The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដើម្បី​អនាគត ​ប្រកបដោយ​សមភាព




ដើម្បី​អនាគត ​ប្រកបដោយ​សមភាព

Content image - Phnom Penh Post
សកម្មភាព​ស្នើសុំ​ឱ្យ​បញ្ឈប់​ហិង្សា​លើ​ស្ត្រី​ក្នុង​ថ្ងៃ​ទិវា​នារី​អន្ដរជាតិ​កន្លងមក​។ រូបថត ភ្នំពេញ​ប៉ុស្ដិ៍

ដើម្បី​អនាគត ​ប្រកបដោយ​សមភាព

ថ្ងៃទី​ ៨ ខែមីនា គឺជា​ទិវា​នារី​អន្តរជាតិ​។ ថ្ងៃនេះ​យើង​ផ្ដល់​កិត្តិយស​ដល់​សមិទ្ធផល​ទាំងឡាយ​​ដែល​ស្ត្រី​សម្រេចបាន​លើ​គ្រប់​វិស័យ​ទាំងអស់ និង​ទាញ​នូវ​ចំណាប់អារម្មណ៍​ចំពោះ​សិទ្ធិ​របស់​ស្ត្រី​ដើម្បី​ប្រយោជន៍​សម្រាប់​​មនុស្ស​ទាំងអស់គ្នា​។ ​ប្រធានបទ​សម្រាប់​ឆ្នាំនេះ​គឺ​ស្ត្រី​នៅក្នុង​ភាព​ជា​អ្នកដឹកនាំ​៖ ដើម្បី​អនាគត​ប្រកប​ដោយ​សមភាព​នៅ​​ក្នុង​ពិភពលោក​ដែល​កំពុង​ប្រឈម​នឹង​ជំងឺ​កូវីដ​១៩​។

​ប្រធានបទ​នេះ​គឺ​ស្រប​បំផុត​នឹង​កាលៈទេសៈ​នាពេល​បច្ចុប្បន្ន ព្រោះថា ស្ត្រី​ជា​អ្នក​ឈរ​នៅ​ជួរមុខ​ក្នុង​ការឆ្លើយតប​ប្រឆាំង​នឹង​ការឆ្លង​រាលដាល​ជា​សកល ដោយ​ពួកគេ​កំពុង​ប្រយុទ្ធ​ជាមួយ​នឹង​វីរុស​នេះ​នៅ​កន្លែង​ធ្វើការ​ផង និង​នៅផ្ទះ​ផង​។

ជំងឺ​កូវីដ​១៩ មិន​ត្រឹមតែ​បង្ក​ឱ្យ​មាន​គ្រោះអាសន្ន​ផ្នែក​សុខភាព​សាធារណៈ​ជា​អន្តរជាតិ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​បង្ក​ឱ្យ​មាន​វិបត្តិ​សេដ្ឋកិច្ចសង្គម​ទៀតផង​។ នៅ​ទូទាំង​សកលលោក​វិបត្តិ​នេះ​កំពុង​រុញច្រាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ឱ្យ​ធ្លាក់ចូល​ទៅក្នុង​ភាពក្រីក្រ និង​ធ្វើឱ្យ​វិសមភាព​ដែល​កំពុងមាន​ស្រាប់​ទៅហើយ​កាន់តែ​រីក​ធំ​បន្ថែមទៀត​។ ការបាត់បង់​ការងារ និង​មុខរបរ​ចិញ្ចឹមជីវិត​មាន​សភាព​ធ្ងន់ធ្ងរ ជាពិសេស​នៅក្នុង​វិស័យ​ដែលមាន​ស្ត្រី​ជាច្រើន​ជា​អ្នក​ធ្វើការ និង​ប្រកប​អាជីវកម្ម​។

កម្ពុជា​ក៏​មិន​ខុសប្លែក​ពី​ប្រទេស​ដទៃទៀត​នោះទេ​។ ​ឧស្សាហកម្ម​​ដែលមាន​កម្មករ​និយោជិត​ភាគច្រើន​ជា​ស្ត្រី និង​ក្មេងស្រី​ដូចជា​វិស័យ​កាត់ដេរ និង​ទេសចរណ៍​ជាដើម ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ​។ ​នៅ​កម្ពុជា​ក្នុង​​ចំណោម​កម្មករ​រោងចក្រ​កាត់ដេរ​ប្រមាណ ៧៥០ ០០០ ​នាក់​មាន​ប្រមាណ​ជា​ជិត​ ៩០ ​ភាគរយ​​គឺជា​ស្ត្រី​។ ​ស្ថិតិ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល​បង្ហាញថា មាន​រោងចក្រ​កាត់ដេរ​ចំនួន​ ៥២៦ ​បាន​បិទទ្វារ និង​មាន​កម្មករ​ប្រមាណ​ ៣៤៩-០០០ ​នាក់​បាត់បង់​ការងារ​គិត​តាំងពី​ដើមឆ្នាំ​ ២០២០ ​មក​។

ចំនួន​ស្ត្រី និង​ក្មេងស្រី​ដែល​ធ្វើ​ការងារ​នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​ច្រើន​ជាង​បុរស​ហើយ​ពួកគេ​គឺជា​អ្នក​ដំបូង​ដែល​ត្រូវ​បាត់បង់​ការងារ​មុនគេ​។ ប្រាក់​ឈ្នួល​ប្រចាំ​សប្ដាហ៍​ជា​មធ្យម​របស់​ស្ត្រី​មាន​ការថយចុះ​យ៉ាងច្រើន​ពី​ ១២៦ ​ដុល្លារ​មុនពេល​មាន​កូវីដ​១៩​មក​នៅ​ ៦៦ ​ដុល្លារ​កាលពី​ខែកក្កដា ឆ្នាំ​ ២០២០ និង​មក​នៅ​ ៥១ ​ដុល្លារ​កាលពី​ខែតុលា ឆ្នាំ​ ២០២០ ​មានន័យថា ពួកគេ​ត្រូវ​បាត់បង់​ចំណូល​ជាង​ពាក់កណ្ដាល​ចាប់​តាំងពី​ពេលដែល​ការឆ្លង​រាលដាល​ជា​សកល​នេះ​ចាប់ផ្ដើម​កើត​​ឡើង​។ នៅ​កម្ពុជា​គ្រួសារ​ដែល​​មាន​ស្ត្រី​ជា​មេគ្រួសារ ហើយ​ដែល​កំពុង​រស់នៅក្នុង​ភាពក្រីក្រ​ទំនង​ជា​នឹង​បន្ត​រស់នៅក្នុង​ភាពក្រីក្រ​បន្តទៀត​។

ការងារ​ផ្ដល់​ការថែទាំ​ដោយ​ពុំ​ទទួលបាន​ប្រាក់កម្រៃ​មានការ​កើនឡើង​។ ​ការធ្វើ​ស្វ័យ​ចត្តាឡីស័ក និង​ការរក្សា​គម្លាត​សុវត្ថិភាព​នាំឱ្យ​ការងារ​ផ្ទះ និង​ការងារ​ផ្ដល់​ការថែទាំ​នៅតាម​គ្រួសារ​​នីមួយៗ កើនឡើង​យ៉ាងគំហុក​ពោលគឺ​កើនឡើង​ក្នុង​អត្រា​ ៣៥%​។ នៅ​កម្ពុជា​ការសិក្សា​​បង្ហាញថា ស្ត្រី​ជា​អ្នកទទួល​រងបន្ទុក​ការងារ​ទាំងនេះ​។ អ្វីដែល​គួរឱ្យ​បារម្ភ​ដូចគ្នា​ដែរនោះ​គឺ​ការងារ​ផ្ទះ និង​ការងារ​ថែទាំ​ដែល​ពុំ​ទទួលបាន​ប្រាក់កម្រៃ​ជា​បន្ទុក​របស់​ក្មេងស្រី​តាំងពី​នៅ​ក្មេង​។

ជាមួយ​នឹង​ការបិទ​សាលារៀន​ក្មេងស្រី​ត្រូវ​បាន​ឱ្យធ្វើ​ការងារ​​ផ្ទះ​កាន់តែ​ច្រើនជាង​មុន​ដែល​ធ្វើឱ្យ​ពេលវេលា​សម្រាប់​ការរៀនសូត្រ​របស់​ពួកគេ​មាន​កាន់តែ​តិច​។ ​ក្រោយ​បោះបង់​ការសិក្សា ​ក្មេងស្រី​ជាច្រើន​ពិបាក​នឹង​ត្រឡប់​ទៅ​រៀន និង​បន្ត​ការអប់រំ​វិញ​ណាស់​។ ឥឡូវនេះ​គឺ​ដល់ពេល​ហើយ ដើម្បី​កសាង​អនាគត​ប្រកបដោយ​សមភាព​។

តើ​យើង​អាច​ធ្វើ​អ្វីខ្លះ​ដើម្បី​ប្រែក្លាយ​វិបត្តិ​កូវីដ​១៩​ឱ្យ​ទៅ​ជា​​ឱកាស​? ​តើ​ការវិនិយោគ​លើ​សមភាព​យេនឌ័រ​អាចជួយ​កសាង​ឱ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​បរិយាប័ន្ន និង​សមធម៌​យ៉ាងដូចម្ដេចខ្លះ​? ​តើ​ការវិនិយោគ​លើ​សមភាព​យេនឌ័រ​អាច​​មាន​លក្ខណៈ​បែបណា​នៅក្នុង​ការអនុវត្ត​ជាក់ស្ដែង​?

កាពីង ពេជ្រ គឺជា​ស្ត្រី​គំរូ​ម្នាក់​នៅក្នុង​សហគមន៍​ព្រៅ ដែល​ជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​របស់គាត់​ក្នុង​ឃុំ​តាវែងលើ ស្រុក​តាវែង ខេត្តរតនគិរី​។ ​បច្ចុប្បន្ន​ពេជ្រ គឺជា​អភិបាលរង​ស្រុក​។ ​ក្នុងតួនាទី​នេះ​ពេជ្រ​បាន​ផ្ដល់​ភាព​ជា​គំរូ​ជំរុញ​លើក​ទឹកចិត្ត​ដល់​ស្ត្រី​វ័យក្មេង និង​មនុស្ស​ជាច្រើន​នាក់​ក្នុង​សង្គម​របស់គាត់​។ ​កាលពី​ជំនាន់​គាត់​នៅ​រៀនភូមិ​របស់គាត់​មាន​ត្រឹមតែ​សាលា​បឋមសិក្សា​តែប៉ុណ្ណោះ​។ សាលា​មធ្យមសិក្សា​ដែល​នៅ​ជិត​បំផុត​កាលពី​ពេលនោះ​គឺ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ៥០ ​គីឡូម៉ែត្រ​ពី​ភូមិ​របស់គាត់​។ ​គាត់​ស្ទើរតែ​បោះបង់ចោល​ការសិក្សា​ទៅហើយ​។ ជា​ភ័ព្វសំណាង ដោយសារ​មានការ​ផ្ដល់​អាហារូបករណ៍​ពី​រដ្ឋាភិបាល​គាត់​អាច​បន្ត​ការអប់រំ​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី​។

បើទោះជា​មាន​បញ្ហា​ប្រឈម​ជាច្រើន​ក៏ដោយ ពេជ្រ នៅតែ​តស៊ូ​រហូតដល់​រៀន​ចប់​សាលា​មធ្យមសិក្សា និង​ទទួល​បាន​ការងារ​ធ្វើ​។ ​ពេជ្រ ​ប្រឹងប្រែង​ធ្វើការ​ផង និង​រៀន​ផង​ក្នុងពេល​ដំណាលគ្នា ទើប​គាត់​មាន​ថ្ងៃនេះ​។ ​គាត់​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ការអប់រំ​។ ​បំណងប្រាថ្នា​មួយ​របស់គាត់ គឺ​ទទួលបាន​ការអប់រំ​​នៅ​កម្រិត​ឧត្តមសិក្សា​។​ពេជ្រ ក៏មាន​ក្ដីសង្ឃឹម​ដូចគ្នានេះ​សម្រាប់​​សហគមន៍​របស់គាត់​ផងដែរ “​ខ្ញុំ​ចង់ឃើញ​ក្មេងស្រី​កាន់តែ​ច្រើន​ថែមទៀត ជាពិសេស​ក្មេងស្រី​មក​​ពី​សហគមន៍​ជនជាតិ​ភាគតិច​ទទួល​បាន​ការអប់រំ​នៅ​កម្រិត​​ឧត្តមសិក្សា​ក្លាយ​ខ្លួន​ជា​ភ្នាក់ងារ​​ដែល​នាំមក​នូវ​ការផ្លាស់​ប្រែ​ជួយ​លុបបំបាត់​ផ្នត់គំនិត​យេនឌ័រ​អវិជ្ជមាន និង​ជួយ​ខ្លួនឯង​ក៏ដូចជា​ក្រុមគ្រួសារ​របស់​ពួកគេ​”​។

នៅពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ចាប់ផ្ដើម​រៀបចំ​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ រាជរដ្ឋាភិបាល​ចាំបាច់​ត្រូវ​ឆ្លើយតប​ចំពោះ​បញ្ហា​វិសមភាព​។ ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ដែល​ឆ្លើយតប​ចំពោះ​យេនឌ័រ​នឹង​ជួយ​ពន្លឿន​វឌ្ឍនភាព​របស់​កម្ពុជា​ក្នុង​ការសម្រេច​ក្តីប្រាថ្នា​របស់ខ្លួន​ដើម្បី​ក្លាយជា​ប្រទេស​ចំណូល​មធ្យម​ត្រឹម​ឆ្នាំ​ ២០៣០ និង​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​នៅ​កម្ពុជា​។

ដើម្បី​កសាង​អនាគត​ប្រកប​ដោយ​សមភាព​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក António Guterres ​អំពាវនាវ​ឱ្យ​អ្នកដឹកនាំ​តាម​ប្រទេស​នានា​ដាក់ចេញ​នូវ​មូលដ្ឋានគ្រឹះ​សំខាន់ៗ​ចំនួន​ ៦ ​ដូចខាងក្រោម​៖

ទី​ ១- ​ធានា​ឱ្យមាន​ភាពជា​តំណាង​ស្មើភាព​គ្នា​ចាប់ពី​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​រហូតដល់​សភា​ចាប់ពី​គ្រឹះស្ថាន​ឧត្តមសិក្សា​រហូតដល់​គ្រឹះស្ថាន​អប់រំ​សាធារណៈ​តាមរយៈ​ការអនុវត្ត​វិធានការ​ពិសេស និង​ការកំណត់​កូតា​។ ​នៅ​កម្ពុជា យើង​ត្រូវការ​អ្នកដឹកនាំ​ជាច្រើន​នាក់​ទៀត​ដូចជា កាពីង ពេជ្រ ជាដើម​ដើម្បី​គាំទ្រ​ឱ្យមាន​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី​វ័យក្មេង​បន្ថែមទៀត​នៅក្នុង​សហគមន៍​ក៏ដូចជា នៅ​កន្លែង​ធ្វើការ​របស់​ពួកគេ​។

ទី​ ២- ​វិនិយោគ​ឱ្យបាន​ច្រើន​លើ​សេដ្ឋកិច្ច​ដែល​គិតគូរ​ពី​តម្លៃ​នៃ​ការងារ​ថែទាំ​ (Care Economy) ​ក៏ដូចជា លើ​សេវា​គាំពារ​សង្គម និង​ធ្វើ​ការកំណត់​និយមន័យ​ផលិតផល​សរុប​ក្នុងស្រុក​ឡើងវិញ​ដើម្បី​ធ្វើឱ្យ​ការងារ​ផ្ទះ​ត្រូវបាន​រាប់បញ្ចូល និង​ឱ្យគេ​មើលឃើញ​អំពី​តម្លៃ​សេដ្ឋកិច្ច​។

ទី​ ៣- ​លុបបំបាត់​រាល់​ឧបសគ្គ​នានា​ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការចូលរួម​ពេញលេញ​របស់​ស្ត្រី​នៅក្នុង​សេដ្ឋកិច្ច ដូចជា តាមរយៈ​យន្តការ​គាំទ្រ​ការចូលរួម​របស់​ពួកគេ​ក្នុង​ទីផ្សារការងារ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ និង​ផ្ដល់​ឥណទាន ព្រមទាំង​ការវិនិយោគ​ឱ្យចំ​គោលដៅ​ដែល​ពួកគេ​ត្រូវការ​។

ទី​ ៤- ​លុបចោល​ច្បាប់​នៅក្នុង​គ្រប់​វិស័យ​ទាំងអស់​ដែលមាន​ចរិត​រើសអើង ចាប់ពី​សិទ្ធិ​ការងារ និង​សិទ្ធិ​ដីធ្លី​រហូត​ដល់​ស្ថានភាព​បុគ្គល និង​ការការពារ​ពី​អំពើហិង្សា​គ្រប់​រូបភាព​។

ទី​ ៥- ​ប្រទេស​នីមួយៗ​គួរ​អនុម័ត​ផែនការ​ឆ្លើយតប​បន្ទាន់​ ដើម្បី​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី និង​បន្ត​គាំទ្រ​តាមរយៈ​ការវិនិយោគ​ថវិកា ការដាក់ចេញ​នូវ​គោលនយោបាយ និង​ការសម្ដែង​ឆន្ទៈ​នយោបាយ ដើម្បី​បញ្ចប់​បញ្ហា​ទាំងនេះ​។

ទី​ ៦- ​ផ្លាស់ប្ដូរ​នូវ​ផ្នត់គំនិត​អវិជ្ជមាន​បង្កើន​ការយល់ដឹង​របស់​សាធារណជន និង​លុប​បំបាត់​ភាពលម្អៀង រើសអើង​នៅក្នុង​ប្រព័ន្ធ​សង្គម​។ នៅ​កម្ពុជា​យើង​អាច​ចាប់ផ្ដើម​តាមរយៈ​ការផ្ដល់​ភាព​ស្មើភាព​គ្នា​ដល់​ក្មេងប្រុស និង​ក្មេងស្រី​នៅក្នុង​ការធ្វើការងារ​ផ្ទះ និង​ការងារ​ផ្ដល់​ការថែទាំ និង​ដោះស្រាយ ចំពោះ​ផ្នត់គំនិត​សង្គម និង​យេនឌ័រ​អវិជ្ជមាន ដែល​រើសអើង​ចំពោះ​ស្ត្រី និង​ក្មេងស្រី​។

ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ការរាតត្បាត​ជា​សកល គឺជា​ឱកាស​ដើម្បីឱ្យ​យើង​ត្រួសត្រាយ​មាគ៌ា​ថ្មី​មួយ ដែល​នាំមក​នូវ​សមភាព​។ រួមគ្នា យើង​ពិតជា​អាច​សម្រេចបាន​នូវ​អនាគត​ប្រកបដោយ​សមភាព​ជាមិនខាន​៕

ដោយ​លោកស្រី Pauline Tamesis ​ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា និង ឃុន សុភា អ្នកវិភាគ​កម្មវិធី​របស់​ UN Women នៅ​កម្ពុជា

អត្ថបទគួរចាប់អារម្មណ៍