The Phnom Penh Post Search

Search form

ដល់​ពេល​ត្រូវ​លាត​ត្រដាង​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ជាក់​ស្តែង​ហើយ!

អគារ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។ ស្ថាប័ន​នេះ​ត្រូវ​គេ​រាយ​ការណ៍​ថា ចាយ​លុយ​ជាតិ​ច្រើន​លើស​លប់​ហួស​ហេតុ។
អគារ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។ ស្ថាប័ន​នេះ​ត្រូវ​គេ​រាយ​ការណ៍​ថា ចាយ​លុយ​ជាតិ​ច្រើន​លើស​លប់​ហួស​ហេតុ។ រូបថត ម៉ៃ វីៈ ម៉ៃ វីរៈ

ដល់​ពេល​ត្រូវ​លាត​ត្រដាង​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ជាក់​ស្តែង​ហើយ!

និយាយ​ពី​បញ្ហា​អនុម័ត​ការ​ចំណាយ​ថវិកា​ជាតិ​ប្រចាំ​ឆ្នាំ​ម្តងៗ សួរ​ថា តើ សមាជិក​សភា​ប៉ុន្មាន​រូប ដែល​យល់​ដឹង​អំពី​ពាក្យ​បច្ចេក​ទេស ទៅ​តាម​ខ្ទង់​ចំណូល និង​ផែនការ​ចំណាយ​នីមួយៗ​នៃ​ថវិកា​ជាតិ​នោះ? ឬ​ក៏​ចេះ​តែ​ឃើញ​គេ​លើក​ដៃ​អនុម័ត លើក​ដៃ​តាម​គេ​ដែរ ហើយ​នៅ​ពេល​ណា​មាន​សមាជិក​សភា​រូប​ណា​ដែល​មិន​ទាន់​បាន​យល់ តើ​មាន​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ណា ដែល​អញ្ជើញ​មក​ធ្វើ​បទ​បង្ហាញ​ជូន​ដល់​សមាជិក​សភា​ទាំង​នោះ​ដែរ​ឬ​ទេ?

កន្លង​មក​មាន​សាមី​ក្រសួង​នៅ​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ខ្លះ​មាន​ការ​ត្អូញ​ត្អែរ​យ៉ាង​ខ្លាំង ចំពោះ​ការ​ចាយ​វាយ​ថវិកា​ជាតិ ដែល​សភា​ជាតិ​បាន​អនុម័ត​រួច​ហើយ​នោះ​តែ​លំបាក​ដក​ថវិកា​ទាំង​នោះ​យក​មក​ចាយ រីឯ​ស្ថាប័ន​ណា​ដែល​បាន​ចាយ​គ្រាន់ ឬ​ចាយ​លើស​ក៏​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​ទៅ ពោល​គឺ​ចេះ​តែ​ចាយៗ​ទៅ។ បើ​មើល​ទៅ​លើ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ឆ្នាំ​នីមួយៗ និង​សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ​នីមួយៗ​វិញ​ឃើញ​ថា ថវិកា​ចំណាយ​ទៅ​តាម​ស្ថាប័ន​ទាំង​ស៊ីវិល​ទាំង​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្តាប់​ធ្នាប់​សាធារណៈ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មាន​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​កើន​ឡើង​ជា​លំដាប់ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​កើន​ឡើង​ជា​មធ្យម​មាន​កំណើន ៧ ភាគរយ។

ការ​កើន​ឡើង​នេះ​ធ្វើ​ឲ្យ​សាមី​ក្រសួង និង​ស្ថាប័ន​នីមួយៗ​សប្បាយ​ចិត្ត​គួរ​សម​ដែរ តែ​សួរ​ថា តើ​ធាតុ​ពិត​ជាក់​ស្តែង បាន​យក​ថវិកា​ទាំង​នោះ​មក​ចាយ​ត្រឹម​ត្រូវ​ហើយ​ឬ​នៅ? មូល​ហេតុ​អ្វី? តើ​ឯកសារ​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​លម្អិត​ជាក់​ស្តែង អាច​រក​បាន​នៅ​ទីណា? តើ​សាមី​ក្រសួង ឬ​ក៏​ស្ថាប័ន​ទាំង​នោះ​មាន​ដឹង​ខ្លួន​ដែរ​ឬ​ទេ? បើ​សម្រាប់​សាធារណជន​ធម្មតា​វិញ គឺ​ពិត​ជា​មិន​ដឹង​ពី​ការ​ចំណាយ​ពិត​ប្រាកដ​នោះ​ទេ​ហើយ​បើ​រកតាម​វេបសាយ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និង​របស់​រដ្ឋសភា​វិញ គឺ​មិន​មាន​ដាក់​បង្ហោះ​ផង​ដែរ គឺ​រក​បាន​តែ​សភា​អនុម័ត​ហើយ គឺ​រក​បាន​នូវ​សៀវភៅ​ព្រះ​រាជកិច្ច​ដែល​ព្រះ​មហាក្សត្រ​បាន​ឡាយ​ព្រះ​ហស្តលេខា​រួច​ហើយ។

ឯណា​ទៅ​ពាក្យ​ថា «តម្លាភាព» និង «គណនេយ្យ​ភាព»? ចំពោះ​ប្រជា​ពលរដ្ឋ ដែល​មាន​ស្ទើរ​តែ​គ្រប់​កំណែ​ទម្រង់ និង​គោល​នយោបាយ​ជាតិ​ដែល​បាន​ដាក់​សម្ញែង​នោះ? តើ​ដល់​ពេល​ណា​ទៅ​ទើប​យក​ខ្ទង់​ចំណាយ​លម្អិត​របស់​ស្ថាប័ន​នីមួយៗ មក​ដាក់​បង្ហាញ​ជូន​សាធារណ​ជន? សូម្បី​សមាជិក​សភា​ខ្លួន​ឯង ក៏​មិន​ដឹង​គេ​លាក់​ទុក​នៅ​ទី​ណា​ដែរ នាំ​គេ​ចេះ​តែ​ដើរ​រក​ទៅ​ដើម្បី​យក​មក​ធ្វើ​ការ​វិភាគ ឬ​ក៏​យក​មក​ធ្វើ​ការ​ប្រៀប​ធៀប​មើល​ឲ្យ​ដឹង​ថា តើ​គួរ​ឲ្យ​ចាយ​ប៉ុន្មាន​សមរម្យ​សម្រាប់​ឆ្នាំ​ថ្មី​នោះ? ព្រោះ​កន្លង​មក គឺ​ប្រជុំ​សភា​អនុម័ត​ច្បាប់​ស្តី​ពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ​បន្ទាប់​នោះ​ច្រើន​តែ​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​អនុម័ត​ទៅ​ព្រោះ​មតិ​ភាគ​ច្រើន​នោះ​គឺ​សមាជិក​សភា​មក​ពី​បក្ស​កាន់​អំណាច ដូច្នេះ​សមាជិក​សភា​ខ្លះ​ចេះ​តែ​លើក​ដៃ​តាម​គេ​តាម​ឯង​ឲ្យ​តែ​រួច​ខ្លួន​ទៅ ព្រោះ​ខ្លាច​គេ​កត់​សម្គាល់​ប្រសិន​បើ​មិន​បាន​លើក​ដៃ​ហ្នឹង​គេ​នោះ។

មក​ទល់​ពេល​នេះ​ហើយ​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ជាក់​ស្តែង​ឆ្នាំ​ចាស់​នៅ​មាន​ការ​លាក់​លៀម​ដដែល។ ពេល​ខ្លះ​រាវ​រក​ឯកសារ​ខ្ទង់​ចំណាយ​ជាក់​ស្តែង​ចាស់ៗ​ពី ឆ្នាំ​២០០០​ដល់ ឆ្នាំ​២០១១ ឃើញ​នៅ​លើ​វេបសាយ​របស់​អង្គការ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (www.cambodianbudget.org) ទៅ​វិញ។ ឧទាហរណ៍៖ គ្រាន់​តែ​យក​ទិន្នន័យ​ធ្វើ​ការ​ប្រៀប​ធៀប​ខ្ទង់​ចំណាយ​ថវិកា​ជាតិ​ជាក់​ស្តែង​ពី ឆ្នាំ​២០១០ និង ឆ្នាំ​២០១១ ឃើញ​ថា មាន​ក្រសួង​ខ្លះ មាន​ការ​ចាយ​វាយ​ប្រហាក់​ប្រហែល​នឹង ១០០ ភាគ​រយ​ទៅ​នឹង​ឆ្នាំ​ចាស់ តែ​មាន​ស្ថាប័ន​ខ្លះ​ចាយ​លើស​លប់​ហួស​ហេតុ​ជិត​ដល់​ទៅ ២០០ ភាគ​រយ​នៃ​ឆ្នាំ​ចាស់ ដូច​ជា​ស្ថាប័ន​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី ឆ្នាំ​២០១០ ចាយ​អស់ ២៨៧ ពាន់​លាន​រៀល​តែ ឆ្នាំ​២០១១ ចាយ​ដល់​ទៅ ៥០៥ ពាន់​លាន​រៀល រីឯ​ក្រសួង​កសិកម្ម​វិញ​ចាយ​ដក (-)៦០ ភាគរយ​ទៅ​វិញ​កាល​ពី ឆ្នាំ​២០១០ ចាយ​អស់ ១៥១ ពាន់​លាន​រៀល តែ​នៅ ឆ្នាំ​២០១១ វិញ​ចាយ​បាន​តែ ៩១ ពាន់​លាន​រៀល​ទេ។ ចំណុច​នេះ​រាជ​រដ្ឋាភិបាល គួរ​តែ​បង្ហាញ​ពី​តម្លាភាព​ថា តើ​មូល​ហេតុ​អ្វី​បាន​ជា​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​មាន​ការ​ចំណាយ​កើន​ឡើង​ហួស​ហេតុ​ម៉្លេះ? ហើយ​ហេតុ​អ្វី​បាន​ជា​ក្រសួង​កសិកម្ម​ចាយ​សល់​ច្រើន​ម៉្លេះ បើ​ប្រៀប​ធៀប​គ្នា​ជាមួយ​នឹង​ឆ្នាំ​ចាស់​នោះ?

យ៉ាង​ណា​មិញ​ថ្នាក់​ក្រោម​ជាតិ​វិញ​ថ្មីៗ​នេះ មាន​ការ​ធុញ​ទ្រាន់​នឹង​ការ​ដក​ថវិកា​ជាតិ​មក​ចាយ​ដែរ សម្រាប់​ថ្នាក់​ខេត្ត និង​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​មិន​ជា​បញ្ហា​ទេ តែ​សម្រាប់​ថ្នាក់​រដ្ឋបាល​ក្រុង-ស្រុក​ទៅ​ជា​មាន​បញ្ហា​ធំ​ទៅ​វិញ​គឺ​មាន​ការ​ត្អួញ​ត្អែរ​ស្ទើរ​តែ​គ្រប់​ស្រុក ពី​ការ​ចាយ​ថវិកា​របស់​ខ្លួន​មិន​អស់​សម្រាប់​ថ្នាក់​ក្រុង-ស្រុក​មាន​តែ​ប្រមាណ​ជា ១៧ លាន​ដុល្លារ​សោះ​មាន​ស្រុក​ខ្លះ​ចាយ​មិន​អស់​ដល់​ទៅ ៣០ លាន​រៀល​ខ្លះ​សល់ ២០ លាន​រៀល។ បញ្ហា​ដែល​បាន​លើក​ឡើង​ដែល​ខ្ញុំ​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​មន្ត្រី​ថ្នាក់​ស្រុក​នោះ គឺ​សឹង​តែ​ដូច​គ្នា បញ្ហា​គឺ​ដំណើរ​ការ​នៃ​ការ​ដក​ថវិកា​នោះ គឺ​មាន​លក្ខណៈ​ស្មុគ​ស្មាញ​នៅ​មន្ទីរ​ពាក់​ព័ន្ធ​នៅ​ថ្នាក់​ខេត្ត ដូច​ជា​មន្ទីរ​មុខងារ​សាធារណៈ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​រតនាគារ​ខេត្ត។ គ្រាន់​តែ​ដំណាក់​ទម្រាំ​តែ​ផុត​គឺ​មាន ១៥ ដំណាក់ ហើយ​ពី​មួយ​ដំណាក់​ទៅ​មួយ​តំណាក់​គឺ​យ៉ាង​តិច​អស់​លុយ​ហោប៉ៅ​មន្ត្រី​ស្រុក ៥ ដុល្លារ​ដែរ​ក្នុង​មួយ​តំណាក់ សរុប​ទៅ​អស់​ប្រហែល​ជា ៩០ ដុល្លារ បើ​និយាយ​ពី​បញ្ហា​បំពេញ​សំណុំ​ឯកសារ​ខុស​វិញ​គឺ​ខុស​រហូត​ពេល​ខ្លះ​ទៅ​មកៗ​ពី​ស្រុក​ទៅ​មន្ទីរ​ខេត្ត ស៊ី​ពេល​យ៉ាង​ហោច​ណាស់​ពីរ​សប្តាហ៍​ដែរ នេះ​គឺ​ហាក់​បី​ដូច​ជា​លេះ​មួយ​ដែល​ថា៖ «ភូត​នៅ​ហោ ចោរ​នៅ​ហ្នឹង​ជាង» គឺ​មិន​ចង់​ទម្លាក់​ថវិកា​ឲ្យ​ចាយ​គឺ​គេ​ធ្វើ​របៀប​ហ្នឹង បង្ក​ភាព​ស៊ាំ​ញាំ​តែ ២ ទៅ ៣ ដង​គឺ​ធ្វើ​ឲ្យ​មន្ត្រី​លែង​ចង់​មក​ដក​លុយ​ចាយ​ហើយ។

នេះ​គ្រាន់​តែ​លើក​យក​បញ្ហា​ជ្រុង​មួយ​នៃ​ការ​ដែល​ចាយ​សល់​នៅ​ថ្នាក់​រដ្ឋបាល​ស្រុក ហើយ​ថវិកា​ដែល​ទូទាត់​របាយ​ការណ៍​យឺត​គឺ​ទុក​ប្រើ​នៅ​ឆ្នាំ​ក្រោយ​ទៀត​ថា តើ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ទុក​ថវិកា​ចាយ​មិន​អស់​នៅ​ឆ្នាំ​ក្រោយៗ​រហូត​ដដែលៗ​ទៅ​ទៀត​ឬ? ចំណុច​នេះ​គឺ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវ​តែ​គិត​គូរ​ឡើង​វិញ​ពី​នីតិវិធី​ឡើង​វិញ​ពី​ដំណើរការ ការ​បណ្តុះ​បណ្តាល​និង​ប្រព្រឹត្ត​របស់​បុគ្គលិក​ថ្នាក់​ខេត្ត​របស់​ខ្លួន ហើយ​ក្រសួង​ហិរញ្ញវត្ថុ​ក៏​ជា​សមាស​ធាតុ​មួយ​ផ្នែក​ក្នុង​ការ​ចូល​រួម​កំណែ​ទម្រង់​រដ្ឋបាល​សារធារណៈ​តាម​រយៈ​គោល​នយោបាយ​ជាតិ​វិមជ្ឈការ និង​វិសហ​មជ្ឈការ (D&D) ផង​ដែរ។ តើ​ការ​ចូល​រួម​ចំណែក​របស់​សាមី​ក្រសួង​នេះ ក្នុង​ការ​អភិវឌ្ឍ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នោះ​ដល់​កម្រិត​ណា?

ម្យ៉ាង​វិញ​ទៀត​ពេល​ខ្លះ មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ហាក់​បី​ដូច​ជា​អារ​កាត់​ខ្ទង់​ចំណាយ​មុន​តែ​ម្តង​គឺ​បុរេ​វិនិច្ឆ័យ​លើ​ការ​ចំណាយ​លើ​ថវិកា​ជាតិ​ជា​សាធារណៈ​ដូច​ជា ពោល​ថា មិន​ចាំ​បាច់​ដំឡើង​ប្រាក់​បៀវត្សរ៍​ជូន​និវត្តន៍​ជន​ទេ ព្រោះ​ពួក​គាត់​ចាស់​លែង​មាន​សមត្ថភាព​ក្នុង​ការ​អភិវឌ្ឍ​ទៀត​ហើយ រីឯ​ក្រសួង​ខ្លះ​ក៏​ត្រូវ​បាន​គេ​គិត​ថា មិន​មាន​ប្រយោជន៍​ផង​ដែរ​ដូច​ជា ក្រសួង​កិច្ចការ​នារី និង​ក្រសួង​អតីត​យុទ្ធជន​ជាដើម។ អស់​ទំាង​នេះ​ក៏​សុទ្ធ​តែ​ជា​ឫស​គល់​នៃ​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ចំពោះ​ការ​ចំណាយ​ថវិកា​ជាតិ​ជាក់​ស្តែង​ផង​ដែរ។ សំណួរ​សួរ​ថា តើ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព​ឲ្យ​ស័ក្តិសម​ទៅ​នឹង​អភិក្រម​ការងារ​បួន​យ៉ាង​ប្រកាន់​ខ្ជាប់​នៅ​ក្នុង​សេចក្តី​ថ្លែង​ហេតុ​នៃ​សេចក្តី​ព្រាង​ច្បាប់ ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង ឆ្នាំ​២០១៥ ដែល​បាន​ដាក់​ជូន​សភា​អនុម័ត​នោះ​គឺ «ឆ្លុះ​កញ្ចក់ ងូត​ទឹក​ដុស​ក្អែល​និង​ព្យាបាល» ផង?

សរុប​មក​វិញ​ចំពោះ​ខ្ទង់​ការ​ចំណាយ​ថវិកា​ជាតិ​ជាក់​ស្តែង​នីមួយៗ គឺ​មិន​បាន ១០០ ភាគរយ​ទាំង​ស្រុង​នោះ​ទេ គឺ​តែង​តែ​មាន​ខ្ទង់​ចំណាយ​លើស និង​ខ្វះ​បន្តិច​បន្តួច​ហើយ តែ​ក៏​មិន​ឲ្យ​ជ្រុល​ពេក​ដែរ ហើយ​សម្រាប់​ចំណាយ​មិន​ទាន់​បែង​ចែក​មាន​មុខ​សញ្ញា​គឺជា​ទូទៅ​ប្រធានា​ធិបតី ឬ​ក៏​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​នានា​នៅ​លើ​ពិភពលោក មាន​សិទ្ធិ​អនុម័ត​ឲ្យ​ចាយ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្តែង តែ​សម្រាប់​ស្រុក​ខ្មែរ ខ្ទង់​ចំណាយ​នេះ ដូច​មាន​ចែង​លម្អិត​ក្នុង​តារាង «ខ» ចំណាយ​ថវិកា​ថ្នាក់​ជាតិ​នៃ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង ឆ្នាំ​២០១៥ នេះ តែ​រាល់​ការ​ចំណាយ​ថវិកា​ជាតិ​ត្រូវ​ឲ្យ​មាន​តម្លាភាព​ផង​ដែរ។ បើ​មិន​ដូច្នេះ​ទេ​ការ​ជជែក​គ្នា និង​ការ​អនុម័ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​គ្រង​ប្រចាំ​ឆ្នាំ​បន្ទាប់​ម្តងៗ ដែល​ម្នាក់ៗ​ខិតខំ​យក​ចិត្ត​ទុក​ដាក់ ហាក់​បី​ដូចជា​គ្មាន​ន័យ ព្រោះ​ពេល​អនុវត្ត​ការ​ចំណាយ​ថវិកា​ពិត​ប្រាក​ដមែន​ទែន សភា​ខ្លួន​ឯង​ជា​អ្នក​អនុម័ត​យ៉ាង​ហ៊ឺហា តែ​ត្រូវ​រាជ​រដ្ឋាភិបាល​មិន​ឲ្យ​ដឹង​ពី​ការ​ចាយ​វាយ​ថវិកា​ជាតិ​លម្អិត​កាល​ពី​ឆ្នាំ​ចាស់​ទៅ​វិញ​នេះ​ជា​រឿង​អាម៉ាស់​មួយ​ចំពោះ​សភា​ជាតិ​ស្រុក​ខ្មែរ៕

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍