នៅក្នុង​ការងារ​ជា​អ្នកការទូត​របស់ខ្ញុំ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកនេះ ខ្ញុំ​តែងតែ​មាន​ការចាប់​អារម្មណ៍​ចំពោះ​ភាព​រាក់ទាក់​នៃ​ប្រជាជន​កម្ពុជា និង​វប្បធម៌​ប្រពៃណី​ដ៏សម្បូរបែប​របស់​ពួកគេ​។ ​តាំងតែ​ពី​ពេល​មក​ដល់​កាលពី​ខែកញ្ញា​ជា​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក ខ្ញុំ​ថែម​ទាំង​បានឃើញ​ភាពរស់រវើក​កាន់តែ​​ច្រើន​ឡើង​នៃ​វិស័យ​ឯកជន​។

សហគ្រិន​អ្នក​នាំមុខ​ផ្នែក​បច្ចេកវិទ្យា និង​អ្នក​ច្នៃប្រឌិត​បង្កើត​​ថ្មី​របស់​កម្ពុជា​មាន​លទ្ធភាព​អាច​ជួយ​ប្រទេស​ឲ្យ​សម្រេច​បាន​​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​។ អ្នក​ទាំងនេះ​គឺជា​អ្នក​ដែល​នឹង​ធ្វើឲ្យ​ក្រុមហ៊ុន​ដុះដាល​បង្កើត​ឲ្យ​មាន​ការងារ​ធ្វើ ហើយ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ​ដែល​ឲ្យ​តម្លៃ​លើ​ភាពថ្លៃថ្នូរ ភាពស្មោះត្រង់ និង​បទដ្ឋាន​ខ្ពស់​។ ដើម្បី​ទទួល​បាន​ជោគជ័យ​ឈានមុខ​គេ​ផ្នែក​ធុរកិច្ច កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​ផ្តល់​ការគាំទ្រ និង​លទ្ធភាព​មានការ​វិនិយោគ​ត្រឹមត្រូវ ហិរញ្ញប្បទាន​ល្អៗ និង​ទីផ្សារ​បើកចំហ​ដែល​ទាំងអស់​នេះ​គឺជា​​វិស័យ​ដែល​សហរដ្ឋអាមេរិក​ផ្តល់​ផលិតផល​កម្រិត​ពិភពលោក​​ក្នុង​ការវិនិយោគ និង​ឱកាស​ទីផ្សារ​។

ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជកម្ម​ជាន់ខ្ពស់​ពី​ប្រទេស​កម្ពុជា​ទៅ​ចូលរួម​វេទិកា​ធុរកិច្ច​​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​បាងកក​នៅ​សប្តាហ៍​ក្រោយ​។

វេទិកា​ស្តីពី​ការវិនិយោគ និង​ពាណិជ្ជកម្ម​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋអាមេរិក​នេះ​នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន និង​ប្រទេស​ដែល​ចូលរួម​នូវ​ឱកាស​កសាង​ទំនាក់ទំនង​ជាមួយ​អ្នកដឹកនាំ​ធុរកិច្ច និង​អ្នក​ធ្វើ​គោលនយោបាយ​សំខាន់ៗ​​ដែល​មកពី​ប្រទេស​ចំនួន​ជាង​ ២០ ​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ដែល​រួមមាន គណៈប្រតិភូ​នៃ​អ្នកដឹកនាំ​ក្រុមហ៊ុន​អាមេរិក​ធំៗ​ដែល​ដឹកនាំ​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ Wilbur Ross​។

ប្រតិភូ​ដែល​ចូលរួម​ក្នុង​វេទិកាធុរកិច្ច​នេះ​នឹង​បានដឹង​ពី​ឱកាស​ធ្វើជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​សហរដ្ឋអាមេរិក​ដើម្បី​បំពេញ​តម្រូវការ​លើ​កំណើន​លូតលាស់ និង​ការអភិវឌ្ឍ​នៅក្នុង​វិស័យ​អាទិភាព​ដែល​កំណត់​ដោយ​ប្រទេស​នៅក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​គឺ​ថាមពល​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ឌីជីថល​។ គំនិត​ផ្តួចផ្តើម​​ថ្មីៗ​រួមមាន ច្បាប់​ Build Act អនុម័ត​ដោយ​សភា​សហរដ្ឋ​អាមេរិក​ដែល​បង្កើន​លើស​ទ្វេដង​នៃ​ចំនួន​ទុន​ (​ពី​ ២៩ ​ពាន់​លាន​ដុល្លារ​ដល់​ ៦០ ​ពាន់​លាន​ដុល្លារ​) ​សម្រាប់​គាំទ្រ​ការវិនិយោគ​របស់​វិស័យ​ឯកជន​នៅតាម​ប្រទេស​នានា​ដូចជា​កម្ពុជា​។

បើ​យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ត្រូវការ​ចំណាយ​ទឹកប្រាក់​ចំនួន​ ១,៧ ​លាន​លាន​ដុល្លារ​ (​ទ្រីលាន​) ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ ១ ​ឆ្នាំ​ដើម្បី​រក្សា​កម្រិត​​លូតលាស់​បច្ចុប្បន្ន​ជា​បន្តទៀត​។ ការណ៍​នេះ​មិនអាច​សម្រេច​ទៅបាន​ដោយ​ហិរញ្ញប្បទាន​របស់​រដ្ឋ​ទេ តែ​សម្រេច​បាន​ដោយ​កៀរគរ​ធនធាន​ពី​វិស័យ​ឯកជន​។

សូម​គិតពី​ប្រយោជន៍​សម្រាប់​កម្ពុជា​ដែល​បានមកពី​ការវិនិយោគ និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើន​ឡើង​គឺ​ថាមពល​ថោក និង​មាន​ភាពគត់​មត់​ជាង​មុន ហេដ្ឋារចនាសម្ព័ន្ធ​​ថ្មីៗ​ដែល​ត្រូវ​បាន​កសាង​ក្នុង​តម្លៃថោក និង​តាម​បទដ្ឋាន​បរិស្ថាន និង​សុវត្ថិភាព​ខ្ពស់​បំផុត​ព្រមទាំង​ភាព​ជា​ដៃគូ​ថ្មីៗ​រវាង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ដែល​ផ្តល់​ភាពសេរី​ដល់​វិស័យ​បច្ចេកវិទ្យា​ដែល​កំពុង​ចាប់​ដុះដាល​ឡើង​របស់​កម្ពុជា​។

ប្រទេស​កម្ពុជា​មាន​សក្តានុពល​អាច​ទាក់ទាញ​ការវិនិយោគ​ល្អៗ តែ​ក្រុមហ៊ុន​អាមេរិក​ត្រូវការ​ឃើញ​មាន​ឱកាស​ទាក់ទាញ​នៅក្នុង​ទីផ្សារ​ដែល​មាន​ច្បាប់​ច្បាស់លាស់ ហើយ​ដែល​ក្នុង​នោះ​គេ​ប្រកួតប្រជែង​ដោយ​ស្មើភាព​។ តម្លាភាព យុត្តិធម៌​នីតិរដ្ឋ និង​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ មិនមែន​គ្រាន់តែ​ជាគោលការណ៍​ដែល​វិស័យ​ឯកជន​សហរដ្ឋអាមេរិក​ចង់​បាន​នោះទេ តែ​វា​ជា​និមិត្តសញ្ញា​នៃ​វិនិយោគិន​របស់​អាមេរិក​។

ក្រុមហ៊ុន​អាមេរិក​ថែមទាំង​នាំមក​នូវ​បទដ្ឋាន​បរិស្ថាន និង​បទដ្ឋាន​ការងារ​ខ្ពស់ កម្មវិធី​បណ្តុះបណ្តាល​កម្រិត​ពិភពលោក និង​បច្ចេកវិទ្យា​ទំនើប​បំផុត​។

ក្រុមហ៊ុន​ទាំងនេះ​គឺជា​ដៃគូ​ធុរកិច្ច​ជា​ទីទុកចិត្ត​ដែល​បង្កើត​ឲ្យ​មាន​ការងារ​ធ្វើ​នៅតាម​សហគមន៍​មូលដ្ឋាន ហើយ​ជួយ​កម្មវិធី​ខ្លះ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​សង្គម​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត​នៅក្នុង​ពិភពលោក​។ ​នៅ​ប្រទេស​កម្ពុជា ប្រជាជន​តាម​មូលដ្ឋាន​រាប់ម៉ឺន​នាក់​ទទួល​ផល​ពី​ទឹកស្អាត និង​សេវា​សុខភាព​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​អាមេរិក​ដ៏ល្បី​ចំនួន​ ២ ​គឺ​ក្រុមហ៊ុន​កូកាកូឡា និង​ក្រុមហ៊ុន General Electric​។

ទំនាក់ទំនង​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​វិបុលភាព​នៅក្នុង​តំបន់​នេះ​អស់​រយៈពេល​ជាង​ ២ ​សតវត្សរ៍​មកហើយ ហើយ​ទំនាក់ទំនង​នេះ​កំពុង​តែ​មាន​កាន់តែ​ច្រើន​ឡើង​។ ​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំងមូល​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​សហរដ្ឋអាមេរិក​ដោយ​ទំហំ​ពាណិជ្ជកម្ម​មាន​ជិត​ ១,៨ ​លាន-លាន​ដុល្លារ​ (១ ៨០០ ០០០- ០០០ ០០០ ​ដុល្លារ​) ក្នុង​ ១ ​ឆ្នាំ ហើយ​ការវិនិយោគ​របស់​វិស័យ​ឯកជន​សហរដ្ឋអាមេរិក​នៅ​តំបន់​នេះ​មាន​កំណើន​ទ្វេដង​ក្នុង​ទសវត្សរ៍​កន្លងទៅនេះ​។

តួលេខ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ក្តីសង្ឃឹម​នៃ​តំបន់​នេះ​ព្រមទាំង​ឱកាស​នៅ​ចំពោះមុខ​បណ្តា​ប្រទេស​ដូចជា​កម្ពុជា​ជាដើម​។

ការប្តេជ្ញាចិត្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺ​មិន​មែន​មាន​ត្រឹមតែ​វេទិកា​ ១ ​ថ្ងៃ​ទេ ។ ស្រដៀង​គ្នា​នេះដែរ ការប្តេជ្ញាចិត្ត​របស់ខ្ញុំ​​ដើម្បី​ពង្រឹង​ចំណង​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក-កម្ពុជា​ទៅមុខ​ល្អ​ហួស​ឆ្ងាយ​ពី​វេទិកា​នៅ​ទីក្រុង​បាងកក​។ ខ្ញុំ​រង់ចាំ​ ២-៣ ​ឆ្នាំ​ទៅ​មុខទៀត​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដើម្បី​ពង្រីក​​នូវ​ផ្នែក​ដ៏មាន​សារៈសំខាន់​នៃ​ទំនាក់ទំនង​របស់​យើង​៕

លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា