អស់​រយៈពេល​ជាង​ ១ ​ខែ​ហើយ ចាប់តាំងពី​ដាក់លក់​ដេញថ្លៃ​ស្លាក​លេខ​រថយន្ត​ពិសេស​ផ្ទាល់ខ្លួន​ ឬ ក៏​ក្រុមហ៊ុន​មក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​លក់​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ មាន​ទម្រង់​ស្លាក​លេខ​ឈ្មោះ​អក្សរ​ខ្មែរ ខាងលើ​ «​កម្ពុជា​» និង​អក្សរ​អង់គ្លេស​ពីក្រោម​ «CAMBODIA»​បាន​ចំនួន​ប្រមាណ​ជា ៤០០ ស្លាក​លេខ​ហើយ​។ រីឯ​ចំណូល​ដែល​បាន មកពី​ការលក់​ដេញថ្លៃ​ស្លាក​លេខ​នេះ​គឺ​ក្រសួង​សាធារណការ​នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​នេះ​។ នេះ​បើ តាម​ប្រសាសន៍​លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​ និង​ទំនាក់ទំនង​សាធារណៈ និង​ជា​អ្នកនាំពាក្យ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

គោលបំណង​ធំ​ដែល​ក្រសួង​ដាក់លក់​លេខ​ពិសេស​សម្រាប់​ផ្ទាល់ខ្លួន ឬ ក៏​ក្រុមហ៊ុន​នេះ គឺ​ចង់​បង្កើន​នូវ​ចំណូល​ថវិកាជាតិ​ដែល​មិនមែន​ជា​ប្រភេទ​សារពើ​ពន្ធ ហើយ​ការដែល​ដាក់​លេខ​ពិសេស​នេះ​គឺ​មាន​លក្ខណៈ​ដេញថ្លៃ មាន​ន័យ​ថា​មិនមាន​លក្ខណៈ​ចាប់បង្ខំ​បុគ្គល​ណា​ម្នាក់ តម្រូវ​ឲ្យ​ទិញ​នោះ​ទេ តែ​មាន​លក្ខណៈ​ជា​ជម្រើស និង​ស្ម័គ្រចិត្ត​ទិញ​ដោយ​ខ្លួនឯង​ទេ​។

តម្លៃ​ដែល​ដាក់លក់​ស្លាក​លេខ​ពិសេស​នេះ​គឺ​ចាប់ពី​ ២ ​លាន​រៀល​ (​ប្រហែល​ជា​ ៥០០ ​ដុល្លារ​សហរដ្ឋអាមេរិក​) ​អាច​ឡើង​ទៅដល់ ១ ០០០ ​លាន​រៀល​ក៏​ថា​បាន ព្រោះ​វា​ជា​ប្រភេទ​ដេញថ្លៃ ដែល​គណៈកម្មការ​អន្តរក្រសួង​ជា​អ្នកសម្រេច​។

រីឯ​ស្លាក​លេខ​ដែល​ពេញនិយម​គឺ​អន្តរក្រសួង​ជា​អ្នកកំណត់​តម្លៃ​តែម្តង ហើយ​ការ​បង់លុយ​គឺ​ទៅ​បង់​នៅ​ធនាគារ​ដៃគូ អ៊ីចឹង​លុបបំបាត់​លុយ​ក្រោម​តុ​បាន​ ១ ​កម្រិត​ដែរ​។ ​នេះ​គឺ​គ្រាន់តែ​ជា​ការដកស្រង់​ចំណុច​សំខាន់ៗ និង​សម្រាយ​ពន្យល់​បន្ថែម​នូវ​អ្វីដែល​មាន​នៅក្នុង​ប្រកាស​អន្តរក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ស្តីពី​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​រថយន្ត​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ ២៤ ​ខែ​ធ្នូ​ឆ្នាំ​ ២០១៩​។

ម្យ៉ាងវិញ​ទៀត​នៅក្នុង​ប្រកាស​អន្តរក្រសួង​នេះ​ក៏​មាន​ដាក់​វេបសាយ vehicle.mpwt.gov.kh សម្រាប់​ឲ្យ​ជ្រើសរើស​ឈ្មោះ និង​/​ឬ​លេខ​ទៅ​តាម​តម្រូវការ​ពេញចិត្ត​តែ​ក៏​មិន​ឲ្យ​ប៉ះពាល់​នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​បុគ្គល​ថ្នាក់ដឹកនាំ​ ឬ​ក៏​ឈ្មោះ​គណបក្ស​នយោបាយ ឬ​ក៏​ពាក្យពេច៍​ចំអេះចំអាស​មក​លេងសើច​នោះទេ​។

ចំណុច​នេះ​គឺ​គណៈកម្មការ​អន្តរក្រសួង​នឹង​ពិនិត្យពិចៃ​ឲ្យ​បាន​ហ្មត់ចត់​មុន​នឹង​សម្រេច​ចេញ​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ឬ​ក៏​ក្រុមហ៊ុន​ឲ្យ​នោះ​។ យ៉ាងណាមិញ​វា​ធ្វើឲ្យ​កាន់តែ​ងាយស្រួល​ជាង​ស្លាក​លេខ​រាជធានី-ខេត្ត​ដែល​ប្រើ​កូដ​សម្គាល់​អត្តសញ្ញណ​ម្ចាស់​ (QR) ដូចគ្នា​ទៅទៀត​នោះ​គឺ​ស្លាក​លេខ​ដែល​មាន​ឈ្មោះ​ «CAMBODIA» នៅពេល​ជិះ​ចូល​ប្រទេស​សមាជិក​អាស៊ាន ងាយ​ដឹង​អត្តសញ្ញាណ​ឡាន​ហ្នឹង​មកពី​កម្ពុជា​។

តែ​សំណួរ​សួរថា នៅពេល​ដែល​បាន​ប្រាក់ចំណូល​យក​មក​ធ្វើ​អ្វីខ្លះ ដើម្បី​ឲ្យ​មាន​តម្លាភាព​នោះ​? បើ​ផ្អែក​ទៅ​លើ​ប្រកាស​អន្តរក្រសួង​នេះ​គឺ​ «​ក្រសួង​ទាំង​ ២ ​ដែល​បាន​ចុះហត្ថលេខា​នឹង​គ្រប់គ្រង​ និង​ចាត់ចែង​ប្រាក់ចំណូល​ពី​លេខ​/​អក្សរ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​»​។ តែបើ​ចំណូល​ដែល​មិនមែន​ពន្ធ​នេះ​គឺ​យក​ទៅ​ជួសជុល​ផ្លូវថ្នល់ ស្ពាន ភ្លើងស្តុប​ ឬ​ក៏​គូស​គំនូស​ផ្លូវថ្នល់​កាត់បន្ថយ​ការខ្ចី​លុយ​ពី​បរទេស​ផង ឬ​ក៏​ជំនួយ​ពី​បរទេស គ្រាន់តែ​ភ្លើងស្តុប​ ឬ​ក៏​បង្គោល​ភ្លើង​តាមផ្លូវ​សោះ​។

ប្រសិន​បើ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​យក​ទៅ​បញ្ជូល​ថវិកាជាតិ ទៅ​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​ក៏បាន ព្រោះ​វា​ជា​ថវិកា​ជាតិ ហើយ​យក​ទៅ​បម្រើ​ជាតិ​បាន​ដូចគ្នា​។ សំខាន់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​តម្លាភាព​ និង​មាន​គណនេយ្យភាព​កុំ​តែ​យក​លុយ​ទៅ​ដាក់​ហោប៉ៅ​ខ្លះ​ទៅ​បាន​ហើយ​។ អ៊ីចឹង​អ្នក​ដែល​មាន​លទ្ធភាព​ទិញ​ស្លាក​លេខ​ឡាន​ពិសេស​ដាក់ឈ្មោះ​គឺ​ពិតជា​បាន​ចូលរួម​ចំណែក​បង្កើន​ថវិកាជាតិ​ទៅវិញ​ទេ​។ អ្វី​ដែល​សំខាន់ គឺ​ក្រុមគ្រួសារ​អាច​ងាយស្រួល​រក​សមាជិកគ្រួសារ​ទៅ​ណា​មក​ណា ឡាន​ដែល​មាន​លេខ​ឈ្មោះ​ផ្ទាល់​ហ្នឹង ជាង​លេខ​ធម្មតា​។

លោក​ ហ៊ាង សុទ្ធាយុត្តិ​ បន្ថែម​ទៀត​ថា​៖ «​មុននឹង​ចេញប្រកាស​អន្តរក្រសួង​នេះ គឺ​មន្ត្រី​ក្រសួង​សាធារណការ​បាន​ធ្វើការ​ស្ទង់មតិ ចំពោះ​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ​ជាមួយ​ពលរដ្ឋ​ដែល​មក​ធ្វើ​ស្លាក​លេខ​។ ភាគច្រើន​គឺមាន​ការពេញចិត្ត​ស្លាក​លេខ​ផ្ទាល់ខ្លួន​នេះ​។ ក្រៅពី​នេះ​មន្ត្រី​ក្រសួង​ ១ ​ក្រុម​បាន​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ទីក្រុង​ហុងកុង និង​ប្រទេស​សិង្ហបុរី​ដែល​ជា​ប្រទេស​ទី​ ១ ​នៅ​អាស៊ាន​បាន​លក់​ស្លាក​លេខ​ផ្ទាល់ខ្លួន​នេះ អ៊ីចឹង​កម្ពុជា​អាច​ជា​ប្រទេស​ទី​ ២ ​បន្ទាប់ពី​សិង្ហបុរី​ក្នុង​ចំណោម​សមាជិក​អាស៊ាន​»​។

តាមពិតទៅ​នៅ​ប្រទេស​ជឿនលឿន​គេ​បាន​ធ្វើ​ស្លាក​លេខ​ផ្ទាល់ខ្លួន និង​ក្រុមហ៊ុន​មាន​យូរ​មក​ហើយ​ប្រែប្រួល​ទៅ​តាម​រដ្ឋ​នីមួយៗ​ផងដែរ​ដូច​នៅ​ប្រទេស​នូវែលសេឡង់​គឺ​ស្រដៀង​គ្នា​នឹង​ប្រកាស​អន្តរក្រសួង​ទើបតែ​ចេញ ដែល​តម្លៃ​ថ្លៃ​ទៅ​តាម​ឈ្មោះ ឬ​ក៏​លេខ​ពេញនិយម​ផងដែរ​។ តែបើ​នៅ​ប្រទេស​អូស្ត្រាលី​មាន​លក្ខណៈ​ខុសប្លែក​នៅ​រដ្ឋ​ញ៉ូសោតវែល​គឺ​គេ​ឲ្យ​ចូល​ជ្រើសរើស​លេខ​ឈ្មោះ​នៅ​លើ​វេបសាយ myplates.com.au គឺ​បង់លុយ​ប្រចាំ​ឆ្នាំ​យ៉ាងតិច ១០០ ដុល្លារ​ឡើង​ទៅ​ក្នុង​ ១ ​ឆ្នាំ​ម្តង​។

សម្រាប់​នៅ​រដ្ឋ​វិចតូរៀរ ការជ្រើសរើស​យក​ឈ្មោះ​គឺ​បង់លុយ​តែម្តង​គឺ​ចប់​តែ​មិន​ច្រើន​ជាង ៦០០ ​ដុល្លារ អូស្ត្រាលី​ប្រហែល​ជា ៤០០ ​ដុល្លារ​អាមេរិក​ទេ​។ នេះ​បើ​តាម​មិត្តភក្តិ​ខ្ញុំ​ដែល​បាន​ទិញ​ស្លាក​លេខ​ឡាន​មាន​ឈ្មោះ​របស់គាត់​នៅ​ប្រទេស​នូវែលសេឡង់ និង​ប្រទេស​អូស្ត្រាលី​។

តែ​អ្វី​ដែល​ជា​បញ្ហា​ត្រូវបាន​មហាជន​រិះគន់​នោះ​គឺ​ប្រទេស​កម្ពុជា​ដែល​មាន​ប្រាក់ចំណូល​ជា​មធ្យម​ប្រចាំ​ឆ្នាំ​តែ​ ១ ៥៦១ ​ដុល្លារ​អាមេរិក​ (NIS,2018) ​ប៉ុណ្ណោះ តែ​គ្រាន់តែ​ចំណាយ​លើ​ស្លាក​លេខ​ឡាន​ឈ្មោះ​ពិសេស​ ១ ​ស្លាក ត្រូវចំណាយ​ដេញ​ថ្លៃ​នៅក្នុង​ប្រកាស ​យ៉ាងតិច​ពី ៥ ០០០ ​ដុល្លារ​អាមេរិក​ គឺ​ច្រើន​ហួសហេតុ​ពេក បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ដែល​ពលរដ្ឋ​មាន​ប្រាក់ចំណូល​ខ្ពស់ គេ​យក​តម្លៃ​ស្លាក​លេខ​ពិសេស​នេះ​ថោក​ទៅវិញ​។

ចំណុច​អវិជ្ជមាន​ផ្សេងទៀត​នោះ​គឺ​អ្នក​ដែល​ចង់បាន​លេខ​ឡាន​មាន​ឈ្មោះ​នឹង​គេ​ដែរនោះ តែ​ស្ទើរ​លុយ ឬ​ក៏​រកលុយ​ផ្សេង​មក​ចាយ​ក្រៅ​បែបនេះ​គឺ​បង្ខំ​ឲ្យ​បុគ្គល​នោះ​ព្យាយាម​ប្រព្រឹត្ត​អំពើ​ពុករលួយ​ទៅតាម​អង្គភាព ឬ​ក៏​ក្រុមហ៊ុន​ឯកជន​។ ពេលខ្លះ​មានការ​លំបាក​ប្រសិនបើ​រថយន្ត​ដែលមាន​ស្លាក​លេខ​មាន​ឈ្មោះ​ជា​អក្សរ​ឡាតាំង គឺ​មាន​លក្ខណៈ​លំបាក​ដល់​សាក្សី​អ្នក​មិនចេះ​អក្សរ​អង់គ្លេស​នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​ជនបទ ​ហើយ​ម្ចាស់​ឡាន​បើក​រត់គេច​ខ្លួន​បាត់ ពិបាក​ចំណាំ​ស្លាក​ឈ្មោះ​បើ​លេខ​អាច​ស្រួល​ចំណាំ​ជាង​។

សរុប​មកវិញ​ជាទូទៅ​បើ​សម្រាប់​អ្នក​ដែល​មិន​ពេញចិត្ត​អ្វី​ក៏ដោយ​បើទោះជា​ថោក​ ឬ​ឲ្យ​ទទេ​ក៏​មិន​យក​ដែរ ទៅ​ហូបចុក​អី​ទៅ​នឹង​ស្លាក​លេខ​ឡាន​ហ្នឹង​នោះ​។ សម្រាប់​អ្នក​ពេញចិត្ត​យល់​ថា ឲ្យ​យក​ប្រមូល​ចំណូល​ពី​អ្នក​មាន​មក​ចូល​ថវិកាជាតិ​កុំ​ឲ្យ​មាន​អំពើ​ពុករលួយ​យក​លុយ​ចែក​គ្នា​ទៅ​បាន​ហើយ ចង់​រដ្ឋ​យក​ទៅ​ចំណាយ​លើ​អ្វី​ក៏​បាន​ដែរ ឲ្យ​តែ​មាន​ប្រយោជន៍​ដល់​ជាតិ ជាពិសេស​បើ​យក​មក​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រីរាជការ​វិញ​កាន់តែ​ប្រសើរ​៕

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com