ជារៀងរាល់ឆ្នាំទិវាឆ្មបអន្តរជាតិសន្មតយកថ្ងៃទី ៥ ខែ ឧសភា ដើម្បីរៀបចំពិធី។ ប៉ុន្តែដោយឡែកកម្ពុជាបានជ្រើសរើសយកថ្ងៃម្សិលមិញជាថ្ងៃប្រារព្ធទិវាឆ្មបជាតិជំនួស ដោយក្រសួងសុខាភិបាលបានកំណត់យកប្រធានបទ «ឆ្មបគឺជាអ្នកការពារសិទ្ធីស្ត្រី» មកជជែកគ្នាដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពការផ្ដល់សេវាចំពោះសុខភាពមាតា និងទារក។
សព្វថ្ងៃនេះ បញ្ហាសុខភាពមាតានិងទារកមានសុខភាពល្អនិងប្រសើរឡើងច្រើន ជាពិសេសតាមរយៈទិន្នន័យអត្រាស្លាប់មាតាមានការថយចុះគួរឲ្យកត់សម្គាល់គឺពី ៤៧២ នាក់ ក្នុងចំណោមកុមារកើតរស់ ១០ ម៉ឺននាក់ ក្នុងឆ្នាំ ២០០៥ មកត្រឹម ១៧០ នាក់ ក្នុងចំណោមកុមារកើតរស់ ១០ ម៉ឺននាក់ ឆ្នាំ ២០១៤ ពោលគឺឆ្មបវិជ្ជាជីវៈដើរតួនាទីសំខាន់ណាស់ក្នុងរឿងនេះ។ ជាមួយគ្នានេះដែរឥរិយាបថរបស់ឆ្មបក្នុងការមើលថែទាំអតិថិជនក៏មានការប្រសើរជាងមុនផងដែរ។
រីឯឆ្មបបុរាណសល់ពីដូនតាដែលតែងបង្កហានិភ័យនិងខ្លះបង្កគ្រោះថ្នាក់ដល់ស្លាប់មាតា និងទារកពេលឆ្លងទន្លេនោះក៏ត្រូវបានបញ្ឈប់មិនឲ្យបន្តសម្រាលតាមភូមិបានស្ទើរតែទាំងស្រុងផងដែរ។
តាមរយៈនេះគេក៏ហាក់ដូចជា លែងឮការប្រើពាក្យថា បើស្អប់នរណាម្នាក់ ស្អប់ដល់ឆ្មបទៀតដែរ ដែលការលើកពាក្យនេះមកប្រើពីមុនគឺដោយសារតែឆ្មបខ្លះតែងមានឥរិយាបថ និងការប្រើពាក្យសម្តីអសុរោះចំពោះស្ត្រីពេលគាត់មកឆ្លងទន្លេឬពេលមានអាការឈឺពោះមុនពេលសម្រាល។
ជាការពិតណាស់ ការដែលប្រើពាក្យសម្តីអសុរោះថា៖ «ពេលដេកជាមួយគ្នាស្រួល ដល់មកឆ្លងទន្លេថ្ងូរឈឺ!» គឺជាពាក្យចំអកបែបលេងបន្លំមែន ចំពោះស្ត្រីដែលមកសម្រាលកូននៅមណ្ឌលសុខភាពឬក៏មន្ទីរពេទ្យទាំងទីក្រុងឬនៅជនបទក៏ពិតមែន តែគំនិតចាស់គំរឹលបែបនេះជារបាំងមួយដ៏ធំដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះមានការឈឺចាប់ខាងផ្លូវចិត្តជាខ្លាំង។
ស្ត្រីខ្លះ បើទោះបីជាដឹងថា ទៅរកឆ្មបបុរាណប្រឈមនឹងបញ្ហាគ្រោះថ្នាក់ខ្ពស់ក៏ដោយក៏សុខចិត្តទៅដែរពោលគឺដាច់ខាតមិនទៅរកសេវាជាមួយឆ្មបជំនាញនៅមណ្ឌលសុខភាពឬក៏នៅមន្ទីរពេទ្យបង្អែកនោះទេ ដោយសារតែពាក្យត្រឹមប៉ុន្មានម៉ាត់ដូចខាងលើនេះ។ ម្យ៉ាងប្រសិនបើគាត់ទៅឆ្លងទន្លេជាមួយឆ្មបបុរាណគឺយាយៗគាត់ប្រើពាក្យទន់ភ្លន់លើកទឹកចិត្តស្ត្រីមានផ្ទៃពោះដើម្បីបំភាន់កុំឲ្យមានអារម្មណ៍ឈឺចាប់ខ្លាំង។
បើពិនិត្យមើលទៅរបាយការណ៍របស់គណៈឆ្មបកម្ពុជានៅឆ្នាំ ២០១២ ក៏បានលើកពីបញ្ហាឥរិយាបថ របស់ឆ្មបនេះជាសំខាន់ផងដែរ លើផ្នែកក្រមសីលធម៌ ដោយសារមិនគោរពស្ត្រីមានផ្ទៃពោះនិងគ្រួសាររបស់គាត់។
បើទោះបីជាក្នុងរបាយការណ៍មិនបានលម្អិតពីការប្រើពាក្យអសុរោះក៏ដោយក៏មកទល់ពេលនេះនៅមានឆ្មបជំនាញវិជ្ជាជីវៈមួយចំនួននៅតែច្រឡំប្រើពាក្យសម្តីអសុរោះតិចៗនៅនឹងត្រចៀកទៅកាន់ស្ត្រីដែលឈឺពោះ ឬយំនៅពេលមកសម្រាលកូនដែរ។ នេះគឺជាអ្វីដែលខ្ញុំឮផ្ទាល់ត្រចៀកពេលខ្ញុំមកសួរសុខទុក្ខមិត្តភក្តិ និងបងប្អូនដែលមកឆ្លងទន្លេនៅពេទ្យនិងមណ្ឌលសុខភាពនៅឯស្រុកកំណើត។
តើគណៈឆ្មបកម្ពុជាអាចដាក់ផែនការយ៉ាងដូចម្តេចដើម្បីឲ្យពលរដ្ឋដែលជាអតិថិជនមានជំនឿមកលើឆ្មបវិជ្ជាជីវៈថា លែងប្រើពាក្យអសុរោះបន្តទៅទៀតនោះ?
ចំណុចនេះក៏ជាផ្នែកមួយដែលធ្វើឲ្យអ្នកមានលទ្ធភាពគេសុខចិត្តទៅឆ្លងទន្លេនៅប្រទេសថៃឬក៏ទៅប្រទេសសិង្ហបុរី ផងដែរ ដោយសារតែគេធុញទ្រាន់មិនចង់ឮពាក្យអសុរោះបែបនេះ បើទោះណាជាមិនបានចំអកឲ្យអតិថិជនចំពោះមុខក៏ដោយ ក៏គេលែងចង់ឮពាក្យប៉ុន្មានម៉ាត់ហ្នឹងទៀតដែរ។
បើតាមអ្នកជំងឺនិងអតិថិជនដែលធ្លាប់ទៅពិនិត្យជំងឺនៅប្រទេសជិតខាងយើងគឺមិនថាគ្រូពេទ្យឬក៏ឆ្មបទេគឺគេប្រើពាក្យសម្តីសមរម្យណាស់។ អ៊ីចឹងហើយបានជាប្រើបច្ចេកទេសលើកកម្ពស់ទីផ្សាររបស់មន្ទីរពេទ្យគឺផ្ទុយពីពេទ្យឬក៏ឆ្មបជំនាញយើងខ្លះ លុយមិនសូវចង់បានប៉ុន្មានទេ ឲ្យតែបានលើសពាក្យ ១ ម៉ាត់ក៏សុខចិត្តដែរ ព្រោះពួកគាត់ចង់បានអំណាចឲ្យគេកោត ឲ្យគេខ្លាចដោយសារប្រើពាក្យទាំងនោះ។ តើឆ្មបជំនាញចង់បានអ្វីទៀត បើរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមលើកទឹកចិត្តជួយសម្រាលស្ត្រីបានកូន ១ គឺ ៦ ម៉ឺនរៀល?
ម្យ៉ាងទៀត ថ្មីៗនេះរាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីក្រីក្រមានផ្ទៃពោះមកឆ្លងទន្លេនៅមណ្ឌលសុខភាពរហូតដល់ ៧០ ម៉ឺនរៀល គឺចាប់ពីការមកទទួលសេវាពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពរហូតដល់ឆ្លងទន្លេរួចមានសុខភាពល្អ។ និយាយឲ្យចំគឺថវិកាទាំងនេះនឹងបានមកមណ្ឌលសុខភាពខ្លះដែរ តាមរយៈសេវាហិរញ្ញប្បទានដែលជួយដល់ឆ្មបជំនាញវិញដដែលទេ។
ទាក់ទងនឹងបញ្ហានេះ ស្រុកប្រតិបត្តិសុខាភិបាលអង្គរជុំខេត្តសៀមរាបធ្លាប់បានធ្វើពិធីជប់លៀង ១ កាលពីឆ្នាំ ២០១៥ ហើយបានប្រកាសថា ស្រុកប្រតិបត្តិអង្គរជុំលែងមានឆ្មបបុរាណសម្រាលកូនទៀតហើយរីឯការបម្រើសេវាគឺមានពេញលេញ ២៤ ម៉ោង /២៤ ម៉ោង។
តាមរយៈបទពិសោធដ៏ល្អនេះគឺស្រុកប្រតិបត្តិក៏បានដាក់ផែនការអនុវត្តជាយុទ្ធសាស្ត្រក្នុងការកែប្រែឥរិយាបថរបស់ឆ្មបជំនាញផងដែរ ដោយប្រកាសដាក់ពិន័យដល់ឆ្មបជំនាញណាដែលប្រើពាក្យអសុរោះចំពោះអតិថិជនដោយត្រូវទទួលពិន័យរដ្ឋបាលនិងដាក់ទណ្ឌកម្ម ហើយប្រសិនបើមិនរាងចាលនៅតែប្រើពាក្យសម្តីគំរោះគំរើយបែបហ្នឹងបន្តទៀតគឺលើកទី១ កាត់ប្រាក់ហិរញ្ញប្បទានដែលរកបានពាក់កណ្តាល។ នេះបើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត ម៉ក់ សំអឿន ប្រធានស្រុកប្រតិបត្តិអង្គរជុំ។
សរុបមកវិញ ក្រសួងសុខាភិបាល និងអង្គការដៃគូតែងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមជូនដល់ឆ្មបវិជ្ជាជីវៈនិងគ្រូពេទ្យនូវមុខវិជ្ជាការស្វែងយល់ពីឥរិយាបថរបស់អតិថិជន (Consumer Behaviors) និងការគ្រប់គ្រងដែលទាក់ទាញអតិថិជន (Customer Relations Management) ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់ មិនត្រឹមតែចេះថែទាំអ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែគឺត្រូវតែចេះថែរក្សានិងទាក់ទាញអតិថិជនរបស់ខ្លួនផងដែរជាជាងការប្រើពាក្យអសុរោះបែបវាយបំបែកឆ្នាំងបាយរបស់ខ្លួនឯង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com