បើតាមអត្ថន័យទូទៅគឺនិស្សិតមានន័យថាអ្នកដែលរៀននៅសាកលវិទ្យាល័យ ឬក៏ផ្នែកណាមួយនៅក្នុងកម្រិតឧត្តមសិក្សា។
ក្រៅពីការសិក្សាពួកគេក៏អាចចូលរួមក្នុងការអភិវឌ្ឍសង្គមផងដែរតាមរយៈការងារស្ម័គ្រចិត្តធ្វើការដោយមិនយកកម្រៃ ស្ម័គ្រចិត្តអភិវឌ្ឍសហគមន៍ ស្ម័គ្រចិត្តចូលរួមយុទ្ធនាការផ្សេងៗដូចជាយុទ្ធនាការ ១៦ ថ្ងៃបំពាក់បូ សដើម្បីលុបបំបាត់អំពើហិង្សាប្រឆាំងនឹងស្ត្រី និងទិវាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ជាដើម។
ក្រៅពីនោះនិស្សិតក៏មានសិទ្ធិតវ៉ាដូចប្រជាពលរដ្ឋធម្មតាមានលក្ខណៈសមហេតុសមផលផងដែរដូចជាការដាក់ញត្តិ ការតវ៉ា បាតុកម្ម និងកូដកម្មជាដើមតែប្រទេសខ្លះគឺមានការរៀបចំដោយរឹតបន្ដឹងបិទសិទ្ធិនិស្សិតតាមរយៈបែងចែកសាកលវិទ្យាល័យឲ្យនៅឆ្ងាយៗពីគ្នាដើម្បីកុំឲ្យឧស្សាហ៍ជួបគ្នាធ្វើបាតុកម្មដូចនៅប្រទេសម៉ាឡេស៊ីដែលមានលក្ខណៈខុសប្លែកពីប្រទេសកូរ៉េខាងត្បូងមានសាកលវិទ្យាល័យនៅក្បែរៗគ្នាងាកបាតុកម្មៗ។
តែបើស្រុកខ្មែរវិញគឺនិស្សិតត្រូវតែសុំច្បាប់ធ្វើបាតុកម្មតែបើបាតុកម្មមានលក្ខណៈប្រឆាំងនឹងរដ្ឋាភិបាល ឬក៏មេដឹកនាំគឺសមត្ថកិច្ចបង្ក្រាបយ៉ាងចាស់ដៃហើយគ្រាន់តែនិស្សិត គង់ រ៉ៃយ៉ា ថាធ្វើបដិវត្តន៍ពណ៌សោះក៏ជាប់គុក ១៨ ខែលេងដែរតែផ្ទុយទៅវិញរដ្ឋាភិបាលបើកដៃឲ្យនិស្សិតមួយក្រុមផ្សេងធ្វើញត្តិបាតុកម្មតវ៉ាយ៉ាងសេរីទៅកូរគណបក្សនយោបាយណាដែលប្រឆាំងនឹងរដ្ឋាភិបាលទៅវិញ។
ឧទាហរណ៍ប៉ុន្មានថ្ងៃចុងក្រោយនេះឃើញមានសកម្មភាពរបស់ក្រុមយុវជនមានគ្នាជាង ២០ នាក់ដែលតាំងខ្លួនជានិស្សិត (មិនដឹងមកពីសាកលវិទ្យាល័យណាទេតែត្រូវបានអ្នកខ្លះឲ្យឈ្មោះថានិស្សិតជំនាញខាងសិចសាស្ត្រ) និងតំណាងនិស្សិត និងយុវជនដោយយកសំឡេងដែលត្រូវបានគេហ៊ែក (Hack) ចូល និងបញ្ចេញពីហ្វេសប៊ុករបស់ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ បានសាសងគ្នាជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ (CNRP) ហើយសារព័ត៌មានចុះផ្សាយបន្តជាសេរី។
នាងស្រីមុំបានអះអាងតាមសារព័ត៌មាន និងមន្ត្រីសិទ្ធិមនុស្សថាគាត់មិនដឹងអីផងហើយបើតាមម្ចាស់ហាងកាត់សក់របស់កញ្ញាស្រីមុំវិញក៏បានប្រាប់វិទ្យុអាស៊ីសេរីថាគាត់ក៏មានការងឿងឆ្ងល់ដែរថានៅគណនីហ្វេសប៊ុកស្រីមុំសរសេររៀបចំអក្សរបានល្អម្ល៉េះខុសពីសព្វដងដែលស្រីមុំថាមិនដឹងរបៀបប្រើហ្វេសប៊ុកស្រួលបួលផងហើយតែងតែសួរអ្នកធ្វើការជាមួយគ្នាពេលគាត់វាយអក្សរខ្មែរម្តងៗនោះ។
ទន្ទឹមនឹងនេះក៏មានក្រុមនិស្សិតអត់ស្គាល់ឈ្មោះសាលាបានចាប់ផ្តើមដើរដាក់ញត្តិឲ្យលោក កឹម សុខា បកស្រាយនូវខ្សែអាត់នោះតាំងពីស្នាក់ការគណបក្សទៅដល់ខេត្តដែលលោក កឹម សុខា ចុះពង្រឹងបក្ស និងមហាសន្និបាតបក្សពីក្បាលមេក្រូកាន់ដៃរហូតដល់មានមេក្រូផ្កាត្រកួនស្រែកបង្កការរំខានរហូតដោយរាប់តាំងពីការនាំគ្នាជិះម៉ូតូឌុបគ្នាហ្វូងហ្វាយរហូតដល់ជិះ Lexus 470ទៀត។
មិនត្រឹមតែប៉ុណ្ណោះថែមទាំងយកញត្តិទៅដាក់នៅរដ្ឋសភា និងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយរហូតដល់អង្គភាពនេះបើកស្រោមសំបុត្រធ្វើការស៊ើបអង្កេតករណីពុករលួយរបស់លោក កឹម សុខា ទៅតាមខ្សែអាត់ដែលបានបែកធ្លាយក្នុងហ្វេសប៊ុកនោះខណៈដែលប្រធានសភាជាតិក៏កោះអញ្ជើញលោក កឹម សុខា មកបំភ្លឺដែរស្របគ្នានឹងប៉ូលិសក៏បានអញ្ជើញកញ្ញា ស្រី មុំ មកសួរនៅក្រសួងមហាផ្ទៃផងនោះ។
ករណីសកម្មភាពដែលនិស្សិតធ្វើនេះទំនងជាមិនមានការគិតដោយសមហេតុសមផលនោះទេដែលមើលទៅហាក់បីដូចក្រុមនិស្សិតអត់ឈ្មោះសាលានោះត្រូវបានអ្នកនយោបាយកេងប្រវ័ញ្ចឲ្យសម្តែងជំនួសអ៊ីចឹងដូចជា៖
ទី ១-និស្សិតខ្លួនឯងតាំងខ្លួនតំណាងឲ្យនិស្សិតតែមិនប្រាប់ឈ្មោះមកពីសាកលវិទ្យាល័យណាខ្លះ? ទៅខ្លាចអីបើហ៊ានធ្វើប៉ុណ្ណឹងហើយគ្រាន់តែប្រាប់ឈ្មោះសាលានោះ?
ទី ២-មានសមាគមសាលកវិទ្យាល័យណាខ្លះគាំទ្រពួកគាត់ឲ្យធ្វើជាតំណាងនោះ?
ទី ៣- ក្រុមរបស់ខ្លួនបានមូលនិធិពីណាធ្វើតាំងពីជិះម៉ូតូមកជិះឡាន Lexus 470 មានអង្គរក្សទៀត?
ទី ៤- ដំបូងគ្រាន់តែដាក់ញត្តិទេយូរៗទៅចេញជាប្តឹងហើយចេញពីប្តឹងក៏ឈានទៅចោទប្រកាន់ដោយចេតនាទៅអុកឡុកវេទិកាសាធារណៈដោយគ្រាន់តែយកខ្សែអាត់ដែលមិនដឹងប្រភពមកនោះ។ និស្សិតមិននាំគ្នាទៅរៀនសូត្រយកចំណេះដឹងទេគឺខំប្រឹងកូរគេរហូតដល់សមត្ថកិច្ចទ្រាំលែងបានដេញចេញឲ្យឆ្ងាយពីទីកន្លែងសន្និបាតកាលពីចុងសប្តាហ៍មុននេះ។
ទី ៥-ការអះអាងថាខុសសីលធម៌ ប្រពៃណីខ្មែរក្នុងនាមជាអ្នកដឹកនាំបក្សនោះគឺធ្វើឡើងតែគណបក្សប្រឆាំងមួយចំហៀងហេតុអ្វីបានជាមិនធ្វើការបើកកកាយដូចគ្នាទៅនឹងគណបក្សកាន់អំណាចដែលដឹងតាំងពីឈ្មោះអ្នកប្រព្រឹត្តជាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដឹងតាំងពីស្ត្រីដែលជាជនរងគ្រោះទៀតនោះ?
ទី ៦- នៅពេលដែលអ្នកនិពន្ធសាច់រឿងត្រូវប្រញាប់ៗដើម្បីឲ្យអ្នកសម្តែងកុំឲ្យបញ្ឈប់សកម្មភាពនោះគឺធ្វើឲ្យក្រុមនិស្សិតធ្វើការកូរនៅកន្លែងសន្និបាតបក្សសង្គ្រោះជាតិផងទៅប្តឹងនៅរដ្ឋសភាផងដោយចោទលោក កឹម សុខា ជំនួសកញ្ញា ស្រី មុំ ថាឲ្យសម្លាប់គភ៌ក្នុងផ្ទៃដោយសារគាត់បង្ខំដៃគូរបស់ខ្លួនកញ្ញា ស្រី មុំឲ្យរម្លូតកូនចេញគឺខុសច្បាប់ស្តីពីរម្លូតឥឡូវពួកគេឈឺបណ្តើរៗមកពីអ្នកដឹកនាំរឿងបង្ខំការងារប្រញឹកខ្លាំងពេកឬ?
ទី ៧- តិចស្រួលមិនស្រួលអ្នកនិពន្ធឲ្យក្រុមនិស្សិតទៅប្តឹងតុលាការជំនួសភរិយាលោក កឹម សុខា ដោយយកច្បាប់ឯកព័ន្ធភាពទៀតគ្រប់តែម្តង។
ទី ៨- ឥឡូវនេះអ្នកនិពន្ធកំពុងតែរកនឹកច្រកមើលថាតើអាចចេញជាការធ្វើតេស្ត DNA ទឹកកាមរបស់លោក កឹម សុខា ដែលអាចនៅជាប់នឹងកន្សែង ឬក៏រ៉ូបដេកយប់របស់កញ្ញា ស្រី មុំ បានឬអត់ដើម្បីយកមកឲ្យវិទ្យាស្ថាន ប៉ាស្ទ័រ ធ្វើការវិភាគពិត ឬមិនពិត? តែអ្វីដែលគួរឲ្យឆ្ងល់នោះគឺហេតុអ្វីបានជានិស្សិតមិនទៅប្តឹងប៉ូលិសឲ្យស៊ើបអង្កេតរកអ្នកបញ្ចេញសំឡេងរបស់គេមកបង្ហោះក្នុងហ្វេសប៊ុកសិន? ឲ្យដឹងសខ្មៅតែអ្នកដឹកនាំរឿងមិនហ៊ានឲ្យក្រុមនិស្សិតធ្វើដូច្នេះទេ ព្រោះបើរកទៅឃើញវាខុសនឹងល្បែងគឺខុសក្រមព្រហ្មទណ្ឌត្រង់មាត្រា ៣១៨ បទប៉ះពាល់ដល់ការសម្ងាត់នៃការសន្ទនាតាមទូរស័ព្ទ។
តែសុំសរសើរដោយស្មោះនិស្សិតអត់បង្ហាញសាលាផងចេះដឹងច្បាប់គ្រប់សព្វឲ្យតែសំឡេងបញ្ចេញមកគឺដឹងតែមានច្បាប់អីមួយយកមកប្តឹងបានតែម្តងបើឆ្លាតអីឆ្លាតម្លឹងៗកុំភ័យរឿងអក្ខរកម្មស្រុកខ្មែរនោះលែងនៅបាតតារាងក្នុងតំបន់អាស៊ានដូចមុនទៀតហើយ។
ម្យ៉ាងវិញទៀតអង្គភាពប្រឆាំងអំពើពុករលួយ (ACU) គ្រាន់តែយកសំឡេងដែលគេបញ្ចេញមកវិភាគហើយសន្មត និងសម្រេចថា ជាសំឡេងលោក កឹម សុខា ហើយបើកស្រោមសំបុត្រពិនិត្យទ្រព្យសម្បត្តិភ្លាម និងចាប់ផ្តើមដំណើរការស៊ើបអង្កេតសំណុំរឿងពុករលួយដោយសារមានសំឡេងទិញផ្ទះឲ្យស្រីស្នេហ៍។
ការដែលថ្នាក់ដឹកនាំមានស្រីស្នេហ៍ត្រូវរ៉ូវគ្នាក្រៅពីប្រពន្ធហើយប្រពន្ធមិនទៅប្តឹង គឺគ្មានអ្វីខុសច្បាប់ទេ តែគ្រាន់តែអ្នកនយោបាយច្រើនតែអុជអាលគ្នាទៅវិញទៅមក ដោយយកទម្លាប់រស់នៅបែបអភិរក្ស។
រឿងអាស្រូវផ្លូវភេទនេះមិនមែនកើតមានតែអ្នកនយោបាយនៅកម្ពុជានោះទេដែលអ្នកដឹកនាំត្រូវតែប្រយ័ត្នប្រយែងនោះគឺនៅប្រទេសផ្សេងៗក៏យកមកធ្វើដូចជារឿងធំណាស់ដែរឧទាហរណ៍ដូចករណីរឿងអាស្រូវផ្លូវភេទលោក ប៊ីល គ្លីនតុន អតីតប្រធានធិបតីសហរដ្ឋអាមេរិក និងកញ្ញា ឡូវិនស្គី អ្នកហាត់ការនៅបណ្ណាល័យសេតវិមាន។
បន្ទាប់ពីធ្វើប្រជាមតិមកគឺអ្នកគាំទ្រលោក គ្លីនតុន មានចំនួនភាគរយច្រើនជាងអ្នកមិនគាំទ្រអ៊ីចឹងគាត់នៅតែបន្តដឹកនាំដដែលសម្រាប់សង្គមអាមេរិកសម័យថ្មីគេនិយាយថា៖ «I don’t care!» មានន័យថាខ្ញុំមិនខ្វល់ទេរឿងធម្មជាតិបែបអ៊ីចឹងៗ។ តែផ្ទុយទៅវិញក៏មានមន្ត្រីជាន់ខ្ពស់នៅសហរដ្ឋអាមេរិកក៏ត្រូវបានបង្ខំឲ្យចុះចេញពីតំណែងដោយសារតែមានស្នេហ៍សហាយស្មន់នេះដែរដូចលោក David Petraeus មេប៉ូលិសស៊ើបអង្កេត CIA បានលាឈប់ពីតំណែងដោយសារពាក់ព័ន្ធសន្តិសុខជាតិគឺអ៊ីមែលកន្លែងធ្វើការសម្រាប់ទាក់ទងជាមួយស្រីស្នេហ៍របស់គាត់ដែលជាអ្នកសរសេរជីវប្រវត្តិរបស់គាត់ផងនោះ។
ប៉ុន្តែសម្រាប់ស្រុកខ្មែរវិញមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលជាច្រើនដែលពាក់ព័ន្ធជាមួយស្រីស្នេហ៍ក្រៅពីប្រពន្ធរបស់ខ្លួននោះមកទល់ពេលនេះរកអ្នកបាញ់សម្លាប់អតីតតារាភាពយន្ត និងអ្នកចម្រៀងមិនទាន់ឃើញផងដូចជាសពអ្នកស្រី ពិសិដ្ឋ ពិលិកា ជនពិការ ទូច ស៊ុននិច ជនពិការ ពៅ បញ្ញាពេជ្រ ជនពិការដោយសារទឹកអាស៊ីត តាត ម៉ារីណា ជាដើមបើទោះបីជាគេដឹងជាស្រីស្នេហ៍របស់មន្ត្រីណាក៏ដោយ។
ចំណុចនេះបើសាកល្បងប្រៀបធៀបគ្នារវាងគណបក្សទាំង ២ គឺ CPP និង CNRP គឺមន្ត្រីជាន់ខ្ពស់ CPP មានរឿងអាស្រូវផ្លូវភេទច្រើនជាង CNRP មានតាំងពីទិញព្រហ្មចារីក៏មានដែរបើមិនជឿសួរទៅទណ្ឌិតអតីតតារាចម្រៀង អូ រស្មី ជាប់រឿងជួញដូរភេទអនីតិជន និងទណ្ឌិត ចែ មុំ មីកាហ្សា ជាម្ចាស់ហាងកែសម្ផស្សមីកាហ្សាទៅដឹងហើយថាមន្ត្រីរដ្ឋាភិបាល និងអ្នកឧកញ៉ាណាខ្លះដែលជាអតិថិជនរបស់គាត់មុនចាប់ខ្លួននោះ?
ជាងនេះទៅទៀតតាមរយៈការសិក្សាស្រាវជ្រាវរបស់អង្គការ PSI នៅឆ្នាំ ២០០២ បានសិក្សាអំពីទំនាក់ទំនងស្នេហាផ្លូវភេទ និងការប្រើប្រាស់ស្រោមអនាម័យក្នុងនោះក៏រកឃើញមានទំនាក់ទំនងរវាងស្នេហាតាតា និងស្រីតាតាចិញ្ចឹមដែលជាតារាស្រីចម្រៀង និងតារាភាពយន្តថាតាតាបានឲ្យលុយពួកគេច្រើនក្រាស់ក្រែល និងទិញសម្ភារទំនើបៗដូចជា ឡាន វីឡា ឬជួលខុនដូឲ្យនៅឲ្យដើម្បីរួមភេទមិនចាំបាច់ប្រើស្រោមអនាម័យ និងការរួមភេទតាមមាត់។
ពាក្យថា «តាតា» ក៏ត្រូវបានអ្នកស្រាវជ្រាវឲ្យនិយមន័យផងដែរថាគឺជាបុរសដែលមានវ័យចំណាស់មានប្រពន្ធរួចហើយ ហើយមានទ្រព្យសម្បត្តិច្រើនសល់លុយចិញ្ចឹមស្រីក្មេងដើម្បីរួមភេទ (ភាសាសាមញ្ញគឺយោងទៅលើមន្ត្រីជាន់ខ្ពស់សមាជិកសភា សមាជិកព្រឹទ្ធសភា ឬក៏ឧកញ៉ាៗមានសម្បត្តិដែលយកលុយទៅចិញ្ចឹមស្រីកាលីបនោះ)។
នៅពេលដែលតាតាធ្លាប់ចូលចិត្តស្រីក្មេងៗនោះបានស្លាប់ម្តង ១ ៗថា ស្លាប់ដោយសារជំងឺថ្លើម មហារីកក្រពះសួត គ្រលៀន ឬក៏ឈាមសស៊ីឈាមក្រហមជាដើម។ តាមពិតទៅមួយចំនួននៃពួកគាត់គឺស្លាប់ដោយសារតែមេរោគអេដស៍ និងជំងឺអេដស៍ទៅវិញទេនៅពេលដែលភាពស៊ាំនៅក្នុងខ្លួនរបស់គាត់ធ្លាក់ចុះហើយមេរោគអេដស៍ចាប់ផ្តើមវាយប្រហារក្នុងពេលដែលការប្រើប្រាស់ថ្នាំពន្យារជីវិតទប់មិនជាប់ក៏ស្លាប់ទៅហើយដើម្បីកុំឲ្យខ្មាសគេក៏ប្រឹងលើកឡើងថាស្លាប់មកពីជំងឺផ្សេងទៅវិញក៏មាន។
តាមពិតទៅរឿងអាស្រូវផ្លូវភេទនេះត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ធ្លាប់ធ្វើការវាយប្រហារខ្លាំងៗមកលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសពអ្នកស្រី ពិសិដ្ឋ ពិលិកា ដើម្បីទាក់ទាញសន្លឹកឆ្នោតកាលពីឆ្នាំ ២០០៨ ដែរតែផ្ទុយទៅវិញគណបក្សប្រជាជនបានកើនសំឡេងកាន់តែខ្លាំងដល់ ៩០ កៅអីព្រោះប្រជាពលរដ្ឋខ្មែរគិតគូររឿងក្រពះច្រើនជាងរឿងអាស្រូវផ្លូវភេទ។
តែឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិលែងសម្រុកលើការវាយប្រហាររឿងអាស្រូវផ្លូវភេទមកលើលោក ហ៊ុន សែន តែបែរជាបក្ស CPP ធ្វើការវាយប្រហារមកលើលោក កឹម សុខា ជាមួយស្ត្រីម្នាក់ពីព្រៃវែងតាំងខ្លួនថាជាស្រីស្នេហ៍លោក កឹម សុខា ដែលបញ្ហានេះទៅជាប្រជាពលរដ្ឋកាន់តែស្គាល់លោក កឹម សុខា ហើយអាណិតទៅវិញធ្វើឲ្យ CNRP ទាញសន្លឹកឆ្នោតពី CPP បាន ២២ កៅអីមកវិញ។
បទពិសោធបរាជ័យរឿងអាស្រូវផ្លូវភេទដដែលនេះត្រូវបានយកមកវាយប្រហារទៅលើលោក កឹម សុខា ជាលើកទី ២ ជាមួយនឹងកញ្ញា ស្រីមុំ ហើយមានក្រុមយុវជនតាំងខ្លួនជានិស្សិតមកតាមកូរលោក កឹម សុខា ដោយមិនសមហេតុផលបែបហ្នឹងថាតើអាចធ្វើឲ្យប្រជាប្រិយភាពលោក កឹម សុខា កើនឡើង និងអាចទាញកៅអីឲ្យ CNPR បន្ថែមពីលើ ២២ កៅអីនេះទៀតទេនៅឆ្នាំ ២០១៨ ខាងមុខនេះ? បើគ្រប់សារព័ត៌មាននិយាយតែពីរឿងនេះអាចធ្វើឲ្យគេកាន់តែស្គាល់គាត់បន្ថែមទៀតដែរឬទេបើសារជាសំឡេងនោះមិនមានប្រភពច្បាស់លាស់ និងមិនមានលក្ខណៈស្របច្បាប់ផងនោះ?
បញ្ហានិស្សិតៗនេះតាំងពីខ្ញុំនៅជានិស្សិតក៏ឃើញមានការបែងចែកគ្នាទៅតាមគណបក្សដែលខ្លួនពេញចិត្តដែរតែពេលខ្លះមិនត្រឹមប៉ុណ្ណឹងទេគឺនិស្សិតគ្នាឯងបានអ្នកនយោបាយបញ្ជោរ លិច-កើត ទៅគឺចាប់ផ្តើមលាបពណ៌ឲ្យគ្នាហើយគេរាយការណ៍ពីនិស្សិតរៀនជាមួយគ្នាទៅឲ្យមេគេរៀងៗខ្លួនមើលទៅហាក់បីដូចជាយកឈ្មោះមិត្តរួមថ្នាក់ខ្លួនឯងហ្នឹងធ្វើអាជីវកម្មនយោបាយអ៊ីចឹងព្រោះពួកគេសង្ឃឹមថាចេញពីសាកលវិទ្យាល័យទៅគេនឹងបានតំណែងណាមួយក្នុងស្ថាប័នរដ្ឋាភិបាលប្រសិនបើបក្សគេជាប់ឆ្នោត។
ការបែងចែក និងការលាបពណ៌ឲ្យគ្នាក្នុងចំណោមនិស្សិតគ្នាឯងអាចធ្វើមានការស្អប់គ្នាគុំគ្នាតាំងពីនៅរៀនហើយនៅពេលដែលគេឡើងធំគេនឹងសងសឹកគ្នាដោយយកគំនុំអតីតកាលមកទូទាត់ដែលបញ្ហានេះអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិទាំងមូលហើយក៏អាចឈានដល់ការសម្លាប់រង្គាល។ ដូចកាលពីជំនាន់មុនរបបខ្មែរក្រហមគឺនិស្សិតដែលទទួលបានអាហារូបករណ៍ទៅរៀននៅប្រទេសបារាំងគឺទៅដល់ទីនោះចុះពីលើយន្តហោះមិនទាន់ទេគឺត្រូវបានគេមកបញ្ចុះបញ្ចូលភ្លាមថាឯងយកពណ៌ខៀវ (គាំទ្រលោកខាងលិច) ឬពណ៌ក្រហម (គាំទ្រខ្មែរកុម្មុយនីស្ដ)។
មានអតីតនិស្សិតខ្លះបានគេចចេញពីពណ៌ទាំង ២ ហ្នឹងបានក៏និយាយប្រាប់ខ្ញុំដែលជាក្មេងជំនាន់ក្រោយឲ្យបានដឹងពីចរិតរបស់និស្សិតនៅក្រៅប្រទេសផងដែរ។ នៅពេលនិស្សិតខ្មែរនិយមខ្មែរក្រហមដែលមាន ប៉ុល ពត អៀង សារី និងបណ្ឌិត ខៀវ សំផន ជាបងធំបានចងក្រងនិស្សិត បញ្ញវន្តដែលមកពីសាលកវិទ្យាល័យល្បីៗទៀតនៅពេលដែលគេមានកំហឹងចងក្នុងចិត្តដោយសារឃើញភាពអយុត្តិធម៌ពីមុនមកហើយនៅពេលដែលគេបានកាន់អំណាចរបប ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃក៏សម្លាប់ខ្មែរគ្នាឯងសរុបជិត ២ លាននាក់ហើយសង្គ្រាមបានបន្តបន្ថែម ២ ទសវត្សរ៍ធ្វើខ្មែរកាន់តែស្លាប់ និងរងទុក្ខកាន់តែធំទៅៗដោយសារការប្រយុទ្ធគ្នាឯងរហូតភ្លេចពីរបៀបកសាងប្រទេស និងស្តារនីតិសម្បទាឡើងវិញចង់យ៉ាប់។ ហ្នឹងនិស្សិតមានសាលាផងប៉ុណ្ណឹងទៅហើយចុះទម្រាំនិស្សិតអត់សាលា? ប្រសិនបើម្នាក់ៗគិតថាវាមិនអីទេៗនៅពេលដែលមានអីកើតឡើងភ្លាមបានធ្វើភ្នែកសព្រាតដាក់គ្នា។
ចុងក្រោយអ្នកនយោបាយខ្មែរសម័យណាក៏ដូចសម័យណាដែរចូលចិត្តតែកេងប្រវ័ញ្ចពីនិស្សិត និងយុវជនណាស់តែដល់ពេលមានការយកតែរួចខ្លួនរៀងៗខ្លួនគឺបានត្រឹមទម្លាក់កំហុសដាក់គ្នាតែប៉ុណ្ណោះហើយបានត្រឹមតែអួតអាងប្រៀបដូចកង្កែបក្នុងអណ្តូងអ៊ីចឹង។
សរុបមកវិញក្នុងនាមជានិស្សិតគឺខំប្រឹងរៀនក្រេបយកចំណេះវិជ្ជា និងចូលរួមសកម្មភាពអភិវឌ្ឍន៍សង្គមឲ្យស្របទៅនឹងគោលនយោបាយជាតិអភិវឌ្ឍន៍យុវជនជាជាងដើរកកូរកកាយរឿងផ្ទាល់ខ្លួនរបស់គេមិនសមហេតុផលចំណាយពេលអត់ប្រយោជន៍ហើយធ្វើយ៉ាងណាដើម្បីបញ្ចៀសឲ្យនូវអំពើហិង្សាដែលអាចឈានការសម្លាប់រង្គាល (R2P)៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com