សព្វថ្ងៃនេះ មនុស្សចាស់ចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ ម្នាក់ៗភ្ញាក់ពីដេកមក ក្រោកមិនចង់រួចទេ ខ្លះត្អូញឈឺចង្កេះ ខ្លះឈឺពោះ ខ្លះឈឺសន្លាក់ដៃជើង ខ្លះហើមដៃជើង ខ្លះហើមមុខមាត់ ខ្លះក្រលៀនខ្សោយ ខ្លះស្លេកស្លាំង និងខ្លះអស់កម្លាំងតែម្តង។
ដល់ទៅពេទ្យពិគ្រោះជំងឺធម្មតា ក៏មិនទាន់ឃើញចេញជាលទ្ធផលអ្វីជាធំដុំដែរ បានត្រឹមតែដឹងថា សង្ស័យអ្នកជំងឺមានជំងឺលើសសម្ពាធឈាម។ តែនៅពេលដែលយកឈាមទៅពិនិត្យបានដឹងថា មានចេញជារោគសញ្ញាលើសខ្លាញ់ លើសជាតិសាច់ លើសជាតិអាស៊ីត និងលើសជាតិស្ករ ជាដើម តែអ្នកជំងឺខ្លះ នៅក្នុងស្រុកធ្វើរោគវិនិច្ឆយមិនឃើញទេ ក៏ជិះយន្តហោះទៅមើលនៅបរទេសទៀតបានឃើញហើយដឹងថា មានជំងឺមិនឆ្លងជាប់នឹងខ្លួនហើយ បើមិនជំងឺលើសសម្ពាធឈាមទេក៏ជំងឺទឹកនោមផ្អែម ជំងឺបេះដូង ជំងឺផ្លូវដង្ហើមសួត ជួនកាលអាចឈានទៅដល់ជំងឺមហារីកក៏មានដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើកាលណាដឹងខ្លួនមុនថា មានជំងឺមិនឆ្លងណាមួយនៅនឹងខ្លួនហើយ អ្នកជំងឺអាចចាប់ផ្តើមព្យាបាលបន្តិចម្តងៗក៏ប្រសើរជាងមិនដឹងថា ខ្លួនមានជំងឺមិនឆ្លងផងដែរ នៅពេលដែលដឹងគឺពេលខ្លះយឺតពេលក្នុងការព្យាបាលគឺអាចគ្រោះថ្នាក់ដល់ជីវិត ឬក៏ស្លាប់មួយចំហៀងខ្លួនបាន ឬក៏កាត់ដៃកាត់ជើងបាន។
នៅពេលជំងឺមិនឆ្លងចម្បងៗហ្នឹង តែកើតមួយណាហើយ ត្រូវតែពិនិត្យតាមរោគវិនិច្ឆយ និងព្យាបាលប្រើថ្នាំជាប់ជាប្រចាំហើយគឺរហូតដល់ជីវិតចុងក្រោយ។ មកទល់បច្ចុប្បន្ននេះគ្រាន់តែអ្នកជំងឺទឹកនោមផ្អែមមួយមុខទេនៅប្រទេសកម្ពុជា កើនឡើងយ៉ាងឆាប់រហ័សដល់ទៅ ២៤៦ ០០០ ករណី នៅឆ្នាំ ២០១៧ រហូតដល់បង្កើតបានទិវាទឹកនោមផ្អែមពិភពលោកនៅថ្ងៃទី ១៤ ខែ វិច្ឆិកា (IDF, 2017)។
តាមរយៈការសិក្សាស្រាវជ្រាវស្តីពីអំពីអត្រាប្រេវ៉ាឡង់នៃកត្តាប្រឈមជំងឺមិនឆ្លងនៅឆ្នាំ ២០១៦ ដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងក្រសួងសុខាភិបាលក្នុងចំណោមប្រជាជនចំនួន ២ ៨៧០ នាក់ អាយុពី ១៨ ដល់ ៦៩ ឆ្នាំបានរកឃើញថា ៩,៦ ភាគរយ នៃប្រជាជនបានលើសជាតិស្ករ ឬក៏កំពុងតែប្រើថ្នាំជំងឺទឹកនោមផ្អែម ហើយជាង ៩០ ភាគរយ នៃមនុស្សពេញវ័យនៅកម្ពុជាយ៉ាងហោចណាស់មានមួយកត្តាណាមួយ (ជក់បារី ផឹកស្រា ហូបអាហារប្រៃពេក ឬក៏ផ្អែមពេក និងកង្វះកាយវប្បកម្ម) ដែលបណ្តាលឲ្យមានជំងឺទឹកនោមផ្អែម។ តាមរយៈទិន្នន័យនៅវេបសាយរបស់អង្គការសុខភាពពិភពលោកបានបង្ហាញអ្នកស្លាប់ដោយសារជំងឺទឹកនោមផ្អែមនៅឆ្នាំ ២០១៦ គឺអាយុពី ៣០ ដល់ ៦៩ ឆ្នាំ មានចំនួន ៧៦០ នាក់ និងអាយុ ៧០ ឆ្នាំឡើងទៅ មានចំនួន ៦៦១ នាក់ ។
ជំងឺនេះគឺជាប្រភេទជំងឺអ្នកមាន តែកើតហើយត្រូវតែតាមដាន និងប្រើថ្នាំឲ្យបានទៀងទាត់ ហើយឲ្យតែប្រហែសមានដំបៅនៅអវយវៈណាមួយហើយ ត្រូវតែកាត់ចោល ឬក៏អ្នកជំងឺងាយនឹងកើតជំងឺផ្សេងៗមកលាយឡំដូចជាជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺភ្នែក និងជំងឺមហារីកផ្សេងជាដើម។
ដោយសារតែជំងឺទឹកនោមផ្អែមនេះជាប្រភេទជំងឺរ៉ាំរ៉ៃ អ៊ីចឹងបើជំងឺនេះកើតឡើងចំពោះអ្នកក្រវិញគឺកាន់តែវេទនា លក់ដី លក់ស្រែកេរអាករអស់ ដោយសារជំងឺឃាតករលាក់មុខនេះ។ រីឯអ្នកមានធូរធារគឺទៅព្យាបាលតាមដាននៅបរទេសជាប្រចាំ ចុងក្រោយអស់ចិត្តអស់ចង់ស្លាប់ដដែល។
ជំងឺនេះមិនឆ្លងទៅអ្នកដទៃ វាកើតឡើងបណ្តាលមកពីអ្នកជំងឺធាត់ ឬក៏ធាត់ហួសដែលខ្វះសកម្មភាពលំហាត់ប្រាណ និងឥរិយាបថនៃការញ៉ាំមិនកំណត់ ពោលគឺញ៉ាំអាហារផ្អែម និងផឹកស្រេចតែនឹងចិត្តផ្គួបផ្សំជាមួយនឹងការឃោសនាផ្សាយពាណិជ្ជកម្មត្រូវរង្វាន់ធំៗដូចជា លុយរាប់លានរៀលទូរស័ព្ទស្មាតហ្វូនទូរទស្សន៍ ម៉ូតូ និងឡានពីផលិតផលស្រា ប៊ីយែរ និងភេសជ្ជៈមានជាតិស្ករលើសផងគឺមនុស្សពេញវ័យងាយនឹងធ្លាក់ចូលទៅនឹងជំងឺនេះណាស់។
នៅពេលដែលមនុស្សពេញវ័យនៅមានកម្លាំង គឺមេរោគមិនទាន់ចេញភ្លាមទេ អ៊ីចឹងពួកគេសប្បាយទៅនឹងការផឹកភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករលើសលប់ ដើម្បីគាស់យកក្រវិលកំប៉ុង ឬដបយករង្វាន់ ចុងក្រោយរង្វាន់ក៏អត់ ជំងឺទឹកនោមផ្អែមក៏វ៉ៃលុកចូលក្នុងខ្លួនផងដែរ។ រាងកាយចាប់ផ្តើមចុះខ្សោយ ស្រកគីឡូយ៉ាងលឿនគួរឲ្យកត់សម្គាល់ ហើយចាប់ផ្តើមទៅពេទ្យហើយក៏ជាឱកាសរករឿងពេទ្យដែរពេលខ្លះ រឿងផ្តល់សេវាមិនគ្រប់គ្រាន់ មិនមានសម្ភារគ្រប់គ្រាន់នៅមណ្ឌលសុខភាពសម្រាប់ជំងឺទឹកនោមផ្អែមនេះ។
ប៉ុន្តែពេលដែលគ្រូពេទ្យហាមមិនសូវយកត្រចៀកស្តាប់ទេ ប្រាប់ថាភេសជ្ជៈ ឬក៏នំដូណាត់មានជាតិស្ករច្រើនកុំទទួលទានច្រើនពេក តែពួកគេធ្វើមិនដឹងមិនឮពេលខ្លះខឹងទៀត ព្រោះខ្លួនកំពុងតែសប្បាយ ជាពិសេសក្មេងៗ និងយុវជន។
ប៉ុន្តែនៅក្នុងសហគមន៍មិនមានការហាមឃាត់ទេ ចង់ផឹកស៊ីម៉ាសេរី ដោយមិនគិតគូរថ្ងៃឈប់សម្រាក និងថ្ងៃសៅរ៍ អាទិត្យនោះទេ។ រីឯការផ្សព្វផ្សាយពាណិជ្ជកម្មពីចំណីអាហារជាតិស្ករ និងភេសជ្ជៈជាតិស្ករនេះក៏ផ្សាយគ្រប់រូបភាព តាមអនឡាញ តាមបណ្តាញសង្គម តាមសារព័ត៌មានទាំងបុរាណ ទាំងសម័យផងដែរ ជាពិសេសគឺរឿងត្រូវរង្វាន់ធំៗហ្នឹងតែម្តង ធ្វើឲ្យអ្នកភូមិប្រឹងផឹកតាមយករង្វាន់។
តែផ្ទុយទៅវិញការផ្សព្វផ្សាយពីការអប់រំសុខភាព តាមសារព័ត៌មាន និងនៅតាមកញ្ចក់ទូរទស្សន៍ ស្តីពីជំងឺមិនឆ្លងនៅមានតិចតួចបំផុត និងការផ្សព្វផ្សាយនៅតាមសហគមន៍ ក៏នៅមានតិចតួចបំផុតផងដែរ។ តែថ្មីៗនេះក្រសួងអប់រំ យុវជន និង កីឡា ចេញប្រកាសហាមលក់នំចំណីអាហារ និងភេសជ្ជៈដែលមានជាតិស្ករហួសហេតុ ៦ មុខឲ្យឈប់លក់នៅក្នុងសាលារៀន។
មកទល់ពេលនេះក្រសួងសុខាភិបាលទើបតែចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងវិញទេ ដែលកាលពីមុនក្រសួងផ្តោតតែទៅលើជំងឺឆ្លង ដែលងាយរងគ្រោះនោះដូចជា ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់ តែជំងឺឆ្លងទាំងនេះត្រូវបានគ្រប់គ្រងការរីករាលដាលបានប្រសើរឡើង ហើយឈានដល់ការលុបបំបាត់ការរើសអើងទៀតផង។
ការចាប់ផ្តើមយុទ្ធនាការប្រយុទ្ធនឹងជំងឺមិនឆ្លងនេះក៏មានកម្រិតផងដែរគឺចាប់ផ្តើមដាក់សេវាសុខាភិបាលមូលដ្ឋាន មានការព្យាបាលជំងឺមិនឆ្លង តែមិនទាន់មានប្រូតូកូលនៅឡើយទេ ហើយកម្រិតមណ្ឌលសុខភាពមិនទាន់មានសម្ភារ និងបច្ចេកទេសព្យាបាលជំងឺមិនឆ្លងនៅឡើយទេ តែបានត្រឹមតែបើកថ្នាំឲ្យទៅអ្នកជំងឺដែលនៅក្បែរមណ្ឌលសុខភាព ទៅតាមវេជ្ជបញ្ជាពីមន្ទីរពេទ្យបង្អែកចេញឲ្យទៅបើកនៅមណ្ឌលសុខភាព។
ប៉ុន្តែមន្ត្រីមណ្ឌលសុខភាពមានលទ្ធភាពដែលអាចធ្វើបានគឺផ្សព្វផ្សាយអប់រំពីជំងឺមិនឆ្លងទៅតាមសហគមន៍បានទៅតាមគោលការណ៍ណែនាំថ្មីដែលក្រសួងសុខាភិបាល បានកែសម្រួលរួចហើយ និងអនុម័តឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។
បញ្ហាជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមនេះកំពុងតែរីករាលដាលយ៉ាងខ្លាំងនៅតាមសហគមន៍។ ហេតុដូចនេះហើយរដ្ឋគួរតែទម្លាក់ថវិកាបន្ថែមទៅលើសេវាសុខាភិបាលចុះមូលដ្ឋានដើម្បីឲ្យមន្ត្រីមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិអាចមានលទ្ធភាពទៅអប់រំផ្សព្វផ្សាយ និងការថែទាំសុខភាពបឋមដល់អ្នកភូមិឆ្ងាយៗ ដើម្បីធ្វើការពិនិត្យរកអត្ដសញ្ញាណ (Screening) រកអ្នកជំងឺមិនឆ្លង ដើម្បីបញ្ជូនទៅសេវាសុខាភិបាលមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងការគ្របដណ្តប់សុខភាពជាសកល។ រីឯការផ្សព្វផ្សាយអំពីគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមជ្រុលហួសហេតុទទួលបានរង្វាន់ គួរតែត្រូវបានបញ្ឈប់៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com