The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ជា​ឆ្នេរ​ស្អាត​លេខ​ ១ ​ទៀត​ឬ​?




តើ​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ជា​ឆ្នេរ​ស្អាត​លេខ​ ១ ​ទៀត​ឬ​?

Content image - Phnom Penh Post
ឆ្នេរ​ព្រែកត្រែង​ដែល​ត្រូវ​បាន​គេ​ចាក់ដី​លុប​។ រូបថត ក្រសួង​ទេសចរណ៍

តើ​ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅ​តែ​ជាប់​ចំណាត់ថ្នាក់​ជា​ឆ្នេរ​ស្អាត​លេខ​ ១ ​ទៀត​ឬ​?

មាន​មនុស្ស​មិន​តិច​គ្នា​ទេ ដែល​បាន​សើច​ចំអក​ទៅ​លោក ក្រវ៉ាញ ដារ៉ន ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ​ដែល​បាន​ឃោសនា​ជា​លើក​ដំបូង​កាលពី​អាណត្តិ​ទី​ ៤ នៅ​ឆ្នាំ​ ២០០៨ លោក ដារ៉ន ​បាន​ឃោសនា​ថា បើ​បក្ស​លោក​ឈ្នះឆ្នោត​នោះ​ពលរដ្ឋ​ខ្មែរ​នឹង​ទទួល​បាន​ការប្រើប្រាស់​សេវា WiFi ដោយ​សេរី​។

មុន​លោក​ក្រវ៉ាញ ដារ៉ន ក៏​មាន​លោក ព្រហ្ម នាគរាជ អតីត​ប្រធាន​គណបក្ស​ម៉ូលីណាកា ត្រូវ​បាន​គេ​សើចចំអក​លោក​ដែរ​កាលពី​អំឡុង​ពេល​ដែល​លោក​ឈរ​ឈ្មោះ​បោះឆ្នោត​តាំងពី​អាណត្តិ​ទី​ ១ ឆ្នាំ​ ១៩៩៣ មក​ម្ល៉េះ ដែល​សន្យា​ថា​នឹង​ទប់​ទឹក​សមុទ្រ​យក​ដី ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​មាន​ដី និង​ជម្រក​សមរម្យ​។

ឥឡូវ​នេះ​គោលនយោបាយ​របស់​គណបក្ស​លោក​ទាំង ២ ត្រូវ​បាន​គេ​យក​មក​អនុវត្ត​បណ្តើរៗ​ហើយ​គឺ​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ក្រសួង​ប្រៃសណីយ៍ សហការ​ជាមួយ​ក្រុមហ៊ុន​កូរ៉េ (Korea Telecom) បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ សេវា​អ៊ីនធឺណិត​សាធារណៈ (Public Wifi) ដែល​អាច​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​អាច​ប្រើប្រាស់​ដោយ​ឥត​គិតថ្លៃ​នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង និង​នៅ​វិទ្យាល័យ​ចំនួន​ ៥ ទៀត​គឺ​នៅ​ភ្នំពេញ ៣ សាលា និង ២ ​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ស្ពឺ​។

រីឯ​ការប្រើ​សេវា​តាម​ទូរស័ព្ទ​ក៏​មាន​តម្លៃ​ថោក​ទទួល​យក​បាន​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​តាមរយៈ​ ១ ​ដុល្លារ ដូរ​បាន ១០០ ដុល្លារ​ប្រើ​បាន​កន្លះ​ខែ​ផង​ក៏​មាន​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាច្រើន​ប្រើ​អ៊ីនធឺណិត និង​លេង​ហ្វេសប៊ុក​។

ចំណែកឯ​គំនិត​ដែល​ទប់​ទឹកសមុទ្រ​របស់​លោក​ ព្រហ្ម នាគរាជ ឥឡូវ​ក៏​មាន​ក្រុមហ៊ុន​ធំៗ​ខ្លះ​ក៏​បាន​ទន្ទ្រាន​យក​ដី​ឆ្នេរសមុទ្រ​ផង​ដែរ​គឺ​ដោយ​កេង​​ផលចំណេញ​ទីធ្លា​បាន​ធំ​ចាក់​​ដី​ចូល​ក្នុង​ឆ្នេរ និង​ទឹកសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ រហូត​ដល់​ដី​ដែល​ចាក់​ចូល​ក្នុង​ទឹកសមុទ្រ​នោះ​ធ្វើឲ្យ​ទឹក​សមុទ្រ​ដែល​ធ្លាប់​តែ​ថ្លា​ឆ្វង់​ឡើង​ប្រែ​ពណ៌​ទៅ​ជា​ល្អក់​វល់​គគ្រិច​ខុស​ពី​​រូបភាព​ដើម​។

ដោយ​មាន​ការរិះគន់​ថ្មីៗ​ពី​សំណាក់​មហាជន​យ៉ាង​ខ្លាំង​ចំពោះ​ការចាក់ដី​រំលោភ​ទៅ​ក្នុង​ឆ្នេរសមុទ្រ​ធ្វើឲ្យ​ខូច​ទឹកសមុទ្រ និង​ខូច​ទ្រង់ទ្រាយ​ដើម​របស់​ឆ្នេរ​ដែល​ផ្ទុយ​ទៅ​នឹង​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​លេខ ០១ ស.រ.ណ.ន ស្តីពី​ការអភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​​ត្រង់​មាត្រា ១ ដែល​ហាមឃាត់​ការកាន់កាប់​ ឬ​សាងសង់​នានា​ជា​ថ្ម ដី ឬ​ខ្សាច់ ដែល​បាន​កំណត់​ទុក​ជា​តំបន់​សម្រាប់​ប្រើប្រាស់​ជា​សាធារណៈ និង​ត្រូវ​ចាត់ថ្នាក់​ជា​ដី​សាធារណៈ​របស់​រដ្ឋ​។

ជា​រួម​ការ​ទៅ​លម្ហែកាយ​នៅ​ឆ្នេរសមុទ្រ​កំពង់សោម​នេះ​មិនមែន​មាន​តែ​ភ្ញៀវ​បរទេស ភ្ញៀវ​ក្នុង​ស្រុក​នោះ​ទេ សូម្បីតែ​លោក​នាយក​រដ្ឋមន្ត្រី​ក៏​ឧស្សាហ៍​ទៅ​សម្រាក​កម្សាន្ត​លម្ហែកាយ​នៅ​ទី​នោះ​ដែរ​។ ក្រៅពី​ការ​សាងសង់​មួយ​ចំនួន ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​តំបន់​ឆ្នេរ ការ​គ្រប់គ្រង​នូវ​ប្រព័ន្ធ​ទឹក​សម្អុយ​ដែល​បង្ហូរ​ចេញពី​ការដ្ឋាន​សាងសង់​ពី​សណ្ឋាគារ និង​ចេញពី​រោងចក្រ​នានា​ក៏​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ទឹកសមុទ្រ និង​ឆ្នេរ​ដ៏ស្រស់ស្អាត និង​ផលប៉ះពាល់​ទៅ​នឹង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា​ផងដែរ​។

កាលពី​សប្តាហ៍​មុន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ចុះ​ទៅ​ខេត្ត​ព្រះសីហនុ​ដោយ​ផ្ទាល់​ហើយ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ដែល​ចាក់ដី​ចូល​តំបន់ឆ្នេរ ព្រែកត្រែង​ឲ្យ​កាយ​ដី​ចេញ​វិញ និង​ត្រូវ​ថែរក្សា​ឆ្នេរ​ធម្មជាតិ​ឲ្យ​នៅ​ដូចដើម​វិញ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​នៅពេល​នេះ​បញ្ហា​ទាំង​ឆ្នេរ ទាំង​ទឹកសមុទ្រ​ទាំង​សុវត្ថិភាព​បាន​ក្លាយ​ទៅ​ជា​ឧបសគ្គ​សម្រាប់​អ្នក​ដែល​ចង់​ទៅ​កម្សាន្ត​នៅ​​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​​ការសាងសង់ ការដំឡើង​ថ្លៃ ការ​ស្នាក់នៅ និង​សុវត្ថិភាព​ដែល​បង្ក​ដោយ​ក្រុម​ម៉ាហ្វីយ៉ា ជនជាតិ​ចិន វ៉ៃ​គ្នា កាប់​ចាក់​គ្នា រហូត​ដល់​មាន​អាវុធ​បាញ់​បោះ​ក៏មាន​ដូច្នេះ តើ​នៅ​ពេល​ទំនេរ​មាន​នរណា​ចង់​ទៅ​លេង​កំពង់សោម​ទៀត​អត់​?

កន្លង​មក​កាលពី​ឆ្នាំ​ ២០១១ គណៈកម្មាធិការ​វាយតម្លៃ​ឆ្នេរស្អាត​នៅ​លើ​ពិភពលោក​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស​បាន​ផ្តល់​ចំណាត់ថ្នាក់​ឆ្នេរ​កំពង់សោម​ជាប់​លំដាប់​ឆ្នេរ​ស្អាត​ជាង​គេ​នៅ​លើ​ពិភពលោក​។

ចុះ​មក​ដល់​បច្ចុប្បន្ន តើ​គណៈកម្មាធិការ​ក្លិប​នេះ​នឹង​ផ្តល់​ចំណាត់ថ្នាក់​លំដាប់​ឆ្នេរ​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក​បន្ត​ទៀត​ឬ​អត់​? បើ​ការសាងសង់​ចូល​ឆ្នេរ ធ្វើឲ្យ​ខូច​ទ្រង់ទ្រាយ​ឆ្នេរ និង​ទឹក​សម្អុយ​បង្ហូរ​ចូល​សមុទ្រ ធ្វើឲ្យ​ល្អក់កករ​ដល់​ទឹកសមុទ្រ​ដូចនេះ​នោះ​?

យ៉ាង​ណា​មិញ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​ផ្លូវ​មួយ​របស់​ប្រទេស​ចិន (OBORI) គឺ​ប្រទេស​ចិន ចង់​ធ្វើឲ្យ​ខេត្ត​ព្រះសីហនុ​នេះ​រីកចម្រើន​លឿន​ដូច​ទីក្រុង Shenzhen នៃ​ប្រទេស​ចិន​។ តែ​ការអនុវត្ត​ជាក់ស្តែង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រុង​​ព្រះសីហនុ​ដូច​ទៅ​នឹង​ទីក្រុង​ម៉ាកាវ​នៅ​ស្រុក​ចិន​ដែល​ជា​កន្លែង​បនល្បែង​ល្បី​ ១ ​នៅ​លើ​ពិភពលោក​ទៅវិញ​។

សរុប​មក​វិញ​រាជរដ្ឋាភិបាល​គួរ​តែ​បង្ហាញ ឬ​ក៏​កែច្នៃ​ឡើង​វិញ​នូវ​ផែនការមេ​ (Master Plan) ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ការ​អភិវឌ្ឍ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​រក្សា​ចំណាត់​ថ្នាក់​លំដាប់​ឆ្នេរ​ស្អាត​ជាង​គេ​នៅលើ​ពិភពលោក​នៅ​កំពង់សោម​នៅ​ដដែល និង​ធានា​ថា​មាន​កន្លែង​ឆ្នេរ​សប្បាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​សម្រាប់​បរទេស​លោក​ខាង​លិច និង​ជនជាតិ​ចិន ព្រោះ​ជាតិសាសន៍​ទាំងនេះ​មាន​វប្បធម៌ និង​ទម្លាប់​ខុស​គ្នា ពិបាក​ក្នុង​ការ​ដាក់​បញ្ចូល​គ្នា​ណាស់​។ រីឯ​កន្លែង​លេង​ល្បែង​គួរ​ដាក់​ឲ្យ​ឆ្ងាយ​ពី​កន្លែង​ឆ្នេរ​កម្សាន្ត​ទូទៅ បែងចែក​កន្លែង​មាន​តម្លៃ​ឲ្យ​សមរម្យ មាន​កន្លែង​ថ្លៃ មាន​តម្លៃ​ល្មម និង​តម្លៃថោក សម្រាប់​ពលរដ្ឋ​ក្រីក្រ​ក៏​អាច​ទៅ​កម្សាន្ត​នៅ​ទី​នោះ​បាន​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍

  • ខេត្តបាក់និញៈ សួនឧស្សាហ​កម្ម​ Yen Phong 1 Industrial Park នៅខេត្ត Bac Ninh ភាគខាងជើង​បាន​ក្លាយជា​​សួនឧស្សាហ​កម្មលើក​ដំបូង​នៅក្នុងប្រទេស​វៀតណាម ដែលទទួល​បាន​​បណ្ដាញ​ទូរគមនា​គមន៍​ 5G ដោយ​បច្ចេកវិទ្យាថ្មីនេះ​​ បានដាក់​​ឲ្យដំណើរការ​នៅទីតាំងនោះ​ដោយ​ក្រុមហ៊ុន Viettel កាល​ពីថ្ងៃព្រហស្បតិ៍។​​

  • ភ្នំពេញៈ កម្ពុជា​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អាមេរិក​មានតម្លៃ​ជាង ៦ ​ពាន់​លាន​ដុល្លារ​ ក្នុង​រយៈពេល​ ១១ ​ខែ ឆ្នាំ​ ២០២០ កើន​ជាង ២២ ​ភាគរយ​ធៀបនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ខណៈ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​មានតម្លៃ​ជាង ៦,៣ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​។

  • ភ្នំពេញៈ ត្រឹម​រយៈពេល​ជិត​ ១ ​ខែ​ប៉ុណ្ណោះ​ចាប់ពី​ថ្ងៃទី​ ២០ ធ្នូ ដល់​ថ្ងៃទី​ ១៧ មករា ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​តាម​ច្រក​នៃ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​ចំនួន​ ៦៩ ​នាក់ ​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូវីដ​ ១៩ ដោយ​ក្នុង​នោះ​ពលករ​ដែល​បាន​ព្យាបាល​ជាសះស្បើយ​ ២១ ​នាក់​។

  • ស្ទឹងត្រែងៈ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​គ្រោង​នឹង​បញ្ជូន​បុរស​ជនជាតិ​ឡាវ​​ ២ ​នាក់ និង​វត្ថុតាង​គ្រឿងញៀន​ជិត​ ៥០ ​គីឡូក្រាម​ទៅ​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ខណៈ​ដែល​សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ឡាវ​ ដើម្បី​តាម​រក​ចាប់ខ្លួន​ជនជាតិ​ឡាវ​ ៤ ​នាក់​ទៀត​ដែល​រត់គេចខ្លួន​។

  • ភ្នំពេញៈ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន និង​កីឡា​បាន​ដឹកនាំ​កិច្ចប្រជុំ​ដាក់​ចេញ​វិធានការ​បន្ថែម​ដល់​សាលារៀន​ដែល​កំពុង​ត្រូវបាន​ប្រើប្រាស់​ជា​មណ្ឌល​ចត្ដាឡីស័ក ពិសេស​សាលារៀន​តាម​ខេត្ដ​ជាប់​ព្រំដែន​ប្រទេស​ថៃ និង​វៀតណាម​ដើម្បី​ធ្វើយ៉ាងណា​ធានា​ផ្ដល់​ការសិក្សា​ដល់​សិស្ស​គ្រប់គ្នា​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

  • ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ណែនាំ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​លុបបំបាត់​ការបង្ក​សំឡេង​រំខាន​លើស​កម្រិត​ដោយ​យានយន្ដ​គ្រប់​ប្រភេទ និង​លុបបំបាត់​កន្លែង​កែច្នៃ​បំពង់​ស៊ី​ម៉ាំង​ដែល​បង្ក​ភាព​រំខាន​ដល់​អារម្មណ៍ និង​សិទ្ធិ​រស់នៅ​របស់​ពលរដ្ឋ