
សកម្មភាពប្រើហិង្សាលើសាស្ត្រាចារ្យ ស៊ុយ សារ៉េត កន្លងមក ដោយសារដឹងព័ត៌មានមិនច្បាស់។ ហ្វេសប៊ុក
មកទល់យុគសម័យបច្ចេកវិទ្យាទំនើបគឺសម្បូរទៅដោយព័ត៌មានបោះពុម្ពតាមក្រដាសកាសែតក៏មាន តាមឌីជីថលបែបផ្សព្វផ្សាយអនឡាញ វេបសាយ App និងតាមព័ត៌មានសង្គមហ្វេសប៊ុកផង តាមធ្វីធើរផង តាមអ៊ីនស្តាក្រាម និងតាមលីងអ៊ីន ក៏មានដែរ...។
ម្នាក់ៗទទួលបាននូវព័ត៌មានគ្រប់រឿងដោយសេរីឲ្យតែមានគេផ្សព្វផ្សាយ និងមានសេវាអ៊ីនធឺណិតភ្ជាប់មើលតាមទូរស័ព្ទស្មាតហ្វូនក៏បានមិនបាច់តែប្រើកុំព្យូទ័រឬក៏ Tablet នោះទេ តែអ្វីដែលសំខាន់គឺព័ត៌មានទាំងនោះ ពិតឬក៏ក្លែងក្លាយ? តើព័ត៌មានក្លែងក្លាយធ្វើឲ្យប៉ះពាល់ដល់មុខមាត់ឬក៏គ្រោះថ្នាក់អ្វីខ្លះដល់បុគ្គល?គ្រួសារ?សហគមន៍?កម្រិតជាតិ និងអន្តរជាតិ?
ជាក់ស្តែង មានរឿងជាច្រើនដែលពាក់ព័ន្ធនឹងព័ត៌មានមិនពិតឬក៏ក្លែងក្លាយ ដូចករណី កាលពីឆ្នាំមុន លោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត បង្រៀននៅសាកលវិទ្យាល័យមួយចំនួនបើករថយន្តបុកគេនៅរាជធានីភ្នំពេញរួចបានបើករត់ តែត្រូវយុវជនមួយក្រុមដេញតាមដោយចោទលោកថា បានបុកគេស្លាប់ រួចបើករត់គេច។
ភ្លាមៗនោះ ក៏មានសារព័ត៌មានអនឡាញ និងវីដេអូហ្វេសប៊ុកផេច ២ ដែលមានគេនិយមមើលដែរនោះ បានផ្សាយបន្តផ្ទាល់ និងបានរាយការណ៍ភ្លាមៗថា មានជនរងគ្រោះស្លាប់ ២ នាក់ហើយបន្ទាប់ពីឃាត់រថយន្តលោកសាស្ត្រាចារ្យ ស៊ុយ សារ៉េត បានភ្លាម គឺក្រុមយុវជនបានចូលវាយកម្ទេចរថយន្តទំនើបរបស់លោក និងវាយលើរាងកាយលោកបណ្ដាលឲ្យរបួសប៊ិះនឹងស្លាប់ ហើយពួកគេក៏ឆ្លៀតចូលលួចរបស់របរតាំងពីទូរស័ព្ទ iPad គ្រឿងអលង្ការ និងលុយទៀតផង។
ប៉ុន្តែបន្ទាប់មកទើបដឹងថា មិនមានអ្នកស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍នោះទេគឺគ្រាន់តែមានរបួសស្រាលប៉ុណ្ណោះ រីឯព័ត៌មានដែលថាបុកស្លាប់ ២ នាក់នោះក៏មិនបានដកស្រង់សម្ដីចេញពីសមត្ថកិច្ចនគរបាលដែរ។
ចំណែកអត្ថបទដែលបង្ហោះព័ត៌មានមិនពិតនោះក៏មិនបានដកចេញវិញដែរ ថ្វីបើសមត្ថកិច្ចស្វែងរកចាប់ខ្លួនជនដៃដល់នៅក្នុងហេតុការណ៍នោះក៏ដោយ។
ដោយឡែកថ្មីៗនេះ ក៏មានករណីបង្ហោះសារតាម Messenger តៗគ្នាថា ភេសជ្ជៈខារ៉ាបាវធ្វើឲ្យពុលមនុស្ស ៤ ទៅ ៥ នាក់នៅខេត្តព្រះសីហនុសូមស៊ែរជាបន្ទាន់។
ក្នុងករណីនេះគឺជនមួយក្តាប់តូចជាអ្នកឃោសនាបង្ខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុនគេដើម្បីឲ្យក្រុមហ៊ុនឬក៏បុគ្គលខ្លួនបានប្រយោជន៍ពីការវាយប្រហារផលិតផលស្របច្បាប់របស់គេ។ អ៊ីចឹងករណីនេះតើមានសមត្ថកិច្ចណាដែលអះអាងថាជាការពុលដោយសារផលិតផលរបស់គេនោះ? ហើយបែរមកមើលសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវវិញបានគេនិយាយថាម៉េចមុននឹងជឿថា ព័ត៌មានបែបនេះពិត? តើក្រុមហ៊ុនដោះស្រាយយ៉ាងដូចម្តេច? ព្រោះភេសជ្ជៈខារ៉ាបាវក្រុមហ៊ុនបានចុះបញ្ជិកា និងបង់ពន្ធត្រឹមត្រូវ មានបុគ្គលិកធ្វើការស្របច្បាប់។
ប៉ុន្តែយ៉ាងណាក៏ដោយក៏មានព័ត៌មានពិតដែរ ក្នុងនោះមានករណីប៉ះពាល់សុខភាពកុមារម្នាក់ឬក៏ ២ នាក់នៅពេលមានបាក់តេរីក្នុងម្សៅទឹកដោះគោ Dumex ប៉ុន្តែភ្លាមនោះក្រុមហ៊ុនបានពិសោធផលិតផលនោះរួចក៏បានប្រមូលយកម្សៅទាំងនៅក្នុងកំប៉ុងដែលមានធ្វើឲ្យប៉ះពាល់សុខភាពកុមារនោះទាំងអស់។
ទន្ទឹមនឹងនេះក្រុមហ៊ុនអន្តរជាតិមួយនេះបានចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ភ្លាមៗហើយបានសងសំណងទៅអ្នកប្រើប្រាស់វិញ ហើយក្រោយមកក្រុមហ៊ុនបានដោះស្រាយបញ្ហាគីមី រួចក៏ឲ្យដាក់លក់ឡើងវិញ និងបានសួរអតិថិជនដោយតម្លាភាពថា តើមានបញ្ហាអ្វីទៀតឬក៏អត់?
ប៉ុន្តែបើនិយាយពីផលិតផលស្រាថ្នាំប៉ូវកម្លាំង គ្រឿងសម្អាង និងឱសថសម្រកទម្ងន់វិញគឺផ្សព្វផ្សាយព័ត៌មានប្រឌិតថារបស់ខ្លួនសុទ្ធតែល្អ និងដាក់លក់តាមអនឡាញ និងហ្វេសប៊ុកជាហូរហែបើទោះបីជាក្រសួងសុខាភិបាល និងក្រសួងព័ត៌មានជារឿយៗបានហាមឃាត់ជាលាយលក្ខណ៍អក្សរថាជាថ្នាំឬក៏គ្រឿងសម្អាងមិនមានចុះបញ្ជិកាត្រឹមត្រូវក៏ដោយ ក៏មិនស្តាប់ដែរ។
ម្យ៉ាងទៀតព័ត៌មានក្លែងក្លាយជាងគេនោះគឺព័ត៌មានដែលអ្នកគាំទ្រគណបក្សនយោបាយម្ខាងៗ ខិតខំកាត់តតាំងពីរូបភាព ក្លែងលិខិត និងកាត់តពាក្យសម្តីឬក៏ដកស្រង់សម្តីពីបុគ្គលណាម្នាក់ខុសធ្វើយ៉ាងណាឲ្យគូបដិបក្ខស្អុយឈ្មោះហើយចោទគ្នាទៅវិញទៅមកតាមរបៀបកេងចំណេញខាងនយោបាយរៀងៗខ្លួន។
រីឯករណីខ្លះទៀត អ្នកសារព័ត៌មានមួយចំនួនបានសរសេរបែបបន្លំព័ត៌មានដោយអ្នកខ្លះយកគំនិតខ្លួនឯងមកបញ្ចេញបញ្ចូលជាមួយអត្ថបទដោយមិនបានធ្វើតាមវិជ្ជាជីវៈដែលតម្រូវឲ្យដកស្រង់ពាក្យសម្តីពីបុគ្គលឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍លោកសាស្ត្រាចារ្យ ស៊ុយសារ៉េត ខាងលើគឺអ្នកកាសែតខ្លួនឯងហ្នឹងបំផ្លើសថា មានអ្នកស្លាប់ ២ នាក់។
ផ្ទុយទៅវិញ បើចង់សរសេរបែបបញ្ចេញទស្សនៈនោះគឺសរសេរបែបអត្ថបទវិភាគ វិចារណកថាឬក៏ជាលិខិតមិត្តអ្នកអានពិតៗទៅ ព្រោះមានម្ចាស់ត្រឹមត្រូវ ប្រសិនបើគាត់សរសេរព័ត៌មានមិនពិតតែ ៣ ទៅ ៤ ដង គេលែងអានរបស់គាត់ហើយ។
ករណីព័ត៌មានមិនពិតនេះក៏ជាការព្រួយបារម្ភដល់កម្រិតតំបន់ និងអន្តរជាតិផងដែរ ជាពិសេសគឺទាក់ទងនឹងការចូលលួចទិន្នន័យហើយបញ្ចេញព័ត៌មានក្លែងក្លាយបង្ខូចកេរ្ដិ៍ឈ្មោះរបស់ក្រុមហ៊ុនគេ តាមរយៈ Hacker និងCyber។ សូម្បីតែមន្ទីរពេទ្យឯកជនសិង្ហបុរីឈ្មោះ SingHealth ក៏ត្រូវបានគេហេកចូលបានទិន្នន័យអ្នកជំងឺ ១ លានកន្លះដែរកាលពីឆ្នាំមុនតែបែរជាផ្សាយព័ត៌មានផ្សេងក្នុងនោះក៏មានទិន្នន័យពីលោក Lee HsienLoong នាយករដ្ឋមន្ត្រីសិង្ហបុរីផងដែរ។
ព័ត៌មានក្លែងក្លាយលក្ខណៈអន្តរជាតិខ្លះក៏បង្ខូចកេរ្តិ៍ឈ្មោះបុគ្គលដែរ ដូចកាលពីឆ្នាំមុនល្បីថា តួកុនហូលីវូដល្បីឈ្មោះរ៉ាំបូក៏ត្រូវបានគេផ្សាយថា គាត់បានទទួលមរណភាពដោយសារជំងឺមហារីក តែធាតុពិតព័ត៌មានអន្តរជាតិបានផ្សាយបញ្ជាក់ថា លោកនៅរស់នៅឡើយទេ។
បើទោះបីជាច្បាប់គ្រប់គ្រងព័ត៌មានក្លែងក្លាយ និង Cyber មិនទាន់ត្រូវបានអនុម័តក៏ដោយ ក៏យើងអាចកត់សម្គាល់បានមួយចំនួនធំដែលជួយកំណត់ប្រភេទព័ត៌មានក្លែងក្លាយឬក៏ព័ត៌មានពិត ហើយត្រូវដោះស្រាយដូចម្តេចបើមិនដឹងថាព័ត៌មានមិនពិតនោះ?
១) ត្រូវផ្ទៀងផ្ទាត់នូវសារនៅក្នុងអត្ថបទព័ត៌មានចេញផ្សាយភ្លាមៗថា តើវាជាពាក្យសម្តីរបស់សមត្ថកិច្ចពាក់ព័ន្ធឬក៏ថ្នាក់ដឹកនាំស្ថាប័នណាមួយឬក៏ជាពាក្យចចាមអារ៉ាមឮគេថា?គឺយើងអាចធ្វើតេស្តនៅលើ Google ដោយវាយឈ្មោះចំណងជើងឬក៏ឈ្មោះជនល្មើសឬក៏ជនរងគ្រោះបើចេញមកពីស្ថាប័នសារព័ត៌មានវិជ្ជាជីវៈដែលមានប្រភពព័ត៌មានច្បាស់លាស់និងមានលក្ខណៈទូលំទូលាយក៏ចេញដែរ គឺព័ត៌មានហ្នឹងពិតអាចទទួលយកបានហើយ។
២) ត្រូវញែកឲ្យដាច់រវាង អត្ថបទមួយណា ប្រភេទដកស្រង់ពាក្យសម្តី មានប្រភពច្បាស់លាស់គឺពិត និងមួយណាជាប្រភេទអ្នកកាសែតចង់សរសេរដោយខ្លួនឯងហើយគ្រាន់តែឮគេថា ជាពាក្យចចាមអារ៉ាម
ហើយសរសេរសន្មតយកតែម្តងគឺព័ត៌មានមិនពិតទេ។
៣) អ្នកសរសេរបែបអត្ថបទវិភាគដោយផ្អែកលើការស្រាវជ្រាវគឺមានសំណួរការគិតដោយពិចារណាថា តើមានប្រវត្តិជាក់ស្តែង ទិន្នន័យជាក់ស្តែង និងបច្ចុប្បន្នភាពហើយឬនៅ? ឧទាហរណ៍ថា ពលរដ្ឋខ្មែររស់នៅក្រោមបន្ទាត់ភាពក្រីក្រគឺ ៣០ ភាគរយ។ ករណីនេះគឺអ្នកអានសួរថា ៣០ ភាគរយហ្នឹងនៅឆ្នាំណា? ប្រភពមកពីណា? យកមកប្រៀបធៀបជាមួយអ្វី?
បើបច្ចុប្បន្នភាពនេះធនាគាអភិវឌ្ឍន៍អាស៊ី (ADB) បានរកឃើញថា ធ្លាក់ចុះមកដល់ ១៣,៥ ភាគរយនៅឆ្នាំ ២០១៦ មកហើយនោះ។ ហេតុអ្វីបានជាធ្លាក់មក ៣០ ភាគរយវិញ? អ៊ីចឹងឲ្យអ្នកសរសេរអត្ថបទកាសែតឬក៏ព័ត៌មានដែលផ្សាយនោះ បញ្ជាក់ពីហេតុផល និងប្រភពច្បាស់លាស់។
៤) រីឯព័ត៌មានប្រកួតប្រជែងលក្ខណៈនយោបាយវិញ អ្នកអានគួរតែមើលលក្ខណៈពិតជាក់ស្តែង តើវាជាលក្ខណៈបរិហារកេរ្ដិ៍ទៅវិញទៅមកឬក៏ការបរិយាយរបស់មេបក្សចេះតែថា? អ៊ីចឹងគួរតែតាមដានប្រវត្តិរបស់អ្នកដឹកនាំនយោបាយនោះថា ជាទូទៅគាត់និយាយពិតប៉ុនណា? មិនមែនឲ្យតែបក្សខ្លួនស្រឡាញ់និយាយអ្វីក៏សុទ្ធតែត្រូវ និងពិតនោះទេ។
៥) បើព័ត៌មានអន្តរជាតិវិញគឺវាយអក្សរជាភាសាអង់គ្លេសនៅលើ Google នូវសាច់រឿងដែលមានពាក្យគន្លឹះ និងឈ្មោះអ្នកប្រព្រឹត្តក៏បានដែរ ហើយយើងនឹងឃើញព័ត៌មានស្តង់ដារបានចេញមកព្រោងព្រាតឬក៏អត់ចេញ។ បើចេញមកព្រាតនោះគឺមានលក្ខណៈត្រឹមត្រូវភាគច្រើនហើយ។
៦) បទពិសោធដ៏ល្អរបស់គម្រោងឈ្មោះគម្រោងព័ត៌មានពិត និងមិនពិត (Fact or Fake project) របស់ក្រុមយុវជន YSEALI នៅតាមហ្វេសប៊ុកផេចដែលកំពុងពង្រឹងសមត្ថភាពរបស់ខ្លួន និងកំណត់អ្វីដែលជាព័ត៌មានពិត និងអ្វីជាព័ត៌មានក្លែងក្លាយដើម្បីផ្សព្វផ្សាយបន្តឲ្យសាធារណជនស្វែងយល់កាន់តែច្បាស់គឺចៀសវាងយកព័ត៌មានក្លែងក្លាយមកផ្សព្វផ្សាយបន្តដែលជាហេតុធ្វើឲ្យសាធារណជនយល់ច្រឡំ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com