី​ជា​អ្នក​ប្រយុទ្ធ

ខ្ញុំ​ហៅ​គុណ​តម្លៃ​ទាំងនេះ​ថា ជា គុណ​តម្លៃ​នៃ “ខ្មែរ​អ្នក​សាង​អង្គរ” និង “ខ្មែរ​ពូជ​អ្នក​ចម្បាំង​អង្គរ។ មេត្តាធម៌ ភាព​អត់​ឱន និង​សប្បុរស​ធម៌​គុណ​តម្លៃ​ទាំង​នេះ គឺជា​ធម៌​មួយ​នៅ​ក្នុង​ចំណោម “ព្រហ្ម​វិហារធម៌” ពោលគឺ មេត្តា ករុណា មុតិតា និង​ឧបេក្ខា។ មាន​ការ​ពន្យល់​ជាច្រើន​ទៅ​លើ​អត្ថន័យ​នៃ​ព្រហ្ម​មុខ ៤ នៅ​ប្រាសាទ​បាយ័ន ហើយ​ក្នុង​នោះ​ដែរ ក៏មាន​ការ​លើក​ឡើង​ថា មុខ ៤ នេះ​គឺ​តំណាង​ឲ្យ​គុណ​តម្លៃ​ព្រហ្ម​វិហារធម៌​របស់​ព្រះមហា​ក្សត្រ​ជាទី​សក្ការៈ​របស់​ខ្មែរ។

ឧទាហរណ៍​ជាក់ស្តែង​នៃ​ការអនុវត្ត​ធម៌​ទាំងនេះ ក៏មាន​សម្បូរបែប​ផងដែរ​នា​សម័យ​បច្ចុប្បន្ន។ ទោះបី​ជា​កម្ពុជា​ធ្លាប់​នៅ​ក្រោម​អាណា​និគម​បារាំង​ជិត ១ សតវត្សរ៍ ហើយ​រង​គ្រោះ​ពី​ការ​ទម្លាក់​គ្រាប់​បែក​យ៉ាង​ធ្ងន់ធ្ងរ​ពី​អាមេរិក​ក្តី​ក៏​ប្រជាជន​ខ្មែរ​មិន​មាន​គំនុំ​គុំ​កួន​ជាមួយ​នឹង​ជន​ជាតិ​បារាំង និង​អាមេរិក​ដែរ។

ការណ៍​ដែល​ប្រជាជន​ខ្មែរ​អាច​រស់-នៅ​ដោយ​សុខដុម​ជាមួយនឹង​កង​ឧទ្ទាម​ខ្មែរ​ក្រហម ដោយ​ទុក​នូវ​អតីត​កាល​នៃ​ភាព​ឃោរ​ឃៅ និង​សង្គ្រាម​ផ្ទៃ​ក្នុង​មួយ​ឡែក គឺជា​សក្ខីភាព​នៃ​កម្រិត​អត់ឱន​ដ៏​ខ្ពស់​ក្រៃ​លែង​របស់​ប្រជាជន​ខ្មែរ។ ការ​រួម​រស់​ជាមួយ​គ្នា​ដោយ​សន្តិភាព​នេះ​ហើយ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​សន្តិភាព នាពេល​បច្ចុប្បន្ន ដែល​ពិបាក​នឹង​អាច​កើត​មាន​ឡើង​នៅ​ក្នុង​សង្គម​នានា​នៅ​លើ​ពិភពលោក​ដែល​បាន​ឆ្លង​កាត់​នូវ​ប្រវត្តិ​ជម្លោះ​ផ្ទៃ​ក្នុង​ដ៏​យូរ​អង្វែង។

ការគោរព​បុព្វបុរស និង​ចាស់ទុំ

មិត្តភក្តិ​ពី​បស្ចិមប្រទេស​បាន​យំ​ខ្សឹ​កខ្សួល​នៅពេលដែល​បាន​ចូលរួម​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ទៅ​គោរព​ផ្នូរ​ដូន​តា។ គាត់​បាន​និយាយ​ថា ប្រជាជន​ខ្មែរ នៅ​តែ​គោរព​ដល់​ឪពុក​ម្តាយ​របស់​ខ្លួន ទោះបី​គាត់​លា​ចាក​ឋាន​ក្តី ដែល​ខុស​ពី​រូប​គាត់​ដែល​គាត់​ត្រូវ​រស់​នៅ​ឯកោ​ដោយ​គ្មាន​ការ​ថែទាំ​ពី​កូនចៅ។ ចំណង​គ្រួសារ និង​ការ​គោរព​ចំពោះ​ចាស់ទុំ​ឪពុក​ម្តាយ​និង​បុព្វ​បុរស​នៅ​តែ​ចាក់​ឫស​គល់​យ៉ាង​ជ្រៅ​នៅ​ក្នុង​វប្បធម៌​និង​ប្រពៃណី​ខ្មែរ​បើ​ទោះបី​ជា​មាន​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​និង​ទំនើបកម្ម​សង្គម​ក៏ដោយ។

បើ​គ្មាន​គុណ​តម្លៃ​នេះ​ទេ ចំណេះដឹង​ប្រពៃណី និង​ជំនាញ​សិល្បៈ​ផ្សេងៗ នឹង​មិន​អាច​ត្រូវ​បាន​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​បាន​ឡើយ។ ការ​ពូន​ជ្រុំ​នូវ​បទពិសោធ​បច្ចេកទេស​ក៏​មិន​អាច​កើត​ឡើង​ដូចគ្នា។ នៅ​រាល់​ពេល​មុន​ការ​ចាប់​ផ្តើម​សម្តែង​វប្បធម៌​ខ្មែរ យើង​តែង​តែ​សង្កេត​ឃើញ​មាន​ពិធី​តូច​មួយ​ដើម្បី​រំឭក​គុណ​ដល់​បុព្វ​បុរស។ ភាព​ឥត​ខ្ចោះ​និយម និង​ការ​ទាមទារ​ភាព​ប្រណីត នៅ​លើ​តួ​ប្រាសាទ​បន្ទាយ​ស្រី របាំ​ព្រះរាជ​ទ្រព្យ​ដ៏​ស្រស់​ត្រកាល និង​ទម្រង់​សិល្បៈ​ខ្មែរ​ផ្សេង​ទៀត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក គឺ​មិន​មែន​ជា​ទម្រង់​ដែល​អាច​បង្កើត​ឡើង​ក្នុង​មួយ​ជំនាន់​មនុស្ស​នោះ​ទេ។

គុណ​តម្លៃ​នេះ កើតឡើង​ពី​ការដែល​ប្រជាជន​ខ្មែរ​ការពារ និង​គោរព​នូវ​សមិទ្ធផល​អតីត​កាល ទន្ទឹម​គ្នា​នឹង​ការ​បន្ត​ស្ថាបនា​កសាង​ជាតិ និង​ការ​បន្ត​ទាមទារ​ភាព​ល្អ​ឥត​ខ្ចោះ។

ពី​ការដាក់​បន្តុប​ដុំថ្មធំៗពី ១ ដុំ​ទៅ ១ ដុំ ទៅក្នុង​ទម្រង់​ស្ថាបត្យកម្ម រហូត​ដល់​ការ​ឆ្លាក់​រចនា​លើ​ប្រាង្គ​ប្រាសាទ​អង្គរវត្ដ និង​ប្រាសាទ​នានា ការងារ​ទាំង​នេះ នឹង​មិន​អាច​សម្រេច​បាន​ឡើយ​ប្រសិន​បើ​គ្មាន​ចំណង​នៃ​បច្ចេកទេស​បន្តវេន និង​ការ​បន្ត​នូវ​សេចក្តី​ប៉ង​ប្រាថ្នា និង​ផែនការ​របស់​បុព្វ​បុរស ព្រោះ​ថា ប្រាសាទ​ខ្លះ​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​ព្រះមហា​ក្សត្រ​ជាច្រើន​អង្គ។

ភាព​ឧស្សាហ៍​ព្យាយាម ការងារ​ជា​ក្រុម​និង​សាមគ្គីភាព

គុណ​តម្លៃ​នេះ គឺពាក់ព័ន្ធ​នឹង​គុណតម្លៃ​ខាងលើ។ ការទទួល​បន្ត​នូវ​ជំនាញ​បច្ចេកទេស​គឺមាន​ភាព​ត​ភ្ជាប់​ទៅ​នឹង​ភាព​ឧស្សាហ៍​ព្យាយាម ការងារ​ជា​ក្រុម​និង​សាមគ្គី​ភាព​របស់​ប្រជាជន​ខ្មែរ។

កំហុសឆ្គង​តែមួយ​នៃ​ការ​ឆ្លាក់ អាចធ្វើ​ឲ្យ​ខូចខាត​ដល់​ចម្លាក់​ទាំងមូល​នៅ លើ​ថ្ម​ដែល​បាន​បន្តុប​រួច​ហើយ។ ការ​ឆ្លាក់​ដ៏​សែន​ជ្រៅ​នៅ​លើ​ប្រាសាទ​បន្ទាយ​ស្រី គឺជា​ភាព​ល្អ​ឥត​ខ្ចោះ​ដែល​កើត​ចេញ​ពី​ភាព​ឧស្សាហ៍​ព្យាយាម​ក្រៃ​លែង។ ប្រាសាទ​មួយ​ដែល​ត្រូវ​បាន​សាង​ឡើង​ក្នុង​រយៈពេល ២០ ទៅ ៣០ ឆ្នាំ មានន័យ​ថា ទាមទារ​ដាច់​ខាត​ឲ្យ​មាន​ការ​ពង្រឹង​ការងារ​ជា​ក្រុម​និង​សាមគ្គីភាព។ បើ​មិន​ដូច្នេះ​ទេ គេ​មិន​អាច​រក្សា​បាន​នូវ​ការងារ​សាង​សង់​ដ៏​យូរ​អង្វែង​នៃ​ប្រាសាទ​នីមួយៗ​បាន​ឡើយ ហើយ​ក៏​មិន​អាច​រក្សា​នូវ​សង្គតិភាព​នៃ​រចនា​ប័ទ្ម និង​ទ្រង់ទ្រាយ​នៃ​ស្ថាបត្យ​កម្ម​បាន​ដែរ។

ស្មារតី​ប្រយុទ្ធ

គេ​តែងតែ​យកគុណ​តម្លៃ​នេះ​ទៅ​ពិភាក្សា​ក្នុងន័យ​អវិជ្ជមាន ដោយ​សំអាងថា “ខ្មែរ​ពូជ​អ្នក​ចម្បាំង” គឺជា​ដើម​ហេតុ​នៃ​ជម្លោះ​ផ្ទៃ​ក្នុង​ឥត​ឈប់​ឈរ។ ការ​លើក​ឡើង​បែប​នេះ​គឺ​មិន​ត្រឹម​ត្រូវ​ទេ ព្រោះ​ថា “អ្នក​ចម្បាំង​អង្គរ” គឺជា​បរិបទ​ដែល​បង្ហាញ​ពី​ការ​តស៊ូ​ប្រយុទ្ធ​របស់​ប្រជាជន​ខ្មែរ​ប្រឆាំង​នឹង​បរទេស​ឈ្លាន​ពាន ពុំមែន​សំដៅ​លើ​ការ​ប្រយុទ្ធ​រវាង​ខ្មែរ នឹង​ខ្មែរ​នោះ​ទេ។ ចម្លាក់​នៅ​លើ​ប្រាសាទ​បាយ័ន​ក៏​ស្តែង​យ៉ាង​ច្បាស់​អំពី​គំរូ​វីរភាព និង​អំណាច​ខ្លាំង​ក្លា​នៃ​អ្នក​ចម្បាំង​អង្គរ​ប្រឆាំង​នឹង​កម្លាំង​បរទេស។

សូម្បី​តែ​តួអង្គ​វីរបុរស​ក្នុង​ព្រេង​និទាន​ដូចជា​ឧកញ៉ា​ឃ្លាំង​មឿង ជាដើម ក៏​ជា​និមិត្ត​រូប​នៃ​ស្មារតី​ប្រយុទ្ធ​របស់​ប្រជាជន​ខ្មែរ​ដែរ។

ជាជាង​ការចុះ​ញ៉ម មេទ័ព​ក្នុង​ព្រេង​និទាន​ម្នាក់នេះ​សុខចិត្ត​សម្លាប់ខ្លួន​ដើម្បី​ប្រមូល​ទ័ព​ខ្មោច​គាំទ្រ​ដល់​កងទ័ព​ខ្មែរ ដើម្បី​បង្ក្រាប​បរទេស​ឈ្លាន​ពាន។ នេះ​គឺជា​ភាព​ខ្លាំង​នៃ​ស្មារតី​ប្រយុទ្ធ​របស់​ខ្មែរ​នា​សម័យ​បុរាណ ដែល​ស្រដៀង​គ្នា​នឹង​ស្មារតី​សាមូរ៉ៃ​របស់​ជប៉ុន​ដែល​សុខចិត្ត​ស្លាប់​ដោយ​កិត្តិយស​ជា​ជាង​ការ​ទទួល​បរាជ័យ។ ស្មារតី​ប្រយុទ្ធ​ក្នុងការ​ការពារ​អធិបតេយ្យ​ភាព ឯករាជ​ភាព និង​បូរណភាព​ទឹកដី គឺ​នៅ​បន្ត​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

នៅក្នុង​សម័យ​ទំនើប ការប្រយុទ្ធ​គឺ​មិនមែន​សំដៅលើ​សង្គ្រាម​នោះទេ ប៉ុន្តែ គឺ​សំដៅ​លើ​ការ​ប្រកួត​ប្រជែង​លើ​ការ​រីក​ចម្រើន​នៃ​ចំណេះ​ដឹង និង​ទំនើប​កម្ម​សេដ្ឋកិច្ច។ ស្មារតី​ប្រយុទ្ធ​របស់​ខ្មែរ​គួរ​តែ​អាច​ត្រូវ​បាន​កែ​សម្រួល ទៅ​ក្នុង​បរិបទ​ថា តើ​ប្រជាជន​ខ្មែរ​ប្រកួត​ប្រជែង​ខ្លាំង​ប៉ុន​ណា​នៅ​ក្នុង​តំបន់ និង​ពិភពលោក នៅ​លើ​សូចនាករ​ប្រកួត​ប្រជែង​លើ​ការ​អភិវឌ្ឍ​ជា​វិជ្ជមាន។

ការពិភាក្សា​ខាងលើ​គឺជា​ការព្យាយាម​សាកល្បង​ពិភាក្សា​លើ​គំរូ​នៃ “ចរិត​ខ្មែរ” សម្រាប់​ខ្មែរ​ជំនាន់​ក្រោយ។ នៅ​ពេល​ដែល​យើង​បាន​ស្តាប់ឮ​នូវ​រាល់​ឥរិយាបថ​មិន​ល្អ​ដែល​ត្រូវ​ចៀស​វាង យើង​ក៏ត្រូវ​ពិភាក្សា​ផងដែរ​ថា តើ​អ្វី​ទៅ​ដែល​ជា​ឥរិយាបថ​ត្រឹមត្រូវ​ល្អ​ប្រពៃ​ដែល​ប្រជាជន​ខ្មែរ​គួរ​អនុលោម​តាម​និង​កសាង​ខ្លួន។ យើង​ទាំង​អស់​គ្នា​គួរ​បញ្ឆេះ​ឡើង​វិញ​នូវ​ស្មារតី​នៃ “ខ្មែរ​អ្នក​សាង​អង្គរ” និង “ខ្មែរ​ពូជ​អ្នក​ចម្បាំង​អង្គរ” ដើម្បី​អនាគត​របស់​កម្ពុជា​ដែល​មាន​សន្តិភាព​ជាប់​លាប់ និង​វិបុល​ភាព​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់​រូប៕

ដោយ ស៊ឹម វីរៈ, ភ្នំពេញ

អត្ថបទគួរចាប់អារម្មណ៍