ថ្ងៃនេះ​គឺជា​ទិវា​ស្បៀងអាហារ​ពិភពលោក ហើយ​ឆ្នាំនេះ​គឺជា​ឆ្នាំ​ពិសេស​ដែល​យើង​គួរ​ឆ្លុះបញ្ចាំង​ឱ្យបាន​ស៊ីជម្រៅ​ពី​សារៈសំខាន់​នៃ​ទិវា​នេះ​។ ខណៈ​ដែល​គ្រប់គ្នា​ដឹង​ជាទូទៅ​ថា ជំងឺ​កូវីដ​ ១៩​ បាន​និង​កំពុង​បង្ក​មហន្តរាយ​ដល់​សុខភាព ប្រាក់ចំណូល និង​ការងារ​ក៏ដោយ យើង​ពុំ​សូវ​ដឹង​ពី​ផលប៉ះពាល់​នៃ​ជំងឺ​នេះ​មកលើ​ស្ថានភាព​អាហារូបត្ថម្ភ​របស់​កុមារ​ឡើយ​។ ផលប៉ះពាល់​បង្កឡើង​ដោយ​ជំងឺ​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់ ព្រោះថា​គ្រួសារ​ដែល​កំពុង​រង​សម្ពាធ​ហិរញ្ញវត្ថុ​ជារឿយៗ​ជួប​ការលំបាក​ក្នុង​ការផ្ដល់​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ដល់​កូនចៅ​ពួកគេ​។

ក្នុង​ករណី​ប្រទេស​កម្ពុជា​ដែល​អត្រា​ខ្វះ​អាហារូបត្ថម្ភ​កំពុងមាន​កម្រិត​ខ្ពស់​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ​ ១៩ ​នេះ​នឹង​បន្ថែម​បន្ទុក​កាន់តែ​ធ្ងន់​ទៅលើ​បញ្ហា​ដែល​កំពុងមាន​ស្រាប់​។ ដូច្នេះ​ទើប​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​យូនីសេហ្វ​បាន​រួមគ្នា​រំលេច​ឱ្យឃើញ​ពី​បញ្ហា​នេះ និង​លើកឡើង​ពី​ជំហាន​បន្ទាប់​ដែល​ត្រូវធ្វើ​។

អាហារូបត្ថម្ភ​ដែល​ល្អប្រសើរ​មិន​ត្រឹមតែ​សំខាន់​សម្រាប់​ការរស់រាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​សំខាន់​សម្រាប់​ការលូតលាស់​កាយសម្បទា និង​ការអភិវឌ្ឍ​ខួរក្បាល​ដែល​ជួយ​ឱ្យ​កុមារ​អាច​ផ្ចង់អារម្មណ៍​អាច​រៀនសូត្រ និង​ក្លាយជា​មនុស្សពេញវ័យ​ដែល​មាន​សុខភាព​មាំមួន និង​មាន​ផលិតភាព​។ នៅពេល​អ្នក​បន្ថែម​បញ្ហា​អាហារូបត្ថម្ភ​មិនល្អ​ទៅលើ​បញ្ហា​នៃ​ការខកខាន​ឱកាស​មិន​ទទួល​បាន​ការអប់រំ (​ដោយសារ​តែ​សាលារៀន​បិទទ្វារ​) ​អ្នក​ប្រាកដជា​ទទួល​បាន​ការគំរាមកំហែង​ទ្វេដង​ដល់​ការរៀនសូត្រ​របស់​កុមារ​ជាពិសេស​កុមារ​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាងគេ​។

ការបើក​ដំណើរការ​សាលារៀន​កាលពី​ពេល​ថ្មីៗ​នេះ គឺជា​ឱកាស​តែម្ដង​ក្នុង​ ១ ​ជីវិត ដើម្បី​គិតគូរ​ជាថ្មី និង​លើកកម្ពស់​ការអប់រំ ស្រប​ពេលដែល​ត្រូវ​ពង្រឹង​ស្ថានភាព​អាហារូបត្ថម្ភ​នៅក្នុង​សាលារៀន​។ នៅពេល​បរិយាកាស​រៀន​សូត្រ និង​អាហារូបត្ថម្ភ​ត្រូវ​បាន​កែលម្អ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​យើង​នឹង​អាច​បោះជំហាន​ទៅរក​ការរីកចម្រើន​ដ៏សម្បើម​ក្នុង​វិស័យ​អប់រំ​ជាមិនខាន ដែល​នេះ​គឺជា​ការជួយ​កសាង​អនាគត​កាន់តែ​ត្រចះត្រចង់​សម្រាប់​កុមារ​ផង និង​សម្រាប់​ប្រទេស​កម្ពុជា​ផង​។

រាជរដ្ឋាភិបាល​កម្ពុជា កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​យូនីសេហ្វ​បាន​មើលឃើញ​រួច​ទៅ​ហើយ​នូវ​លទ្ធផល​ដ៏អស្ចារ្យ​ពី​កិច្ចសហការ​គ្នា​ក្នុង​ការផ្ដល់​អាហារ​ដោយ​មិន​គិតថ្លៃ និង​ការអប់រំ​អំពី​អាហារូបត្ថម្ភ​ដល់​សិស្សានុសិស្ស​នៅក្នុង​សាលារៀន​ចំនួន ១ ១១៣ កន្លែង​។ ការសិក្សា​ជាច្រើន​បង្ហាញថា អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់​បង្កើន​នូវ​ការផ្តោត​អារម្មណ៍​របស់​កុមារ និង​ជួយ​ឱ្យ​ពួកគេ​អាច​រៀនសូត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន ដែលជា​កត្តា​នាំឱ្យមាន​លទ្ធផល​នៃ​ការអប់រំ​ប្រសើរ​ជាង​មុន​ផងដែរ​។

ការផ្តល់​នូវ​អាហារ​ចម្រុះ​ដែល​មាន​សារជាតិ​​ចិញ្ចឹម​សំខាន់ៗ​តាមរយៈ​កម្មវិធី​អាហារ​របស់​សាលា ក៏​ជា​កត្តា​លើកទឹកចិត្ត​ឱ្យ​គ្រួសារ​បញ្ជូន​កូន​ទៅ​សាលារៀន និង​អាចឱ្យ​កូន​បន្ត​រៀន​ផងដែរ ព្រោះ​ថា អាហារ​ដែល​ផ្តល់​ដោយ​មិន​គិតថ្លៃ​ទាំងនេះ​អាចជួយ​សម្រាល​បន្ទុក​សេដ្ឋកិច្ច​របស់​គ្រួសារ​។ ស្របពេល​ជាមួយ​គ្នា​នេះ​ដែរ ការអប់រំ​អំពី​អាហារូបត្ថម្ភ​ជួយ​ឱ្យ​កុមារ​មាន​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​ដែល​ជួយ​កសាង​ភាពស៊ាំ​រាងកាយ និង​ជួយ​ឱ្យ​ពួកគេ​អាច​ឆាប់​ជាសះស្បើយ​ពី​ជំងឺ​នានា​រួមទាំង​មេរោគ​កូវីដ​១៩​។

ការបើក​ដំណើរការ​សាលារៀន​ទ្បើង​វិញ​អាច​ជា​ចំណុច​ចាប់ផ្ដើម​សម្រាប់​ពង្រីក​វិសាលភាព​គំនិត​ផ្ដួចផ្ដើម​នានា​ក្រោម​ការដឹកនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​សុខាភិបាល​។ យើង​សូម​អំពាវនាវ​ឱ្យ​មាន​ការអនុវត្ត​អភិក្រម​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​សម្រាប់​ការលើកកម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​នៅតាម​សាលា​ចាប់ពី​កម្រិត​បឋមសិក្សា និង​មត្តេយ្យសិក្សា​។

អភិក្រម​បែប​នេះ​គួរ​បញ្ចូល​ការផ្ដល់​ទ្បើង​វិញ និង​ពង្រីក​វិសាលភាព​នៃ​កម្មវិធី​ផ្តល់​អាហារ​តាម​សាលារៀន ការអប់រំ​អំពី​អាហារូបត្ថម្ភ ការផ្ដល់​មីក្រូ​សារជាតិ​ចិញ្ចឹម​បន្ថែម ការពិនិត្យ និង​ការបញ្ជូន​កុមារ​ដែលមាន​បញ្ហា​អាហារូបត្ថម្ភ​ទៅរក​សេវា​ចាំបាច់​នានា និង​ការកសាង​នូវ​បរិស្ថាន​អាហារ​ក្នុង​សាលារៀន​ដែលមាន​អនាម័យ និង​សុខភាព​ប្រសើរ​ជាង​មុន​។ គម្រោង​ទាំងនេះ​នឹង​ផ្ដល់នូវ​ប្រយោជន៍ និង​ជួយ​លើកកម្ពស់​ការរៀនសូត្រ និង​សុខភាព​របស់​កុមារ​។

ជំហាន​ដំបូង​យើង​ចាំបាច់​ត្រូវដាក់​ចេញ​នូវ​គោលការណ៍​ណែនាំ​ឱ្យបាន​ច្បាស់លាស់​ស្តីអំពី​សុវត្ថិភាព​ម្ហូបអាហារ និង​វិធានការ​ប្រុងប្រយ័ត្ន​នានា​ក្នុងការ​ចម្អិន ការផ្តល់ និង​ការទទួលទាន​ដែល​អាច​ឱ្យ​សាលា​ដែល​ផ្តល់​អាហារ មាន​ជីវជាតិ​ដោយ​ឥតគិតថ្លៃ ដំណើរការ​ជាថ្មី​នូវ​កម្មវិធី​ផ្ដល់​អាហារ​របស់​ពួកគេ​កាន់តែ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ សកម្មភាព​នេះ​ក៏​អាចជួយ​ឱ្យ​គ្រួសារ​កុមារ​បន្ត​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ពី​កម្មវិធី​នានា​នេះ​ផងដែរ​។

ជំហាន​ទី​ ២ សាលារៀន​អាច​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ដែល​មាន​ស្រាប់ តាមរយៈ​ការផ្ដល់​ព័ត៌មាន និង​សេវា​ដល់​កុមារ និង​ក្រុម​គ្រួសារ​តាមរយៈ​គ្រូបង្រៀន​ ឬ​សាលារៀន និង​យន្តការ​សហគមន៍​ដូចជា គណៈកម្មការ​ទ្រទ្រង់​សាលារៀន​ជាដើម​។ គ្រប់គ្នា​ដែល​ចូលរួម​នៅក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា អាចជួយ​រៀបចំ​គោលការណ៍​ណែនាំ​សម្រាប់​អន្តរាគមន៍​សំខាន់ៗ​ដូចជា ការកំណត់ និង​ការបញ្ជូន​កុមារ​ដែល​ប្រឈម​នឹង​បញ្ហា​ខ្វះ​អាហារូបត្ថម្ភ​ឱ្យបាន​ទាន់​ពេលវេលា ការផ្ដល់​ថ្នាំ​ទម្លាក់​ព្រូន និង​ការផ្ដល់​មីក្រូ​សារជាតិ​ចិញ្ចឹម​បន្ថែម​ជាដើម​។

ជំហាន​ទី​ ៣ សាលារៀន​អាចជួយ​ឱ្យ​កុមារ​មានការ​យល់ដឹង​អំពី​បញ្ហា​អាហារូបត្ថម្ភ និង​បណ្ដុះ​គំនិត​ពួកគេ​ឱ្យមាន​ឥរិយាបថ​វិជ្ជមាន​ដែល​អាច​នៅ​គង់វង្ស​ជាមួយ​ពួកគេ​ពេញ​ ១ ​ជីវិត​។ ការលើកកម្ពស់​ទម្លាប់​ទទួលទាន​អាហារ​ដែល​ទ្រទ្រង់​សុខភាព​រួម​នឹង​ទម្លាប់​អនាម័យ​ខ្លួនប្រាណ និង​អនាម័យ​បរិស្ថាន​ល្អប្រសើរ គួរ​បញ្ចូល​ទៅក្នុង​កម្មវិធីសិក្សា​នៅ​កម្រិត​បឋមសិក្សា និង​មត្តេយ្យ​សិក្សា ក៏ដូចជា​ផ្សព្វផ្សាយ​ដល់​គ្រូបង្រៀន មាតាបិតា​សិស្ស និង​សហគមន៍​ទាំងមូល​។

ជា​ចុងក្រោយ​យើង​ដឹងថា​បរិយាកាស​នៅក្នុង​សាលារៀន​មាន​ឥទ្ធិពល​យ៉ាង​ធំធេង​លើ​ទម្លាប់​ទទួល​ទាន​អាហារ​របស់​កុមារ​។ យើង​ចាំបាច់​ត្រូវមាន​ការគ្រប់គ្រង​ឱ្យបាន​តឹងរ៉ឹង​លើ​ការផ្សព្វផ្សាយ​លក់​ចំណីអាហារ​ដែល​ប៉ះពាល់​សុខភាព​នៅ​ជុំវិញ​សាលារៀន​រួម​នឹង​បង្កើន​ការផ្សព្វផ្សាយ​ឱ្យបាន​សកម្ម​ពី​ជម្រើស​អាហារ​ដែល​ជួយ​ឱ្យ​សុខភាព​មាំមួន និង​មានតម្លៃ​សមរម្យ​។ ថ្ងៃនេះ កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​យូនីសេហ្វ​សូម​គូសបញ្ជាក់​ជាថ្មី​ពី​ការប្ដេជ្ញាចិត្ត​របស់​យើង​ក្នុង​ការគាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លើកកម្ពស់​ការអប់រំ និង​អាហារូបត្ថម្ភ​របស់​កុមារ​គ្រប់រូប​នៅ​កម្ពុជា​។

យើង​បាន​ចូលរួម​ជាមួយ​នឹង​យុទ្ធនាការ​សង្គ្រោះ​អនាគត​របស់​យើង (SaveOurFuture) ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​គាំទ្រ​ដល់​រដ្ឋាភិបាល​នៅ​ទូទាំង​សកលលោក​ក្នុង​ការបើក​សាលារៀន​ទ្បើង​វិញ​ប្រកបដោយ​សុវត្ថិភាព​ជាមួយ​ការលើក​កម្ពស់​ស្ថានភាព​អាហារូបត្ថម្ភ​។

ស្ថានភាព​ពិសេស​តែ​ ១ ​គត់​របស់​ប្រទេស​កម្ពុជា ដែលជា​ប្រទេស​សម្បូរ​ដោយ​ប្រជាជន​វ័យក្មេង និង​មាន​កុមារ​ដល់​វ័យ​ចូលរៀន​ក្នុង​ចំនួន​ដ៏ច្រើន​គឺ​ទាមទារ​ឱ្យមាន​ការយក​ចិត្ត​ទុកដាក់ និង​ការវិនិយោគ​ដ៏ពិសេស​ពី​សំណាក់​គ្រប់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​។ កុមារ​ទាំង ៣,២ លាន​នាក់​ សម​នឹង​ទទួល​បាន​ការអប់រំ និង​អាហារូបត្ថម្ភ​ដែលមាន​គុណភាព​ខ្ពស់​។ នៅថ្ងៃនេះ​ក្នុង​ទិវា​ស្បៀងអាហារ​ពិភពលោក យើង​ប្ដេជ្ញា​ធ្វើ​ការងារ​រួមគ្នា ដើម្បី​កុំ​ធ្វើឱ្យ​ពួកគេ​អស់សង្ឃឹម ហើយ​នេះ​គឺជា​ឱកាស​ដែល​យើង​មិនត្រូវ​ខកខាន​ជាដាច់ខាត​!

ដោយ លោកស្រី​ ក្លែរ ខូណាន់ ​នាយិកា​អង្គការ​ស្បៀងអាហារ​ពិភពលោក និង​លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកា​យូនីសេហ្វ​