នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ថ្ងៃណាក៏ឮតែករណីចោរឆក់កាបូប ខ្សែក ឬក៏ទូរស័ព្ទដែរ ពេលណាសមត្ថកិច្ចចាប់ជនល្មើសបានទៅបានឃើញនៅតាមសារព័ត៌មាន បើចាប់មិនបានទេ ក៏គ្មានឃើញនៅតាមសារព័ត៌មានដែរ។
តែយើងអាចដឹងតាមរយៈករណីជាក់ស្តែងឃើញឆក់ផ្ទាល់ភ្នែក ឬក៏ការរៀបរាប់ពីមិត្តភក្តិ ឬក៏អ្នកជិតខាង ដែលបានឃើញផ្ទាល់ភ្នែកតាមរយៈជនរងគ្រោះដួលធ្លាក់ពីលើម៉ូតូ ជនរងគ្រោះជាជនបរទេសជិះរ៉ឺម៉កម៉ូតូឆ្លេឆ្លាស្វែងរកជំនួយពេលគាត់ត្រូវបានចោរឆក់កាបូបឬក៏ទូរស័ព្ទទៅបាត់។
រីឯ ករណីខ្លះទៀតគឺយើងអាចឃើញគេស្រែក «ចោរ!...ចោរឆក់កាបូប ទូរស័ព្ទ ឬក៏ខ្សែក!» ដេញចាប់ចោរឆក់បានហើយបើករត់តាមផ្លូវ ឬ ក៏ចោរឆក់ត្រូវបានពលរដ្ឋវ៉ៃឲ្យសន្លប់ ឬក៏ស្លាប់ (Mob Killing)។
នៅពេលពលរដ្ឋចាប់ចោរឆក់បានហើយ គេព្រួតវ៉ៃមើលទៅគួរឲ្យអាណិតខ្លាំងណាស់ តែបើពួកគេឆក់ធ្វើឲ្យជនរងគ្រោះ គ្រោះថ្នាក់ខ្លះសន្លប់ ខ្លះស្លាប់ នៅនឹងកន្លែងកើតហេតុវិញគឺពួកគេមិនដែលខ្វល់នោះទេ គឺដឹងតែចង់បានវត្ថុ ឬរបស់របរមានតម្លៃតែប៉ុណ្ណោះ។
ឧទាហរណ៍ករណីដ៏សោកសៅរបស់និស្សិតស្រីត្រូវបានចោរឆក់កាបូប ធ្លាក់ពីលើម៉ូតូដួលបោកក្បាលស្លាប់នៅនឹងកន្លែងនៅមុខមន្ទីរពេទ្យរុស្ស៊ីកន្លងមក។
តែផ្ទុយទៅវិញបើធ្វើការប្រៀបធៀបទិន្នន័យ ដែលប៉ូលិសក្រសួងមហាផ្ទៃបានបង្ក្រាបចោរលួច ចោរឆក់ និងចោរប្លន់ ៦ ខែដំបូងឆ្នាំ២០១៧ នឹង២០១៦ មានការធ្លាក់ចុះដល់ទៅ ៤៣ ភាគរយ។ តែទិន្នន័យនេះ គឺបានមកតែពីមន្ត្រីប៉ូលិសដែលបានបង្ក្រាបទេ។
ចំណែកឯ តាមរបាយការណ៍ប្រចាំឆ្នាំ ២០១៧ របស់ប៉េអឹម ដែលបានបង្ក្រាបករណីឆក់តាមផ្លូវនេះគឺមានការថយចុះ ២ ភាគរយ នៅឆ្នាំ ២០១៧ សរុបមាន ១៣១ ករណី ធៀបនឹងឆ្នាំ ២០១៦ គឺ ១៣៣ ករណី។
នេះជាចំណុចពិបាកចំពោះទិន្នន័យករណីបង្ក្រាបនេះយកមកប្រើ អាចធ្វើឲ្យប៉ះពាល់ការធ្វើផែនការអន្តរាគមន៍ទៅវិញព្រោះពេលខ្លះមានករណីចោរឆក់កើតឡើងនៅតំបន់របស់ខ្លួនតែមន្ត្រីសមត្ថកិច្ចថ្នាក់ក្រោម មិនបានរាយការណ៍ទេព្រោះខ្លាចធ្លាក់ពិន្ទុ ព្រោះមិនធ្វើការទប់ស្កាត់ការពារមុនកុំឲ្យករណីនេះកើតបានល្អឬក៏ករណីកើតឡើងច្រើននៅមូលដ្ឋានរបស់ខ្លួនដូចជា ប៉ុស្តិ៍សង្កាត់ ឬក៏អធិការដ្ឋានខណ្ឌ។
បើទោះបីជាគ្មានការសិក្សាស្រាវជ្រាវស៊ីជម្រៅថ្មីៗនេះ អំពីការលួច ឆក់ និងប្លន់ របស់ក្រុមបងធំក៏ដោយ ក៏ការមានករណីសិក្សាដែលបានពាក់ព័ន្ធទៅនឹងប្រាក់ចំណូលរបស់ក្រុមបងធំ ដែលអង្គការយេនឌ័រ និងអភិវឌ្ឍន៍ ដើម្បីកម្ពុជានៅឆ្នាំ ២០០៣ បានផ្សព្វផ្សាយរបាយការណ៍នេះ ដែលខ្ញុំជាអ្នកចូលរួមសិក្សាស្រាវជ្រាវ និងសម្ភាសផ្ទាល់ជាមួយសមាជិកក្រុមបងធំគឺ «មួយផ្នែកនៃប្រាក់ចំណូលរបស់ក្រុមគេ គឺបានមកពីការឆក់កាបូបឆក់ខ្សែក និងទូរស័ព្ទ។
រីឯខ្លះទៀត គឺមិនហ៊ានឆក់ខ្លួនឯងទេ ខ្លាចគេចំណាំមុខ តែជាអ្នកបិទគូទនៅពីក្រោយ នៅបានចែកគ្នា...»។
សំណួរ ត្រូវបានសួរឡើងថា តើធ្វើយ៉ាងម៉េច ឲ្យមានតុល្យភាពរវាងករណីចោរឆក់កាបូបនេះ និងគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពដែលរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តរួចហើយនោះ? និងឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ក្រសួងទេសចរណ៍អស់រាប់លានដុល្លារមានតាំងពីទូរទស្សន៍អន្តរជាតិ CNN តាមជើងយន្តហោះ និងព្រលានយន្តហោះជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងស្រុកខ្មែរ តែនៅពេលភ្ញៀវមកដល់ស្រុកខ្មែរ បែរជារាជធានីភ្នំពេញ និងទីក្រុងសៀមរាបអត់មានសុវត្ថិភាពជូនពួកគេទៅវិញ?
បើនៅភ្នំពេញវិញ នៅតាមមាត់ទន្លេមុខវាំង ជួនកាលឮចោរឆក់ជនបរទេស១ថ្ងៃ៣ដងក៏មានដែរ ហើយនៅទីតាំងបឹងកេងកងក៏កើតឡើងញឹកញាប់ដែរ ទាំងស្ត្រីខ្មែរទាំងស្ត្រីបរទេសគោលដៅគឺចាំឆក់ជនបរទេស ឲ្យតែមកថ្មីមើលនាយមើលអាយ។
ពេលខ្លះ វាជាការលំបាកសម្រាប់ជនរងគ្រោះជនបរទេសដែលជាភ្ញៀវទេសចរ ត្រូវបានចោរឆក់អស់ពីខ្លួននៅក្នុងកាបូប មានតាំងពីលុយ ប៉ាស្ព័រ ទូរស័ព្ទ កាត ATM គឺមិនដឹងទៅណាមកណានោះទេ គួរឲ្យអាណិតណាស់។ ដូចស្ត្រីជនបរទេស រូបភាពចែកចាយតាមហ្វេសប៊ុកកន្លងមក ដែលត្រូវបានចោរឆក់យកកាបូប អស់អ្វីៗសំខាន់ពីខ្លួនរលីងរកតែលុយជិះម៉ូតូឌុបក៏មិនបានផងគឺអង្គុយយំតែម្តង។
ចុះបើករណីនេះកើតឡើងលើយើងវិញ ពេលទៅលេងស្រុកគេ ត្រូវចោរឆក់យកអស់ពីខ្លួនដូច្នេះវិញ តើធ្វើដូចម្តេច? ជាផលវិបាកគឺមិនខុសគ្នាទេ។ នៅពេលពួកគេជួបករណីបែបនេះច្រើនគ្នាទៅ ពួកគេត្រឡប់ទៅស្រុកវិញ ពួកគេចេះតែប្រាប់តៗគ្នា អ្វីដែលកើតឡើងចំពោះពួកគេ ហើយពិបាកដោះស្រាយ ធ្វើឲ្យអ្នកក្រោយៗទៀតញញើតញញើមមកដើរកម្សាន្តនៅស្រុកខ្មែរ។
លើសពីនេះទៅទៀត នៅតាមទីតាំងមួយចំនួន ដូចជាកន្លែងមានរៀបចំពិធីមង្គលការ ពិធីបុណ្យ ឬពិធីជប់លៀងផ្សេងៗ ជាពិសេសនៅតាមទីតាំងមានរៀបអាពាហ៍ពិពាហ៍ធំៗ ដូចជាកោះពេជ្រ ឬម៉ុងឌីយ៉ាល់ជាដើម ក៏មានក្រុមចោរតាមឃ្លាំមើលចាំឆក់កាបូប ឬរបស់មានតម្លៃផងដែរ។
ចំពោះករណីចោរឆក់កាបូបតាមផ្លូវនេះ បើទោះបីជា ខ្ញុំដឹងហើយ ឮហើយ ហើយខ្ញុំជាអ្នកសិក្សាស្រាវជ្រាវករណីចោរឆក់កាបូប ដឹងពីរបៀបរបបពួកគេធ្វើសកម្មភាព និងទីតាំងធ្វើសកម្មភាពក៏ដោយ ក៏ខ្ញុំនៅតែភ្លាត់ស្នៀត ត្រូវបានចោរឆក់កាបូបម្តាយខ្ញុំ ធ្លាក់ពីលើម៉ូតូទាំងថ្ងៃត្រង់ នៅពេលកំពុងឌុបគាត់ចេញពីញ៉ាំការប្អូនជីដូនមួយ។ កាបូបគាត់ត្រូវចោរឆក់យកបាននោះមានតែ ១០ ដុល្លារទេ តែម្តាយខ្ញុំគាត់ភ្ញាក់ ហើយស្តាយរបស់ក៏ទាញទៅទាញមកជាមួយចោរទាល់តែធ្លាក់ពីលើម៉ូតូរបួសទាល់តែបាន។
មកដល់ពេលនេះពេលចេញដំណើរបើកបរម្តងៗក្រុមគ្រួសាររបស់ខ្ញុំ ហាក់បីដូចជាមានអារម្មណ៍ភ័យខ្លាចចំពោះចោរឆក់តាមផ្លូវ ជាងចរាចរណ៍តាមផ្លូវទៅទៀត គឺមានអារម្មណ៍ភ្ញាក់ៗនៅពេលមាននរណាជិះមកក្បែរខ្លួន។
បើតាមបទពិសោធរបស់ខ្ញុំធ្វើទស្សនកិច្ចសិក្សានៅទីក្រុង ២ គឺម៉ានីល នៃប្រទេសហ្វីលីពីន និងទីក្រុងបាងកកប្រទេសថៃ ខ្ញុំអាចធ្វើការប្រៀបធៀបករណីចោរឆក់កាបូបនេះ គឺទីក្រុងម៉ានីលត្រូវបាន ប្រជាពលរដ្ឋហ្វីលីពីនខ្លួនឯងហ្នឹង ប្រាប់ខ្ញុំថា ឲ្យប្រយ័ត្នប្រយែងចំពោះកាបូប និងទូរស័ព្ទមានចោរឆក់ច្រើន។ តែបើនៅទីក្រុងបាងកកវិញ គ្មាននរណាប្រាប់ខ្ញុំទេ តែខ្ញុំមានអារម្មណ៍មានសុវត្ថិភាពល្អជាងនៅទីក្រុងម៉ានីល។
ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលមិនគួរប្រៀបធៀបជាមួយទីក្រុងដែលមិនមានសុវត្ថិភាពនោះទេ តែគួរសង្កេតមើលទីក្រុងបាងកកទៅវិញ ហេតុអ្វីបានជាគេធ្វើបានល្អជាង?
សមត្ថកិច្ចមិនគួរធ្វើលំៗជាមួយនឹងយុវជនចោរឆក់ទាំងនោះទេ បើចាប់បានគឺអញ្ជើញឪពុកម្តាយមកធ្វើកិច្ចសន្យាបន្ថែម លើស្ថានទម្ងន់ទោសរបស់ពួកគេ។
ទាំងមន្ត្រីប៉ូលិស ទាំងមន្ត្រីប៉េអឹម គួរតែបើកយុទ្ធនាការ ប្រើកាមេរ៉ាតាមផ្លូវ និងកាមេរ៉ាតាមផ្ទះពលរដ្ឋ ដើម្បីស្វែងរកចាប់ខ្លួនឲ្យបាន ព្រោះករណីឆក់នេះ បង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពនិងមុខមាត់របស់ប្រទេសជាតិផង ជាជាងលើកដដែលតែគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។
រីឯទិន្នន័យនៃរបាយការណ៍ពីសមត្ថកិច្ចទាំង២នេះ គួរតែញែកឲ្យដាច់ពីគ្នា ឬក៏ដាក់បញ្ចូលគ្នារបៀបម៉េច ដើម្បីកុំឲ្យទិន្នន័យជាន់គ្នា ព្រោះពេលខ្លះពួកគាត់ចុះធ្វើការចម្រុះជាមួយគ្នាក្នុងករណីតែ ១ តែទិន្នន័យយក ១ ករណីរៀងៗខ្លួនផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com