ការបង្ការការទប់ស្កាត់ និងការការពារនៃប្រព័ន្ធសុខភាពសាធារណៈគឺដើម្បីឲ្យមនុស្សរួចផុតពីគ្រោះថ្នាក់ បង្ករបួសស្នាម ឬក៏ឆ្លងជំងឺធ្លាក់ខ្លួនឈឺ ឬក៏ឈានដល់ស្លាប់គឺប្រែប្រួលទៅតាមប្រភេទជំងឺ និងគ្រោះថ្នាក់ដែលកើតមានជាយថាហេតុនោះ។
ការបង្ការទាំងនោះមានដូចជាចូលព្រៃដេកក្នុងមុងរួមភេទមានដៃគូច្រើនប្រើស្រោមអនាម័យជិះម៉ូតូពាក់មួកសុវត្ថិភាពជិះឡានពាក់ខ្សែក្រវាត់រួចចុះហេតុអ្វីបានជាជិះទូក ឬកាណូតកម្រពាក់អាវពោងទៅវិញ? តើការដែលមិនបានពាក់អាវពោងនេះបណ្តាលមកពីម្ចាស់ទូក ឬកាណូត ឬកំពង់ចម្លងមិនមានឲ្យភ្ញៀវ? ឬក៏មានហើយតែអ្នកដំណើរមិនចូលចិត្តពាក់វា?
សព្វថ្ងៃនេះយើងមានតែច្បាប់ចរាចរណ៍ផ្លូវគោកតែមិនមានច្បាប់ចរាចរណ៍សម្រាប់ផ្លូវទឹកនោះទេដែលធ្វើឲ្យការអនុវត្តមានការចន្លោះប្រហោងច្រើនជាពិសេសរឿងដឹកលើសចំណុះបើកបរប្រកាន់ស្តាំ ឬក៏ការពារឲ្យមានអាវពោងសម្រាប់សង្គ្រោះអ្នកធ្វើដំណើរ។ អ៊ីចឹងហើយបានជាមានករណីថ្មីនេះពេលមុនប្រារព្ធព្រះរាជពិធីបុណ្យអុំទូកកន្លងទៅនេះមានកាណូតទេសចរណ៍វៀតណាមមួយបានបុក ទូក-ង សង្កាត់ព្រែកថ្មីនៅរាជធានីភ្នំពេញសម្រាប់អុំប្រកួតបានលិចចូលទៅក្នុងទន្លេបណ្តាលឲ្យមនុស្សស្លាប់ចំនួនពីរនាក់។
មានទស្សនៈជាច្រើនបានសួរថាទន្លេប៉ុនទន្លេចេះបើកបុកគ្នាទៅកើតហេតុអី្វបានជាជិះគេចគ្នាមិនបាន? ខណៈនោះដែរនៅខេត្តកំពតមានហេតុការណ៍លិចកាណូតទេសចរណ៍ជិះកម្សាន្តតាមស្ទឹងមើលទេសភាព និងសត្វអំពិលអំពែកពេលយប់ក៏កឿងបុកដីលិចផ្អើលអ្នកដំណើរនាំគ្នាលោតទឹកអ្នកដែលហែលមិនរួចស្លាប់ ៥ នាក់ទៀត។
ដោយសារតែយូរៗម្តងមានការលិចទូក ឬកាណូតបែបនេះធ្វើឲ្យរដ្ឋាភិបាលក៏ដូចជាពលរដ្ឋទូទៅពុំសូវមានការចាប់អារម្មណ៍យកចិត្តទុកដាក់នោះទេ។
ដូចកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះមានការលិចទូកទេសចរណ៍កម្សាន្តនៅមុខវាំងបានឆេះហើយលិចយ៉ាងហោចណាស់បណ្ដាលឲ្យភ្ញៀវទេសចរបរទេសចំណាស់ម្នាក់បានស្លាប់ដែរ។
ការដែលចេះតែងាកលិចៗកើតឡើងធ្វើឲ្យភ្ញៀវទេសចរគេមានអារម្មណ៍ខ្លាចរអាហើយរឿងជិះទូក ឬកាណូតកម្សាន្តនោះព្រោះកម្ពុជាមិនបានរៀបចំប្រព័ន្ធសុវត្ថិភាពការធ្វើដំណើរផ្លូវទឹកជូនភ្ញៀវទាំងក្នុងស្រុក និងភ្ញៀវបរទេសនៅឡើយទេ។
បើនៅជិតខាងយើងដូចជាប្រទេសឡាវ និងថៃដែលខ្ញុំបានដើរលេងកម្សាន្តគឺគេបានរៀបចំរួចហើយសមត្ថកិច្ចគេតម្រូវឲ្យម្ចាស់ទូក ឬកាណូតទេសចរណ៍ត្រូវតែមានគ្រប់គ្រាន់សម្រាប់អ្នកធ្វើដំណើរកម្សាន្តហើយកន្លែងជាច្រើនគឺតម្រូវឲ្យពាក់អាវពោងនោះតែម្តងបើជិះកាណូតតូចមានល្បឿនគឺតម្រូវឲ្យពាក់មួកសុវត្ថិភាពទៀតព្រោះមានថ្មដុះនៅក្នុងទឹកច្រើនជាពិសេសគឺការកំណត់ចំនួនមនុស្សមិនឲ្យលើសចំណុះ។
សម្រាប់ស្រុកខ្មែរទូកដែលមានពោងនេះគឺមានដោយកន្លែងទេសចរណ៍ទេដូចនៅកន្លែងអន្លង់សត្វផ្សោតខេត្តក្រចេះមានទូកជិះមើលសត្វផ្សោតសុទ្ធតែបំពាក់ទៅដោយអាវពោងគ្រប់គ្រាន់ហើយតំបន់ទេសចរណ៍អេកូនៅខេត្តកោះកុងក៏បំពាក់អាវពោងគ្រប់គ្រាន់ដែរ។
បើទោះបីជា កម្ពុជាមិនមានច្បាប់ចរាចរណ៍ផ្លូវទឹកក៏ដោយ ក៏ក្រសួងទេសចរណ៍អាចចេញសេចក្តីណែនាំជូនសមត្ថកិច្ចដោយយោងតាមច្បាប់ចរាចរណ៍ផ្លូវគោកខ្លះពាក់ព័ន្ធទៅនឹងការកំណត់ដឹកចម្លងតាមផ្លូវទឹកខ្លះដើម្បីជាជំនួយស្មារតីក្នុងការតាក់តែងសេចក្តីណែនាំនោះ។ គឺនៅគ្រប់តំបន់ទេសចរណ៍ដែលមានកន្លែងធ្វើដំណើរកម្សាន្តតាមផ្លូវទឹកទាំងអស់តម្រូវបំពាក់ឲ្យមានអាវពោងគ្រប់គ្រាន់សម្រាប់ភ្ញៀវដែលបានជិះក្នុងកាណូត ឬក៏ទូកកម្សាន្តនោះហើយរក្សាល្បឿនដែលបានកំណត់ផងដែរ។
ការកំណត់ចំណុះមិនឲ្យលើសពីសមត្ថភាពរបស់ទូក ឬក៏កាណូតនោះបើទោះបីជាថ្ងៃពិសេសចូលឆ្នាំ ឬក៏បុណ្យអុំទូកដែលមានភ្ញៀវកម្សាន្តច្រើនក៏ដោយ។
ការបំពាក់អាវពោងនេះក៏មិនតម្រូវតែទូក ឬក៏កាណូតទេសូម្បីតែការជិះម៉ូតូទឹក ឬក៏ម៉ូតូទឹកអូសពោងលេងលើផ្ទៃសមុទ្រក៏តម្រូវឲ្យពាក់អាវពោងដែរ។
សូម្បីតែកន្លែងលេងទឹកជ្រោះធ្លាក់ក៏តម្រូវឲ្យពាក់អាវពោងដែរព្រោះភ្ញៀវអាចហែលអស់ដៃ ឬក៏ហែលអត់រួចនៅពេលទឹកហូរខ្លាំងគឺមានតែហូរទៅតាមទឹកជាងនេះទៅទៀតនោះគឺនៅកន្លែងតំបន់ទឹកជ្រោះហូរតាមស្ទឹងក៏តម្រូវឲ្យដាក់បណ្តែតខ្សែពោងកាត់ទទឹងនៅលើទឹកគឺអាចជួយសង្គ្រោះបាននៅពេលតោងខ្សែនោះឡើងគោកបាន។
បើទោះបីជាករណីលិចទូក ឬក៏ការបើកបរនៅលើទឹកនេះមិនមានគ្រោះថ្នាក់កើតឡើងជាញឹកញាប់ដូចចរាចរណ៍ផ្លូវគោកក៏ដោយក៏សមត្ថកិច្ចចាំបាច់រឹតបន្តឹងនូវការបង្ការកុំឲ្យកើតមានការលិចលង់ឡើងបណ្តាលឲ្យមនុស្សស្លាប់ជាយថាហេតុនោះ។
រីឯការចាប់ផ្តើមបំពាក់អាវពោង និងពាក់អាវពោងគឺមិនខុសគ្នាទៅនឹងការប្រើប្រាស់ស្រោមអនាម័យ ឬការមួកសុវត្ថិភាពនោះទេពីដំបូងគឺដូចជារាងទើសៗបន្តិចអ៊ីចឹងហើយនៅពេលដែលធ្លាប់ពាក់ទៅវាជារឿងធម្មតាទៅវិញតែអ្វីដែលសំខាន់គឺសុវត្ថិភាពជាចម្បងសូមកុំចាំដល់ពេលហេតុការណ៍កើតឡើងបាននាំគ្នាទៅជួយសង្គ្រោះបោះអាវពោង ឬស្នោឲ្យនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com