កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៩ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញលិខិតណែនាំដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ឲ្យដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានី-ខេត្ត ចំពោះអ្នកប្រកបរបរអាជីវកម្មព្យាបាលជំងឺ និងដើរចាក់ថ្នាំខុសច្បាប់ (គ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ)។ ការចេញលិខិតរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីមានអ្នកជំងឺស្លាប់ជាបន្តបន្ទាប់ប៉ុន្មានសប្តាហ៍នេះ ដោយសារតែគ្រូពេទ្យភូមិអត់មានវិជ្ជាជីវៈ និងអាជ្ញាប័ណ្ណពីក្រសួង ឬក៏មន្ទីរសុខាភិបាល។
សំណួរសួរថា នៅពេលដែលមានចំណាត់ការបង្ក្រាបគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិនេះ តើមន្ទីរសុខាភិបាល ឬក៏ស្រុកប្រតិបត្តិសុខាភិបាលដែលធ្វើការគ្រប់គ្រងផ្នែកសុខាភិបាលផ្ទាល់ នៅមូលដ្ឋាន ធានាច្បាស់ថា សេវាសុខភាព ២៤ ម៉ោងលើ ២៤ ម៉ោងរបស់មណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែករបស់ខ្លួនហ្នឹង បានផ្តល់សេវាគ្រប់គ្រាន់ហើយឬនៅ? នៅពេលពលរដ្ឋមានអ្នកជំងឺយប់ព្រលប់ ទៅមណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យបង្អែកតើមានគ្រូពេទ្យប្រចាំការដែរឬទេ?
បញ្ហាឆ្មបបុរាណ និងគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិនេះមានតាំងពីយូរលុងមកហើយ ហើយពួកគាត់ បានចូលរួមចំណែកសង្គ្រោះអាយុជីវិតអ្នកជំងឺ និងស្ត្រីឆ្លងទន្លេបានច្រើនផងដែរ ខណៈពេលដែលសេវាសុខភាពមូលដ្ឋានមិនទាន់ទៅដល់តំបន់ដាច់ស្រយាល ខ្វះខាតគ្រូពេទ្យជំនាញ ឬក៏មណ្ឌលសុខភាពមិនបើកដំណើរការសេវា ២៤ ម៉ោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងនោះ។
តែថ្មីៗនេះ បន្ទាប់ពីប្រព័ន្ធសុខាភិបាល បានប្រសើរឡើង នៅតាមស្រុកប្រតិបត្តិមួយចំនួនធំ បានបញ្ឈប់ឆ្មបបុរាណ ឲ្យសម្រាលកូននៅតាមភូមិទាំងស្រុង ហើយឲ្យគាត់មានតួនាទី ជាអ្នកជួយបញ្ជូនស្ត្រីមានផ្ទៃពោះមកទទួលសេវានៅមណ្ឌលសុខភាពវិញតែនៅស្រុកប្រតិបត្តិមួយចំនួនតូច នៅមានឆ្មបបុរាណដំណើរការនៅឡើយដោយសារសេវារបស់មណ្ឌលសុខភាពនៅតំបន់ជនបទដាច់ស្រយាលផង សេវាទៅមិនដល់ ម្យ៉ាងស្ត្រីមានផ្ទៃពោះខ្វះមធ្យោបាយធ្វើដំណើរមកមណ្ឌលសុខភាព រីឯស្ត្រីខ្លះ គាត់នៅមានជំនឿជាមួយឆ្មបបុរាណនៅឡើយ។
តែផ្ទុយពីឆ្មបបុរាណគឺគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ ដែលនៅសេសសល់ពីសម័យប៉ុល ពតផង និងខ្លះទៀត មកពីជំរំចេះបន្តិចបន្តួចនេះនៅមានរាយប៉ាយគ្រប់ខេត្ត និងស្រុក គ្រាន់តែនៅខេត្តស្វាយរៀង បន្ទាប់ពីមានករណីចាក់ថ្នាំធ្វើឲ្យអ្នកជំងឺស្លាប់ មន្ទីរសុខាភិបាលខេត្តស្វាយរៀងបានបញ្ជូនបញ្ជីឈ្មោះគ្រូពេទ្យអត់មានអាជ្ញាប័ណ្ណដើរចាក់ថ្នាំតាមភូមិមានចំនួនជិត ៤០០ នាក់ឯណោះទៅតុលាការ។ រឿងគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិនេះ មិនថាតែនៅខេត្តដាច់ស្រយាលទេ សូម្បីតែរាជធានីភ្នំពេញហ្នឹង ក៏នៅតែមានពួកគាត់ដើរចាក់ថ្នាំតាមផ្ទះផងដែរ មានតែកាបូប និងម៉ូតូ ១ ដើរចាក់ថ្នាំបានហើយ។
នេះក៏មកពីមានការឃុបឃិតគ្នា រវាងគ្រូពេទ្យភូមិ អ្នកជំងឺខ្ជិលទៅមណ្ឌលសុខភាព ឬក៏ទៅគ្លីនិកឯកជននៅក្បែរៗផ្ទះទេ ឥឡូវនេះក្លាយទៅជាការប្រកួតប្រជែងគ្នាផងដែរ រវាងគ្រូពេទ្យភូមិ និងគ្រូពេទ្យជំនាញ ធ្វើការនៅពេទ្យរដ្ឋ ហើយដើរចាក់ថ្នាំតាមភូមិដែរ។ បើផ្អែកតាមរបាយការណ៍ ស្តីពីការធ្វើហិរញ្ញវត្ថុការថែទាំសុខភាព នៅអាស៊ី និងប៉ាស៊ីហ្វិក កាលពីឆ្នាំ ២០១១ របស់ធនាគារពិភពលោកបានរកឃើញថា គ្រូពេទ្យជំនាញដែលធ្វើការ ២ កន្លែង នៅពេទ្យរដ្ឋផង និងពេទ្យឯកជនផង ឬក៏នៅពេទ្យរដ្ឋផង និងបើកគ្លីនិកខ្លួនឯងផង គឺប្រាក់ចំណូលរបស់ពួកគាត់ ៩០% បានមកពីពេទ្យឯកជន។
នៅពេលដែលគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ និងគ្រូពេទ្យជំនាញធ្វើការនៅពេទ្យរដ្ឋហើយដើរចាក់ថ្នាំតាមភូមិដែរឬក៏បើកគ្លីនិកឯកជនខ្លួនឯងទៀតនោះ គឺធ្វើឲ្យប៉ះពាល់ទៅនឹងប្រព័ន្ធសុខាភិបាលទាំងស្រុងតែម្តង។ មានន័យថា អតិថិជន និងអ្នកជំងឺលែងចង់មករកសេវារដ្ឋហើយគឺដោយសារមានអ្នកទៅចាក់ថ្នាំដល់ផ្ទះអ្នកជំងឺ ម្យ៉ាងគ្រូពេទ្យនាំគ្នាលួចម៉ោងរដ្ឋទៅបម្រើសេវាគ្លីនិកខ្លួនឯងនោះគឺផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល។
ករណីនេះ គ្រូពេទ្យរដ្ឋអាចទៅបម្រើគ្លីនិកឯកជនបាន លុះត្រាតែចប់ម៉ោងការងាររដ្ឋ រួចហើយទៅធ្វើការបន្ថែមម៉ោងខ្លះឲ្យគ្លីនិកឯកជនផ្សេងបាន ព្រោះនេះគឺជាការរកកម្រៃក្រៅបន្ថែមបានមិនប៉ះពាល់ទៅនឹងទំនាស់ផលប្រយោជន៍នោះទេ នៅពេលប្រាក់ខែគ្រូពេទ្យនៅមានតិចតួចនោះ ដូចនៅប្រទេសថៃគឺគ្រូពេទ្យគេឲ្យធ្វើដូច្នេះបាន ហើយមានបន្ទប់សម្រាប់ស្នាក់នៅមន្ទីរពេទ្យឯកជនបានទៀត។
បើតាមរបាយការណ៍ស្តីពីបទពិសោធដ៏ល្អបំផុត របស់ស្រុកប្រតិបត្តិអង្គរជុំ ខេត្តសៀមរាបពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៩ (URC, 2010) គឺស្រុកប្រតិបត្តិអង្គរជុំ បានចាប់ផ្តើមអនុវត្តទាំងប្រព័ន្ធសុខាភិបាលខាងក្នុង និងទាំងការបង្ក្រាបសេវាឯកជនខុសច្បាប់ នៅខាងក្រៅប្រព័ន្ធផង។ មានន័យថា ស្រុកប្រតិបត្តិអង្គរជុំ បានរឹតបន្តឹងទៅលើវិន័យ និងបទបញ្ជាផ្ទៃក្នុងផ្អែកទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល គឺមិនអនុញ្ញាតឲ្យគ្រូពេទ្យរដ្ឋ លួចម៉ោងរដ្ឋទៅធ្វើការងារគ្លីនិកខ្លួនឯងផងនោះទេ គឺត្រូវឆ្លាស់វេនគ្នាប្រចាំការ នៅមូលដ្ឋានសុខភាព ទាំងមណ្ឌលសុខភាព និងទាំងមន្ទីរពេទ្យបង្អែកស្រុក ទាំងអស់គ្នាបម្រើសេវា ២៤ ម៉ោង។
រីឯសេវាឯកជនខាងក្រៅខុសច្បាប់វិញ មានទាំងឆ្មបបុរាណ អ្នកលក់ឱសថខុសច្បាប់ និងគ្រូពេទ្យដើរចាក់ថ្នាំតាមភូមិ ទាំងគ្មានវិជ្ជាជីវៈ និងទាំងមានវិជ្ជាជីវៈ ឲ្យតែចាក់ថ្នាំលួចលាក់ធ្វើឲ្យអ្នកជំងឺស្លាប់គឺស្រុកប្រតិបត្តិដាក់ពាក្យបណ្តឹងជំនួសអ្នកជំងឺទៅតុលាការខេត្តសៀមរាប។
យ៉ាងណាមិញ ស្រុកប្រតិបត្តិបានសហការគ្នាល្អ ជាមួយអាជ្ញាធរស្រុក និងឃុំ ដើម្បីប្រមូលឆ្មបបុរាណ អ្នកលក់ថ្នាំអត់អាជ្ញាប័ណ្ណ និងអ្នកដើរចាក់ថ្នាំតាមភូមិហ្នឹងឲ្យចុះកិច្ចសន្យាជាមួយអាជ្ញាធរឃុំ និងស្រុកថា ឈប់ប្រកបរបរខុសច្បាប់នេះទៀតហើយព្រោះធ្វើឲ្យប៉ះពាល់សុខភាព និងអ្នកជំងឺស្លាប់។
ឧទាហរណ៍ កុមារមានជំងឺគ្រុនឈាម តែគ្រូពេទ្យភូមិ មិនមានម៉ាស៊ីនពិនិត្យឈាមគឺចេះតែផ្សំថ្នាំឲ្យលុះដល់កុមារចេញឈាមតាមច្រមុះតាមមាត់ទើបឪពុកម្តាយស្លន់ស្លោមកមន្ទីរពេទ្យ ឬក៏ពេទ្យគន្ធបុប្ផាជួយទាន់ក៏រស់ទៅ បើមិនទាន់ក៏ស្លាប់ទៅ។
ការដែលអនុវត្តដូចនេះ ធ្វើឲ្យស្រុកប្រតិបត្តិអង្គរជុំ មានអ្នកជំងឺ និងអតិថិជនកើនឡើងជាលំដាប់ និងប្រាក់ចំណូលហិរញ្ញប្បទាន ក៏កើនឡើងដែរ ហើយការគ្រប់គ្រង និងការបែងចែកប្រាក់ចំណូលទាំងនេះ ក៏មានតម្លាភាពផងដែរ។
ហេតុដូច្នេះហើយ មន្ទីរសុខាភិបាលខេត្តឬក៏ស្រុកប្រតិបត្តិណា ដែលដឹងខ្លួនថា ខេត្ត ឬក៏ស្រុកប្រតិបត្តិរបស់ខ្លួនអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការជាមួយនឹងអាជ្ញាធរមូលដ្ឋានមិនទាន់បានល្អនៅឡើយនោះ គួរតែសិក្សារៀនសូត្រពីការអនុវត្តដ៏ល្អរបស់ស្រុកប្រតិបត្តិអង្គរជុំ ខេត្តសៀមរាបនេះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com