នៅ​ខែកញ្ញា​ខាងមុខនេះ វៀតណាម​ដែលជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​នឹង​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​ ៥៣ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងទៀត​ដែល​នឹង​ប្រព្រឹត្ត​ទៅ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។

នេះ​គឺជា​លើក​ទី​ ១ ​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​កន្លះ​សតវត្សរ៍​របស់​អាស៊ាន​ដែល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ ដោយសារ​តែ​ជំងឺ​រាតត្បាត​កូវីដ​១៩​។ ជំងឺ​នេះ​ក៏បាន​បង្អាក់​រាល់​សកម្មភាព​ប្រជុំ និង​កម្មវិធី​ជាច្រើន​របស់​អាស៊ាន​រហូត​ដល់​មាន​សំណួរ​លើកឡើង​ពី​លទ្ធភាព​ដែល​វៀតណាម​អាច​នឹង​ពន្យារ​អាណត្តិ​ជា​ប្រធាន​អាស៊ាន​របស់ខ្លួន​នៅ​ឆ្នាំក្រោយ​ទៀត ប៉ុន្តែ​ការណ៍​នេះ​ត្រូវ​បាន​វៀតណាម​បដិសេធ​។

ក្នុង​ឆ្នាំ​ ២០២០ វៀតណាម​បាន​ជ្រើសរើស​មូលបទ “​ភាពស្អិតល្មួត និង​ការឆ្លើយតប​” ​ដែល​មាន​អត្ថន័យ​ជា​ការឆ្លុះបញ្ចាំង​អំពី​ការពង្រឹង​ឯកភាព និង​សាមគ្គីភាព​អាស៊ាន ការពង្រឹង​មជ្ឈភាព​អាស៊ាន និង​លើកកម្ពស់​ការចូលរួម​ចំណែក​ដ៏សកម្ម​របស់​អាស៊ាន​ក្នុង​បុព្វហេតុ​សន្ដិភាព និង​ស្ថិរភាព​តំបន់​។ ក្នុង​បរិបទ​នៃ​វិបត្តិ​សុខាភិបាល​សកលលោក យើង​សង្កេត​ឃើញ​ថា អាស៊ាន​នៅតែមាន​លទ្ធភាព​រក្សាបាន​នូវ​ភាពធន់ និង​សាមគ្គីភាព​របស់ខ្លួន​។

អាស៊ាន​ប្រហែល​ជា​ស្ថាប័ន​តំបន់​តែ​ ១ ​គត់​ដែល​នៅតែ​បន្ត​ការប្រាស្រ័យ​ទាក់ទង​របស់​ខ្លួន​ទោះជា​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ក្តី ដើម្បី​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ជំងឺ​រាតត្បាត និង​ផលប៉ះពាល់​សេដ្ឋកិច្ច​ដោយ​ឈរលើ​គោល​គំនិត “​ជួយ​សង្គ្រោះ​ជីវិត ជួយសង្គ្រោះ​ជីវភាព​”​។ ​

អាស៊ាន​បាន​ជួយ​គ្នា​ទៅវិញ​ទៅមក និង​ចែករំលែក​ព័ត៌មាន​ទាក់ទង​នឹង​វិធានការ​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដ​១៩ និង​បាន​ទាក់ទាញ​ឱ្យ​ប្រទេស​ដៃគូ​ជាច្រើន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​តាមរយៈ​យន្តការ​ដែល​មាន​ស្រាប់​របស់​អាស៊ាន​។ ​អាស៊ាន​បាន​ដាក់​ចេញ​នូវ​វិធានការ​ចាំបាច់​មួយចំនួន ឧទាហរណ៍​ដូចជា​ការបង្កើត​មូលនិធិ​អាស៊ាន​សម្រាប់​ការឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩ មជ្ឈមណ្ឌល​អាស៊ាន​សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណ: និង​ជំងឺ​ដែល​កំពុង​លេចឡើង​ក៏ដូចជា ការអភិវឌ្ឍ​នូវ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​​គ្រប់​ជ្រុងជ្រោយ​។

នេះ​គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​របស់​អាស៊ាន​ចំពោះ​យន្តការ​ពហុភាគី​និយម​ដែល​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​កង្វល់ និង​បញ្ហា​ប្រឈម​រួម​ក្នុង​តំបន់​នៅពេល​ដែល​សកលលោក​កំពុងតែ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ដូចជា សង្គ្រាម​ពាណិជ្ជកម្ម ការប្រឈមមុខ​ដាក់គ្នា​ដ៏តានតឹង​រវាង​ប្រទេស​មហាអំណាច ការងើបឡើង​នៃ​និន្នាការ​គាំពារ​និយម ការធ្លាក់​ចុះ​នៃ​ពហុភាគី​និយម​ដែល​បាន និង​កំពុង​បង្ក​ជា​សម្ពាធ​ដល់​ដំណើរ​ការកសាង​សហគមន៍​អាស៊ាន​ក៏ដូចជា​តួនាទី​នាំមុខ និង​មជ្ឈភាព​អាស៊ាន​នៅក្នុង​និម្មាបនកម្ម​តំបន់​។

ក្នុង​ទិដ្ឋភាព​ភូមិសាស្ត្រ​នយោបាយ​ភាពតានតឹង​រវាង​មហាអំណាច​អាមេរិក និង​ចិន​បាន​បង្ក​ភាពស្មុគស្មាញ​ដល់​អាស៊ាន និង​ដាក់​សម្ពាធ​ឱ្យ​អាស៊ាន​​កាន់ជើង​ភាគី​ណាមួយ​។ ការប្រឈមមុខ​ដាក់​គ្នា​រវាង​មហាអំណាច​ទាំង​ ២ ​បាន​រាលដាល​លើ​គ្រប់​ទិដ្ឋភាព​នៃ​ទំនាក់ទំនង​រវាង​រដ្ឋ និង​រដ្ឋ មិន​ថា​នយោបាយ សេដ្ឋកិច្ច យោធា បច្ចេកវិទ្យា​សុខាភិបាល និង​ការអភិវឌ្ឍ ហើយ​ការប្រើ​វេទិកា​អាស៊ាន ដើម្បី​ឈ្លោះ​គ្នា​ ឬ​ឈានទៅ​បង្ក​ភាពតានតឹង​ដែល​ប៉ះពាល់​ដល់​ស្ថិរភាព និង​សន្តិភាព​ក្នុង​តំបន់​គឺជា​អ្វីដែល​អាស៊ាន​មាន​ការបារម្ភ​។

យ៉ាងណាក្តី​យើង​ក៏​សង្កេតឃើញ​ថា​អាស៊ាន​មាន​ការប្រុងប្រយ័ត្ន និង​ថ្លឹងថ្លែង​ខ្ពស់​ក្នុង​ការចូល​ដៃ​ចូល​ជើង​ជាមួយ​មហាអំណាច​ណាមួយ​ប្រឆាំង​នឹង​មហាអំណាច​ផ្សេងទៀត​។ ​សមាជិក​អាស៊ាន​ជាច្រើន​បាន​បញ្ជាក់​គោលជំហរ​ជា​សាធារណៈ​ថា មិន​កាន់ជើង​ភាគី​ណាមួយ​ឡើយ​។ ​សម្រាប់​កម្ពុជា​វិញ​បើ​មើល​លើ​កត្តា​ប្រវត្តិសាស្ត្រ​កម្ពុជា​មាន​ការខ្លាចរអា​ចំពោះ​សង្គ្រាម ព្រោះ​យើង​ជា​ប្រទេស​ដែល​មាន​សន្តិភាព​ក្រោយ​គេ​បង្អស់​។ សង្គ្រាម​ដោយ​តួអង្គ​តំណាង (proxy war) នៅ​ក្នុងសម័យ​សង្គ្រាម​ត្រជាក់ ឧទាហរណ៍​ដូចជា​សង្គ្រាម​វៀតណាម​បាន​រីករាលដាល​ដល់​កម្ពុជា ហើយ​បាន​បង្ក​ជា​សោកនាដកម្ម​ជាច្រើន​រាប់មិនអស់ សម្រាប់​ប្រជាជាតិ​ខ្មែរ​។ “​សង្គ្រាមត្រជាក់​” គឺ​ត្រជាក់​តែ​រវាង​ប្រទេស​មហាអំណាច​ប៉ុណ្ណោះ ហើយ​ប្រទេស​តូចតាច​ត្រូវ​ទទួលរង​ “​សង្គ្រាម​ក្តៅ​”​ ​ដោយសារ​មហិច្ឆតា​ដណ្តើម​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​។

គឺជា​រឿង​ធម្មតា​ដែល​ប្រទេស​តូចតាច​តែងតែ​ត្រូវបាន​គេ​ចោទថា ជា​អាយ៉ង​របស់​ប្រទេស​មាន​អំណាច​។ កម្ពុជា ជារឿយៗ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា កាន់ជើង​ចិន​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ហើយ​ការអាក់ខាន​ក្នុង​​ការចេញ​សេចក្តី​ថ្លែងការណ៍​រួម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​នៅ​ឆ្នាំ​ ២០១២ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​​អាស៊ាន​បាន​ក្លាយ​ជា​ទឡ្ហីករណ៍​ដ៏ងាយស្រួល និង​សាមញ្ញ​បំផុត​។ ក្រោយមក​ទោះបី​ជា​កម្ពុជា​មិន​ធ្វើជា​ប្រធាន​អាស៊ាន​ក្តី ការចោទប្រកាន់​នេះ​នៅតែ​លេចឡើង​ជានិច្ច ជាពិសេស​នៅមុន​ពេល​ ឬ​ក្រោយពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។

កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែល​គេ​សន្មត​ទម្លាក់​កំហុស​នៅ​រាល់ពេល​ដែលមាន​ការរាំងស្ទះ​ណាមួយ​កើតឡើង បើទោះបី​ជា​ប្រធាន​ប្តូរវេន​ផ្សេងៗ​ទៀត​មិនអាច​សម្រេច​វឌ្ឍនភាព​អ្វី​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។ ឆ្នាំនេះ ឬ​ឆ្នាំក្រោយៗ​ទៀត ក៏​ប្រាកដ​ជា​នឹងមាន​ការចោទប្រកាន់​ដូចគ្នា ព្រោះ​ថា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​គឺជា​ជម្លោះ​ដែល​កើតមាន​រាប់​សតវត្សរ៍​មកហើយ ហើយក៏​ពុំមែន​ជា​ជម្លោះ​ដែល​អាច​ដោះស្រាយ​បាន​ដោយ​ងាយៗ​ក្នុង​អនាគត​ដ៏ឆាប់​ខាងមុខ​នេះដែរ​។

រដ្ឋមន្ត្រី​ការបរទេស​សិង្ហបុរី K.Shanmugam បាន​ថ្លែង​នៅក្នុង​សភា​សិង្ហបុរី​កាលពី​ថ្ងៃទី​ ១៣ ខែសីហា ឆ្នាំ​ ២០១២ ថា​ “​យើង​មិនមែន​ជា​រដ្ឋ​ទាមទារ​អធិបតេយ្យ​ (​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​) ​នោះ​ទេ ហើយ​យើង​តែងតែ​ប្រកាន់​ជំហរ​ថា ជា​សារធាតុ​ជម្លោះ​ដែន​អធិបតេយ្យ​ណាមួយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​​អាច​ត្រូវបាន​ដោះស្រាយ​ដោយ​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ប៉ុណ្ណោះ​។ ​…​វា​សាមញ្ញ​ពេក ហើយ​ក្នុង​ការទាមទារ​កំណត់​អត្តសញ្ញាណ​ថា តួអង្គ​មួយណា ឬ​មូលហេតុ​មួយណា​ដែល​បង្ក​ឱ្យ​មាន​ហេតុការណ៍​នៅ​ភ្នំពេញ​។ មាន​តួអង្គ​ច្រើន​ និង​មូលហេតុ​ច្រើន​នៅក្នុង​ព្រឹត្តិការណ៍​នេះ​។ ​...​ខ្ញុំ​សូម​គូសបញ្ជាក់ថា អាស៊ាន​ក្នុងនាម​ជា​ស្ថាប័ន​មិនអាច​កាន់ជើង​ និង​គាំទ្រ​លើ​ភាពត្រឹមត្រូវ​នៃ​ការទាមទារ​ដែន​អធិបតេយ្យ​ណាមួយ​នោះទេ ហើយ​យើង​ក៏​គ្មាន​បំណង​នឹង​ដោះស្រាយ​ជម្លោះ​អធិបតេយ្យ​នេះដែរ​។ នេះ​គឺជា​បញ្ហា​សម្រាប់​ភាគី​ពាក់ព័ន្ធ​ផ្ទាល់​ប៉ុណ្ណោះ​”​។

ក្នុង​នាម​ជា​រដ្ឋ​មិន​ទាមទារ​អធិបតេយ្យ​លើ​សមុទ្រ​ចិន​ខាងត្បូង​ជំហរ​របស់​កម្ពុជា​មិន​ខុសគ្នា​ពី​សិង្ហបុរី​ប៉ុន្មាន​ឡើយ​។ កម្ពុជា​មិនអាច​គាំទ្រ​ការស្នើ​ដាក់បញ្ចូល​ឈ្មោះ​ទីតាំង​នៃ​ជម្លោះ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម ដូច​ការទាមទារ​នៅ​ឆ្នាំ​ ២០១២ ​បាន​ឡើយ​។ យើង​មិនអាច​កាន់ជើង​ភាគី​ចិន ឬ​រដ្ឋ​ទាមទារ​អធិបតេយ្យ​ណាមួយ​ឡើយ​។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​គឺជា​បញ្ហា​ជម្លោះ​អធិបតេយ្យ​រវាង​ចិន និង​ប្រទេស​អាស៊ាន​ ៤ គឺ​វៀតណាម ហ្វីលីពីន ប្រ៊ុយណេ និង​ម៉ាឡេស៊ី ពោល​គឺ​មិនមែន​ជា​ជម្លោះ​រវាង​ចិន និង​អាស៊ាន​ទាំងមូល​នោះទេ​។ គួរកត់សម្គាល់​ផងដែរ​ថា ការប្រកាន់​ជំហរ​អព្យាក្រឹត​លើ​ជម្លោះ​ដែន​អធិបតេយ្យ​គឺជា​ការអនុវត្ត​ជាទូទៅ​នៅក្នុង​ទំនាក់ទំនង​អន្តរជាតិ​ជាក់ស្តែង​ក្នុង​ជម្លោះ​ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ​ក្តី ទោះបី​ជា​កម្ពុជា​មាន​សាលក្រម​ដល់​ទៅ ២ ​លើក ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ក្តី ក៏​ពុំមាន​ប្រទេស​ណាមួយ​អាច​កាន់ជើង​ ឬ​គាំទ្រ​កម្ពុជា​បានដែរ​។ មានតែ​កម្ពុជា​ និង​ថៃ​ទេ​ដែល​ត្រូវ​ដោះស្រាយ​ជម្លោះ​អធិបតេយ្យ​របស់​ខ្លួន ដោយ​សន្តិវិធី និង​យោងតាម​ច្បាប់​អន្តរជាតិ​ដើម្បី​កុំឱ្យ​វិវាទ​រាលដាល​ប៉ះពាល់​ដល់​សន្តិភាព​ក្នុង​តំបន់​។

យ៉ាងណាក្តី អាស៊ាន​មាន​កិច្ចការ​ដែល​ត្រូវធ្វើ​ច្រើន​លើស​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហាន​យោបាយ​សន្តិសុខ​នានា​។ អាស៊ាន​មាន​ការវិវឌ្ឍ​ច្រើន​ពី​ការកសាង​សហគមន៍ ហើយ​អាស៊ាន​គឺជា​ឧទាហរណ៍​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឃើញថា សមាហរណកម្ម​តំបន់​គឺ​អាច​សម្រេច​បាន ទោះបី​ជា​មាន​ភាព​ខុស​គ្នា​រវាង​ប្រទេស​សមាជិក​លើក​ត្តាសាវតារ វប្បធម៌ និង​កម្រិត​នៃ​ការអភិវឌ្ឍ​ក៏ដោយ​។ ឆ្លងកាត់​ការវិវឌ្ឍ​ពាក់កណ្តាល​សតវត្សរ៍​របស់​អង្គការ​តំបន់​ដែល​បើកទូលាយ​មួយ​នេះ ការបង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ (AEC) ​នៅ​ចុង​ឆ្នាំ​ ២០១៥ ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សមិទ្ធផល​ដ៏ធំ​បំផុត​មួយ​ដែល​អាស៊ាន​សម្រេចបាន​។ ផែនការ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​ ២០២៥ បាន និង​កំពុងផ្តល់​ទិសដៅ និង​វិធានការ​យុទ្ធសាស្ត្រ​ដើម្បី​ឈាន​ទៅ​សម្រេចបាន​នូវ​សហគមន៍​មួយ​ដែលមាន​កម្រិត​សមាហរណកម្ម​ខ្ពស់​ទន្ទឹមគ្នា​នឹង​ឯកសារ​គោល​ផ្សេងទៀត​ដូចជា ទស្សនវិស័យ​សហគមន៍​អាស៊ាន​ ២០២៥ ផែនការ​សហគមន៍​នយោបាយ​សន្តិសុខ​ ២០២៥ និង​ផែនការ​សហគមន៍​សង្គម​វប្បធម៌​ ២០២៥​។

អាស៊ាន គឺជា​វេទិកា​ដែល​មិនអាច​ខ្វះ​បាន​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការបង្កើន​ស្តង់ដា​របស់ខ្លួន​នៅលើ​គ្រប់​វិស័យ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​។

អាស៊ាន​បាន​ជំរុញ​កម្ពុជា​ឱ្យ​ខិតខំ​អភិវឌ្ឍ​ថែមទៀត​ ដើម្បី​បង្រួម​គម្លាត​អភិវឌ្ឍន៍​រវាង​សមាជិក​អាស៊ាន​ចាស់​ និង​សមាជិក​អាស៊ាន​ថ្មី ដើម្បី​ធានា​ឱ្យ​មាន​ការធ្វើ​សមាហរណកម្ម​តំបន់​ប្រកប​ដោយ​បរិយាប័ន្ន​។

បើ​ពិនិត្យ​លើ​ផ្នែក​សេដ្ឋកិច្ច អាស៊ាន​មាន​សេដ្ឋកិច្ច​ធំជាងគេ​លំដាប់​ទី​ ៥ ​នៅលើ​ពិភពលោក​រួច​ទៅ​ហើយ​ជាមួយ​នឹង​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​ចំនួន​ជាង​ ៣ ​ទ្រីលាន​ដុល្លារ​អាមេរិក​។ ​ជាមួយ​នឹង​ប្រជាជន ៦៥០ ​លាន​នាក់ អាស៊ាន​ក៏​ជា​អំណាច​ទីផ្សារ​ដ៏ធំ​មួយ​ក្នុង​ពិភពលោក​ដែល​ទាក់ទាញ​ការវិនិយោគ​ជាច្រើន​មក​ក្នុង​តំបន់ ហើយ​កម្ពុជា​ក៏​ទទួល​ផល​ពី​កត្តា​ទាំងនេះ​ផងដែរ​។

ជាមួយ​នឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​មាន​ស្រាប់​ជាច្រើន​ទៀត​នៅ​ឆ្នាំ​ ២០២០ ​នេះ​អាស៊ាន​ក៏​នឹង​ឈានដល់​ការចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​តំបន់​ (RCEP) ​ដែល​នឹង​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី​ធំជាងគេ​បំផុត​លើ​ពិភពលោក​ដែល​នេះ​គឺជា​ការបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ដ៏ខ្ជាប់ខ្ជួន​របស់​អាស៊ាន​ក្នុង​ការលើកស្ទួយ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ផ្អែកលើ​វិធាន​ច្បាប់​។

ប្រទេស​កម្ពុជា​ក៏​នឹង​ខិតខំ​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ពង្រឹង​ការតភ្ជាប់ និង​ការរៀបចំ​សេដ្ឋកិច្ច​ឌីជីថល​។

កម្ពុជា​មើលឃើញ​ពី​ភាពចាំបាច់​សម្រាប់​អាស៊ាន​ក្នុង​ការកៀរគរ​ប្រភព​ថវិកា​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ផែនការ​មេ​ស្តីពី​ការតភ្ជាប់​អាស៊ាន​ឆ្នាំ​ (MPAC) ២០២៥ និង​ការខិតខំ​ស្វែងរក​លក្ខណៈ​បំពេញបន្ថែម​នៃ​គំនិត​ផ្តួចផ្តើម និង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​នានា ដែល​ផ្តោតលើ​ការតភ្ជាប់​តំបន់​។ ដូចគ្នា​នេះ​ដែរ អាស៊ាន​មាន​តម្រូវការ​ក្នុង​ការកសាង​ប្រព័ន្ធ​ដឹក​ជញ្ជូន​ក្នុង​តំបន់​ប្រកប​ដោយ​ភាព​រស់រវើក​ដែល​អាច​តភ្ជាប់​បង្គោល​សេដ្ឋកិច្ច​សំខាន់ៗ និង​រួមចំណែក​ដល់​ការបង្កើន​ភាពប្រកួតប្រជែង​ក្នុង​តំបន់ និង​ការធ្វើ​ពិពិធកម្ម​កំណើន​សេដ្ឋកិច្ច​។

ទាំងនេះ​គឺជា​អ្វីដែល​កម្ពុជា​អាច​រំពឹង​ទទួល​ផល​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ពី​ការរីកចម្រើន​ឥត​ឈប់ឈរ​នៃ​ការកសាង​សហគមន៍​អាស៊ាន​ដែល​ផ្តោតលើ​ប្រជាជន និង​យក​ប្រជាជន​ជា​ស្នូល​។

ស៊ឹម វីរៈ ​ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI)