បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ចាត់​វិធានការ​ធ្ងន់ៗ​ចំពោះ​មន្ត្រី​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​រថយន្ត​ដឹកទំនិញ​កាត់ត​ដំឡើង​ទ្រុង​បន្ថែម និង​ត​ឲ្យ​វែង​ជាង​រូបរាង​ដើម ភាសា​សាមញ្ញ​ថា​រថយន្ត​ទ្រុង​កែ​កាលពី​សប្តាហ៍​មុន​នេះ ធ្វើឲ្យ​មន្ត្រី​អនុវត្ត​ថ្នាក់​ក្រោម ខ្វែងដៃ​ខ្វែងជើង​ទាំងយប់​ទាំង​ថ្ងៃ រត់​ឆ្លេឆ្លា ខ្លាច​ធ្លាក់​បុណ្យស័ក្តិ​គឺ​ឲ្យ​តែ​ឃើញ​ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់​ចាប់​ផាក ចាប់​កាត់​ចោល​ធ្វើឲ្យ​ដូច​ដើម​វិញ​។

គ្រាន់តែ​រយៈពេល​តែ​ ២ ​ថ្ងៃ​សោះ ឃាត់​រថយន្ត​ត​ទ្រុង​កែ​ខុស​បច្ចេកទេស​ដើម​បាន​រហូត​ដល់​ទៅ​ជាង​ ៥០០ គ្រឿង​។

តែ​យុទ្ធនាការ​នេះ​បាន​អនុវត្ត​ច្បាប់​លើស​ទៅ​ដល់​រថយន្ត​កុងតឺន័រ​ធំៗ​ដែល​មាន​លក្ខណៈ​សឺមីរ៉ឺម៉ក​មិន​បាន​ធ្វើការ​កែច្នៃ​សោះ​ដូច​រូបរាង​ដើម ត្រូវ​ទៅ​នឹង​ស្តង់ដារ​អន្តរជាតិ​ទៀត​ផង​។

តែ​គ្រាន់​កុងតឺន័រ​ស្តង់ដារ​បែប​នេះ​មាន​លក្ខណៈ​វែង​ជាង​រថយន្ត​ភ្ជាប់​សឺមីរ៉ឺម៉ក​ចែង​នៅ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​កំណត់​មិន​ឲ្យ​លើស​ ១៦ ​ម៉ែត្រ ពោល​គឺ​លើស​កន្ទុយ​ជិត​ ១ ​ម៉ែត្រ ធ្វើឲ្យ​រថយន្ត​កុងតឺន័រ​ដែល​លើស​បែប​នេះ​មិន​ហ៊ាន​ធ្វើ​ចរាចរណ៍​តាម​ផ្លូវជាតិ​សុខ​ចិត្ត​ទុក​នៅ​កក​ទំនិញ​នៅ​កំពង់ផែ​ព្រះសីហនុ​។

បញ្ហា​នេះ​ធ្វើឲ្យ​តំណាង​សមាគម​រោងចក្រ​កាត់ដេរ (GMAC) បាន​ដាក់​សំណើ​សុំ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​សម្រួល​ចំពោះ​បញ្ហា​រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​អីវ៉ាន់​រោងចក្រ​ចេញ​ចូល​មាន​ការ​គាំង​ស្ទះ ដោយសារ​ខ្លាច​ការ​ចាប់​ឃាត់​ពី​មន្ត្រី​។

GMAC សំណើសុំ​ឲ្យ​ដំណើរការ​ប្រើ​រថយន្ត​កុងតឺន័រ​ស្តង់ដារ​ពី​ប្រទេស​ដើម​ប្រវែង​ធុង​កុងតឺន័រ ​៤០ ​ហ្វីត​ (១២,១៩ ​ម៉េត្រ​) និង​ ៤៥ ​ហ្វីត​ (១៣,៧១ ​ម៉ែត្រ​) បូក​ទាំង​ក្បាល​ឡាន​ទៀត​ធ្វើឲ្យ​លើស​ក្នុង​ច្បាប់​តែ​ ៧ ​តឹក​នេះ រហូត​ដល់​ពេល​កំណត់​ណា​មួយ​ឲ្យ​ឈប់​ប្រើ ដើម្បី​គោលបំណង​ឲ្យ​ដំណើរការ​ដឹក​ជញ្ជូន​ទំនិញ​រោងចក្រ​កាត់ដេរ ហើយ​ក៏​មិន​ដឹក​លើស​ទម្ងន់​ដែល​ច្បាប់​កំណត់​នោះ​ទេ​។

តាមពិត​ទៅ​រថយន្ត​ត​ទ្រុង​យក្ស​ខុស​ច្បាប់​នេះ​ដឹក​លើស​ចំណុះ ធ្វើឲ្យ​ខូច​ថ្នល់ បាក់​ស្ពាន និង​គ្រោះថ្នាក់​ចរាចរណ៍​ជា​រឿយៗ​ជា​យូរ​មក​ហើយ​។

ពេល​ខ្លះ​រថយន្ត​តទ្រុង​នេះ​អាង​ខ្នង​គ្រាក់ៗ​ដឹក​មិន​ខ្លាច​សមត្ថកិច្ច​ផង​រហូត​ដល់​រដ្ឋាភិបាល​សុខ​ចិត្ត​បិទ​កន្លែង​ថ្លឹង​រថយន្ត​របស់​រដ្ឋ​ទៀត ដូច​ករណី​ទំនាស់​គ្នា​រវាង​រថយន្ត​តទ្រុង និង​សមត្ថកិច្ច​នៅ​កន្លែង​ថ្លឹង​រថយន្ត​ខេត្ត​ព្រៃវែង​កាលពី​ឆ្នាំ​ ២០១៥ ​កន្លង​មក​អ៊ីចឹង តែ​ទើប​តែ​ពេល​នេះ​រាជរដ្ឋាភិបាល​មាន​ចំណាត់ការ​លើ​រថយន្ត​តទ្រុង​នេះ​។

តែ​ឥឡូវ​នេះ​មក​ជាប់​ដោយ​ទាំង​រថយន្ត​កុងតឺន័រ​សឺមីរ៉ឺម៉ក​ដែល​មាន​ប្រវែង​លើស​ជិត​ ១ ​ម៉ែត្រ​ទៅ​វិញ នេះ​ក៏​ដោយសារ​តែ​ស្តង់ដារ​ ២ ​មាន​លក្ខណៈ​ខុស​គ្នា (Double standards) ​គឺ​ស្តង់ដារ​អន្តរជាតិ និង​ច្បាប់​ជាតិ តែ​ការ​ឲ្យ​និយមន័យ​ខុស​គ្នា​ផង​ដែរ​រវាង​ពាក្យ​ «​កុងតឺន័រ​» និង​ពាក្យ​ «​រ៉ឺម៉ក​» ហើយ​នឹង​ពាក្យ​ថា​ «​សឺមីកុងតឺន័រ​» និង​ «​សឺមីរ៉ឺម៉ក​» ​ផង​ដែរ​។

បើ​តាម​ស្តង់ដារ​អន្តរជាតិ​ (ISO) ​ពាក្យ​ថា​ «​កុងតឺន័រ​» ​មាន​ន័យ​ជា​យាន​ (​ធុង​)​សម្រាប់​ថ្ពក់​ជាមួយ​ក្បាល​រថយន្ត​ដែល​មាន​ប្រវែង​ ៣ ​កម្រិត​គឺ​ ៤៥ ​ហ្វីត​ (១៣,៧១ ​ម៉ែត្រ​) ៤៨ ​ហ្វីត​(១៤,៦៣ ​ម៉ែត្រ​) និង​ ៥៣ ​ហ្វីត​ (១៦,១៥ ​ម៉ែត្រ​) ​មិន​គិត​ទាំង​ក្បាល​រថយន្ត​ទេ បើ​តក្បាល​ទៀត​ឡើង​ដល់​ ១៨ ​ម៉ែត្រ ឬ​ក៏​ ១៩ ​ម៉ែត្រ រីឯ​ «​សឺមីកុងតឺន័រ​» ​គឺ​វែង​បំផុត​ត្រឹម​តែ​ ៤០ ​ហ្វីត​ទេ​។ តែ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ជាតិ​វិញ​គឺ​ពាក្យ​ថា​ «​រ៉ឺម៉ក​» ​មាន​ន័យ​ជា​យាន​សម្រាប់​ថ្ពក់​ជាមួយ​រថយន្ត​តែ​ម្តង​ (​ដូច​ឡាន​កាម៉ាស​សណ្តោង​កន្ទុយ​ខាង​ក្រោយ​ ១ ​ទៀត​) រីឯ​ពាក្យ​ថា​ «​សឺមីរ៉ឺម៉ក​» ​មានន័យ​ជា​យាន​សម្រាប់​ថ្ពក់​ជាប់​ជាមួយ​ក្បាល​រថយន្ត​សណ្តោង​ (​ដូច​ឡាន​កុងតឺន័រ​)​។

ម្យ៉ាង​វិញ​ទៀត​រថយន្ត​ប្រភេទ​កុងតឺន័រ​តាម​បែប​ស្តង់ដារ​អន្តរជាតិ​ដែល​នាំ​ចូល​ពី​ប្រទេស​គេ​គឺ​មាន​លក្ខណៈ​វែង​ជាង​ច្បាប់​​កំណត់​ឲ្យ​នៅ​ក្នុង​និយមន័យ​​សឺមីកុងតឺន័រ​ប្រវែង​ ១៦ ​ម៉ែត្រ​ទេ ដូច្នេះ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ខំ​លើក​បន្តុប​ដាក់​ឲ្យ​ខ្លី តែ​ធ្វើ​យ៉ាង​ណា​ក៏​នៅ​តែ​លើស​បូក​គ្នា​ក្បាល​រថយន្ត​ដែល​អាច​បត់បែន​បាន​ស្រួល​ជាមួយ​នឹង​ធុង​កុងតឺន័រ​ដដែល ព្រោះ​មាន​ខ្លះ​ក្បាល​ឡាន​ប្រភេទ​ច្រមុះ​វែង​ផង​។ តែ​មិនមែន​ន័យ​ថា ក្រុមហ៊ុន​កុងតឺន័រ​កែច្នៃ​កាត់ត​ទ្រុង​ដូច​រថយន្ត​ត​ទ្រុង​នៅ​ក្នុង​ស្រុក ដូច​នៅ​ស្រុក​ស្វាយ​អន្ទរ​ខេត្ត​ព្រៃវែង​ទៅ​មើល​តាម​ផ្លូវ​ឃើញ​តែ​ផ្ទះ​កាត់ត​ទ្រុង​ថែម​ឡើង​លើ និង​បណ្តោយ​ដែរ​។

ជាង​នេះ​ទៅ​ទៀត ​គឺ​រថយន្ត​ស្តង់ដារ​នាំ​ចូល​នេះ​គឺ​គយ​ឲ្យ​នាំ​ចូល​រួច​ហើយ ក្រសួង​ដឹក​ជញ្ជូន​ក៏​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ស្រប​ច្បាប់ និង​ធ្វើ​ឆៀក​តាម​ស្តង់ដារ​រួច​ហើយ ដំណើរការ​រាល់​ថ្ងៃ​មិន​ដែល​មាន​ផល​រមាស់​អ្វី​ជាមួយ​នឹង​សមត្ថកិច្ច​ផង​ដែរ​។

ចុះ​ហេតុ​អ្វី​ទើប​តែ​លោក​នាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​បាន​នាំ​គ្នា​រក​ឫស រក​គល់ ចាប់​ឃាត់​មិន​ឲ្យ​ដំណើរការ​ដូច្នេះ​ទៅ​វិញ​? ម៉េច​បាន​ជា​មិន​កំណត់​តាំង​ពី​ដំបូង​មក តាំងពី​ការ​នាំ​ចូល​មក​ម្ល៉េះ​បើ​ដឹង​ថា​ប្រវែង​វែង​ជាង​ហើយ​? និង​មក​ទើស​អ្វី​តែ​ប្រវែង​ ៧ ​តឹក​មួយ​កាក់​? មួយ​សេន​ហ្នឹង​? ប្រសិន​បើ​រថយន្ត​កុងតឺន័រ​មិនមែន​កែច្នៃ​ទេ​នោះ​?

ជាមួយ​គ្នា​នោះ​ដែរ ដោយសារ​តែ​ប្រទេស​កម្ពុជា​មិនមែន​ជា​អ្នក​ផលិត​រថយន្ត​កុងតឺន័រ​បែប​ស្តង់ដារ​អន្តរជាតិ​មាន​កន្លែង​ចាប់​ឡោស៊ីកុំ​ឲ្យ​រអិល​ធ្លាក់​ធុង​កុងតឺន័រ​ចុះ​ក្រោម​នេះ អ៊ីចឹង​បើ​ខុស​ត្រូវ​តែ​ប្រវែង​បន្តិចបន្តួច​បែប​នេះ សមត្ថកិច្ច​ក៏​គួរ​តែ​អនុគ្រោះ​គ្នា​បើកបរ​លើ​ផ្លូវ​ជាតិ​ទៅ​។

តែ​អ្វី​ដែល​សំខាន់​សមត្ថកិច្ច​ត្រូវ​តែ​ត្រួតពិនិត្យ​មើល​ទៅ​លើ​ទម្ងន់​របស់​កុងតឺន័រ​នោះ​ទៅ​វិញ​ថា តើ​ដឹក​លើស​ចំនួន​កំណត់​ដែរ​ឬ​អត់​? តើ​អ្នក​បើកបរ​រថយន្ត​កុងតឺន័រ​មាន​តែ​ម្នាក់ឯង​ទេ​? ឬ​ក៏​អ្នក​បើកបរ​ប្រើប្រាស់​គ្រឿងញៀន​ឬ​អត់​? រីឯ​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវ​បង្រៀន​អ្នក​បើកបរ​បន្ថែម​ទៅ​លើ​ការ​អប់រំ​ចិត្ត ក្រម​សីលធម៌ និង​យក​មនុស្ស​ចាស់​បន្តិច​ទៅ កុំ​ឲ្យ​ពួកគេ​បើកបរ​ទៅ​តាម​ចិត្ត​ឆេវឆាវ​របស់​គាត់​ចង់​បុក​នរណា​ម៉ា​សេរី​ក៏​បាន ហើយ​អាង​បើក​ទ្វារ​រត់​បាត់​នោះ​។

ជាង​នេះ​ទៅ​ទៀត​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ភ្ជាប់​ GPS ដើម្បី​ពិនិត្យ​ល្បឿន​អ្នក​បើក​ទាំងអស់​កុំ​ឲ្យ​លើស​ល្បឿន​កំណត់​របស់​ច្បាប់​។

ក្នុង​ន័យ​នេះ​មិនមែន​មាន​ន័យ​ថា​រថយន្ត​យក​ទ្រុង​កុងតឺន័រ​មក​ដាក់​លើ​ឡាន​ដឹក​ទំនិញ​ធំៗ​ធម្មតា​ដែល​គ្មាន​កន្លែង​ចាប់​ឡោស៊ី​កុំ​ឲ្យ​ធ្លាក់​ទ្រុង​កុងតឺន័រ​ចុះ​មក​ក្រោម​ខុស​ស្តង់ដារ​នោះ​ទេ ដូច​ករណី​ធ្លាក់​ធុង​កុងតឺន័រ​ពី​លើ​រថយន្ត​ដឹក​ទំនិញ​កន្លង​មក​នៅ​ផ្លូវ​ជាតិ​លេខ​ ៥ ធុង​កុងតឺន័រ​នោះ​បាន​ធ្លាក់​ពី​លើ​រថយន្ត​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​ដល់​អាយុជីវិត​។ ហើយ​ករណី​នេះ​ឧស្សាហ៍​ធ្លាក់​ធុង​កុងតឺន័រ​ខុស​បច្ចេកទេស​បែប​នេះ នៅពេល​ឡើង​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​ស្ទឹងមានជ័យ​ជាដើម​។

បញ្ហា​ដឹក​ធុង​កុងតឺន័រ​ខុស​បច្ចេកទេស​បែប​នេះ​ហើយ ដែល​សមត្ថកិច្ច​ត្រូវ​តែ​ចាប់​ផាក​ឲ្យ​ខាង​តែ​បាន ព្រោះ​វា​ងាយ​នឹង​គ្រោះថ្នាក់​តាម​ផ្លូវ​ណាស់​។

សរុប​មក​វិញ​ដំណោះស្រាយ​ដែល​ធ្វើ​ទៅ​បាន​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​បន្ត ក្រៅពី​រថយន្ត​កុងតឺន័រ​ដែល​លើស​ប្រវែង​ខ្នាត​នៅ​ក្នុង​ច្បាប់​នេះ​គឺ​មាន​ទី​ ១) ក្រសួង​ដឹកជញ្ជូន​គួរ​តែ​ចេញ​សេចក្តី​ជូន​ដំណឹង​អនុញ្ញាត​ឲ្យ​រថយន្ត​កុងតឺន័រ​ស្តង់ដារ​អន្តរជាតិ​ប្រើប្រាស់​សិន​ទៅ ឬ​ក៏​អនុញ្ញាត​ដល់​ប្រវែង​ ១៨ ម៉ែត្រ​តែ​ម្តង​ទៅ​ឲ្យ​ដូច​រថយន្ត​សណ្តោង​រ៉ឺម៉ក​ក្នុង​ច្បាប់​ចរាចរណ៍​តែ​ម្តង​ទៅ ព្រោះ​សម័យ​ឥឡូវ​ដូច​ជា​គេ​លែង​ប្រើ​រថយន្ត​ត​កន្ទុយ​រ៉ឺម៉ក ដូច​រថយន្ត​កាម៉ាស់​ត​កន្ទុយ​សណ្តោង​ ១ ​ទៀត​ហ្នឹង​ផង និង​ទី​ ២) ​មធ្យោបាយ​ដឹកជញ្ជូន​ទំនិញ​តាម​រថភ្លើង​ដែល​មាន​ ២ ​ខ្សែ​ស្រាប់​ភ្នំពេញ-កំពង់សោម និង​ប៉ោយប៉ែត​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com