
រឿង ម្តាយ និងកូនដូចក្បូន និងទឹករាល់ពេលព្រឹក ល្ងាច យប់តែងតែរាវរកគ្នា ជាពិសេសទារកដែលទើបតែនឹងកើត ដែលស្ទើរតែមិនហ៊ានធ្មេចភ្នែកផង បើទោះជាងងុយដេក ឬក៏អស់កម្លាំងយ៉ាងណាក៏ដោយ។ អ្នកម្តាយគ្រប់ៗរូប ទម្រាំសម្រាលបានកូនចេញពីផ្ទៃពោះមួយៗ មានការលំបាកខ្លាំងណាស់ដែលបុរសមួយចំនួនធំមិនបានដឹង គឺចាប់តាំងពីមានគភ៌ក្នុងពោះមកម្តាយចាប់ផ្តើមចាញ់កូន «ក្អួត» រាល់ព្រឹក ម្តាយមិនហ៊ានហូបអ្វីផ្តេសផ្តាសទេ សូម្បីតែការប្រើប្រាស់ ថ្នាំពេទ្យក៏មានការប្រយ័ត្នប្រយែងដែរ ហើយក៏មិនហ៊ានដើរហើរទៅណាមកណាស្រួលដូចមនុស្សធម្មតាទេ ព្រោះខ្លាចប៉ះពាល់ទារកក្នុងផ្ទៃ ដែលអាចរលូត ឬក៏អាចកូនកើតមកមានសភាពខុសពីប្រក្រតី។
រហូតមកដល់ពេលសម្រាលទៀត ក៏ម្តាយរឹតតែមានការប្រុងប្រយ័ត្ន គឺស្រ្តីអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់បំផុត អាចមានការធ្លាក់ឈាមខ្លាំងខុសពីធម្មតា ដែលបណ្តាលឲ្យស្លាប់បាន ឬក៏ងាយនឹងឆ្លងជំងឺផ្សេងៗ ឯទារកវិញក៏ប្រឈមមុខនឹងគ្រោះថ្នាក់ដូចគ្នាដែរ បើការសម្រាលនោះមិនត្រឹមត្រូវតាមក្បួនខ្នាត។ តែនៅពេលដែលទារកបានកើតចេញមកហើយរស់ មានសុខភាពល្អធម្មតា មានអវយវៈគ្រប់គ្រាន់គួរឲ្យស្រឡាញ់ បែរជាបានឃើញតែមួយភ្លេតរួចហើយទារកនោះត្រូវបានគេលួចយកទៅបាត់ទៅវិញ គឺធ្វើឲ្យម្តាយ និងក្រុមគ្រួសារមានការរន្ធត់ចិត្តជាខ្លាំង ដែលសោកនាដកម្ម និងវិប្បដិសារីមិនអាចបំភ្លេចបានទេនៅក្នុងជីវិត នៅតែយំសោកបោកខ្លួនដូចសត្វអកអ៊ីចឹង។ ស្រ្តីជាម្តាយអាចប្រឈមនឹងជំងឺម្យ៉ាងដែលខ្មែរហៅថា «ទាស់សរសៃខ្ចី» ឬក៏អាចមានជំងឺវិកលចរិត ដូចកេងកងបាត់កូន ដែលលោកស្រី រស់ សេរីសុទ្ធា ត្អូញត្អែរទុក្ខសោកនៅក្នុងបទចម្រៀងរបស់គាត់នោះ អ៊ីចឹង ពីព្រោះករណីនេះ ខុសពីការស្លាប់របស់ទារក ដែលម្តាយបានអស់ចិត្តបានឃើញស្លាប់ជាមួយនឹងហេតុផលជាក់ស្តែង។
ដូចកាលពីសប្តាហ៍មុននេះ មានករណីស្រ្តីលួចទារកពីម្តាយដែលមានអាយុទើបតែ ១៨ឆ្នាំ ដែលទើបតែឆ្លងទន្លេបានមួយថ្ងៃ បានកូនដំបូងប្រុសផងនោះ នៅមន្ទីរពេទ្យបង្អែក មានជ័យ រាជធានី ភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលមាតាបិតាពេញមួយរាជធានី ដែលបង្ហាញពីភាពធ្វេសប្រហែស និងអសុវត្ថិភាពក្នុងការការពារទារកដែលទើបនឹងកើតនៅតាមមន្ទីរពេទ្យ រដ្ឋ និងគ្លីនិកឯកជន។ បើទោះបីជាករណីលួចទារកនៅតាមមន្ទីរពេទ្យរដ្ឋ ឬក៏គ្លីនិកឯកជន កើតមានឡើងដោយកម្រក៏ដោយ តែការប្រព្រឹត្តបែបនេះមិនមែនជាការបាត់របស់របរ សម្ភារប្រើប្រាស់ទេ គឺជាការបាត់បង់មនុស្សជាទីស្រឡាញ់ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ម្តាយឪពុកគ្រប់ៗរូប។
ជាងនេះទៅទៀតសម័យនេះទៅហើយ វាមិនមែនជាការបែកគ្នាដោយចៃដន្យ ដូចជា ព្រឹត្តិការណ៍កាលពីសម័យ លន់ នល់ ក៏ដូចជា សម័យ ប៉ុល ពត ហើយក៏បែកគ្នាបន្ទាប់ពីសម័យ ប៉ុល ពត ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាច្រើនគ្រួសារព្រាត់ប្រាសកូនចៅ ប្តីប្រពន្ធគ្នា បង្កជាការយំសោកពេញផ្ទៃប្រទេសនោះទេ។
កន្លងមក ក្រសួង សុខាភិបាល ប្រឹងប្រែងធ្វើកំណែទម្រង់យ៉ាងច្រើនដើម្បីកាត់បន្ថយអត្រាស្លាប់ម្តាយ និងកុមារ។ នៅឆ្នាំ ២០០៥ អត្រាស្លាប់ម្តាយ ៤៧២ នាក់ក្នុងចំណោមកុមារកើតរស់ ១០ ម៉ឺននាក់ នៅឆ្នាំ ២០១០ អត្រានេះបានធ្លាក់មកត្រឹម ២០៦ នាក់ ក្នុងចំណោមកុមារកើតមករស់ ១០ ម៉ឺននាក់ ចំណែកអត្រាស្លាប់របស់ទារកវិញក៏មានការធ្លាក់ចុះច្រើនដែរគឺ អត្រាទារកស្លាប់ ៦៦ នាក់ក្នុងទារក ១ ពាន់នាក់នៅឆ្នាំ ២០០៥ ថយចុះមកត្រឹម ៤៥ នាក់នៃទារក ១ ពាន់នាក់ នៅឆ្នាំ ២០១០ (CDHS, 2005 & 2010)។ នេះគឺជាជោគជ័យមួយដ៏ធំធេងរបស់រាជរដ្ឋាភិបាល ចំពោះសូចនាករ ២ ក្នុងចំណោមសូចនាករ ៩ នៃគោលដៅសហស្សវត្យរ៍របស់កម្ពុជាឆ្នាំ ២០១៥ (CMDG 2015)។ តែការគ្រប់គ្រងនៅតាមបណ្តាមន្ទីរពេទ្យក្តី មណ្ឌលសុខភាពក្តី មួយចំនួនធំគឺនៅមានភាពរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់ មានតាំងពីរបៀបរបបធ្វើការនៅមានការយឺតយ៉ាវ គ្រូពេទ្យមិនសូវចេះទទួលរាក់ទាក់អ្នកជំងឺ ដែលជាហេតុនាំឲ្យអ្នកជំងឺមួយចំនួនសុខចិត្តឆ្លងដែនយកលុយឲ្យ ពេទ្យ ថៃ ឬវៀតណាម ជាដើម។
ចំពោះភ្ញៀវមកសួរសុខទុក្ខ អ្នកជំងឺ និងអ្នកមកថែទាំអ្នកជំងឺ គឺចេញចូលដោយសេរី។ ការគ្មានវិន័យបែបហ្នឹងហើយ បានធ្វើឲ្យជនឱកាសនិយម ឆ្លៀតឱកាសចូលក្នុងមន្ទីរពេទ្យដើម្បីបន្លំធ្វើជាអ្នកមកសួរសុខ ទុក្ខអ្នកជំងឺ មកលួចសម្ភារពីអ្នកជំងឺ និងអ្នកមកកំដរអ្នកជំងឺ ដូចជា៖ ទូរស័ព្ទ កាបូបលុយ និងគ្រឿងអលង្ការផ្សេងៗ ហើយឈានដល់ចូលលួចទារកទៀត។ ភាពអសកម្មទាំងនេះធ្វើឲ្យមិនទុកចិត្តពីអតិថិជនចំពោះសេវា សាធារណៈ។
បន្ទាប់ពីបាត់បង់ទារកភ្លាមៗកាលពីសប្តាហ៍មុននេះ មានមតិរបស់ប្រជាពលរដ្ឋចំពោះហេតុផលខុសៗគ្នា ក្នុងការលួចទារកដ៏សែនអាក្រក់បែបនេះ ទោះបីវាមិនមែនជាសកម្មភាពហិង្សាសាហាវព្រៃផ្សៃក៏ដោយខ្លះលើកឡើងថា គេយកទៅចិញ្ចឹមខ្លួនគេ ខ្លះទៀតថា អ្នកលួចនោះត្រូវគេជួលយកមកចិញ្ជឹមក្នុងគ្រួសារដែលរៀបការ ច្រើនឆ្នាំហើយអត់មានកូន ខ្លះទៀតមកលួចដើម្បីធ្វើអាជីវកម្មខ្លួនឯងគឺបីទារកដើរ សុំទានភ្ញៀវបរទេសនៅតាមមាត់ទន្លេ ខ្លះទៀតថាចិញ្ចឹមទុកលក់បន្តទៀត ឬក៏ចិញ្ចឹមទុកលក់ក្រលៀន ជាដើម។ល។
ហេតុដូចនេះហើយ រាជរដ្ឋាភិបាល និងសេវាគ្លីនិកឯកជនទាំងអស់គួរចាត់វិធានការជាបន្ទាន់ដើម្បីលុបបំបាត់អំពើអមនុស្សធម៌បែបនេះចេញពីសង្គមរបស់យើងតាមរយៈវិធាន ការខ្លះៗដូចខាងក្រោម៖
១-តាមផ្លូវច្បាប់៖ បើចាប់បានអ្នកលួចទារកបែបនេះ គឺកាត់ទោសឲ្យបានធ្ងន់ធ្ងរ ពីព្រោះការលួចកូន មិនមែនដូចការលួចម៉ូតូ ទូរស័ព្ទទំនើបៗនោះទេ គឺអាចចោទប្រកាន់ជនល្មើសតាមច្បាប់ប្រឆាំងនឹងការជួញដូរមនុស្សបាន។ ដូចស្ត្រីដែលបានលួចទារកនៅមន្ទីពេទ្យបង្អែក មានជ័យ នេះ ចាប់បានពីរថ្ងៃបន្ទាប់ហើយ នៅប៉ុស្តិ៍ប៉ូលិសសង្កាត់ ទឹកថ្លា សមត្ថកិច្ចកំពុងតែកសាងសំណុំរឿងទៅតុលាការកាត់ទោសតាមផ្លូវច្បាប់។
២-មន្ទីរពេទ្យរដ្ឋ និងគ្លីនិកសម្ភពឯកជន៖ គួរពង្រឹងសុវត្ថិភាពអង្គភាពរបស់ខ្លួនតាមវិធានការ ដូចខាងក្រោម៖
- ត្រូវមានការត្រួតពិនិត្យឲ្យបានតឹងរ៊ឹងរាល់ភ្ញៀវចេញចូលមន្ទីរពេទ្យ ឬក៏គី្លនិកឯកជន គឺត្រូវកត់ត្រាឈ្មោះ និងលេខអត្តសញ្ញាណប័ណ្ណ ឬក៏កាតមន្ត្រីរាជការ ហើយកក់ទុកនៅប៉ុស្តិ៍យាមច្រកចេញចូល រួចហើយពេលចេញសឹមសងកាតវិញ។
- ត្រូវពិនិត្យប័ណ្ណបញ្ជាក់ចេញចូលត្រឹមត្រូវចំពោះស្រ្តី ឬបុរសណាមួយដែលបីទារកចេញពីមន្ទីរពេទ្យក្តី មណ្ឌលសុខភាពក្តីឬក៏ពីគ្លីនិកឯកជនក្តី បើទោះបីជាមកទទួលថ្នាំបង្ការក៏ត្រូវបង្ហាញប័ណ្ណលឿងរបស់កុមារនោះដែរ។
- ត្រូវបំពាក់កាមេរ៉ា និងសញ្ញាអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាព ប្រចាំថ្ងៃទាំងអស់ដើម្បីទុកផ្តល់ទិន្នន័យទៅសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតប្រសិនបើមានករណីបទឧក្រិដ្ឋណាមួយកើតមានឡើងនៅទីនោះ។
- ត្រូវកំណត់ចំនួនភ្ញៀវដែលចូលមកសួរសុខទុក្ខអ្នកជំងឺម្តងៗ និងអ្នកមកសម្រាកថែទាំអ្នកជំងឺ ដើម្បីកុំឲ្យមានភាពរញ៉េរញ៉ៃ និងជាការបង្ការចំពោះជនឱកាសនិយមមានបំណងលួច។ ការដែលបន្ថយចំនួនសាច់ញាតិដែលមកសួរសុខទុក្ខក៏អាចជាវិធានការជួយកុំឲ្យមានរោគឆ្លងពីអ្នកជំងឺទៅភ្ញៀវផងដែរ។
- ត្រូវបង្កើតសេវាបង់ថ្លៃសមរម្យចំពោះការងូតទឹកឲ្យទារកជា លក្ខណៈឯកជន។ បច្ចុប្បន្ននៅគ្លីនិកឯកជនខ្លះ មានគ្រូពេទ្យងូតទឹកឲ្យទារកនៅក្នុងបន្ទប់របស់ម្តាយសម្រាកតែ ម្តងដើម្បីឲ្យអ្នកម្តាយ និងក្រុមគ្រួសារប្រាកដថា កូនជាទីស្រឡាញ់របស់ខ្លួនគឺស្ថិតនៅជាមួយគាត់ជានិច្ច។
៣- ម្តាយឪពុក ឬក្រុមគ្រួសាររបស់ទារក៖ ត្រូវប្រយ័ត្នប្រយែងគ្រប់ពេលវេលានៅមន្ទីរពេទ្យ ឬក៏នៅគ្លីនិកឯកជនចំពោះការថែទាំ និងការការពារទារក មិនត្រូវទុកចិត្តអ្នកដទៃដែលមិនស្គាល់សោះ មកសុំព ឬក៏យកទៅងូតទឹកឲ្យនោះទេ។ បើទោះបីជានៅពេលគ្រូពេទ្យយកកូនទៅងូតឲ្យ ក៏ដោយក៏តាមមើលជាប់ជានិច្ច ដើម្បីឲ្យច្បាស់ថា ការចាកចេញពីមន្ទីរពេទ្យរដ្ឋ ឬក៏គ្លីនិកឯកជនថា ទារកនោះជាកូនរបស់ម្តាយពិតប្រាកដ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com