
សារព្រមាននៅលើកញ្ចប់បារីទាក់ទងនឹងជំងឺមហារីក។ ហេង ជីវ័ន
កម្ពុជាត្រូវបានគេមើលឃើញថាបាននិងកំពុងធ្វើឲ្យប្រសើរឡើងនូវ ការបញ្ឈប់ជក់បារី តាមរយៈការដំឡើងពន្ធបន្ថែម ការអប់រំលើកកម្ពស់តាមសហគមន៍ពីការបញ្ឈប់ជក់បារី សារបង្ហាញពីគ្រោះថ្នាក់ផ្សេងៗនៅលើកញ្ចប់បារី និងផ្ទាំងរូបធំៗនៅតាមមហាវិថីព្រមានពីផលប៉ះពាល់ដោយការជក់បារី សូម្បីតែនៅតាមភោជនីយដ្ឋាននិងសណ្ឋាគារក៏មានការបិទបម្រាមការជក់បារីផងដែរ ជាពិសេសតាមរយៈសារអប់រំទាំងនេះ ក៏ជាផ្នែកមួយដែលធ្វើឲ្យពូៗស៊ីក្លូជាច្រើននាក់បានផ្លាស់ប្តូរទម្លាប់ចាស់ចោលដោយងាកមកឈប់ជក់បារីក្នុងពេលកំពុងដឹកភ្ញៀវបរទេសទេសចរកម្សាន្ត។
បញ្ហាបារីនេះគឺជាផ្នែកមួយចម្បងដែលបណ្តាលឲ្យមានកើតជំងឺមហារីក។ ជាក់ស្តែង តារារូបស្រស់សង្ហា ឈ្មោះ Eric Lawson ដែលបង្ហាញផ្សព្វផ្សាយពាណិជ្ជកម្មជក់បារីឲ្យបារី Marlboro ក៏ស្លាប់ដោយសារជំងឺរ៉ាំរ៉ៃផ្លូវដង្ហើមឈានដល់ជំងឺមហារីកផងដែរ កាលពីឆ្នាំ ២០១៤ (www.latimes.com)។ ប៉ុន្តែកម្ពុជាបានដោះស្រាយមួយផ្នែកស្តីពីការជួយទប់ស្កាត់ជំងឺមហារីកនិងជំងឺមិនឆ្លងតាមរយៈយុទ្ធនាការបញ្ឈប់ការជក់បារីនេះ។
ទោះយ៉ាងណា កម្ពុជានៅមានបញ្ហាប្រឈមមួយចំនួនទៀតផងដែរ ដែលធ្វើឲ្យកើតមានជំងឺមហារីកនេះ ដូចជាការទទួលទានអាហារដែលមិនមានអនាម័យ អាហារដែលមានសារធាតុគីមី ដែលត្រូវបានគេដាក់នៅក្នុងបន្លែ ត្រី សាច់ និងផ្លែឈើឲ្យឆាប់ធំធាត់មានកំហាប់ច្រើនលើសលប់នោះ។ ម្យ៉ាងទៀតអាហារណាដែលទុកបានយូរមិនឲ្យរុយរោមឬក៏សត្វល្អិតមកទំ ដូចជា ប្រហុក ផ្អក និងអាហារផ្អាប់ផ្សេងៗ។ រីឯសាច់ និងបន្លែដែលទុកក្លាស្សេឲ្យបានយូរក៏ដូចជាសាច់សម្រាប់ការដឹកជញ្ជូនទៅលក់ជូនអតិថិជន ក៏មានដាក់សារធាតុគីមីដែរ។
យ៉ាងណាមិញ សព្វថ្ងៃនេះកម្ពុជាមិនទាន់ផ្គត់ផ្គង់ បន្លែ សាច់ និងអាហារគ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់ក្នុងស្រុកនៅឡើយទេ គឺនៅតែនាំចូលពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ និងវៀតណាម ដែលមានបរិមាណសរុប ១៧០ តោនក្នុង ១ ថ្ងៃ។ ចំពោះបន្លែនាំចូលភាគច្រើនបំផុតត្រូវបានយកមកពីប្រទេស វៀតណាម ដែលមានសរុប ៨៥ តោនក្នុង ១ ថ្ងៃ។ នេះបើតាមប្រសាសន៍លោកបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៅក្នុងពិធីបើកផ្សារណាត់បន្លែសុវត្ថិភាពនិងផលិតផលសុវត្ថិភាពនៅទីរួមខេត្តកណ្ដាលកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៩ ថ្មីៗនេះ។
ប៉ុន្តែផ្ទុយទៅវិញពលរដ្ឋវៀតណាមភាគច្រើនបែរងាកមករកនិយមបន្លែ និងផ្លែឈើនាំចូលពីប្រទេស ចិន និងថៃទៅវិញ ដោយសារថាមានសារធាតុគីមីតិចតួចជាង ពោលគឺចំណាយ ៣៥០ លានដុល្លារ ក្នុងរយៈពេល ១០ ខែដំបូង ដែលទិន្នន័យនេះត្រូវបានស្រង់ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួកាលពីខែតុលា ឆ្នាំ ២០១៦។ និន្នាការដែលពលរដ្ឋវៀតណាមមួយចំនួនងាកមករកបន្លែនិងផ្លែឈើដាំនៅប្រទេស ចិន និងប្រទេស ថៃ នេះ ដោយសារតែផលិតផលកសិកម្ម និងចំណីអាហាររបស់ខ្លួនមានសារធាតុគីមីច្រើនដែលធ្វើប៉ះពាល់សុខភាពតាមរយៈសេនេទិច (Genetic) អាចបណ្តាលឲ្យកើតជំងឺមហារីក។
តាមរយៈការសិក្សាស្រាវជ្រាវអំពីទំនាក់ទំនងគ្នារវាងអាហារដែលមានសារធាតុគីមីនិងជំងឺមហារីកពីស្ថាប័ន the Center for Study and Consultation on Consumerism នៅប្រទេស វៀតណាម កាលពីឆ្នាំ ២០១៦ ជាលទ្ធផលបានបង្ហាញថា អត្រាអ្នកជំងឺមហារីកនៅប្រទេស វៀតណាមអាចកើនឡើងខ្ពស់ដល់ ២០ ម៉ឺននាក់ក្នុង ១ ឆ្នាំ រហូតដល់ឆ្នាំ ២០២០ ខាងមុខនេះ ហើយនេះក៏ជាអត្រាមួយខ្ពស់នៅលើពិភពលោកផងដែរ។
របកគំហើញដដែលនេះបញ្ជាក់ថា ការកើនឡើងនូវជំងឺមហារីក ដោយសារអាហារមិនមានសុវត្ថិភាព បរិស្ថានអាប់អួ ការជក់បារី និងសេនេទិចជាដើម។ ជាពិសេស ៣០ ភាគរយនៃអ្នកជំងឺមហារីកត្រូវបានរកឃើញថាមកពីពួកគេទទួលទានអាហារមានផ្ទុកសារធាតុគីមី (Carcinogens)។ ឧទាហរណ៍ជាក់ស្តែងឃើញថា នៅមន្ទីរពេទ្យ the Bach Mai Hospital នៅទីក្រុងហាណូយកាលពីឆ្នាំ ២០១៥ បានរកឃើញថា អត្រាអ្នកស្លាប់ដោយសារជំងឺមហារីកសរុបនៅមន្ទីរពេទ្យនេះគឺមាន ៧៣ ភាគរយ។
ហេតុដូច្នេះហើយ នៅពេលដែលប្រទេស កម្ពុជា នាំចូលបន្លែ ត្រី សាច់ ផ្លែឈើ និងអាហារមួយចំនួនផ្ទាល់ពីប្រទេស វៀតណាម ខណៈពលរដ្ឋវៀតណាមមួយចំនួនមិនហូបដោយសារធាតុគីមីនោះ គឺមានខ្លះត្រូវបានគេសង្ស័យថា អាចត្រូវគេយកមកចែកចាយនៅទីតាំងមួយចំនួនដូចជាផ្សារដើមគនិងផ្សារនាគមាសរាជធានីភ្នំពេញ មុននឹងបែងចែកទៅតាមខេត្តនានាបន្តទៅទៀត។
ត្រង់ចំណុចគ្រោះថ្នាក់នេះ តើអាជ្ញាធរមានអ្វីដែលអាចបញ្ជាក់បានថា បន្លែត្រីសាច់ផ្លែឈើពីប្រទេសវៀតណាមទាំងនោះ មិនមានដាក់សារធាតុគីមី?ឥឡូវមន្ត្រីកាំកុងត្រូលតាមច្រកព្រំដែនត្រូវបានរាជរដ្ឋាភិបាលដកចេញមួយចំនួនហើយដោយទុកតែមន្ត្រីជំនាញ ២ ទេ គឺប៉ូលិសអន្តោប្រវេសន៍ និងគយ។
អ៊ីចឹងទេកាំកុងត្រូលលែងមានកំហុសចំពោះការបណោ្តយឲ្យទំនិញទាំងនោះនាំចូលទៀតហើយ។ ប៉ុន្តែមន្ត្រីកាំកុងត្រូលត្រូវតែពង្រឹងការងាររបស់ខ្លួននៅខាងក្នុងប្រទេសវិញ ដូចជា ថ្មីៗនេះមន្ត្រីកាំកុងត្រូលនៅខេត្តស្ទឹងត្រែងបានចុះពិនិត្យ និងចាប់នូវបង្គានិងមឹកស្រស់ដែលមានសារធាតុគីមី «ហ្វកម៉ាលីន»។ តែការចុះចាប់នេះមើលទៅហាក់បីដូចជា មានលក្ខណៈទ្រង់ទ្រាយតូចៗពេក ដែលសមត្ថកិច្ចគួរតែរកទីតាំងធំៗ ដែលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរវិញ។
បើតាមរបាយការណ៍សន្និបាតបូកសរុបរបស់ក្រសួងសុខាភិបាលកម្ពុជាឆ្នាំ ២០១៧ និងទិសដៅឆ្នាំ ២០១៨ បានបង្ហាញថា នៅឆ្នាំ ២០១៧ មានអ្នកស្លាប់ដោយសារជំងឺមហារីកមានចំនួន ១២៨ នាក់និងអ្នកជំងឺមហារីកថ្មីមានចំនួន ៨ ៣៦០ ករណីបានសម្រាកនៅមន្ទីរពេទ្យដែលចំនួននេះមានការកើនឡើង ១ ៦៧៥ នាក់បើប្រៀបធៀបកាលពីឆ្នាំ ២០១៦។ ប៉ុន្តែនេះមិនទាន់គិតដល់អ្នកជំងឺមហារីកទៅព្យាបាលនៅក្រៅប្រទេសដែលមិនបានផ្តល់ព័ត៌មានផងទេ។
សរុបមកវិញ និន្នាការនៃការកើនឡើងនូវអ្នកកើតជំងឺមហារីកនៅកម្ពុជាក៏មានមូលហេតុមួយផ្នែកពីផលប៉ះពាល់ដោយ បន្លែ ត្រីសាច់ និងផ្លែឈើ និងអាហារដែលមានសារធាតុគីមីមកពីប្រទេសជិតខាងផងដែរ។
ចំណុចនេះ រាជរដ្ឋាភិបាល គួរតែយកយន្តការថ្មីក្នុងការហាមឃាត់ទំនិញនាំចូលពីប្រទេសជិតខាងដែលមានសារធាតុគីមីច្រើនលើសលប់។ រីឯអាហារក្នុងស្រុកក៏គួរតែត្រូវបានកំណត់នូវគុណភាពដែលមានសារធាតុគីមីតិចបំផុតផងដែរដើម្បីធ្វើយ៉ាងណាឲ្យសុខភាពពលរដ្ឋបានប្រសើរឡើង ចៀសពីជំងឺមហារីកដ៏កាចសាហាវនេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com