ក្នុង​ ១ ​ថ្ងៃៗ​បើ​មើល​សារព័ត៌មាន ឬ​បណ្តាញ​សង្គម​ហ្វេសប៊ុក ភាគច្រើន​ឃើញ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​ពាក់ព័ន្ធ​នឹង​បទ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ជា​ហូរហែ​មិន​ថា ខ្មែរ ឬ​បរទេស មិន​ថា​ចាស់ ឬ​ក្មេង​ទេ ហើយ​បើ​ផ្អែក​តាមរយៈ​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ​វិញ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំ​ ២០១៩ សមត្ថកិច្ច​បង្ក្រាប​ករណី​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​បាន​ជិត​ ១ ​ម៉ឺន​ករណី និង​រឹបអូស​ថ្នាំញៀន​បាន​ជិត​ ១ ​តោន ដែល​តួលេខ​នេះ តិច ឬ​ច្រើន វា​បាន​​បង្ហាញ​ពីស​ញ្ញា​នៃ​ការប៉ះពាល់​​ដល់​សង្គម​រួចទៅហើយ​។

ប៉ុន្តែ​អ្វីដែល​ជា​ការព្រួយបារម្ភ​ខ្លាំង​នោះ គឺ​អ្នក​បន្តវេន​​ដែល​ជា​យុវវ័យ​តែម្តង ព្រោះ​ថា​សកម្មភាព​នាំគ្នា​ជក់ ហិត ចាក់​គ្រឿងញៀន​បែបនេះ វា​មិនមែន​មាន​តែ​នៅតាម​សហគមន៍ ឬក៏​សិស្សសាលា​ទេ ប៉ុន្តែ​នៅ​ស្ទើរ​​គ្រប់​ភូមិ-ឃុំ កន្លុកកន្លៀត ចុងកាត់​មាត់ញក​ណា​ក៏មានដែរ​។

រឹត​តែ​ស្មាន​មិន​ដល់​ទៀត​នោះ គឺ​យូរៗ​ម្តង គេ​ក៏​ឃើញ​មាន​ការលេចឮ​ពី​ករណី​មន្ត្រី​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​សេព​គ្រឿងញៀន​របៀប​គីង្គក់​លក់​ថ្នាំ​ស្រែង​​ទៀតផង​។ ​រីឯ​សមត្ថកិច្ច​កងរាជ​អាវុធហត្ថ​ក៏​ដូចគ្នា​ដែរ ឲ្យ​តែ​ញៀន ឬក៏​មាន​គ្រឿង​ស្រវឹង​ចូលខ្លួន​ហើយ មាន​ខ្លះ​ហ៊ាន​​ប្រើ​កាំភ្លើង​បាញ់បោះ​សេរី​ដោយ​បង្ហាញ​កាយវិការ​លែង​ខ្លាច​អ្វីៗ​ទាំងអស់​។

ដូច​ករណី​នៅ​សង្កាត់​បឹងសាឡាង​មាន​មន្ត្រីប៉ូលិស​ប្រឆាំង​គ្រឿងញៀន បែរជា​ខ្លួនឯង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ពេល​បែក​ថ្នាំ​ក៏​ដក​កាំភ្លើងខ្លី​បញ្ជា​បក្ខពួក​ឲ្យ​ប្លន់​ពលរដ្ឋ​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​កាលពី​ដើម​ខែ​នេះ តែ​ត្រូវ​សមត្ថកិច្ច​ប្រចាំការ​នៅ​ទីនោះ​ចាប់​ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ​រីឯ​កាលពី​ខែ​ធ្នូ ឆ្នាំ​ ២០១៩ ​កន្លង​ទៅ​មាន​ករណី​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​សង្កាត់​បឹងសាឡាង​ដែល​ញៀន​ថ្នាំ​ពេញ​បន្ទុក គ្រាន់តែ​ខឹង​អ្នកជិតខាង​ក៏​ទាញ​កាំភ្លើង​ AK ​របស់​អង្គភាព​បាញ់​ពលរដ្ឋ​ភាគី​ម្ខាង​ទៀត​ដែល​មាន​តែ​ដៃទទេ​ត្រូវ​របួសធ្ងន់ តែ​ក៏​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ចាប់ខ្លួន​យក​ទៅ​កសាង​សំណុំរឿង​ទាំង​នៅ​កំពុង​ញៀនថ្នាំ​ដោយ​មិនដឹង​ខ្លួន​ផងដែរ​។

ចំណែក​ករណី​មួយទៀត​គឺ​ការ​ញៀន​នឹង​គ្រឿង​ស្រវឹង​របស់​អធិការរង​ក្រុង​បាវិត​វ័យក្មេង​ម្នាក់​ដែល​ផឹក​ស្រវឹង​វង្វេងវង្វាន់​ហើយ​គ្រាន់តែ​ឃ្នើស​ចិត្តនឹង​ស្ត្រី​ម្ចាស់​ហាង​តែ​បន្តិច ក៏​ដកកាំភ្លើង​បាញ់សម្លាប់​ផងដែរ​នាពេល​ថ្មីៗ​នេះ​។

តាម​ការពិត​ទៅ​អាវុធ​ជាតិផ្ទុះ និង​សម្លៀកបំពាក់​តាម​ច្បាប់​ឯកសណ្ឋាន​សមត្ថកិច្ច​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​ចូលទៅក្នុង​ភោជនីយដ្ឋាន​ផឹកស៊ី​ទេ ព្រោះ​ងាយ​នឹង​ប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្លាយ​ទៅ​ជា​រឿងរ៉ាវ និង​បាញ់បោះ​សេរី​ណាស់​។

បញ្ហា​ពុតគ្រូ​កុំ​ត្រាប់​ច្បាប់​គ្រូ​សឹម​យក ដូច​ករណី​សមត្ថកិច្ច​សេព​គ្រឿងញៀន​ខ្លះ​បែក​ថ្នាំ​ស្រែក​ឡូឡា​ពេញ​ភូមិ ឬក៏​អុកឡុក​តាម​ហាង​បែបនេះ​គឺ​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ដល់​ស្ថាប័ន​របស់​ខ្លួន​មិន​ថា ប៉ូលិស​ ឬ​ក៏​ប៉េអឹម​នោះទេ​។ ​ករណី​បែប​នេះ​បើ​នៅ​ប្រទេស​ថៃ គឺ​រដ្ឋ​គេ​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ហាត់ប្រាណ​សម្រក​ទម្ងន់ សម្រក​ខ្លាញ់​ក្បាលពោះ ពិនិត្យ​សុខភាព និង​ធ្វើតេស្ត​​រក​សារធាតុ​ញៀន​ក្នុង​គោលបំណង​ចង់​ឲ្យ​មន្ត្រី​ទាំងនេះ​មាន​ការអនុវត្ត​ច្បាប់​កាន់​តែ​មាន​ប្រសិទ្ធភាព និង​ធ្វើ​ជា​គំរូ​ល្អ​ដល់​ពលរដ្ឋ និង​យុវជន​ក៏ដូចជា​​សិស្សានុសិស្ស​ផងដែរ​។

ជាពិសេស​ការហាត់​កីឡា​គឺ​ដើម្បី​បង្កើន​បញ្ញាញាណ​ឲ្យ​ខ្លាំង​ងាយស្រួល​ក្នុងការ​បំពេញ​ភារកិច្ច​ស៊ើបអង្កេត​តាម​ចាប់​ជនល្មើស​ជួញដូរ​គ្រឿងញៀន ព្រោះ​បច្ចុប្បន្ននេះ​ជនល្មើស​ប្រើ​សុទ្ធតែ​ប្រព័ន្ធ​ឌីជីថល​ក្នុង​ការធ្វើ​ទំនាក់ទំនង និង​ប្រើ​ប្រព័ន្ធ​ធនាគារ​ក្នុង​ការប្រព្រឹត្ត​ល្មើស​។ អ៊ីចឹង​គឺ​មន្ត្រី​សមត្ថកិច្ច​ត្រូវ​ប្រើ​ខួរក្បាល​ ឬ​បញ្ញាញាណ​ខ្លាំងណាស់​ក្នុង​ការតាម​ដាន​តម្រុយ​តាមរយៈ​បច្ចេកទេស​ទំនើប​របស់​ឧក្រិដ្ឋជន ពោល​គឺ​មិនមែន​ធ្វើ​កិច្ចការ​ដដែល​ដូច​មុន​ដោយ​គ្រាន់តែ​សួរចម្លើយ​ដេញ​រក​ឫសគល់​នោះទេ ព្រោះ​​ទម្រាំ​តែ​ស្រាវជ្រាវ​ដល់​មេខ្លោង​ធំ គឺ​ពួកគេ​រត់​បាត់​ទៅ​ហើយ​ដែល​ចុងក្រោយ​ចាប់​បានតែ​អ្នកជួញដូរ​តូចតាច និង​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ប៉ុណ្ណោះ​។

ហេតុដូច្នេះ​ហើយ​រាជរដ្ឋាភិបាល​គួរតែ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព និង​ការបង្ក្រាប​ការជួញដូរ​គ្រឿងញៀន​ឲ្យ​កាន់តែ​បាន​ល្អ​ប្រសើរ​ដើម្បី​ឈានដល់​ទៅរក​ចាប់ខ្លួន​មេខ្លោង​នៃ​បណ្តាញ​ចែកចាយ​គ្រឿងញៀន និង​កន្លែង​ផលិត​តាមរយៈ​ការត្រួត​ពិនិត្យ​សុខភាព​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ទាំង​ប៉ូលិស​ទាំង​ប៉េអឹម​តាម​វិធី​ធ្វើតេស្ត​លើទឹក​នោម​ និង​ឈាម​រៀងរាល់​ ១ ​ឆមាស​ម្តង​។ ​

មានន័យថា បើ​រកឃើញ​មាន​លទ្ធផល​វិជ្ជមាន​ក្នុង​ខ្លួន​របស់​មន្ត្រី​មាន​សមត្ថកិច្ច​ណា​ម្នាក់​គឺ​ត្រូវ​ព្យាបាល​ទាំង​សុខភាព​ផ្លូវកាយ និង​ទាំង​សុខភាព​ផ្លូវចិត្ត ហើយ​ពួកគេ​មិនត្រូវ​ឲ្យ​បំពាក់អាវុធ​នៅ​នឹង​ដៃ​ឲ្យ​ទៀត​ទេ លុះត្រាតែ​ព្យាបាល​រោគសញ្ញា​នោះ​ឲ្យ​បានជា​ពេញលេញ​សិន​។ ពិតណាស់​កន្លងមក​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ធ្លាប់​បាន​លើក​ពី​បញ្ហា​ពិនិត្យ​រកសារធាតុ​ញៀន​ទៅលើ​មន្ត្រី​នគរបាល​រាជធានី​ដើម្បី​ធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ​រួចមកហើយ ក៏​ប៉ុន្តែ​​ហាក់​ពុំទាន់​មាន​ការអនុវត្ត​នៅឡើយ​ទេ​។

ម្យ៉ាងវិញ​ទៀត​ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​ពី​ការប្រើប្រាស់​គ្រឿងញៀន គួរតែ​បង្វែរ​ទិសដៅ​ទៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​វិញ​ដើម្បី​ងាយស្រួល​ទទួល​បាន​ទាំង​សំឡេង និង​រូបភាព​ហើយ​មាន​គ្រប់​ទីកន្លែង​ពោលគឺ​ឲ្យ​តែ​ទីណា​មាន​សេវា​ទូរស័ព្ទ គឺ​ការផ្សព្វផ្សាយ​នឹង​ជ្រាប​ដល់ទី​នោះ ព្រោះ​ចរន្ត​នៃ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​ឲ្យ​តែ​មាន​មនុស្ស​ទៅដល់​ទីណា​គឺ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តែងតែ​ទៅ​ដល់​ទីនោះ​ផងដែរ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com