The Phnom Penh Post Search

Search form

តើ​យុវវ័យ​ហ៊ាន​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​ ​បណ្តាល​មកពី​ការ​រួមភេទ​មុន​ថ្ងៃ​រៀបការ?

បុរស​រងគ្រោះ​ត្រូវ​អតីត​គូ​សង្សារ​វាយប្រហារ​ដោយ​ទឹកអាស៊ីត​កាលពី​សប្តាហ៍​មុន​។
បុរស​រងគ្រោះ​ត្រូវ​អតីត​គូ​សង្សារ​វាយប្រហារ​ដោយ​ទឹកអាស៊ីត​កាលពី​សប្តាហ៍​មុន​។ រូបថត សហការី

តើ​យុវវ័យ​ហ៊ាន​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​ ​បណ្តាល​មកពី​ការ​រួមភេទ​មុន​ថ្ងៃ​រៀបការ?

បញ្ហា​អំពើ​ហិង្សា​យេនឌ័រ​ (បុរស ឬ​ក៏​ស្រ្តី) ​ដោយសារ​ការ​ជះ​ទឹក​អាស៊ីត​ជាទូទៅ​កើតឡើង​ចំពោះ​ស្នេហា​ត្រីកោណ​ជា​មនុស្ស​ប្រុស​ចាស់​មាន​ប្រពន្ធ​ហើយ​មាន​ស្រី​ក្មេង ឬ​ក៏​តារា​ស្ត្រី​វ័យក្មេង​ទៀត​ហើយ​ការ​ជះ​នោះ​គឺ​ច្រើន​ស្ត្រីៗ​ជះ​ដាក់​គ្នា​ដោយសារ​ភ្លើង​ប្រចណ្ឌ។

តែ​ករណី​ជះ​ទឹក​អាស៊ីត​ដាក់​ចំពោះ​អតីត​គូ​សង្សារ​ថ្មី​របស់​យុវវ័យ​កាលពី​សប្តាហ៍​មុន​ហាក់បី​ដូចជា​រឿង​ចម្លែក​ថ្មី​ក្នុង​ចំណោម​យុវវ័យ​ដែល​ពួកគេ​ស្រឡាញ់​គ្នា​ហើយ​តាម​ធម្មតា​បើ​បែក​គ្នា​វិញ​គេ​តែង​វាយតប់​គ្នា​ជាមួយ​អ្នក​ទី ៣ ឬ​មួយ​ពួកគេ​ប៉ុនប៉ង​ធ្វើ​អត្តឃាត​តែ​ម្តង​ពួកគេ​មិន​ដែល​ប្រព្រឹត្ត​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​ទេ។

តើ​មូលហេតុ​អ្វី​បាន​ជា​យុវវ័យ​ជា​អតីត​គូ​សង្សារ​នឹង​គ្នា​ចាប់ផ្តើម​មាន​គំនិត​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា​ទៅ​វិញ​?

ការ​ស្រឡាញ់​គ្នា​របស់​យុវវ័យ​វា​ជា​ធម្មជាតិ​របស់​មនុស្ស​សួរ​ថា​ តើ​ការ​ស្រឡាញ់​របស់​ពួកគាត់​នោះ​ដល់​កម្រិត​ណា?​ ត្រឹម​តែ​ពាក្យ​ថា​ស្រឡាញ់ ឬ​ក៏​ឈាន​ដល់​ការ​រួមភេទ​មុន​ពេល​រៀបការ​?

ជាទូទៅ​យុវវ័យ​បើ​ត្រឹម​តែ​ពាក្យ​ថា​ស្រឡាញ់​អាច​កែប្រែ​បាន​អាច​ឈប់​ស្រឡាញ់​គ្នា​បាន​ហើយ​ក៏​គ្មាន​ការ​ឈឺចាប់​ដែរ​បើ​ទោះ​ជា​មាន​ការ​ឈឺចាប់​ក៏​បន្តិច​បន្តួច​ហើយ​រសាយ​ទៅវិញ​បាត់​ដែរ​ព្រោះ​គ្មាន​ការ​លះបង់​ខូច​ខ្លួន​ប្រាណ​នោះ​ទេ។ តែ​បើ​យុវវ័យ​ជ្រុល​ខ្លួន​ដល់​ថ្នាក់​រួមភេទ​មុន​ពេល​រៀបការ​ហើយ​បន្ទាប់​មក​មាន​លក្ខណៈ​បញ្ចេញ​លក្ខណៈ​បោកប្រាស់​ដោយ​មាន​ការ​ចាកចេញ​ពី​ដៃគូ​សង្សារ​នឹង​គ្នា​ដោយ​គ្មាន​ស្តាយ​ស្រណោះ​ហើយ​ទៅ​ដៃគូ​មួយ​ទៀត ​គឺ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​មាន​ការ​ឈឺចាប់​ខ្លាំង​ណាស់​ហើយ​ខ្មាស់​គេ​ទៀត​នេះ​សម្រាប់​ទម្លាប់​នៅ​ស្រុក​ខ្មែរ​ពួកគេ​អាច​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ហើយ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្លួន​ចង់​ដើម្បី​សងសឹក។

ផ្អែក​តាម​ការ​សិក្សា​ស្រាវជ្រាវ​ជា​លក្ខណៈ​និក្ខេបបទ​ថ្នាក់​អនុបណ្ឌិត​របស់​ខ្ញុំ​កាលពី​ឆ្នាំ​ ២០០៨ ស្តី​អំពី​ផលប៉ះពាល់​ពី​ការ​រួមភេទ​មុន​ពេល​រៀបការ​ក្នុង​ចំណោម​យុវវ័យ​បាន​បង្ហាញ​ថា​បញ្ហា​ជាច្រើន​គឺ​យុវវ័យ​ប្រុស​ជា​អ្នក​បង្ក​ឲ្យ​យុវនារី​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​បែក​គ្នា​ហើយ និង​មាន​ការ​សងសឹក​គ្នា​ពេល​ក្រោយ​។

ដូចជា​យុវវ័យ​ប្រុស​បាន​ប្រើ​ពាក្យ​ថា៖ «ម្ហូប​ដែល​គេ» មាន​ន័យ​យុវវ័យ​រូប​នោះ​គាត់​បាន​រួមភេទ​ជាមួយ​មិត្តស្រី​ហើយ​គេ​ចង់​ដើរ​ចេញ​ពី​មិត្តស្រី និង​និយាយ​ពាក្យ​នេះ​ទៅ​កាន់​មិត្តភក្តិ​របស់​គេ​ថា​ខ្លួន​បាន​រួមភេទ​ជាមួយ​មិត្តស្រី​ហើយ​ថែម​ទាំង​ចំអក​ថា​មិន​មាន​អ្នក​ណា​រៀបការ​ជាមួយ​ទៀត​ទេ​ធ្វើឲ្យ​យុវនារី​ខូច​ចិត្ត​មាន​ចិត្ត​ចង់​ធ្វើ​អ្វី​ផ្សេង​ដែល​ផ្ទុយ​ពី​ច្បាប់​​ និង​សងសឹក​ដោយ​ប្រើ​អំពើ​ហិង្សា។​

ម្យ៉ាង​វិញ​ទៀត​ផលប៉ះពាល់​ពី​ការ​រួមភេទ​មុន​ពេល​រៀបការ​នេះ​ក៏​រកឃើញ​មាន​បញ្ហា​ផ្សេង​ទៀត​ការ​មាន​ផ្ទៃ​ពោះ​មុន​ពេល​រៀបការ​ការ​ហៅ​មិត្តភក្តិ​មក​រំលោភ​មិត្តស្រី​របស់​ខ្លួន និង​ការ​ជួញដូរ​សង្សារ​ខ្លួនឯង​ក៏​មាន​នៅពេល​ដែល​យុវជន​​នោះ​ចង់​បែក​ចិត្ត​ពី​មិត្តស្រី​របស់​គេ​។

នេះ​គឺជា​ឫសគល់​បញ្ហា​ទំនាក់​ទំនង​ស្នេហា​របស់​យុវវ័យ​តែ​ការ​ដែល​យក​កំហឹង​មក​សងសឹក​​គ្នា​របស់​យុវវ័យ​តាមរយៈ​ការ​ជះ​ទឹក​អាស៊ីត​​ដាក់​គ្នា​នេះ​គឺ​មិន​មែន​ជា​ដំណោះស្រាយ​ទេ​តែ​បែរ​ទៅ​ជា​សកម្មភាព​មនុស្ស​ឃាត​ដោយ​ចេតនា​ទៅ​វិញ​គឺ​អនុវត្ត​ច្បាប់​គ្រប់គ្រង​អាស៊ីត​ខ្លាំង​ដែល​អនុម័ត​តាំងពី​ឆ្នាំ ២០១២ និង​អនុក្រឹត្យ​កំណត់​ការ​លក់​សារធាតុ​អាស៊ីត​តាំង​ពី​ឆ្នាំ​ ២០១៣ ​​មក​ម្ល៉េះ​។

ជាង​នេះ​ទៅ​ទៀត​ស្ថាន​ទម្ងន់​ទោស​ធ្ងន់ធ្ងរ​ពី​ ១៥ ឆ្នាំ​ដល់​ឆ្នាំ​ ៣០ ​ឆ្នាំ ឬ​ក៏​ឈាន​ដល់​ជាប់គុក​អស់​មួយ​ជីវិត​ដូច​ករណី​ការ​ជះទឹក​អាស៊ីត​ដែល​បណ្តាល​ឲ្យ​សា្លប់​កាលពី​ខែ​មីនា​ឆ្នាំ​នេះ​ជន​ប្រព្រឹត្ត​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់គុក​មួយ​ជីវិត​។ រីឯ​ការ​ពិន័យ​ក៏​ធ្ងន់ធ្ងរ​ដែរ​ទៅ​តាម​បរិមាណ​របស់​អាស៊ីត​ខ្លាំង​នោះ​តាំងពី​ការ​ទិញ លក់ យួរ ទុក​ដាក់​គឺ​ផាក​រហូត​ដល់​ពី ២០ លាន​ដល់​ ៥០ ​លាន​រៀល​។

នៅពេល​ដែល​មាន​ករណី​កើត​ហេតុ​ដោយ​ជះ​ទឹក​អាស៊ីត​ដោយ​យុវនារី​ដែល​ជា​អតីត​មិត្ត​ប្រុស​មក​ស្រោច​លើ​ក្បាល​នៅពេល​កំពុង​ជិះ​ម៉ូតូ​ជាមួយ​គ្នា​នោះ​ហើយ​នាង​ក៏​ទទួល​រងគ្រោះ​ដោយ​ទឹក​អាស៊ីត​បន្តិច​ដែរ។

សំណួរ​សួរ​ថា​ការ​ជួយ​សង្ត្រោះ​ភ្លាមៗ​គឺជា​កាតព្វកិច្ច​មួយ​ហើយ​តែ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​មិន​ចាប់​ខ្លួន​ជនល្មើស​ដែល​ជា​យុវនារី​នោះ​ភ្លាមៗ ឬ​ក៏​មាន​ការ​សហការ​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ ឬ​ក៏​គ្លីនិក​ឯកជន​ដែល​ទទួល​ឲ្យ​សម្រាក​នោះ​? តើ​ជនល្មើស​នោះ​ចាកចេញ​ដោយ​វិធី​ណា?​ ហើយ​ថត​បង្ហោះ​ហ្វេសប៊ុក​ឌឺ​ទៀត?

ព្រោះ​ករណី​ជាក់​ស្តែង​បែប​នេះ​គឺ​ការ​ជួយ​សង្គ្រោះ​​​ជា​រឿង​មួយ​តែ​ដៃ​ជន​ល្មើស​នោះ​ត្រូវ​តែ​វាយ​ខ្នោះ​រួច​ជា​ស្រេច​ដើម្បី​ចងក្រង​សំណុំ​រឿង​ទៅ​តុលាការ។

ចំពោះ​បញ្ហា​នេះ​សមត្ថកិច្ច​គួរ​តែ​ស៊ើបអង្កេត​ចាប់​ខ្លួន​ជនល្មើស​ និង​ដោះស្រាយ​ឲ្យ​បាន​ហ្មត់ចត់​ហើយ​ដាក់​ទោសទន្ត​ឲ្យ​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​គ្រប់គ្រង​អាស៊ីត​ដើម្បី​ជា​គំរូ​ដល់​យុវវ័យ​ដទៃ​ទៀត​ឲ្យ​រាង​ចាល​កុំ​ឲ្យ​ប្រព្រឹត្ត​បន្ត​រាលដាល​កាន់តែ​ធំ​ទៅៗ​ក្នុង​ចំណោម​​យុវវ័យ​ហើយ​ប្រសិន​បើ​គ្លីនិក​ណា​ដែល​​នៅ​តែ​មាន​ការ​លាក់បាំង​នូវ​បទល្មើស​បែប​នេះ​ក៏​ត្រូវ​មាន​ចំណាត់ការ​ពី​បទ​ស៊ុម​គ្រលំ​ជាមួយ​ជនល្មើស​មិន​សហការ​ជាមួយ​សមត្ថកិច្ច​។

ករណី​នេះ​គឺ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ចំណោម​យុវវ័យ​ត្រូវ​ស្វែងរក​ឲ្យ​​បាន​ស៊ីជម្រៅ​ទៅលើ​ការ​សម្រេចចិត្ត​មុន​ពេល​រួមភេទ​មុន​ពេល​រៀបការ​ជាមួយ​អ្នក​ណា​ម្នាក់​ដែល​ជា​សង្សារ​របស់​ខ្លួន។ ព្រោះ​បញ្ហា​ទំនាក់ទំនង​ផ្លូវភេទ​នេះ​គឺជា​សកម្មភាព​មួយ​ដែល​មិន​​រំលេច​ចេញ​មក​ខាង​ក្រៅ​ឲ្យ​ឃើញ​ទេ​ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​​ជា​ច្រើន​មាន​ការ​ខ្មាស់​អៀន​មិន​ចង់​និយាយ​ចេញ ឬ​ក៏​សម្តែង​ចេញ​ទេ​តែ​​វា​ជា​រឿង​​មួយ​​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​បំផុត។ មាន​មនុស្ស​ជាច្រើន​ស្អប់​គ្នា​ ច្រណែន​គ្នា និង​ហ៊ាន​ដល់​សម្លាប់​គ្នា​តាមរយៈ​ការ​ជះ​ទឹក​អាស៊ីត​ដាក់​គ្នា ​កាប់​គ្នា​បាញ់​សម្លាប់​គ្នា​ជា​ដើម​គឺ​ដោយសារ​តែ​ទំនាក់ទំនង​ផ្លូវភេទ​ដែរ​។

ហេតុ​ដូច្នេះ​ហើយ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ពី​ការ​សម្រេច​រួមភេទ​នេះ​តាំងពី​ដំបូង​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

អត្ថបទគួរចាប់អារម្មណ៍