«ពុត​គ្រូ​កុំ​ត្រាប់​ ច្បាប់​គ្រូ​សឹម​យក​!» នេះ​គឺ​ជា​ពាក្យ​សម្តី​របស់​អ្នក​ដឹកនាំ ​អ្នក​អប់រំ​ និង​អ្នក​ប្រៀនប្រដៅ​ផ្នែក​សាសនា ​តែងតែ​លើក​ទឡ្ហីករណ៍​មក​ធ្វើ​ជា​អំណះអំណាង​របស់​ខ្លួន​ដែល​ខំ​ប្រដៅ​គេ​ឲ្យ​ដើរ​ផ្លូវ​ល្អ ​ឬក៏​សុខភាព​ល្អ ​នៅ​ពេល​ខ្លួន​ឯង​ប្រព្រឹត្ត​ផ្ទុយ​ទៅ​នឹង​ទ្រឹស្តី​ ដូច​ជា ​ព្រះសង្ឃ​ប្រៀនប្រដៅ​ពុទ្ធបរិស័ទ​ កុំ​ឲ្យ​ឆ្កួត ​៣ ​គឺ​ឆ្កួត​ស្រី ​ឆ្កួត​ស្រា ​ឆ្កួត​ល្បែង​ពាលា​អាវា​សែ។ តែ​ព្រះសង្ឃ​មួយ​ចំនួន​តូច​បែរ​ជា​លួច​ផឹក​ស្រា ​មាន​ស្នេហា​លួច​លាក់​ទៅ​វិញ​ ម្យ៉ាង​វិញ​ទៀត​គ្រូពេទ្យ​ខំ​ប្រដៅ​ប្រជាពលរដ្ឋ​ កុំ​ឲ្យ​ជក់​បារី​បណ្តាល​ឲ្យ​ខូច​សុខភាព​ តែ​ខ្លួន​ឯង​លួច​ជក់​បារី​ទៅ​វិញ។

ករណី​ឃើញ​គេ​ប្រព្រឹត្ត​ខុស​ផ្ទុយ​ពី​ទ្រឹស្តី​បែប​នេះ ​ដូច​មាន​ប្រវត្តិ​ស្នេហា​រឿង​ទុំទាវ​ ដែល​នេន​ទុំ ​ខ្លួន​ជា​ព្រះសង្ឃ​ត្រងត្រាប់​អនុវត្ត​ទៅ​តាម​គន្លង​ទ្រឹស្តី​ព្រះពុទ្ធ​ បែរ​ជា​លាចាកសិក្ខាបទ​ពី​សង្ឃ ​ទៅ​ជា​ពលរដ្ឋ​ធម្មតា ​ដោយសារ​ក្តី​ស្រើបស្រាល​ស្នេហ៍​ជាមួយ​នាង​ទាវ។ ឥឡូវ​នេះ​ក្តី​រំជើប​រំជួល​ពី​ប្រវត្តិ​ដើម​នៃ​សាច់​រឿង​ស្នេហា​ទុំទាវ​នេះ​ហើយ​ ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ខ្លះ ​បែក​គំនិត​ថា​ហេតុអ្វី​បាន​នេន​ទុំ​ មាន​ស្នេហា​បាន​ តែ​អត្មា​អញ​ម៉េច​ធ្វើ​មិន​បាន​ដូច​នេន​ទុំ? ​ជាមួយ​នឹង​ហេតុ​ផល​អ្នក​ដឹកនាំ​សាសនា​ផ្សេង​ប្រព្រឹត្ត​បាន ​ដូច​ជា​រឿង​អាស្រូវ​របស់​មេ​ដឹកនាំ​សាសនា​កាតូលិក​លោក​ Pope Francis ​ដែល​ត្រូវ​បាន​គេ​រាយការណ៍​បាន​រួមភេទ​ជាមួយ​កុមារ​ប្រព្រឹត្ត​តាំង​ពី​ឆ្នាំ ២០១៤ ​ដល់​ឆ្នាំ ​២០១៦។​ មក​ទល់​ពេល​នេះ ​បើ​ទោះ​បី​ជា​មាន​មហាជន​បាន​រិះគន់​យ៉ាង​ចាស់​ដៃ ​និង​ផ្ញើ​លិខិត​ចំហ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង ​​ក៏​លោក​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ។

ផ្គួបផ្សុំ​ជាមួយ​នឹង​សម័យ​បច្ចេកវិទ្យា​ទំនើបៗ​កុំព្យូទ័រ​ និង​ស្មាតហ្វូន​ភ្ជាប់​ជាមួយ ​Wifi​ ដែល​ងាយ​ស្រួល​នឹង​ទទួល​យក​បាន​នូវ​គ្រប់​រូបភាព​នៅ​ទីណា​ក៏​បាន​ដែរ​ឲ្យ​តែ​មាន​សេវា​ទូរស័ព្ទ ​ឬ​ក៏ ​Wifi ទៅ​ដល់​ តាមរយៈ​អ៊ីនធឺណិត​ យូធូប ​តេឡេ​ក្រាម ​WhatsApp ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង ​Messenger ជា​ដើម។ រីឯ​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ក៏​លែង​​ជា​ការ​លំបាក​ផង​ដែរ ​ចង់​និយាយ​មើល​មុខ​គ្នា​ក៏​បាន ​ចង់​ថត​សែលហ្វ៊ី​ជាមួយ​គ្នា​ក៏​បាន​មិន​ចាំបាច់​ពឹង​គេ​ថត​ឲ្យ​នាំ​តែ​បែក​ការ​នូវ​រឿងរ៉ាវ​ស្នេហា​របស់​ខ្លួន​នោះ។

ករណី​នេះ​កាល​ពី​សម័យ​មិន​ទាន់​ល្បី​ស្មាតហ្វូន ​គឺ​មាន​តែ​ទូរស័ព្ទ ​Nokia N395 ​ដែល​អាច​និយាយ​ហើយ​មើល​មុខ​គ្នា​ផ្ទាល់​បាន​នាំចូល​ស្រុក​ខ្មែរ​ដំបូង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ហាម​នាំចូល ​ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ប្រពៃណី ​សាសនា ​និង​ការ​ស្រើបស្រាល​ទំនាក់ទំនង​ស្នេហា​រវាង​បុរស ​និង​ស្រី ​កាន់​តែ​ងាយ​ស្រួល ​និង​អាច​បង្ក​ឲ្យ​ស្នេហា​ផិត​ក្បត់​គ្នា។ ស្រាប់តែ​ពេល​នេះ ​គឺ​ចង់​ប្រើ​បាន សារ ​និង​រូបភាព​ទំនាក់ទំនង​គ្នា​ភាព​សិចស៊ី​មើល​ឃើញ​គ្នា​ដោយ​ឥត​មាន​រអាក់រអួល​នោះ​ទេ ​ដែល​គេ​ប្រើ​ពេញ​និយម​ជាង​គេ​នៅ​កម្ពុជា​គឺ ​Messenger ដែល​រដ្ឋាភិបាល​ឃាត់​លែង​ឈ្នះ ​ឲ្យ​ទៅ​តាម​ដំណើរ​តែ​ម្តង ​សូម្បី​តែ​ព្រះសង្ឃ​ក៏​មាន​ស្មាតហ្វូន​នៅ​នឹង​ដៃ​ប្រើ​សឹង​តែ​គ្រប់​អង្គ​ដែរ។ អង្គ​ខ្លះ​មាន​ប្រើ​ទូរស័ព្ទ​ទំនើប​ម៉ាក ​Vertus ​ដល់​ទៅ​តម្លៃ ​២ ម៉ឺន​ដុល្លារ ​ក៏​មាន​ដែរ ​ហើយ​បង្ហោះ​តាម​ហ្វេសប៊ុក​ជាសាធារណៈ​នូវ​ភាព​ស៊ីវិល័យ​របស់​ព្រះអង្គ​ទៀត​ផង។

បច្ចុប្បន្ន​នេះ​មិន​ថា​ឧបាសក ​មិន​ថា​ព្រះសង្ឃ​ទេ ​គឺ​លេង​ហ្វេសប៊ុក​ជា​កញ្ចប់​ទៅ​ហើយ ​ការ​បង្ហោះ​រូបភាព​ហិង្សា​សាហាវ​ រឿងរ៉ាវ​ស្នេហា​ រឿង​បែក​ធា្លយ​រឿង​អាស្រូវ​តារា ​រាជការ ​និង​ព្រះសង្ឃ​ជាមួយ​ស្រី​កំណាន់​​ជា​ដើម។ រឿង​ឧបាសក ​និង​ឧបាសិកា​ទំនាក់ទំនង​ស្នេហា​សហាយស្មន់​ជា​កំហុស​ឆ្គង​មួយ ​តែ​សម្រាប់​ព្រះសង្ឃ​មាន​ស្នេហ៍​នែបនិត្យ​គ្នា ​សង្ឃ​ខ្លះ​រហូត​ឈាន​ដល់​ការ​រួម​ភេទ​មាន​គភ៌​ទៀត​ នេះ​មិនមែន​ជា​លើក​ទី១ ​នោះ​ទេ។

ដូច​ករណី​ព្រះសង្ឃ​ចៅ​អធិការ​ដែល​ពូកែ​ ចេះ​មន្តអាគម​ទស្សន៍ទាយ ​ស្រោច​ទឹក​ បាន​ឆាន់​ពោត​ស្ងោរ​ជាមួយ​ស្រីស្នេហ៍​នៅ​ខេត្ត​បន្ទាយមានជ័យ​ឡើង​ល្បី។

កាល​ពី​សប្តាហ៍​មុន​នេះ​មាន​ករណី​ព្រះសង្ឃ​ចៅ​អធិការ​វត្ត​ពោធិ៍ចិនតុង​រាជធានី​ភ្នំពេញ​ក៏​មាន​រឿង​អាស្រូវ​ជាមួយ​ស្រី​ស្នេហ៍​រហូត​ដល់​មានគភ៌​ហើយ​ចង់​ដោះដៃ​ចេញ​ តែ​ត្រូវ​ស្រី​ស្នេហ៍​បង្ហោះ​រូបថត​កាល​នៅ​ល្អូកល្អិន​ជាមួយគ្នា​ហើយ​វាយ​ប្រហារ​មក​សង្ឃ​វិញ។

នៅ​ទី​បញ្ចប់​សង្ឃ​ដែល​ប្រព្រឹត្ត​ខុស​នឹង​ធម៌​វិន័យ​សង្ឃ ​គឺ​បាន​ត្រឹមតែ​គណៈសង្ឃ​ចាប់​ផ្សឹក​តែ​ប៉ុណ្ណោះ។ នេះ​គឺ​ជា​អំពើ​ប្រឆាំង​នឹង​សាសនា​តែ​ម្តង​ដែល​ធ្វើ​ឲ្យ​បាត់បង់​ជំនឿ​ទុក​ចិត្ត​ពី​ឧបាសក ​ឧបាសិកា ​ដែល​ប្រព្រឹត្ត​ដោយ​ព្រះសង្ឃ​ខិលខូច​មួយ​ចំនួន​តូច។ រីឯ​ខាង​ស្រី​ស្នេហ៍​វិញ​ម្តង ​គឺ​ពួក​គេ​ដឹង​ហើយ​ ឮ​ហើយ​ថា​ព្រះសង្ឃ​មិន​ត្រូវ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ស្រី​ញី​នោះ ​ចុះ​ហេតុអ្វី​បាន​ជា​ពួក​គេ​សម្លឹង​មើល​ឲ្យ​តែ​ សង្ឃ​ណា​ រក​បច្ច័យ​បាន​ច្រើនៗ​ ចេះ​ស្រោច​ទឹក​ទស្សន៍ទាយ​ដាក់​ស្នេហ៍ ​គឺ​ពួក​គេ​ទៅ​ចែចង់ ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​ស្មាតហ្វូន ​ដើម្បី​ឈាន​ដល់​សេចក្តី​ស្រើបស្រាល​ទៅ​តាម​សម្ផស្ស​សិចស៊ី​ខើច​អេនអន​ ដើម្បី​ចង់​បាន​ផល​ប្រយោជន៍​ពី​លោក​សង្ឃ​ដែល​កំពុង​តែ​ជាប់​ស្បង់​ចីពរ​ហ្នឹង​ឱប​ថើប​គ្នា ​ដោយ​មិន​ចេះ​ខ្មាស​អៀន​លែង​គិតគូរ​រឿង​ដាច់​សីល​ដាច់​អាបត្តិ​ទេ។ នៅ​ពេល​ដែល​បែក​រឿង​បាន​បង្ហោះ​ចេញ​ឲ្យ​គេ​ឃើញ​ជាសាធារណៈ​ដោយសារ​តែ​ចង់​ឈ្នះ​ចិត្ត​សង្ឃ​ដែល​ធ្វើ​ឲ្យ​ខ្លួន​ឈឺចាប់​នោះមាន​ជាប់​ទាំង​ហង្ស​សាក់។ នេះ​គឺ​ជា​កំហុស​ផ្នែក​ខាង​ឧបាសិកា ​ដែល​គ្មាន​ទោសពៃរ៍​នោះ​ប្រឆាំង​នឹង​សាសនា​ព្រះពុទ្ធ​ទៅ​វិញ។

មាន​ចម្ងល់​សួរ​ថា ​ហេតុអ្វី​បាន​ជា​ព្រះសង្ឃ ​និង​ស្រី​ស្នេហ៍​ស្រឡាញ់​គ្នា​ហ្នឹង​ជា​អ្នក​បំផ្លាញ​សាសនា​ព្រះពុទ្ធ​ដែល​ជា​បាវចនា​របស់​ប្រទេស​ជាតិ​មួយ​ទាំង​មូល​បែប​នេះ? ​អ្វី​ដែល​សំខាន់​នោះ​គឺ​មិន​ថា​ព្រះសង្ឃ​គ្នា​ឯង ​កូន​សេក្ខ​លោក​ តាអាចារ្យ ​និង​ដូនជី​ ក៏​គ្មាន​នរណា​ហ៊ាន​រាយការណ៍​ទៅ​គណៈសង្ឃ​រាជធានី​ភ្នំពេញ​ ឬ​ក៏​ខេត្ត​នោះ​ទេ​ ពេល​ខ្លះ​មាន​តែ​ជួយ​លាក់​គ្នា ​ឬ​ក៏​ខ្លាច​អំណាច​ចៅ​អធិការវត្ត​ដែល​ប្រព្រឹត្ត​ស្នេហា​ខុស​ទៅ​នឹង​ពុទ្ធប្បញ្ញត្តិ​? ហេតុ​ដូច​នេះ​ហើយ ​បញ្ហា​នេះ​គឺ​ត្រូវ​តែ​មាន​ការ​ចូលរួម​ទាំង​អស់​គ្នា​ដើម្បី​កុំ​ឲ្យ​បាត់បង់​ជំនឿ ​និង​ប៉ះពាល់​មុខ​មាត់​សាសនា​ព្រះពុទ្ធ​ដែល​ពុទ្ធសាសនិក​ខ្មែរ​ជាង ​៩៥ ​ភាគរយ ​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​នោះ​៖

១) ព្រះសង្ឃ​អង្គ​ឯង​ត្រូវ​តែ​ដាក់​កម្រិត​ក្នុង​ការ​ប្រើប្រាស់​សម្ភារ​បចេ្ចកវិទ្យា​ទូរស័ព្ទ​ស្មាតហ្វូន​សម្រាប់​តែ​ការងារ​ ឬ​ក៏​តម្រូវការ​ចាំបាច់​ ដើម្បី​ចៀសវាង​កុំ​ឲ្យ​បែក​ឆ្វេង ​ទាក់ទង​ស្រី​ស្នេហ៍​តាម​ទូរស័ព្ទ​នោះ។

២) គណៈ​សង្ឃ​រាជធានី​-​ខេត្ត ​គួរ​តែ​ពញ្ញាក់​ស្មារតី​ក្រើន​រំឭក​ព្រះសង្ឃ ​ចៅ​អធិការវត្ត​ ឬ​ក៏​ព្រះសង្ឃ ​ដែល​ល្បី​រឿង​អូមអាម​មន្តអាគម​រាល់​ពេល​ប្រជុំ​ប្រចាំ​ខែ ​ឬ​ក៏​ត្រីមាស​ម្តងៗ។

៣) អ្នក​ដែល​ដឹង​ថា​ព្រះសង្ឃ​មាន​ទំនាក់ទំនង​ស្រី​ស្នេហ៍ ​មិន​ថា​ ព្រះសង្ឃ​គ្នា​ឯង ​មិន​ថា​កូន​សេក្ខ​លោក ​មិន​ថា​តាអាចារ្យ ​និង​យាយជី​នោះ​ទេ​គឺ​ត្រូវ​តែ​រាយការណ៍​ទៅ​គណៈសង្ឃ​ប្រចាំ​ខេត្ត​-រាជធានី ​និង​ការពារ​កុំ​ឲ្យ​ខូច​ឈ្មោះ​វត្ត​អារាម​ហ្នឹង​ផង។ កុំ​ឲ្យ​តែ​គេ​ជិះ​កាត់​គេ​ថា​លោក​វត្ត​ហ្នឹង​មាន​ស្រី​នោះ។

៤)​ អនុវត្ត​ដូច​គ្នា​នេះ​ដែរ​ចំពោះ​ស្រ្តី ​ក៏​ត្រូវ​តែ​រាយការណ៍​ដែរ​ នៅ​ពេល​ដែល​ដឹង​ថា​ស្ត្រី​មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយ​ព្រះសង្ឃ​ហើយ​នោះ ​ជា​ពិសេស​មិត្ត​ភក្តិ ​ឬ​ក៏​បង​ប្អូន​សាច់​ញាតិ​ ឬ​ក៏​ឪពុក​ម្តាយ ​គឺ​ត្រូវ​ហាម​ឃាត់​កូន ​ឬ​មិត្តភក្តិ​ កុំ​បំផ្លាញ​ទាំង​សាសនា​ផង ​និង​បំផ្លាញ​កិត្តិយស​គ្រួសារ​ស្ត្រី​ខ្លួន​ឯង​ផង។

៥) ការ​លើក​កម្ពស់​ស្ត្រី​នៅ​ក្នុង​សង្គម​ជា​រឿង​ចាំបាច់​មួយ គឺ​ក្រសួង​កិច្ចការនារី​ត្រូវ​ថ្កោល​ទោស​ចំពោះ​ស្ត្រី​ដែល​បំផ្លាញ​សាសនា​ផង​ដែរ​តាមរយៈ​ស្នេហា​សហាយស្មន់​នឹង​ព្រះសង្ឃ​ដែល​កាលីបៗ​នោះ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.ton​g@phnompenhpost.com