ពាក្យចាស់តែងតែលើកយូរហើយរឿងក្តីក្តាំនៅតុលាការថាឲ្យប្រយ័ត្នតែដោះលែងជនជាប់ចោទស្រួលមិនស្រួលហ្នឹងវាទៅជាចោររួចខ្លួនរីឯម្ចាស់ជាប់គុកទៅវិញ។
ឥឡូវនេះចូលក្រឡាពាក្យចាស់ហ្នឹងហើយល្បែងនយោបាយដាក់អន្ទាក់ដូចរឿងតុក្កតាឆ្មា និងកណ្តុរ (Tom & Jerry) អ្នកដែលត្រូវបានគេចោទថាបានប្រព្រឹត្តរឿងល្បែងស្នេហាសហាយស្មន់រួចខ្លួនរីឯអ្នកជួយអន្តរាគមន៍បែរទៅជាជាប់គុកទៅវិញ។ ជាក់ស្តែងកាលពីសប្តាហ៍មុននេះឆ្មាបានស្នើសុំលើកលែងទោសឲ្យដៃគូកណ្តុរដែលត្រូវបានគេគំរាមតាមចាប់ឡោមព័ទ្ធទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសឡើងផ្អើលរាជធានីភ្នំពេញហើយឆ្មាបានចំអកឲ្យថានៅហូបបាយតែជាមួយនឹងចានស្រាក់ក្នុងស្នាក់ការហ្នឹងទៅ។
ការដែលដោះលែងដៃគូនេះបន្ទាប់ពីខ្សែអាត់ជជែកគ្នាតាមទូរស័ព្ទរវាងលោក ហ៊ុន ម៉ានិត និងកញ្ញា ធី សុវណ្ណថា ក្នុងការកម្ចាត់ដៃគូកណ្តុរចេញពីបក្សភាសាសាមញ្ញថាធ្វើស៊ីតែម្តងត្រូវបានគេធ្វើឲ្យបែកធ្លាយចេញជាសាធារណៈតាមហ្វេសប៊ុក និងក្នុងគោលបំណងបង្រួបបង្រួមជាតិ។ ចំណែកឯអ្នកដែលកំពុងទទួលរងថ្មបាក់ពីដៃគូកណ្តុរក្នុងការធ្វើអន្តរាគមន៍ពាក់ព័ន្ធក្នុងករណីរឿងសហាយស្មន់របស់ដៃគូកណ្តុរ និងកញ្ញា ស្រីមុំ តាមរយៈសិទ្ធិមនុស្សនៅតែជាប់គុកដដែលមិនត្រឹមតែប៉ុណ្ណឹងទេជាប់ដោយទាំងអ្នកតវ៉ា (Black Monday) ឲ្យដោះលែងមេឃុំ មន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប ដែលរងថ្មបាក់នោះក៏ជាប់គុកដែរដោយទាំងនិរទេសជនបរទេសម្នាក់ទៀត។ នេះដោយសារតែហេតុផលនយោបាយមួយមុខតែប៉ុណ្ណោះ។
បើតួឯកត្រូវបានឆ្មាស្នើឲ្យលើកលែងទោសពីបទគេចវេះមិនចូលធ្វើជាសាក្សីនៅតុលាការបានមានសេរីភាពរួចហើយចុះហេតុអ្វីបានជានៅតែឃុំខ្លួនអ្នកទោសដោយសារតែតួឯកដល់ណាទៀត? បើទោះបីជាពួកគេប្តឹងតវ៉ាដល់តុលាការកំពូលហើយនៅតែមានទោសដដែល? ករណីនេះត្រូវបានគេមើលឃើញលើគោកពេកហើយដូចជាមិនឡូហ្ស៊ិកសោះតែម្តងបំបិទសិទ្ធិសេរីភាពគ្នារីឯម្តាយ ស្រីមុំ នឹកកូនមិនដឹងជាកូននៅទីណា? សុខទុក្ខយ៉ាងណា? តើទុកពួកគាត់នៅធ្វើអ្វីទៀត? តើចំណេញអ្វីខ្លះពីការឃុំខ្លួនពួកគាត់នោះ? ម្យ៉ាងវិញទៀតការឃុំខ្លួនពួកគាត់ធ្វើឲ្យសហគមន៍អន្តរជាតិមើលឃើញស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សនៅស្រុកខ្មែរកាន់តែអាក្រក់ទៅៗវិញទេ។
តែការដោះលែងដៃគូកណ្តុរនេះគឺឆ្មានៅតែដាក់អន្ទាក់កណ្តុរដដែលគឺព្យាយាមបំបែកកណ្តុរពីដៃគូ និងការបំបាក់ស្មារតីរបស់ដៃគូកណ្តុរដែលតែងតែក្អេងក្អាងមិនខ្លាចនេះមិនខ្លាចនោះហើយថាបើឆ្មាចាញ់ឆ្នោតហើយមិនចុះចេញពីតំណែងគឺមានតែដាក់ជណ្តើរឡើងទាញទម្លាក់ចុះ។ ឥឡូវឆ្មាស្នើលើកលែងទោសឲ្យហើយតិចលោចុះមូលដ្ឋានកោកកាកៗឌឺដងឲ្យឆ្មាទៀត ឆ្មាចាំតែដាក់អន្ទាក់ដៃគូកណ្តុរទៀតទេ រកបទចោទរឿងសហាយស្មន់ជាមួយ ស្រីមុំ មកចោទដដែល។ រីឯកណ្តុរវិញគឺបានត្រឹមតែខ្វិចខ្វិលៗរកវិធីចូលរន្ធវិញខំរិះគន់ផងយកចិត្តឆ្មាផងដូចជាការខំយល់ស្របជាមួយឆ្មាថាល្អហើយចំណេញលើករណីយកខ្នាតលើផែនទី ១ លើ ៥០ ពាន់ដើម្បីជារង្វាស់លើផែនដីជាក់ស្តែង។ បើទោះបីជារង្វាស់នេះមិនដូចទៅនឹងច្បាប់រដ្ឋធម្មនុញ្ញដែលកំណត់យកខ្នាតលើផែនទី ១ លើ ១០០ ពាន់ និងផ្ទុយពីគំនិតរបស់សមាជិកក្នុងបក្សក៏ដោយក៏កណ្តុរសុខចិត្តយល់ស្របតាមឆ្មាដែរដើម្បីធ្វើយ៉ាងណាឲ្យឆ្មាស្នើឲ្យមានការលើកលែងទោសដែរ។ តែឆ្មាដាក់អន្ទាក់មួយទៀតដែលតែងតែអះអាងថាបើចុះហត្ថលេខាលើលិខិតស្នើសុំលើកលែងទោសឲ្យកណ្តុរគឺកាត់ដៃចោលហើយឆ្មាសម្លុតកណ្តុរបើចាញ់ឆ្នោតខាងមុខនេះសង្គ្រាមនឹងកើតមានឡើងបើទោះបីជាផ្ទុយទៅនឹងឆន្ទៈរបស់ឆ្មាដែលតែងតែស្វះស្វែងរកសន្តិភាពដើម្បីប្រទេសជាតិក៏ដោយ។
ដោយសារតែល្បែងនយោបាយនៅស្រុកខ្មែរបែបឆ្មា និងកណ្តុរ និងដៃគូកណ្តុរហ្នឹងហើយនៅទីបញ្ចប់ស្លាប់អ្នកក្លាហាន កែម ឡី ទទេ បន្ទាប់ពីបានជួបសន្ទនាជាមួយដៃគូកណ្តុរមក។ អ្នកជាប់ពន្ធនាគារដោយសារតែស្នេហាសហាយស្មន់ដៃគូកណ្តុរនៅតែជាប់ទោសដដែលហើយអ្នកស្នេហាជាតិសមាជិកសភា និងព្រឹទ្ធសភាតវ៉ារឿងផែនទី និងព្រំដែនក៏នៅតែជាប់ទោសដដែល។ ទាំងឆ្មា ទាំងកណ្តុរ ទាំងដៃគូកណ្តុរម្នាក់ៗសុទ្ធតែអះអាងធ្វើអ្វីៗគឺដើម្បីជាតិតែដល់ពេលអនុវត្តនៅតែធ្វើការជាមួយគ្នាមិនបានឈ្លោះតែគ្នាឯងដល់ពេលចំណេញពីការបាក់បែកគ្នាហ្នឹងគឺបានទៅលើប្រទេសជិតខាងទៅវិញ។ ទីបំផុតនាំគ្នាយកផែនទីមកជជែកគ្នាដដែលបើទោះបីជាច្បាប់កំណត់រង្វាស់ខ្នាតផែនទី ១លើ ១០០ ពាន់ដែលមានហើយក៏ដោយ។
រាល់ថ្ងៃហ្នឹងអ្នកនយោបាយអះអាងថាការអនុវត្តតាមបែបលទ្ធិប្រជាធិបតេយ្យតាមស្តង់ដារក៏មិនច្បាស់យ៉ាងណាមិញការអនុវត្តវប្បធម៌សន្ទនា (Dialogue) ក៏បន្លែបន្លំភ្នែកប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតដែរ។
ឆ្មាតែងតែអះអាងថាខ្លួនជាអ្នកបង្កើតវប្បធម៌សន្ទានាហេតុអ្វីក៏មិនបន្តវប្បធម៌សន្ទានាទៀតទៅដើម្បីស្វែងរកដំណោះស្រាយជូនជាតិនោះ? ជាជាងនៅតែចាំមើលបំណាំគ្នារកតែវិធីដាក់អន្ទាក់គ្នាចាក់គូទគ្នាទៅវិញទៅមកដូចល្បែងរឿងតុក្កតាឆ្មា និងកណ្តុរ ចេញ-ចូលៗដដែលនោះ? មើលៗប្រទេសជិតខាងវិញផងគេដើរដល់ណាហើយតើទាំងឆ្មាទាំងកណ្តុរមានផែនការកំណត់ទុកកេរដំណែលឲ្យកូនខ្មែរជំនាន់ក្រោយអ្វីខ្លះហើយឬនៅ? ឬក៏មិនខ្វល់ទេគ្រាន់តែចេះតែដឹកនាំប្រទេសជាតិឲ្យតែបានៗទៅរួចគ្នាហើយ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com