The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចូល​ឆ្នាំ​ចិន​ក្រៅ​ពី​ទៀន​ធូប ​អគ្គិសនី​ជា​កត្តា​ចម្បង​បង្ក​អគ្គិភ័យ

ចូល​ឆ្នាំ​ចិន​ក្រៅ​ពី​ទៀន​ធូប ​អគ្គិសនី​ជា​កត្តា​ចម្បង​បង្ក​អគ្គិភ័យ

ខ្សែ​ភ្លើង​ដែល​មាន​ភាព​រញ៉េរញ៉ៃ តាម​ដង​ផ្លូវ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។
ខ្សែ​ភ្លើង​ដែល​មាន​ភាព​រញ៉េរញ៉ៃ តាម​ដង​ផ្លូវ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ។ ហេង ជីវ័ន

ចូល​ឆ្នាំ​ចិន​ក្រៅ​ពី​ទៀន​ធូប ​អគ្គិសនី​ជា​កត្តា​ចម្បង​បង្ក​អគ្គិភ័យ

ដោយ​សារ​តែ​ថ្មីៗ​នេះ ភាគ​ច្រើន​ឫសគល់​នៃ​បញ្ហា ដែល​នាំ​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ ក្លិប​កម្សាន្ត ឬ​ក៏​អគារ​បាន​នោះ​គឺ​ទុស្សេ​ខ្សែ​ភ្លើង ហើយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​បាន​នៅ​ពេល​ណា​ដែល​សង្គ្រោះ​មិន​បាន​ទាន់​ពេល​វេលា។

ដូច​ជា នៅ​ក្នុង​ខែ​នេះ​ករណី​ភ្លើង​ឆេះ​ផ្ទះ​ជួល​ឲ្យ​កម្មករ​នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ អគ្គិភ័យ​ឆេះ​អគារ​បាលីរីស្ស​នៅ​ត្រើយ​ម្ខាង​ជ្រោយ​ចង្វារ រីឯ​នៅ​មេមត់ ខេត្ត​ត្បូង​ឃ្មុំ ក៏​មាន​ភ្លើង​ឆេះ​ផ្ទះ​ដោយ​សារ​តែ​ទុស្សេ​ខ្សែ​ភ្លើង​ផង​ដែរ ដែល​នៅ​ទីនោះ​ក៏មាន​ខ្វះ​ខាត ដូច​លោក​អធិការ​ស្រុក​បាន​ស្នើ​សុំ​ទៅ​ស្នង​ការ​ខេត្ត​ឲ្យ​ជួយ​អន្តរាគមន៍ សូម្បី​តែ​រថយន្ត​អគ្គិភ័យ​ក៏​គ្មាន​ដែរ ហើយ​ទៅ​ស្នើ​សុំ​ខ្ចី​ឡាន​ទឹក​ពី​ក្រុម​ហ៊ុន​ឯកជន​ចម្ការ​កៅស៊ូ​មក​បាញ់​ដែរ ព្រោះ​ដោយ​សារ​តែ​ឡាន​ទឹក​គេ​ទុក​ច្រើន​នៅ​ភ្នំពេញ ដើម្បី​ទុក​គ្រាន់​បង្ក្រាប​បាតុកម្ម​ទេ?

ម្យ៉ាង​វិញ​ទៀត ការ​ទុស្សេ​ខ្សែ​ភ្លើង​ខ្លះ​ក៏​បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស ដូច​ករណី​ឆ្នាំ​ទៅ ឆេះ​ក្នុង​បន្ទប់​កន្លែង​ធ្វើការ​ដោយ​សារ​ការ​បើក​កុំព្យូទ័រ​ចោល​ក្តៅ​ឆ្លង​ភ្លើង​រលួយ​ខ្សែ​ធ្វើ​ឲ្យ​ឆាប​ឆេះ​ភ្លាមៗ ហើយ​ជា​ពិសេស​ផ្ទះ​ខ្លះ​នៅ​ពេល​ដែល​មន្ត្រី​នគរបាល បាន​លក់​ហ្គាស​ការពារ​អគ្គិភ័យ​តាម​ផ្ទះ​ដែល​ជា​តម្រូវ​ការ​ចាំបាច់ ១ បំពង់​តម្លៃ​តែ ៣០ ដុល្លារ នាំ​គ្នា​ស្រែក​ថា​ថ្លៃ​ណាស់​ពេល​ខ្លះ​នាំ​គ្នា​មិន​ខ្ចី​ទិញ​វា​ទៀត។ តែ​ដល់​ពេល​ភ្លើង​ឆេះ​ផ្ទះ​ម្តងៗ រៀបរាប់​ប្រាប់​គេ​ប្រាប់​ឯង​ថា មាន​ឆេះ​តាំង​ពី​មេ​មាន់​កំពុង​តែ​ក្រាប​ក៏រាប់​បញ្ចូល​ដែរ សរុប​ជា​ទឹក​ប្រាក់​អស់​រាប់​ម៉ឺន​ដុល្លារ ឬ​ក៏​មាន​ដល់​រាប់​លាន​ក៏​មាន​ដែរ។

ដូច​ពាក្យ​ចាស់​លោក​ថា៖ «សូវ​លិច​ទូក​កណ្តាល​ទន្លេ កុំ​តែ​ភ្លើង​ឆេះ​ផ្ទះ!» បើ​នៅ​ទីក្រុង វា​ក្លាយ​ទៅ​ជា​ទម្លាប់​ទៅ​ហើយ ជន​រង​គ្រោះ​ដោយ​សារ​ភ្លើង​ឆេះ​ផ្ទះ ឲ្យ​តែ​មាន​ជញ្ជូន​អីវ៉ាន់​ចេញ​មក​ក្រៅ​បាន​ហើយ បើ​គ្មាន​អ្នក​ចាំ​មើល​ទេ គឺ​មាន​តែ​អ្នក​ជួយ​យក​បន្ត​ទៅ​បាត់​គឺ​ក្រុម​ជន​ឆក់​ឱកាស​ហ្នឹង ឲ្យ​ប្រហែស​គឺដឹង​តែ​បាត់​ហើយ​ក្លាយ​ទៅ​ជា​ទ្រព្យ​ជ័យ​ភណ្ឌ កម្ម​ជាន់​លើ​កម្មរង​គ្រោះ ២ ជាន់។ របៀប​យក​របស់​របរ​ពី​ជន​រង​គ្រោះ​បែប​នេះ គឺ​អ្វី​ដែល​គេ​រៀន​ចេះ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​ផ្ទុះ​អាវុធ​រវាង​បក្ស​ប្រជាជន និង​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច កាល​ពី​ថ្ងៃ ៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ អ្វីៗ​ឲ្យ​តែ​យក​បាន​សុទ្ធ​តែ​ជា​ទ្រព្យ​ជ័យ​ភណ្ឌ​ទាំង​អស់។

ចំពោះ​ការ​ទុស្សេ​ខ្សែ​ភ្លើង ឥឡូវ​នេះ​គឺ​ធ្វើ​ឲ្យ​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​បណ្តាល​មក​ពី​បញ្ហា​ការ​គ្រប់​គ្រង​ខ្សែ​ភ្លើង តាម​រយៈ​ការ​តបណ្តាញ​ថ្មីៗ​ជា​ច្រើន​នៅ​តាម​បុរីៗ​ឬ​ផ្ទះ​ល្វែង​សង់​ថ្មី​ដែល​ម្ចាស់​សំណង់​ចង់​កេង​ចំណេញ​បាន​ច្រើន​គឺ​ទិញ​ខ្សែ​ភ្លើង​ខ្លះ​តូចៗ​និង​ខ្លះ​ទៀត​ដាក់​ខ្សែ​ខ្វះ​គុណភាព បើ​អំពែរ​ឡើង​ខ្ពស់ ខ្សែ​នៅ​ដដែល ឬ​ក៏​ភ្លើង​បុក​មក​ម្តងៗ ធ្វើ​ទុស្សេ​បែក​ផ្កា​ភ្លើង​ធ្វើ​ឲ្យ​កើត​មាន​អគ្គិភ័យ​កើត​ឡើង​បាន។ បើ​មាន​ភ្លើង​ឆេះ​ហើយ គឺ​ឆ្លង​តាម​ខ្សែ​ភ្លើង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ភ្លាមៗ​លឿន​ណាស់។ ទាំង​នេះ​គឺ​គ្មាន​ស្ថាប័ន​បច្ចេក​ទេស​ណា មក​ត្រួត​ពិនិត្យ​មើល​ឲ្យ​បាន​ល្អិត​ល្អន់ និង​ផាក​ពិន័យ​ឲ្យ​បាន​ល្អិត​ល្អន់​នោះ​ទេ។ បើ​នៅ​តាម​ក្លិប​កម្សាន្ត និង​សណ្ឋា​គារ​នៅ​ពេល​ឆេះ​ម្តងៗ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ដើម​ហេតុ​ដែល​បណ្តាល​មក​ពីចរន្ត​អគ្គិសនី​នេះ​ទេ។

បច្ចុប្បន្ន​នេះ នៅ​រាជធានី​ភ្នំពេញ​តាម​បណ្តា​ផ្លូវ​ធំៗ​មួយ​ចំនួន​គឺ​ខ្សែ​ភ្លើង​ត្រូវ​បាន​បង្កប់​នៅ​ក្នុង​ក្រោម​ដី​បាន​ល្អ​ផង​ដែរ តែ​កន្លែង​ខ្លះ​នៅ​ស្មុគ​ស្មាញ​ខ្សែ​ភ្លើង​តផ្តុំ​គ្នា​ជាមួយ​ខ្សែ​ទូរស័ព្ទ ខ្សែ​កាប​ទូរទស្សន៍​នៅ​លាយ​ឡំ​គ្នា​ខ្វាត់​ខ្វែង ពេល​ទុស្សេ​ម្តងៗ​ងាយ​នឹង​ឆ្លង​ចរន្ត​មក​កាប៊ីន​ផ្សេងៗ​ទៀត​ផង​ដែរ។ រីឯ​ខ្សែ​ខ្លះ​ទៀត​នៅ​រតេយ​រតាយ​ធ្លាក់​រយីក​រយាក​ឲ្យ​តែ​មាន​ឡាន​កុងតឺន័រ​បើក​កាត់​ទាក់​ដាច់​រាយ​ពេញ​ថ្នល់ ឬ​ក៏​មាន​ដើម​ឈើ​រលំ​សង្កត់​លើ​ដាច់​ខ្សែ​ខ្ទេច។ ទាំង​នេះ​ក៏ជា​បញ្ហា​ដើម​ហេតុ​ទុស្សេ​ខ្សែ​ភ្លើង​ងាយ​នឹង​ឆ្លង​ចរន្ត​ធ្វើ​ឲ្យ​ប្រឈម​នឹង​ការ​ឆ្លង​អគ្គិសនី និង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ឆក់​ខ្សែ​ភ្លើង ហើយ​មាន​ភ្លៀង​ធ្លាក់ ឬក៏​ទឹក​ជំនន់​ទៀត​គឺ​រឹត​តែ​ងាយ​នឹង​ទុស្សេ​ខ្សែ​ភ្លើង​បង្ក​អគ្គិភ័យ​កើត​ឡើង​បាន​ដោយ​ងាយ។

ឥឡូវ​ដល់​រដូវ​ចូល​ឆ្នាំ​ចិន​ហើយ ជា​ទូទៅ​ឲ្យ​តែ​ដល់​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ម្តងៗ រាជ​រដ្ឋាភិបាល​តែង​តែ​ក្រើន​រំឭក​កុំឲ្យ​ភ្លេច​រឿង​ភ្លើង​ទៀន ភ្លើង​ធូប​នៅ​ពេល​សែន​ដែល​បណ្តាល​ឲ្យ​ភ្លើង​ឆេះ​ផ្ទះ​បាន គឺ​បាន​ត្រឹម​តែ​ក្រើន​រំឭក​ប៉ុន្តែ​មិន​មាន​ចំណាត់​ការ​ជាក់​លាក់​ឡើង​វិញ​ចំពោះ​បញ្ហា​ចរន្ត​អគ្គិសនី​ដាក់​តុប​តែង​លម្អ​ជាច្រើន​នៅ​តាម​រាន​ទេវតា ជំនាង​ផ្ទះ កន្លែង​ជើង​ធូប​កុងម៉ា​ជាដើម ដែល​នៅ​តែ​ជា​បញ្ហា​មួយ​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​នេះ​កើត​ឡើង។

ហេតុ​ដូច​នេះ​ហើយ ស្ថាប័ន​ពាក់​ព័ន្ធ​ជា​ពិសេស​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដែល​ជា​អ្នក​ចេញ​អាជ្ញាប័ណ្ណ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ភ្លើង​អគ្គិសនី​ទៅ​តាម​តម្រូវ​កា​ ប្រសិន​មាន​ការ​ត​បណ្តាញ​ណា​ខុស​ក្បួន​ខ្នាត​បច្ចេក​ទេស​អគ្គិសនី​គឺ​ត្រូវ​ពិន័យ និង​អាច​ដក​អាជ្ញា​ប័ណ្ណ​មិន​ឲ្យ​ប្រើ​ព្រោះ​ពេល​មាន​អគ្គិភ័យ​ម្តងៗ​ផ្ទះ ឬ​ក៏​កន្លែង​បង្ក​ហេតុ គឺ​មិន​ត្រឹម​តែ​បង្ក​ធ្វើ​ឲ្យ​ឆេះ​តែ​ផ្ទះ ឬ​ក៏​កន្លែង​ខ្លួន​ឯង​នោះ​ទេ គឺ​តែង​តែ​រាល​ដាល​ដល់​ផ្ទះ​គេ​ជិត​ខាង​ហើយ​ឲ្យ​តែ​មាន​ការ​អី​គឺ​ដាក់​មេផាយ​បាត់​ទៅ​ទាំង​គ្រួសារ​បាត់ មិន​ដឹង​ថា​អ្នក​ណា​សង​អ្នក​ណា​នោះ​ទេ។

រីឯ​ប៉ូលិស​អគ្គិភ័យ​វិញ គឺ​ត្រូវ​តែ​រឹត​បន្តឹង និង​តម្រូវ​ចំពោះ​ពលរដ្ឋ ឬ​ក៏​ស្ថាប័ន​រដ្ឋ​និង​ស្ថាប័ន​ឯកជន​ណា​ដែល​មិន​ព្រម​ប្រើ​ប្រាស់​នូវ​បំពង់​ការ​ពារ​អគ្គិសនី​ដែល​ត្រូវ​តែ​មាន​នោះ។ បង្កើន​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​សារ​ព័ត៌មាន និង​តាម​កញ្ចក់​ទូរទស្សន៍​អំពី​ការ​ប្រុង​ប្រយ័ត្ន​បន្ថែម​ទៀត​នូវ​អគ្គិភ័យ​ដែល​កើត​មាន​ជាយថា​ហេតុ​នៅ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ខាង​មុខ​នេះ បើ​មិន​នៅ​ផ្ទះ​ទេ​កុំ​ដោត​ធូប ឬ​ក៏​អុជ​ទៀន ឬ​ក៏​បើក​ភ្លើង​លម្អ​រណែង​រណោង​ចោល៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍