រឿងបំផ្លាញព្រៃឈើ និងជលផលប្រៀបដូចទៅនឹងពាក្យចាស់លោកថា៖ «បុណ្យក៏ធ្វើឈើក៏កាប់!» ។ មានន័យថាការកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យមានពីថ្នាក់ជាតិរហូតដល់អ្នកភូមិដើម្បីលក់ឲ្យឈ្មួញ រីឯមច្ឆជាតិក៏ដូចគ្នាដែរ បើទោះបីជារដូវហាមឃាត់ក៏នៅតែនេសាទដែរហើយអ្នកដែលបំផ្លាញទាំងផ្ទាល់ក្តីទាំងប្រយោលក្តីឃើញតែខំធ្វើបុណ្យទាន និងចែកអំណោយសឹងតែរាល់សប្តាហ៍ តើមានប្រយោជន៍អ្វី?
បើព្រៃឈើមានតាំងពីមុនសង្គ្រាមឆ្នាំ ១៩៧០ មានដល់ទៅ ៧៣ ភាគរយនៃផ្ទៃដីស្រុកខ្មែរតែមកទល់ពេលនេះគ្មានទិន្នន័យពិតប្រាកដមកបង្ហាញនោះទេ រីឯជលផលក៏មិនខុសគ្នាដែរដោយទិន្នន័យចាស់ត្រូវបានគេប៉ាន់ប្រមាណថាមានទិន្នផល ១០ តោនក្នុងផ្ទៃទឹក ១ គីឡូមែត្រការ៉េនៃបឹងទន្លេសាបតែមកទល់នឹងបច្ចុប្បន្នក៏គ្មានបង្ហាញទិន្នន័យជាក់ស្តែងដែរ។
របៀបកាប់បំផ្លាញព្រៃឈើនៅកម្ពុជាមានរូបភាពជាច្រើនដូចជាការចូលកាប់ឈើរកខ្លឹមចន្ទន៍ ការកាប់ឈើប្រណីតធំៗលក់ឲ្យឈ្មួញ ការកាប់ឈើលើដីសម្បទានសេដ្ឋកិច្ច ការកាប់ឈើដោយការធ្វើសម្បទានសង់ផ្លូវ ការកាប់ឈើរបៀបឈ្មួញប្រើឲ្យអ្នកក្រីក្រចូលកាប់ក្នុងព្រៃហើយឈ្មួញចាំប្រមូលទិញហើយកាប់ក្នុងប្រទេសខ្លួនឯងមិនអស់ចិត្តធ្លាប់ដៃទៅកាប់ឆ្លងដែនប្រទេសជិតខាងទៀតរហូតត្រូវគេបាញ់ស្លាប់ក៏មាន។
នៅក្នុងវេទិកាបរិស្ថាននៅឯវិមានសន្តិភាពកាលពីសប្ដាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់កំហុសរបស់លោករឿងគ្រប់គ្រងការកាប់បំផ្លាញព្រៃឈើ និងឡូត៍នេសាទហើយលោកក៏បានជំរុញឲ្យមានការផ្ទេរមុខងារការគ្រប់គ្រងរដ្ឋបាលព្រៃឈើ និងជលផលពីថ្នាក់ជាតិឲ្យស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋបាលថ្នាក់ក្រោមជាតិគឺតាមរយៈបញ្ចូលរដ្ឋបាលព្រៃឈើ និងជលផលឲ្យមកនៅក្រោមការគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទវិញគឺទាំងបីបញ្ចូលគ្នាតែមួយ។
រីឯ ថ្នាក់ក្រសួងគឺជាអ្នករៀបចំតាក់តែងគោលនយោបាយ យុទ្ធសាស្ត្រ និងគោលការណ៍ណែនាំសម្រាប់អភិវឌ្ឍថ្នាក់ក្រោមជាតិវិញ។
ចំពោះក្នុងករណីនេះដើម្បីឲ្យសមស្របទៅនឹងការធ្វើវិមជ្ឈការពេញលេញលុះត្រាតែមានរៀបចំលិខិតបទដ្ឋានគតិយុត្តមួយទៀតដើម្បីឲ្យមុខងារទាំងបីរបស់មន្ទីរខេត្តនេះផ្ទេរឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងកម្រិតខេត្តទើបបានអំណាចស្ថិតក្រោមថ្នាក់ខេត្តផ្ទាល់។
សំណួរសួរថា ការដែលរដ្ឋាភិបាលទើបចង់ចាប់ផ្តើមផ្ទេរអំណាចរដ្ឋបាលព្រៃឈើ និងជលផលមកថ្នាក់ក្រោមជាតិបែបនេះមកពីព្រៃឈើសល់រ៉ុយៗ និងបរិមាណត្រីធា្លក់ចុះខើចទៅៗ? តើមាននិរន្តរភាពក្នុងការផ្ទេរមុខងារគ្រប់គ្រងព្រៃឈើ និងជលផលមករដ្ឋបាលថ្នាក់ក្រោមជាតិបានកម្រិតណា បើសិនអ្នកកាប់ជាឈ្មួញគ្រាក់ៗដែលមានអ្នកធំៗមានអំណាចនៅពីក្រោយខ្នងដូចរាល់ដង? តើថ្នាក់ខេត្តហ៊ានតតាំងជាមួយឈ្មួញទាំងនោះប៉ុនណាបើតាមការគ្រប់គ្រងដោយថ្នាក់ជាតិក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើដែលនៅសេសសល់ដើម្បីការពារទឹកជំនន់មិនបានផង? ផ្អែកលើទិន្នន័យរបស់គយប្រទេសវៀតណាមមានតម្លៃជាង ៨៥ លានដុល្លារលើការនាំចេញឈើពីកម្ពុជានៅឆមាសទី ១ នៃឆ្នាំនេះ (Forest Trends, 2016)។
ឥឡូវការបំផ្លាញព្រៃឈើបានប្តូរមធ្យោបាយពីការដឹកតាមឡានមកជាការដឹកតាមម៉ូតូឲ្យឈ្មួញតាមច្រករបៀងតាមព្រំដែនវៀតណាមទៀតផង។ អ្វីដែលជាការមន្ទិលសង្ស័យនៃការផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកគ្រប់គ្រងមានលក្ខណៈខុសគ្នាត្រង់ថា បើកាលណាផ្ទេរមុខងារការគ្រប់គ្រងសំរាម និងសំណល់រឹងដូចក្រសួងបរិស្ថានផ្ទេរមករាជធានី និងទីក្រុងនៃខេត្តគ្រប់គ្រងកាលពីឆ្នាំទៅគឺមានលក្ខណៈអនុវត្តងាយស្រួលជាងការផ្ទេរមុខងារគ្រប់គ្រងរដ្ឋបាលព្រៃឈើ និងជលផលមករដ្ឋបាលខេត្តព្រោះឈើ និងនេសាទគឺមានទំនាស់ផលប្រយោជន៍ច្រើនដែលត្រូវបានគេមើលឃើញថាជាមុខងារត្រូវប៉ាន់ កន្លែងខ្លាញ់។
ទោះបីជាយ៉ាងណាក៏ដោយដំណោះស្រាយគឺអាចទៅរួចចំពោះបញ្ហាការបំផ្លាញជលផល និងព្រៃឈើបែបនេះប្រសិនបើរដ្ឋាភិបាលពិតជាធ្វើវិមជ្ឈការផ្តល់អំណាចមកថ្នាក់ក្រោមជាតិពិតប្រាកដនោះ។
ឧទាហរណ៍ ជាក់ស្តែង ពីបទពិសោធនៃការធ្វើវិមជ្ឈការនៅប្រទេសឥណ្ឌូនេស៊ីការផ្តល់អំណាចពិតប្រាកដមកថ្នាក់ក្រោមជាតិគឺនៅពេលថ្មីៗនេះថ្នាក់ជាតិចង់ធ្វើផ្លូវមួយដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅប្រជាពលរដ្ឋហើយពុំមានដំណោះស្រាយសមស្របទៅនឹងសំណងនៃការខូចខាតត្រឹមត្រូវនៅតំបន់ដែលខ្លួនគ្រប់គ្រងគឺរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការតវ៉ាស្វែងរកចំណុចសមស្របណាមួយដើម្បីជួយប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួន។
ហេតុដូច្នេះរដ្ឋាភិបាលកម្ពុជាត្រូវតែធានាបញ្ឈប់វប្បធម៌អន្តរគមន៍ពីថ្នាក់ជាតិ ឬក៏សែស្រឡាយអ្នកមានអំណាចដែលរកស៊ីជួញដូរឈើ និងការនេសាទនេះ។ បើធ្វើយ៉ាងនេះបានរដ្ឋបាលថ្នាក់ក្រោមជាតិអាចមានលទ្ធភាពគ្រប់គ្រងធនធានទាំងនេះបាន។ បើធ្វើការគ្រប់គ្រងធនធានទាំងនេះបានហើយការផ្តល់ផលអំពីការកាត់បន្ថយឧស្ម័នកាបូនិចតាមរយៈការថែរក្សាព្រៃឈើដែលជាជម្រកសត្វព្រៃក៏មានបន្ថែមទៀតដែរ។
ដូចកាលពីដើមខែសីហានេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់ជំនួយទឹកប្រាក់ចំនួន ២,៦ លានដុល្លារមកក្រសួងបរិស្ថានក្នុងការថែទាំព្រៃជម្រកសត្វព្រៃដែលនៅសល់នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីដើម្បីកាត់បន្ថយឧស្ម័នកាបូនិចផងដែរ។
គួរចំណាំផងដែរថាទាំងព្រៃឈើទាំងជលផលគឺសុទ្ធតែនៅសំណល់ពីរបបខ្មែរក្រហមទាំងអស់ពួកគេមិនបានបំផ្លាញធនធានធម្មជាតិទាំងនេះទេមិនមែនឲ្យតែបន្ទាប់ពីរបប ប៉ុល ពត ដួលរលំហើយរបបបច្ចុប្បន្នដឹកនាំមកសុទ្ធតែអភិវឌ្ឍពីបាតដៃទទេ និងចាប់ផ្តើមពីសូន្យទាំងអស់នោះទេគឺនៅសល់របស់របរកេរអាករពីរបបខ្មៅងងឹតនោះខ្លះដែរ។
ចុះហេតុអ្វីរបបដឹកនាំសព្វថ្ងៃប្រើពាក្យសុទ្ធតែអភិវឌ្ឍតែបែរជាងាកមកមើលទាំងព្រៃឈើទាំងជលផលត្រូវបានបំផ្លាញជិតអស់ទៅវិញ? នេះមកពីពូកែខាងអភិវឌ្ឍតែមិនចេះអភិរក្សធនធានធម្មជាតិទាំងនេះ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com