ភ្នំពេញ : «អាងកោងអាងកាច អាងកាប់អាងចាក់ អាងគុក អាងច្រវាក់...» កំណាព្យរបស់កវី ព្រះភិរម្យអ៊ុក អ៊ូ ហៅ «ង៉ុយ» បានឆ្លុះបញ្ចាំងទិដ្ឋភាព កាលសម័យដើមដែលមិនទាន់មានកាំភ្លើងទេ គឺមានតែដាវ កាំបិត និងលំពែងធ្វើជាអាវុធ ធ្វើឲ្យអ្នកប្រព្រឹត្តបទល្មើសអាង។ តើការអាងសម័យនេះ ដូចការអាងសម័យដើមដែរឬទេ?
ចាប់តាំងពីក្រសួងមហាផ្ទៃបានបង្កើតឈ្មោះថា «ក្មេងទំនើង» មក ក្រោយមកមានលេចឮពាក្យ «ទំនើង» ត្រូវប្រជាពលរដ្ឋនិយមប្រើសម្រាប់ជនប្រព្រឹត្តល្មើសច្បាប់ ដូចជា ស្ត្រីទំនើង និងចាស់ទំនើងជាដើម។ តែថ្មីនេះចេញ តារាទំនើងមួយទៀត គឺបន្ទាប់ពីតារាៗ និងតារាកំប្លែង បានគំរាមបាញ់ និងបាញ់បោះ គំរាមគូភាគីម្ខាងទៀត ក្នុងពេលមានជម្លោះតាមផ្លូវសាធារណៈ។ ករណីនេះ ធ្វើឲ្យប្រជាពលរដ្ឋចេះតែឆ្ងល់ថា តើបុណ្យស័ក្តិត្រឹមតារាៗសោះ មានអាវុធទំនើបៗកាន់ ឲ្យតែហាឡើងយកឈ្មោះមន្ត្រីជាន់ខ្ពស់មកគំរាមបាញ់គេឯង និងដើរប្រមាថជីវិតគេឯងអីចឹង? បន្ទាប់ពីយុទ្ធនាការ ភូមិ-ឃុំសុវត្ថិភាពរបស់រាជរដ្ឋាភិបាលបានអនុវត្តកន្លងមក ខ្ញុំសង្កេតឃើញសកម្មភាពរបស់ក្មេងទំនើងមានការថយចុះបន្តិច ម្តងៗ តែបែរជាកើនឡើងនូវសកម្មភាពតារាទំនើងគួរឲ្យកត់សម្គាល់ទៅវិញ ។ តើក្មេងទំនើង និងតារាទំនើងខុសគ្នាដូចម្តេច? តើសមត្ថកិច្ចត្រូវធ្វើដូចម្តេច ដើម្បីបង្ក្រាបតារាទំនើងទាំងអស់នេះឲ្យមានតម្លាភាព កុំឲ្យខូចឈ្មោះតារាល្អៗផ្សេងទៀតដែលគេមិនបានប្រព្រឹត្តនោះ?
ជាទូទៅ តារាៗមួយចំនួនឲ្យតែបានឡើងលើឆាក ឲ្យក្លាយជាតារាអស់អីអស់ទៅ។ ដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានរិះគន់អ្នកគ្រប់គ្រងកម្មវិធីទូរទស្សន៍ក្នុងការ ជ្រើសរើស តារាចម្រៀងឡើងឆាកតាមចិត្តចង់ឲ្យតែបានសិចស៊ីគឺ បានឡើងហើយ។ យោងតាមការចុះផ្សាយរបស់ព័ត៌មានជាតិ និងអន្តរជាតិ គេបានសង្កេតឃើញថា ក្រោយពីពួកគេបានក្លាយជាតារា ក៏ចាប់ផ្តើមដើរពើងទ្រូង បូសឃ្លៀក វាយឫកពាមួយប្រាវ ច្រងេងច្រងាងជាមួយនឹងទូរស័ព្ទពីរ-បី ខ្លះលែងស្គាល់បងប្អូន និងមិត្តភក្តិអស់ហើយ ដូចភាសាបារាំងគេថា «C'est moi le coq!» «ទីនេះមានតែអាញ់!»។ ហើយខ្លះទៀតបើបានតាតា ឬយាយៗ ចិញ្ចឹម និងនៅពីក្រោយខ្នងទៀតរឹតតែផ្គើនលើសដើម ហើយបើបានគេឲ្យស័ក្តិពាក់ទៀតរឹតតែក្អេងក្អាង ដើរយកឈ្មោះថ្នាក់ដឹកនំាធ្វើជាបង្អែក ដើរគម្រាមគេឯង។ តាមពិតទៅពួកគេមានខ្នាយមែន ភាគច្រើនសុទ្ធតែមានស័ក្តិពាក់ បានជាគេហាឡើងបាញ់ៗ។
និយាយពីការកំប្លែងវិញ គឺគ្មានអ្វីក្រៅពីការប្រើពាក្យចម្អេះចំអាស យាយីផ្លូវភេទ បញ្ឆិតបញ្ឆៀងផ្លូវភេទ និងការប្រើហិង្សាតាមរយៈកាយវិការ និងពាក្យសម្តីផងដែរ។ ការកំប្លែងបែបនេះ អាចពីរោះ កាលពីសម័យទសវត្យរ៍ឆ្នាំ ៨០ តែបច្ចុប្បន្ននេះ គឺហួសសម័យ និងលែងសមទៀតហើយ។ ពេលខ្លះអ្នកមើលទូរទស្សន៍ឲ្យតែចេញមុខមក គឺគេបិទទូរទស្សន៍ភ្លាម ព្រោះគេខ្លាចកូនៗគេយកតម្រាប់ដ៏អាក្រក់ៗទាំងនោះតាម។ តើពេលណាបានពួកគាត់ លេងតាមរបៀបអប់រំវិញ ដើម្បីផ្តល់ចំណេះដឹង និងចំណេះធ្វើទៅទស្សនិកជន? តារាៗស្រុកខ្មែរមានចរិតលក្ខណៈខុសពី តារាៗបរទេស តែកាលណាគេកាន់តែល្បី កាន់តែធ្វើឲ្យគេចូលចិត្តជួយសង្គម និងផ្តល់ជាសប្បុរសធម៌ ដូចជា លោកស្រីអែន ជូលីណា លោកឈីគី ចាន់ (ឈិន ឡុង) និងលោក បូណូ (U2) ជាដើម។ល។ ចំណែកឯតារាៗមួយចំនួនធំ ស្រុកខ្មែរវិញ ឲ្យតែបានល្បី គឺចេញរបៀបទំនើងភ្លាម។
តែផ្ទុយទៅវិញ មិនមែនឲ្យតែតារាៗស្រុកខ្មែរយើងសុទ្ធតែទំនើងនោះទេ ក៏មានតារាល្បីៗធ្វើបានល្អទាំងក្នុងឆាក ទាំងក្រៅឆាកផងដែរ។ ឧទាហរណ៍ តារាល្បី ហើយក៏ជាតារាគំរូ គឺលោកវេជ្ជបណិ្ឌត ជា សំណាង ដែលស្ម័គ្រចិត្តចូលរួមជួយសង្គម (មិនយកប្រាក់កម្រៃ) ចាប់តាំងពីឆ្នាំ ២០០០ រហូតមកដល់បច្ចុប្បន្ននេះ ក្នុងនាមជាតារាឆ្នើមរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ដើម្បីផ្តល់ជាបទពិសោធល្អៗ និងចំណេះដឹង ដើម្បីចែករំលែកទៅយុវវ័យនូវសុខភាពបន្តពូជ សុខភាពផ្លូវភេទ ជំងឺអេដស៍ និងយេនឌ័រ ជាដើមហើយចំណុចដ៏ល្អមួយទៀតគឺលោកវេជ្ជបណ្ឌិត មានការប្តេជ្ញាចិត្តមិនទទួលការផ្សាយពាណិជ្ជកម្មណាដែលធ្វើឲ្យ ប៉ះពាល់សុខភាពទេ។
ជាការល្អ ខ្ញុំទទូចដល់តារាៗទាំងប្រុស ទាំងស្រី បើមិនបានជួយសប្បុរសធម៌ និងជាតារាគំរូដូចលោកវេជ្ជបណ្ឌិត ជា សំណាង ទេ តែសូមកុំបង្កបរិយាកាសអាប់អួ និងអសន្តិសុខសង្គមបានហើយ។
ខ្ញុំគិតថា រាជរដ្ឋាភិបាលគួរតែលុបបំបាត់និទ្ទណ្ឌភាព និងចាត់វិធានការតាមផ្លួវច្បាប់ចំពោះតារាៗទំនើង ឲ្យមានតម្លាភាពផង។ គឺមិនខុសពីសម័យដើមទេ ដូចដែលអាងរបៀបតារាៗទំនើងសម័យបច្ចុប្បន្នអាវុធទំនើបៗ និងប្រើឈ្មោះថ្នាក់ដឹកនំា «អាងគ្នីអាងគ្នា អាងខ្នងអាងខ្នាយ អាងបាញ់អាងបោះ អាងកាងគុកព្រៃសបានទេ?»៕
សូមចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@ phnompenhpost.com