The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្អាត​បំផុត​ល្អ​ពេក​​ តែ​បែរ​ជា​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទៅ​វិញ

ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្អាត​បំផុត​ល្អ​ពេក​​ តែ​បែរ​ជា​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទៅ​វិញ

បុរស​ម្នាក់​ដែល​លង់​ទឹក​ស្លាប់​នៅ​ឆ្នេរ​អូរឈើទាល​ពី​ថ្ងៃ​សុក្រ។
បុរស​ម្នាក់​ដែល​លង់​ទឹក​ស្លាប់​នៅ​ឆ្នេរ​អូរឈើទាល​ពី​ថ្ងៃ​សុក្រ។ ហ្វេសប៊ុក

ជាប់​ឈ្មោះ​ជា​ឆ្នេរ​ស្អាត​បំផុត​ល្អ​ពេក​​ តែ​បែរ​ជា​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ទៅ​វិញ

ទម្លាប់​ក្របី​បាត់​ទើប​ធ្វើ​របង​នៅ​ក្នុង​ស្រុក​ខ្មែរ​ហាក់​ដូចជា​រឿង​ធម្មតា​ទៅ​ហើយ​ដោយ​កើត​មាន​ឡើង​សឹង​តែ​គ្រប់​កន្លែង​ជាពិសេស​រឿង​សុវត្ថិភាព​រឿង​វប្បធម៌ រឿង​សិល្បៈ រឿង​បរិស្ថាន ជាដើម​។

ករណី​ស្លាប់​បុរស​ម្នាក់​ដោយសារ​លង់​ទឹក និង​អ្នក​ដទៃ​ទៀត​ដែល​បាន​លង់​ទឹក​ត្រូវ​បាន​សង្គ្រោះ​ទាន់​នៅ​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ព្រះសីហនុ​កាលពី​ចុង​សប្តាហ៍​មុន​នោះ​មិនមែន​ជា​បញ្ហា​លើក​ទី​ ១ ​នោះ​ទេ​។

ផ្ទុយ​ទៅ​វិញ​កន្លង​មក​ក៏​ធ្លាប់​កើត​មាន​ចំពោះ​ភ្ញៀវ​ជាតិ និង​ភ្ញៀវ​អន្តរជាតិ​មាន​កុមារ និង​និស្សិត​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទី​នោះ​ផង​ដែរ​តែ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ​ដដែល​ហាក់បី​ដូចជា​គ្មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជា​មុន​សោះ​បើ​ទោះបី​ជា​មាន​ការ​ផ្តល់​យោបល់​ក្នុង​ការ​កែលម្អ​នូវ​វិស័យ​ទេសចរណ៍​ដ៏​មាន​សារៈសំខាន់​នៅ​ទី​នោះ​ដែល​មាន​តាំងពី​បញ្ហា​បរិស្ថាន​ការ​បង្ហូរ​ទឹក​សម្អុយ​ចេញ​ពី​រោងចក្រ​នានា​ចូល​សមុទ្រ​ការ​បោះ​ចោល​សំរាម​តាម​ឆ្នេរ​ឲ្យ​ភ្ញៀវបរទេស​ដើររើស​ទាំង​គួរ​ឲ្យ​ខ្មាសអៀន ការ​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​នៅ​តាម​ឆ្នេរ បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់​នៃ​ការ​លក់ដូរ និង​តម្លៃ​នៃ​ការ​លក់ដូរ និង​ជួល​ជាដើម​។

បន្ទាប់​ពី​មាន​បុរស​ម្នាក់​ស្លាប់​ហើយ​ទើប​បាន​គេ​សង្កេត​ឃើញ​​ស្នងការ​ខេត្ត​បញ្ចេញ​អូរប័រ និង​កង​ការពារ​សុទ្ធ​តែ​ពាក់​អាវ​ពោង​បណ្តែត​ទឹក​ព្រាត​នៅ​លើ​ផ្ទៃ​សមុទ្រ និង​រថយន្ត​សង្គ្រោះ​បន្ទាន់​យ៉ាង​សង្ហា​តែ​យ៉ាង​ណាៗ​សកម្មភាព​នេះ​វា​យឺត​ពេល​បាត់​ទៅ​ហើយ​ពីព្រោះ​ថា​ជីវិត​មនុស្ស​ត្រូវ​បាន​មច្ចុរាជ​ឆក់​យក​បាត់​ទៅ​ហើយ​ដោយ​មិន​អាច​វិលវិញ​កើត​ទេ។

ជា​ទូទៅ ​បញ្ហា​ជួយ​ជីវិត​ទាំង​នេះ​សឹង​តែ​ជា​ទម្លាប់​ទៅ​ហើយ​ពោល​គឺ​ទាល់​តែ​មាន​ហេតុការណ៍​កើតឡើង​បាន​នាំ​គ្នា​គិតគូរ​បង្កើត​គណៈកម្មការ​ការពារ​សុវត្ថិភាព​ចុះ​ទីបញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ដែល​មាន​ទីតាំង​នៅ​ក្បែរ​ឆ្នេរសមុទ្រ​អូរ​ឈើទាល​នោះ​ស្រាប់​ដេក​លក់​អស់​ហើយ​ឬ​បាន​ជា​មិន​ឃើញ​ចុះ​ជួយ​សង្គ្រោះ​បន្ទាន់​សោះ​អ៊ីចឹង​? បែរ​ទៅ​ជា​មក​ឃើញ​ក្រុម​ម៉ូតូ​ទឹក​ដែល​គ្មាន​បច្ចេកទេស​សង្គ្រោះ​បឋម​ (First Aid) ​ចុះ​ជួយ​តាម​អ្វី​ដែល​អាច​ជួយ​បាន​យ៉ាង​ដូច្នេះ​ទៅ​វិញ។

នេះ​ហើយ​ដោយសារ​មក​តែ​ពី​ការ​ព្រងើយ​កន្តើយ​មើល​បំណាំ​គ្នា​របស់​សមត្ថកិច្ច​ខុស​តែ​បញ្ជា ឬ​ក៏​ការ​ទទួល​ខុស​ត្រូវ​មិន​ខ្ចី​ចូលរួម​មើល​ទៅ​ហាក់បី​ដូចជា​ពាក់ព័ន្ធ​ទៅ​នឹង​ផលប្រយោជន៍​បើ​កន្លែង​ណា​ដែល​ស្ថាប័ន​គេ​មិន​បាន​ស៊ី​ទេ​គឺ​មិន​សូវ​ធ្វើ​ដឹង​ធ្វើ​ឮ​ឡើយ​ចង់​អ្នក​ណា​ស្លាប់​ក៏​ស្លាប់​ទៅ​។ តែ​សូម​ជម្រាប​ថា​សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ទី​នោះ​គឺ​ទទួល​ប្រាក់​ខែ​ពី​រដ្ឋាភិបាល​ទាំងអស់​ហើយ​ប្រាក់​ទាំង​នោះ​មួយ​ផ្នែក​ធំ​ក៏​មាន​ការ​ចូលរួម​ចំណែក​បាន​ពី​ប្រាក់​ចំណូល​មកពី​ឆ្នេរ​សមុទ្រ​នេះ​ដែរ​ដូច្នេះ​ពួកគាត់​ត្រូវ​តែ​បម្រើ​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់ និង​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ដែល​មក​កម្សាន្ត​នៅ​ទី​នោះ​។

បើ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​គ្រប់គ្រង​ទេ​មាន​តែ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ដែល​មាន​ជំនាញ​សង្គ្រោះ​បឋម​ជា​អ្នក​រៀបចំ​ទទួល​ខុសត្រូវ​យាមកាម​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទៅ​វិញ​អ៊ីចឹង​។

ដោយសារ​តែ​ករណី​បែប​នេះ​ហើយ​ទើប​បាន​មហាជន​ទូទៅ​ចេះ​តែ​នាំ​គ្នា​រិះគន់​ថា​លុយ​ចេះ​យក​ពី​គេ​តែ​មិន​បម្រើ​សេវា​ឲ្យ​គេ​។ ក្នុង​ខេត្ត​ព្រះសីហនុ​នេះ​បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្តូរ​ចៅហ្វាយ​ខេត្ត និង​ស្នងការ​ខេត្ត​កាល​ពី​ឆ្នាំ​ទៅ​ឃើញ​ថា​មាន​ការ​ប្រសើរ​ឡើង​នូវ​សន្តិសុខ​បង្ក្រាប​បាន​ច្រើន​ទាំង​ម៉ាហ្វីយ៉ា​បរទេស គ្រឿងញៀន​​ចោរ​លួច​ឆក់ប្លន់​ក្មេង​ទំនើង​កាប់​ចាក់​គ្នា​តែ​នៅ​មិន​បាន​រៀបចំ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​តំបន់​ឆ្នេរ​នៅ​ឡើយ​ទេ​។ សូម្បី​តែ​អ្នក​លេង​ជិះ​ម៉ូតូ​ទឹក និង​អូស​ពោង​ទឹក​ខ្លះ​មិន​បាន​បំពាក់​អាវ​ពោង​ជូន​ភ្ញៀវ​ទេ​នេះ​ក៏​ជា​បញ្ហា​នៅ​ពេល​មាន​ខ្យល់​មក​ខ្លាំង​ក៏​លិច​ចូល​ក្នុង​ទឹក​ទើប​បាន​ដឹង​ថា​អ្នក​គ្រោះថ្នាក់​នោះ​មិន​បាន​បំពាក់​អាវ​ពោង​ជូន​ពួកគេ។

ម្យ៉ាង​វិញ​ទៀត​ឆ្នេរសមុទ្រ​អូរ​ឈើទាល​របស់​កម្ពុជា​ដែល​ទើប​តែ​ជាប់​ឈ្មោះ​ថា​ឆ្នេរ​ស្អាត​បំផុត​នៅលើ​សកល​លោក​នោះ​មាន​លក្ខណៈ​ខុស​ពី​អង្គរវត្ត​សម្រាប់​ភ្ញៀវ​ក្នុង​ស្រុក​គឺ​អ្នក​ដែល​ធ្លាប់​ទៅ​លេង​អង្គរ​ហើយ​បាន​ម្តង​ទៅ​ពីរ​ដង​លែង​សូវ​ចង់​ទៅ​ទៀត​ហើយ​តែ​បើ​ទៅ​ឆ្នេរ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​វិញ​ពួកគាត់​ឧស្សាហ៍​ទៅ​លេង​ជាង​នៅ​ពេល​មាន​កម្មវិធី​បុណ្យទាន​ធំៗ​ការ​ឈប់​សម្រាក​ចុង​សប្តាហ៍ ឬ​ក៏​មាន​ការ​ធ្វើ​សិក្ខាសាលា​ក៏​នាំ​គ្នា​ទៅ​លេង​នៅ​ទី​នោះ​ដែរ​។

តែ​បើ​សិន​ជា​អាជ្ញាធរ​មិន​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​សុវត្ថិភាព​ជូន​ទេ​ជាពិសេស​ប្រព័ន្ធ​ការពារ​នៅ​តាម​តំបន់​ឆ្នេរ​នេះ​គឺ​ការ​ស្លាប់​ដោយសារ​ទឹក​សមុទ្រ​នៅ​ទី​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ជំនឿ​ថា​មាន​ជើង​កប លេង​ចង់​ទៅ​លេង​ទៀត​តែ​តាម​ពិត​គ្មាន​ទៅ​ជើងកប​ឯណា​ទេ​គឺ​មកពី​ការ​ធ្វេស​ប្រហែស​របស់​សមត្ថកិច្ច​ជំនាញ​ឯណេះ​វិញ​ទេ​។

រីឯ​ក្រសួង​ទេសចរណ៍​ចេះ​តែ​ខំប្រឹងប្រែង​អួត​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ថា​ឆ្នេរ​ស្អាត​ដើម្បី​ទាក់ទាញ​ការ​​ចាប់​អារម្មណ៍​មក​កម្សាន្ត​ដូច​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ធ្លាប់​បាន​មាន​ប្រសាសន៍​ទាំង​មាន​ជំនឿ​កាល​ពី​សប្តាហ៍​មុន​នេះ​ថា​កម្ពុជា​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កើនឡើង​គ្រាន់​តែ​ភ្ញៀវ​ជនជាតិ​ជប៉ុន​ ៣០ ម៉ឺន​នាក់​មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ ២០២០​។

ចុះ​បើ​វិស័យ​​ទេសចរណ៍​ខំប្រឹង​ទាក់ទាញ​ភ្ញៀវ​បែប​នេះ​តែ​អាជ្ញាធរ​ដែនដី​បែរ​ជា​ដេក​ធ្វើ​ព្រងើយ​ដោយ​មិន​ផ្តល់​ប្រព័ន្ធ​សុវត្ថិភាព​ជូន​ពួកគេ​អ៊ីចឹង​សូម្បី​តែ​ការ​ព្យាករ​ឧតុនិយម​ក៏​មិន​ច្បាស់​ផង​ដែល​ភាសា​សាមញ្ញ​ថា​មាន​របស់​ហើយ​មិន​ចេះ​ប្រើ តើ​រាជរដ្ឋាភិបាល​គិត​យ៉ាង​ម៉េច​ទៅ​វិញ​?

បើ​តាម​បទពិសោធ​ដែល​ខ្ញុំ​ធ្លាប់​ទៅ​កម្សាន្ត​នៅ​តំបន់​ឆ្នេរ​ប្រទេស​គេ​គឺ​គេ​បំពាក់​ប្រព័ន្ធ​ការពារ​មាន​តាំង​ពី​កន្លែង​ប៉ម​កម្ពស់​ប្រមាណ​ជា​ ៤ ​ម៉ែត្រ​មាន​កាមេរ៉ា​ចាប់​មើល និង​ហ្សឺម៉ែល​មើល​ការ​ខុស​ត្រូវ​ភ្ញៀវទេសចរ​ដែល​មក​លេង​ទឹក​ហើយ​បើ​នៅ​ប្រទេស​ជឿន​លឿន​ទៀត​មិនមែន​មាន​តែ​អូប័រ​នៅ​លើ​ទឹក​នោះ​ទេ​ថែម​ទាំង​ឧទ្ធម្ភាគចក្រ (Helicopters) ​សម្រាប់​ជួយ​សង្គ្រោះ​បន្ទាន់​ហោះ​ឆ្វែល​ពី​លើ​ម្តងម្កាល​មាន​តាំង​ពី​ឆ្មាំ​ជិះ​កង់​តាម​ផ្លូវ​តូច​នៅ​លើ​ឆ្នេរ​គឺ​មាន​បំពាក់​សម្ភារ​​ឲ្យ​សញ្ញា​គ្នា​ដើម្បី​មក​សង្គ្រោះ​បន្ទាន់​ទៀត​ឯ​ចំណែក​ការ​ជិះទូក​ឯកជន​កម្សាន្ត​នៅ​លើ​ទឹក​សមុទ្រ​សុទ្ធតែ​បំពាក់​ទៅ​ដោយ​អាវ​ពោង​ទាំង​អស់​។

ដោយ​ឡែក​ ចំពោះ​​ការ​ព្យាករ​ឧតុនិយម​របស់​គេ​វិញ​បើ​ខ្យល់​អាកាស​ខ្លាំង​មិន​ស្រួល ឬ​ក៏​អាច​មាន​ព្យុះ​គឺ​ហាម​ចុះ​ទឹក​លេង​តែ​ម្តង​។

មេរៀន​នេះ បើ​សមត្ថកិច្ច​មិន​ទាន់​ច្បាស់លាល់​លើ​ប្រព័ន្ធ​នេះ​ទេ​គួរ​តែ​បញ្ជូន​ពួកគាត់​ឲ្យ​ទៅ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​ដែល​រៀបចំ​ឆ្នេរ​បាន​ល្អ​ដើម្បី​ដកស្រង់​បច្ចេកទេស​ពី​គេ​អ្វីៗ​សុទ្ធ​តែ​រៀន​ទាំង​អស់​មិនមែន​ចេះ​តែ​ធ្វើ​ត្រាប់​តាម​គ្នា​នោះ​ទេ​សូម្បី​តែ​របៀប​សង្គ្រោះ​បឋម​ (First-Aid) ​ដើម្បី​ជួយ​អ្នក​លង់​ទឹក​មិន​ចេះ​ហែល​សោះ​ក៏​មាន​មេរៀន​របៀប​អនុវត្ត​របស់​គេ​ដែរ​។

ហេតុ​ដូច្នេះ​ទាំង​អាជ្ញាធរ​ដែនដី​ទាំង​សមត្ថកិច្ច​គួរ​តែ​ពង្រឹង និង​បង្កើន​ការ​ផ្សព្វផ្សាយ និង​ការ​បង្ការ​កុំ​ឲ្យ​មាន​ការ​ស្លាប់​ដោយ​ការ​លង់​ទឹក​ស្រួលៗ​ពេក​ទាំង​នៅ​តំបន់​ឆ្នេរ​តំបន់​ទឹក​ជ្រោះ​កម្សាន្ត ឬ​ក៏​កន្លែង​កម្សាន្ត​នានា​ដែល​មាន​ទឹក​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​មនុស្ស​ជាពិសេស​កុមារ និង​មនុស្ស​ចាស់​ជរា​។ សូម​កុំ​ចាំ​ដល់​ពេល​គ្រោះថ្នាក់​ហើយ​ទើប​បាន​នាំ​គ្នា​ផ្អើល​ឆោឡោ​ធ្វើ​ដូចជា​មិន​ដឹង មិន​ចេះ​ពី​ប្រព័ន្ធ​ការពារ​អ្វី​សោះ​នោះ​ទេ​ក្នុង​សម័យ​នេះ​ទៅ​ហើយ​នោះ។

ជាង​នេះ​ទៅ​ទៀត​ឪពុក​ម្តាយ​ណា​ដែល​មាន​លទ្ធភាព​អាច​ឲ្យ​កូន​រៀន​ហែល​ទឹក​នៅ​តាម​ក្លិប ហែល​ទឹក​តាម​បច្ចេកទេស​គឺ​គួរ​តែ​ចាប់ផ្តើម​។

ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ​ថ្នាក់​ជាតិ​អំពី​គ្រោះថ្នាក់ និង​ការ​រងរបួស​នៅ​កម្ពុជា​នៅ​ឆ្នាំ​ ២០០៧ ក្នុង​ចំណោម​កុមារ​អាយុ​ចន្លោះ​ពី​ក្រោម​ ១ ​ឆ្នាំ​ដល់ ​១៧ ឆ្នាំ​ក្នុង​នោះ​ឃើញ​ថា​ចំនួន​កុមារ​ដែល​ស្លាប់​ដោយសារ​លង់​ទឹក​ច្រើន​ជាង​គេ​បង្អស់​គឺ​ស្លាប់​ជិត​ ២០០០ ​នាក់​ក្នុង​មួយ​ឆ្នាំ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍