តើ​ជំងឺ​រាតត្បាត​ COVID-19 ​ត្រូវបាន​ចាត់ទុកថា​ជា​ព្រឹត្តិការណ៍​ប្រធាន​ស័ក្ដិ​ដែរ​ឬ​ទេ​?

អង្គការ​សុខភាព​ពិភពលោក​បានប្រកាស​ការផ្ទុះឡើង​នូវ​ Novel Coronavirus (“Covid-19”) ​ជា​ជំងឺ​រាតត្បាត​នៅ​ថ្ងៃទី​ ១១ ខែមីនា​។ ក្រោយពី​ការប្រកាស​នេះ ក្រសួង​សុខាភិបាល​កម្ពុជា និង​ក្រសួង​ផ្សេងៗ​បាន​ចាត់វិធានការ​រដ្ឋបាល និង​ផ្លូវច្បាប់​ជាច្រើន​ដើម្បី​ការពារ​ការរីក​រាលដាល​លឿន ឬ​ការនាំចូល​ Covid-19 ក្នុងប្រទេស​កម្ពុជា​។

រាជរដ្ឋាភិបាល​កម្ពុជា​រួមមាន​ក្រសួងសុខាភិបាល ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ទេសចរណ៍ ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​សាលារៀន​រដ្ឋ និង​ឯកជន អាជីវកម្ម​ឯកជន​មួយចំនួន ដូចជា ហាង​ខារ៉ាអូខេ បៀរហ្គាដិន និង​ក្លិប​កម្សាន្ត​នានា​បិទ​។

ស្ថាប័ន​ផ្សេងៗ​ត្រូវបាន​ណែនាំ​ឲ្យ​រៀបចំ​បុគ្គលិក​របស់ខ្លួន​ឲ្យ​ធ្វើការ​ពី​ផ្ទះ​ជាដើម​។ រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឲ្យ​មាន​ការរក្សា​គម្លាត​សង្គម​រវាង​មនុស្ស​ដោយ​ជំរុញ​ឲ្យ​ប្រជាជន​នៅផ្ទះ ហើយ​ចេញ​ក្រៅ​ផ្ទះ​នៅពេល​ចាំបាច់​។

ជា​លទ្ធផល​អាជីវកម្ម​ដែល​ត្រូវបាន​ណែនាំ​ឲ្យ​បិទ​បាន​បិទ​ជា​ស្ថាពរ​។ ប៉ុន្តែ​អាជីវកម្ម​មួយ​ចំនួន​ដែល​មិន​ស្ថិត​ក្នុង​បទបញ្ជា​ឲ្យ​បិទ​ដោយផ្ទាល់​ប្រហែល​ជា​នឹង​បិទ​ក្នុងពេល​ឆាប់ៗ​ដែរ​ដោយសារ​មូលហេតុ​ផ្សេង​។

មូលហេតុ​រួមមាន​ការផ្គត់ផ្គង់​វត្ថុធាតុដើម​មិនបាន​គ្រប់គ្រាន់ ផលិតផល និង​សេវាកម្ម​របស់ខ្លួន​មិនមាន​តម្រូវការ​ក្នុង​ទីផ្សារ មិនអាច​ជួញដូរ​បាន ដោយសារ​​តែ​ការបិទ​ព្រំដែន ការហាមឃាត់​ការហោះហើរ​ចេញចូល និង​ការបិទ​ប្រទេស​មួយផ្នែក ឬ​ទាំងមូល និង​ផ្សេងៗ​ទៀត​។

មកទល់​ពេល​បច្ចុប្បន្ននេះ​រោងចក្រ​កាត់ដេរ​ច្រើនជាង​ ៥០ ត្រូវបាន​អនុញ្ញាត​ឲ្យ​ផ្អាក​ប្រតិបត្តិការ​។ សណ្ឋាគារ ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​មួយ​ចំនួន​បាន​បិទទ្វារ​ផងដែរ នៅពេល​សាលារៀន​រដ្ឋ និង​ឯកជន​ទាំងអស់​ត្រូវបាន​បញ្ជា​ឲ្យ​មានការ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ជំនួស​ការរៀន​តាម​ថ្នាក់រៀន​ដូច​ពីមុន​។

ការណែនាំ​ផ្នែក​រដ្ឋបាល និង​ផ្នែក​ច្បាប់​របស់​រដ្ឋាភិបាល​ខាងលើ និង​ហានិភ័យ​នៃ​ការឆ្លង​ Covid-19 អាច​បង្ក​ឲ្យ​អលទ្ធភាព​ក្នុង​ការអនុវត្ត​កិច្ចសន្យា​មួយផ្នែក​ ឬ​ទាំងមូល​។

ជា​ផលវិបាក វា​នឹង​មាន​ការខូចខាត​ដល់​ភាគី​នៃ​កិច្ចសន្យា​។ ព្រឹត្តិការណ៍​នេះ​អាច​ស្ថិតក្នុង​និយមន័យ​ច្បាប់​របស់​ប្រធាន​ស័ក្តិ​ដូចនឹង​ពន្យល់​បន្ថែម​នៅ​ខាងក្រោម​។

អ្វី​ទៅ​គឺជា​ព្រឹត្តិការណ៍​ប្រធាន​ស័ក្តិ​ក្រោម​ច្បាប់​កម្ពុជា​?

ជាទូទៅ​ប្រធាន​ស័ក្ដិ​ត្រូវបាន​ឲ្យ​និយមន័យ​ថា ជា​ព្រឹតិ្តការណ៍​ដែល​កើតឡើង​ក្រៅ​ឆន្ទៈ​របស់​ភាគី ហើយ​វា​មិនអាច​ជម្នះ និង​មិនអាច​ប៉ាន់ស្មាន​ជាមុន​បាន​។

វា​អាច​ត្រូវបាន​បណ្តាល​មកពី​សកម្មភាព​របស់​មនុស្ស ធម្មជាតិ ចំណាត់ការ​របស់​រដ្ឋាភិបាល និង​ព្រឹត្តិការណ៍​ក្រៅ​ខ្លួន​ផ្សេងៗ​ទៀត​។

ក្នុងករណី​ណាមួយ ព្រឹត្តិការណ៍​ដែល​អាច​អះអាង​ថា ជា​ប្រធាន​ស័ក្ដិ​ត្រូវតែ​លើសពី​សមត្ថភាព​គ្រប់គ្រង​សមរម្យ​របស់​ភាគី​ដែល​រង​ឥទ្ធិពល សមត្ថភាព​របស់​ភាគី​ក្នុង​ការបន្ត​អនុវត្ត​កិច្ចសន្យា​ត្រូវ​បាន​ហាមឃាត់ រារាំង ឬ​បង្អាក់ ហើយ​ភាគី​បាន​ចាត់វិធានការ​ដែល​សមរម្យ​ទាំងអស់​ដើម្បី​កាត់បន្ថយ ឬ​ចៀសវាង​ព្រឹត្តិការណ៍​នេះ​ ឬ​ផលវិបាក​របស់​វា ប៉ុន្តែ​នៅតែ​មិនអាច​ជម្នះ​ព្រឹត្តិការណ៍​នេះ​បាន​។

ច្បាប់​កម្ពុជា​មិនមាន​ចែង​ពី​និយមន័យ​របស់​ប្រធាន​ស័ក្ដិ​​ឲ្យ​បាន​លម្អិត​ទេ​។ ជាធម្មតា និយមន័យ​បែបនេះ​អាច​ត្រូវ​បានកំណត់​ក្នុង​កិច្ចសន្យា​។

ព្រឹត្តិការណ៍​ប្រធាន​ស័ក្តិ​អាចជា​ព្រឹត្តិការណ៍​នយោបាយ ​ឬ​មិន​ពាក់ព័ន្ធ​នយោបាយ ការផ្លាស់ប្តូរ​នូវ​បរិយាកាស​ផ្នែក​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែល​មិនបាន​ប៉ាន់ស្មាន​ទុកជាមុន​ ឬ​គ្រោះមហន្តរាយធម្មជាតិ​ដែល​ធ្វើឲ្យ​ការអនុវត្ក​កិច្ចសន្យា​មិនអាច​ធ្វើ​ទៅ​បាន​។

ក្នុងករណី​ដែល​មិនមាន​ភាពច្បាស់លាស់ តុលាការ​អាច​បកស្រាយ​អត្ថន័យ​របស់​ប្រធាន​ស័ក្ដិ​ដោយ​ពិចារណា​លើ​លក្ខណៈ​​ និង​ផលប៉ះពាល់​របស់​ព្រឹត្តិការណ៍​ដោយ​ផ្អែកលើ​ទំនៀមទម្លាប់ និង​ការអនុវត្ត​ផ្នែក​ជំនួញ​ក្នុងប្រទេស​កម្ពុជា​។

វា​គួរ​ត្រូវបាន​កត់សម្គាល់​ដែរ​ថា កម្ពុជា​បានអនុម័ត​យក​ប្រព័ន្ធ​ច្បាប់​ស៊ីវិល ដូចនេះ​ការអនុវត្ត​ប្រធាន​ស័ក្តិ​ធ្វើជា​មូលហេតុ​នៃ​ការបំពាន​កិច្ចសន្យា​ប្រហែល​ជា​មិន​ដូចនឹង​ការអនុវត្ត​គោល​គំនិត​នេះ ក្រោម​ច្បាប់​អង់គ្លេស និង​យុត្តាធិការ Common Law ដទៃទៀត​ទេ​។

តើ​ប្រធាន​ស័ក្ដិ​ត្រូវបាន​យក​មក​អនុវត្ត​នៅពេលណា និង​ដោយ​របៀប​ណា​?

គូភាគី​នៃ​កិច្ចសន្យា​ដែលមាន​សុពលភាព​មួយ​ត្រូវអនុវត្ត​​តាម​កាតព្វកិច្ច​រៀងៗ​ខ្លួន​ស្របតាម​លក្ខខណ្ឌ​នៃ​កិច្ចសន្យា​។ ​ប៉ុន្តែ​ម្ចាស់បំណុល​នៃ​កាតព្វកិច្ច​មិនអាច​ទាមទារ​ឲ្យ​កូន​បំណុល​នៃ​កាតព្វកិច្ច​អនុវត្ត​កាតព្វកិច្ច ប្រសិនបើ​ការអនុវត្ត​​កាតព្វកិច្ច​ប្រែជា​មិនអាច​អនុវត្ត​បាន​ដោយ​មិនមែន​ជា​កំហុស​របស់​កូនបំណុល​។ នៅពេល​កើតមាន​ប្រធាន​ស័ក្ដិ ការអនុវត្ត​កាតព្វកិច្ច​ក្នុង​កិច្ចសន្យា​អាច​ក្លាយជា​ធ្វើ​មិនបាន​មួយផ្នែក​ ឬ​ទាំងស្រុង​។

ប្រការ​ស្តីពី​ប្រធាន​ស័ក្ដិ​គឺជា​ប្រការ​ដែល​តែងតែ​មាន​ក្នុង​កិច្ចសន្យា​ដែល​អាចធ្វើ​ឲ្យ​គូភាគី​រួចផុត​ពី​ការទទួល​ខុសត្រូវ ឬ​កាតព្វកិច្ច​នៅពេល​ដែល​ព្រឹត្តិការណ៍​វិសាមញ្ញ ឬ​ហេតុការណ៍​ដែល​លើសពី​សមត្ថភាព​គ្រប់គ្រង​របស់​គូភាគី ដូចជា សង្គ្រាម កូដកម្ម កុបកម្ម បទល្មើស ​ជំងឺ​រាតត្បាត ទឹកជំនន់ រញ្ជួយដី គ្រោះធម្មជាតិ ជាដើម​។

ជាការអនុវត្ត​ខ្លឹមសារ​នៃ​ប្រការ​ស្តីពី​ប្រធាន​ស័ក្ដិ​អាច​សង្ខេប​ខ្លី ឬ​ពិពណ៌នា​បន្តិចបន្តួច​។ ​កិច្ចសន្យា​មួយចំនួន​បញ្ចូល​ប្រការ​ស្តីពី​ប្រធាន​ស័ក្ដិ ប៉ុន្តែ​កិច្ចសន្យា​ខ្លះ​មិនមាន​ទេ​។ ក្នុងករណីនេះ ភាគី​ដែល​រងផលប៉ះពាល់​អាច​ពឹង​លើ​បញ្ញត្តិច្បាប់​ដែល​គ្រប់គ្រង​កិច្ចសន្យា​របស់​ភាគី​ដើម្បី​អះអាង​ពី​ប្រធាន​ស័ក្ដិ​។

ទាក់ទង​នឹង​នីតិវិធី​វិញ ប្រសិន​បើ​ភាគី​ណាមួយ​យល់ថា​ខ្លួន​បាន​រង​ឥទ្ធិពល​ពី​ប្រធាន​ស័ក្ដិ ហើយ​ចង់​អនុវត្ត​ប្រការនេះ ភាគី​នោះ​ត្រូវ​ជូនដំណឹង​ទៅ​ភាគី​ម្ខាង​ទៀត​ភ្លាមៗ​ពី​ព្រឹត្តិការណ៍​នោះ​។

ក្នុង​សេចក្តី​ជូនដំណឹង​នោះ ភាគី​ត្រូវ​ផ្តល់​ភ័ស្តុតាង​ដើម្បី​បង្កើត​ទំនាក់ទំនង​រវាង​ព្រឹត្តិការណ៍ និង​ផលវិបាក​ដែល​រំពឹងទុក និង​រយៈពេល​ដែល​ព្រឹត្តិការណ៍​អាច​កើតឡើង​។

ភាគី​ត្រូវ​ពិនិត្យ​មើល​ប្រការ​ក្នុង​កិច្ចសន្យា​ឲ្យ​បាន​ហ្មត់ចត់ ដោយសារ​តែ​កិច្ចសន្យា​មួយ​ចំនួន​អាច​តម្រូវ​ឲ្យ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ ឬ​ពេលខ្លះ​ការជូនដំណឹង​ដោយផ្ទាល់​មាត់​គឺ​គ្រប់គ្រាន់​ហើយ​។

តើ​អ្វីខ្លះ​ជា​ផលវិបាក​គតិយុត្ត​សម្រាប់​ការអះអាង​លើ​ប្រធាន​ស័ក្ដិ​?

ជាគោលការណ៍​ទូទៅ នៅ​ពេល​ដែល​ភាគី​នៃ​កិច្ចសន្យា​អះអាង​ថា មាន​ព្រឹតិ្តការណ៍​ប្រធាន​ស័ក្ដិ​កើតឡើង កិច្ចសន្យា​អាច​ត្រូវបាន​ផ្អាក​សម្រាប់​អំឡុងពេល​នៃ​ព្រឹត្តិការណ៍ ឬ​កិច្ចសន្យា​អាច​ត្រូវបាន​រំលាយ​។

ឧទាហរណ៍​ក្នុងករណី​នៃ​កិច្ចសន្យា​ការងារ ច្បាប់​ការងារ​អនុញ្ញាត​ឲ្យ​គូភាគី​រំលាយ​កិច្ចសន្យា ឬ​ផ្អាក​កិច្ចសន្យាការងារ​ដោយសារ​តែ​ការកើតមាន​ប្រធាន​ស័ក្ដិ​។

ប្រសិនបើ​ភាគី​ដែល​រង​ផលប៉ះពាល់​អាច​បញ្ជាក់​ពី​ព្រឹត្តិការណ៍​ប្រធាន​ស័ក្ដិ​ដូច​បាន​ពន្យល់​ខាងលើ​នេះ ភាគី​ដែល​រងផលប៉ះពាល់​អាច​ត្រូវបាន​លើកលែង​ពី​ការទទួល​ខុសត្រូវ​លើ​ការខូចខាត​របស់​ភាគី​ម្ខាង​ទៀត​។

ទោះយ៉ាងណា​ការកំណត់​​ពី​លក្ខខណ្ឌ​នៃ​ការបំពាន​កិច្ចសន្យា និង​វិធី​សង្គ្រោះ​ក្នុងករណី​ប្រធាន​ស័ក្ដិ ប្រហែល​ជា​អាចមាន​ចែង​ក្នុង​កិច្ចសន្យា​។

កិច្ចសន្យា​អាច​កំណត់​ពី​ការពន្យារពេល​អនុវត្ត​កាតព្វកិច្ច ការពន្លឿន​ពេល​មក​ដល់​នៃ​ការអនុវត្ត​កាតព្វកិច្ច ឬ​ស្ថានភាព​កាត់បន្ថយ​ការខូចខាត​វិធានការ សហការ​ការពារ ឬ​សង្គ្រោះ​ផ្សេងទៀត​ដែល​ធ្វើបាន​ដោយ​ភាគី​ម្ខាង​ទៀត​។

មិនមែន​គ្រប់​ករណី​នៃ​ព្រឹត្តិការណ៍​ប្រធាន​ស័ក្ដិ ការបំពេញ​កាតព្វកិច្ច​ក្នុង​កិច្ចសន្យា​ទាំងអស់​ក្លាយ​ជា​អលទ្ធភាព ឬ​ឈប់​នោះទេ​។ ឧទាហរណ៍​ក្នុង​កិច្ចសន្យាខ្ចី​បរិភោគ អ្នក​ខ្ចី​មិនអាច​ត្រូវបាន​លើកលែង​ពី​ការសង​ប្រាក់​ដើម និង​ការប្រាក់​ទេ​ក្នុង​អំឡុងពេល​នៃ​​ព្រឹត្តិការណ៍​ប្រធាន​ស័ក្ដិ​។

ប៉ុន្តែ​អ្នក​ខ្ចី​អាច​នឹងមិន​ត្រូវ​មាន​កាតព្វកិច្ច​ក្នុង​ការសង​ការខូចខាត ឬ​ការពិន័យ​សម្រាប់​ការសង​ប្រាក់​យឺតយ៉ាវ​ទេ​។ ក្នុងករណី​កិច្ចសន្យា​ជួល​អចិន្រៃ្តយ៍​លើ​អចលនវត្ថុ អ្នក​ជួល​អាចរំលាយ​កិច្ចសន្យាជួល​បាន ប្រសិន​បើ​គាត់​មិនអាច​ទទួល​បាន​ប្រាក់ចំណេញ​ពី​ការជួល​សម្រាប់​រយៈពេល​ ៣ ​ឆ្នាំ​ដោយសារ​តែ​ការកើតឡើង​នៃ​ប្រធាន​ស័ក្ដិ​។

ក្នុងអំឡុងពេល​នៃ​ប្រធាន​ស័ក្ដិ ការបង់ប្រាក់​ឈ្នួល​ថ្លៃ​ជួល​អាច​ត្រូវបាន​ផ្អាក​ ឬ​ការកាត់បន្ថយ​ថ្លៃឈ្នួល​អាច​ត្រូវបាន​ទាមទារ​ប្រសិន​បើ​ប្រាក់ចំណូល ​ឬ​ផល​កើតចេញ​ពី​ការប្រើប្រាស់ ដីជួល​មិនមាន​។

តើ​ភាគី​នៃ​កិច្ចសន្យា ជាពិសេស​ភាគី​ដែល​រង​ផលប៉ះពាល់​អាចធ្វើ​អ្វី​បាន​ក្នុង​ហេតុការណ៍​ជំងឺ​រាតត្បាត Covid-19?

គូភាគី​ត្រូវបាន​ផ្តល់យោបល់​ឲ្យ​ពិចារណា​ក្នុងការ​ចាត់វិធានការ​ការពារ​ដូចខាងក្រោម​៖

ពិនិត្យមើល​កិច្ចសន្យា​ឲ្យ​បាន​ហ្មត់ចត់ ជាពិសេស​លើ​និយមន័យ​នៃ​ប្រធាន​ស័ក្ដិ​ដែល​បានចែង​ក្នុង​កិច្ចសន្យា​ដើម្បី​ទទួលបាន​ការយល់ដឹង​ច្បាស់លាស់​លើ​លក្ខខណ្ឌ និង​វិធានការ​ដែល​ត្រូវ​ចាត់ចែង​ក្នុង​ព្រឹត្តិការណ៍​បែបនេះ​ប្រសិនបើ​មិន​ច្បាស់លាស់​ស្វែងរក​ការប្រឹក្សា​ផ្នែក​ច្បាប់​ពី​មេធាវី មានន័យថា សមាជិក​នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​មាន​គុណវុឌ្ឍិ​ក្នុង​ការពន្យល់​បន្ថែម​ឆ្លើយតប និង​ផ្តល់​ប្រឹក្សា​លើ​សំណួរ​របស់​លោកអ្នក​។

រក្សាទុក​កំណត់ហេតុ​ឯកសារ និង​ភ័ស្តុតាង​នៃ​ការប៉ះពាល់​ និង​ការខូចខាត​ដែល​បណ្តាល​មកពី​ព្រឹត្តិការណ៍​ប្រធាន​ស័ក្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ទាក់ទង​នឹង​ការពិភាក្សា​ជាមួយ​ដៃគូ​កិច្ចសន្យា​ដៃគូ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដើម្បី​បង្ហាញ​ពី​ក្តីបារម្ភ ពន្យល់​បន្ថែម​លើ​ការស្នើសុំ​ការណែនាំ​ផ្នែក​រដ្ឋបាល និង​ផ្លូវច្បាប់ ចាត់វិធានការ​ដែល​ចាំបាច់​ដើម្បី​ការពារ និង​កាត់បន្ថយ​ហានិភ័យ ការខូចខាត និង​ផលវិបាក​អចេតនា​ផ្សេងៗ​ទៀត​ដែល​បណ្តាល​មកពី​ការប្រែប្រួល​សេចក្តី​បង្គាប់​ផ្នែកច្បាប់ និង​រដ្ឋបាល​របស់​អាជ្ញាធរមាន​សមត្ថកិច្ច​៕

ដោយ លោក​មេធាវី​ លី តៃសេង នាយកប្រតិបត្តិ​ក្រុមហ៊ុន​មេធាវី​ អេច ប៊ី អេស​ ​និង​មន្ទីរ​សារការី អេច ប៊ី អេស

អ៊ីមែល: tayseng@hbslaw.asia (​កំណត់សម្គាល់​របស់​អ្នក​និពន្ធៈ​ទស្សនៈ​ខាងលើ​គឺជា​របស់​អ្នកនិពន្ធ ហើយ​សម្រាប់​ជា​ព័ត៌មាន​ទូទៅ​តែប៉ុណ្ណោះ​។ ភ្នំពេញ​ ប៉ុស្ដិ៍ នឹង​មិន​ទទួល​ខុសត្រូវ​លើ​ការខូចខាត​ណាមួយ​ដោយសារ​តែ​ទស្សនៈ​ដែល​មាន​ក្នុង​អត្ថបទ​នេះ​ទេ​)