និយាយ​ពី​សំរាម​នៅ​តំបន់​អាស៊ាន គេ​គិត​ដល់​ប្រទេស ៣ ​ដែល​ត្រូវ​បាន​គេ​រិះគន់​ជាងគេ​នោះ​គឺ​ប្រទេស​ហ្វីលីពីន​មាន​គំនរ​ភ្នំ​សំរាម​នៅ​ទីក្រុង​ម៉ានីល រីឯ​ប្រទេស​ឥណ្ឌូនេស៊ី ត្រូវ​បាន​គេ​ហៅ​សមុទ្រ​ប្លាស្ទិក​នៅ​កោះ​បាលី និង​នៅ​កម្ពុជា​ទឹកជំនន់​ដោយសារ​សំរាម​កកស្ទះ​ និង​ក្លិនស្អុយ​តាម​ផ្លូវ​នៅ​រាជធានី​ភ្នំពេញ​។

តែ​អ្វី​ដែល​ខុស​គ្នា​នោះ​គឺ​ភ្នំពេញ​នៅតែ​មាន​សំរាម​នៅ​រាយប៉ាយ​ជាងគេ​ដដែល បើទោះបី​ជា​មាន​ក្រុមហ៊ុន​ស៊ីនទ្រី​ដែល​ប្រមូល​ទាំង​សំរាម និង​ប្រមូល​ទាំង​លុយ​ប្រចាំ​ខែ​ពី​ប្រជាពលរដ្ឋ​ក៏ដោយ​។ ម្យ៉ាង​វិញ​ទៀត​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង​ក្រសួង​បរិស្ថាន​បាន​ធ្វើ​វិមជ្ឈការ​ផ្ទេរ​មុខងារ​នេះ និង​ធនធាន​ថវិកា ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ រាជធានី ខណ្ឌ និង​ក្រុង​ទូទាំង​ប្រទេស​ឲ្យ​គ្រប់គ្រង​តាំងពី​ដើម​ឆ្នាំ​​ ២០១៦ មក​ម្ល៉េះ​។

បញ្ហា​នៅត្រង់​ថា​នៅ​ពេល​ដែល​ផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​តើ​សាមីក្រសួង​ដែល​ផ្ទេរ​នោះ​ត្រូវ​រៀបចំ​ប្រព័ន្ធ​ត្រួតពិនិត្យ​តាមដាន និង​វាយតម្លៃ​យ៉ាង​ដូចម្តេច​?

ដើម្បី​ពង្រឹង​ការអនុវត្ត​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាជាង​បាន​ត្រឹម​តែ​បន្ទោស​គ្នា​ទៅវិញ​ទៅមក​ដែល​កន្លង​មក​ថ្មីៗ​នេះ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​បន្ទោស​ក្រសួង​បរិស្ថាន​បង្ហូរទឹក​ស្អុយ​ចូល​ទន្លេ​។ ដូច​ករណី​ការ​គ្រប់គ្រង​សំរាម និង​សំណល់​រឹង​នៅ​ភ្នំពេញ​នេះ​គឺ​បាន​ត្រឹម​តែ​បន្ទោស​គ្នា​ទៅវិញ​ទៅមក​នៅ​ពេល​សំរាម​នៅ​តែ​មាន​វត្តមាន​រាយប៉ាយ​នៅ​តាម​ទីសាធារណៈ​ហើយ​ពេល​ភ្លៀង​ម្តងៗ ទឹកភ្លៀង​បាន​ហូរ​នាំ​សំរាម​រាប់​តោន​ទៅ​ទម្លាក់​ចូលក្នុង​លូ​ក្នុង​ប្រឡាយ​បង្ហូរ​ទឹកស្អុយ ធ្វើឲ្យ​កកស្ទះ​មាន​ទឹកជំនន់​លិច​ក្រុង​។

កាលពី​សប្តាហ៍​មុន​មាន​ភ្លៀង​ធា្លក់​ ២ ​មេ​ធំៗ ធ្វើឲ្យ​សំរាម​ហូរ​មក​កកស្ទះ​ក្នុង​លូ និង​ប្រឡាយ​ធ្វើឲ្យ​លិចលង់​តំបន់​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​គឺ​ទឹក​លិច​ចូល​ដល់​ក្នុង​ផ្ទះ ផ្លូវ​ខ្លះ​ធ្វើ​ដំណើរ​មិន​កើត និង​មាន​ការ​កកស្ទះ​ចរាចរណ៍​។ អ្នក​ធ្វើ​ដំណើរ​មានការ​ត្អូញត្អែរ​ផង​ខឹងសម្បា​ផង​ដោយ​ខ្លះ​បន្ទោស​ថា​រដ្ឋ​មិន​យក​ចិត្ត​ទុកដាក់ ចំពោះ​បញ្ហា​កកស្ទះ​លិច​ទឹក​ក្នុង​ក្រុង​ដោយសារ​ការចាក់ដី​លុប​បឹង​មួយ​ចំនួន​នៅ​ភ្នំពេញ​។

មន្ត្រី​បរិស្ថាន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​បាន​បន្ទោស​ពលរដ្ឋ​វិញ​ថា ចោល​សំរាម​ពាសវាល​ពាសកាល ធ្វើឲ្យ​នៅពេល​មាន​ភ្លៀង​ទឹក​ហូរ​នាំ​សំរាម​ទាំង​នោះ​ចូល​ទៅ​ក្នុង​លូ​ធ្វើឲ្យ​ស្ទះលូ​ដែល​បណ្តាល​ឲ្យ​ទឹក​លិច​ផ្លូវ​។

ការបន្ទោស​គ្នា​យក​រួច​ខ្លួន​រៀងៗ​ខ្លួន​ពី​បញ្ហា​សំរាម​នេះ​មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ ខណៈ​មក​ដល់​ពេល​នេះ​ក៏​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​ផាកពិន័យ​ទៅ​តាម​ច្បាប់​ដោយសារ​តែ​ចោល​សំរាម​តាម​ទីសាធារណៈ​នៅ​ឡើយ​នោះ​។ តែ​អ្វី​ដែល​ចាំបាច់​នោះ​គឺ​ត្រូវ​កែលម្អ​បរិស្ថាន​ទៅ​តាម​ការទទួល​ខុសត្រូវ​ទៅតាម​ស្ថាប័ន​ក្តី​តាម​បុគ្គល​ក្តី ឬ​ក៏​ការស្ម័គ្រ​ចិត្ត​ជា​ក្រុម​ចូលរួម​សម្អាត​ទីក្រុង​ទាំងអស់​គ្នា​។

ដូចជា ​សាលា​រាជធានី​គួរ​តែ​គិតគូរ​ដោះស្រាយ​ចម្បង​គេ​គឺ​ការលក់​បន្លែ​ត្រី​សាច់​នៅ​លើ​ផ្លូវ​សាធារណៈ​ក្បែរ​ផ្សារ​ដើម​គ លក់​ទាំងយប់​លក់​ទាំង​ថ្ងៃ​សល់​កាកសំណល់​សំរាម និង​ក្លិនស្អុយ​ជាង​គេ​នៅ​ពេល​ជិះ​កាត់ ហើយ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​រាល់​យប់​។

ជាង​នេះ​ទៅ​ទៀត ​ពលរដ្ឋ​ក៏​គួរតែ​យក​ចិត្ត​ទុក​ដាក់​មើល​គំរូ​ប្រទេស​ជប៉ុន នៅពេល​ប្រកួត​កីឡា​បាល់ទាត់​ពិភពលោក​ឆ្នាំ​នេះ ទស្សនិកជន​ជប៉ុន​នាំ​គ្នា​ប្រមូល​សំរាម​នៅក្នុង​ស្តាត បន្ទាប់ពី​បញ្ចប់​ការប្រកួត​ហើយ​ពលរដ្ឋ គួរ​យក​វប្បធម៌​ស្អាត​របស់​ប្រទេស​ជប៉ុន​នេះ​មក​ឆ្លើយតប​នៅ​ស្រុក​ខ្មែរ​ដូចជា​បន្ទាប់ពី​ប្រកួត​កីឡា​ចប់​យើង​អាច​នាំ​គ្នា​ប្រមូល​សំរាម​ពី​កីឡដ្ឋាន​ក្តី ឬ​ ក៏​ពី​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​ក្តី​។ តែ​អ្វី​ដែល​គួរ​ឲ្យ​ខ្មាសអៀន​នោះ​ដូច​កាលពី​ ២ ​សប្តាហ៍​មុន​បន្ទាប់ពី​ព្រឹត្តិការណ៍​រត់​ម៉ារ៉ាតុង​លើក​ទី ៨ ​ចប់​គឺ​សម្បក​ដប​ទឹក​សុទ្ធ​ដែល​អ្នក​ចូលរួម​ផឹក​ហើយ​បោះចោល​ពេញ​ផ្លូវ​ដែល​ពួកគេ​បាន​រត់​នៅ​រាជធានី​ភ្នំពេញ​គឺ​អ្នក​ចូលរួម​រត់ប្រណាំង​នោះ​ភាគច្រើន​សុទ្ធតែ​ជា​អ្នក​មាន​ចំណេះដឹង តែ​នៅ​មិន​បាន​គិតគូរ​ពី​បញ្ហា​បរិស្ថាន​នៅ​ឡើយ​ទេ​។ រូបភាព​សម្បក​ដប​ទឹក​សុទ្ធ​ដែល​នៅ​រាយប៉ាយ​ពេញ​ផ្លូវ​ទាំង​នោះ​ត្រូវ​បាន​គេ​បង្ហោះ​រិះគន់​ពេញ​បណ្តាញ​សង្គម​។

ឥឡូវ​ចូល​ដល់​សម័យ​បច្ចេកវិទ្យា​ឌីជីថល​វិញ​ម្តង​តើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និង App បាន​ចូលរួម​ចំណែក​អ្វីខ្លះ​ក្នុង​ការ​ការពារ​បរិស្ថាន​? បច្ចុប្បន្ន​នេះ​មាន​ជនបរទេស​មួយ​ក្រុម​ដែល​ធ្វើការ​នៅ​ប្រទេស​កម្ពុជា មន្ត្រី​ស្ថានទូត​នានា​ និង​យុវជន​កម្ពុជា​មាន​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ដើរ​ប្រមូល​សំរាម​ដែល​ចាប់ផ្តើម​ពី​ទីតាំង​នៅតាម​មាត់ទន្លេ និង​សួនច្បារ​នៅ​ភ្នំពេញ​រៀងរាល់​ ២ ​ខែ​ម្តង​។

លោកស្រី Natalja Rodionova ជនជាតិ ឡេតូនី​ (Latvia) ដែល​ដឹកនាំ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​សម្អាត​រាជធានី​ភ្នំពេញ​នេះ​បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពួកគាត់​មកពី​ប្រទេស​ដែល​មាន​ទីក្រុង​ស្អាតៗ ហើយ​មាន​បំណង​ចង់​ឲ្យ​ភ្នំពេញ​ដែល​ពួកគាត់​កំពុង​ធ្វើការ និង​រស់នៅ​មាន​បរិស្ថាន​ស្អាត​ដូច​ស្រុក​ពួកគាត់​ដែរ​។ រៀងរាល់​ ២ ​ខែ​ម្តង​គឺ​ពួកគាត់​ប្រមូល​ក្រុម​យុវជន​កម្ពុជា​ស្ម័គ្រចិត្ត ប្រមូល​សំរាម​នៅ​ភ្នំពេញ​ដោយ​មាន​កិច្ចសហការ​ជាមួយ​នឹង​ក្រសួង​បរិស្ថាន និង​សាលា​រាជធានី​។

កាលពី​ខែ​កុម្ភៈ​ កន្លង​ទៅ​នេះ​លោកស្រី Natalja បាន​សម្រប​សម្រួល​ដាក់​ឲ្យ​ដំណើរការ​ឌីជីថល GoGreen Cambodia App នៅលើ​ទូរស័ព្ទ​ស្មាតហ្វូន ដែល​មាន​កម្មវិធី Android សិន​គឺ​គ្រាន់​តែ​ចូល​កម្មវិធី PlayStore រួច​ហើយ Install កម្មវិធី GoGreen Cambodia ចូល​ក្នុង​ទូរស័ព្ទ និង​ទិញ​ការចែករំលែក​របស់​ហ្វេសប៊ុក​ផេក GoGreen Cambodia ផង​ដែរ តាមរយៈ Boost ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ និង​ចូលរួម​សម្អាត​ទីក្រុង​ផងដែរ​។ ការដាក់​ឲ្យ​ដំណើរការ GoGreen Cambodia នេះ​ក៏​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ផង​ដែរ​។

លោកស្រី​ Natalja បាន​ថ្លែង​ថា គោលបំណង​ក្នុង​ការបង្កើត​ផែនទី​ឌីជីថល​នេះ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រាប់​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ទៅ​តាម​និមិត្តសញ្ញា ថា​ទីកន្លែង​ស្អាត​គ្មាន​សំរាម​នៅ​ក្នុង​រូបភាព​ពណ៌​បៃតង និង​ប្រាប់​ទីកន្លែង​ដែល​មាន​សំរាម​ពណ៌​ក្រហម និង​ប្រាប់​ថា ទីកន្លែង​គួរ​មាន​ធុងសំរាម​នៅ​ទីនោះ​។ នៅពេល​មើល​ឃើញ​នៅក្នុង​ផែនទី​ដែល​ត្រូវ​បាន​គេ​ដាក់​សញ្ញា (Pin) ថា មាន​សំរាម​គឺ​ក្រុម​ការងារ​ស្ម័គ្រចិត្ត ឬ​ក៏​ក្រុមការងារ​ប្រមូល​សំរាម​ចុះ​ទៅ​ប្រមូល​នៅ​ទីតាំង​កំណត់​នោះ ហើយ​ដក​សញ្ញា​ដែល​មាន​សំរាម​ចេញ​ពី​ផែនទី​។ ចំណុច​កំណត់​សញ្ញា​នេះ​គឺ​សម្រាប់​សាធារណជន​ទាំងអស់​គ្នា​គឺ​នរណា​អាច​ដាក់ ឬ​ក៏​ដក​សញ្ញា​ដែល​មាន​សំរាម​បាន​ទៅ​តាម​ទីតាំង​ឃើញ​ជាក់​ស្តែង​។ គោលបំណង​មួយ​ទៀត​នោះ​គឺ​ជួយផ្តល់​ទិន្នន័យ​បន្ថែម ទៅ​សាលា​រាជធានី​ក្នុងការ​គ្រប់គ្រង​សំរាម​នេះ​។

ជាងនេះទៅទៀត លោកស្រី ងិន លីណា អគ្គនាយិកានៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន តែងតែគាំទ្រ និងចូលរួមជាមួយក្រុមការងារស្ម័គ្រចិត្តនេះ និងក៏បានសម្តែងការពេញចិត្តនឹង GoGreen Cambodia App នៅលើទូរស័ព្ទស្មាតហ្វូននេះផងដែរ។

លោកស្រី លីណា មានប្រសាសន៍ថា GoGreen បាននឹងកំពុងចូលរួមកែលម្អរបរិស្ថានទីក្រុងតាមរយៈការជួយតម្រង់ទិសទៅតាមចំណុចដែលបានកំណត់ថា មានសំរាម ឬក៏អត់នោះ។ លោកស្រីនឹងផ្តល់អនុសាសន៍ទៅក្រុមការងារ GoGreen ផងដែរ ថាតើយើងត្រូវត្រួតពិនិត្យចំពោះ ដកទីតាំងដែលកំណត់ថាមានសំរាម ហើយទីតាំងនោះត្រូវបានគេសម្អាតរួចហើយយ៉ាងដូចម្តេច?

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Natalja នឹងត្រូវការបន្តជំនួយបច្ចេកទេសទៀតពីអង្គការ InSTEDD តាមរយៈមូលនិធិគម្រោងSPIDERរបស់ប្រទេសស៊ុយអ៊ែត សម្រាប់ពង្រីកការអភិវឌ្ឍ GoGreen Cambodia App នេះនៅក្នុងកម្មវិធី iOS នៃប្រព័ន្ធទូរស័ព្ទ iPhone បន្ថែម ដើម្បីឲ្យមានការប្រើប្រាស់ App នេះ កាន់តែទូលំទូលាយ។

សរុប​មក​វិញ​តាមរយៈ​ទិន្នន័យ​របស់ GoGreen Cambodia បង្ហាញ​ថា​អ្នក​ប្រើប្រាស់​កម្មវិធី​នេះ​មាន​ការ​កើនឡើង​ជាង​ ១០០ Apps ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​មាន​ន័យ​ថា ឌីជីថល GoGreen Cambodia កំពុង​តែ​ចាប់ផ្តើម​ចូលរួម​ចំណែក​កែលម្អ​បរិស្ថាន​នៅ​ភ្នំពេញ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com