ក្នុងនាម​ជា​ក្រសួង​នយោបាយ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ប្រហែល​ជា​ក្រសួង​ដែល​ពិបាក​វាស់​ស្ទង់​ទិន្នផល​ការងារ​ជាងគេ​។ បើ​ប្រៀបធៀប​ក្រសួង​សាធារណការ​ដែល​ធ្វើ​ផ្លូវ​ឃើញ​ផ្លូវ​ធ្វើ​ស្ពាន​ឃើញ​ស្ពាន​តើ​យើង​វាស់​ទិន្នផល​ការងារ​ការបរទេស​ដោយ​របៀបណា​? តើ​ការងារ​ការបរទេស​គឺ​ជា​ការងារ​ប្រជុំ​ពាក់​ក្រវាត់ក ជល់​កែវស្រា​ក្រហម ហើយ​ថតរូប​ ឬ​យ៉ាងណា​? ​តើ​ទៅ​ប្រជុំ​បាន​លទ្ធផល​អ្វី​ក្រៅពី​សេចក្តី​ថ្លែងការណ៍ ៤-១០ ​ទំព័រ​នោះ​?

ទិន្នផល​ការងារ​ការបរទេស​ពឹង​អាស្រ័យ​ភាគច្រើន​លើ​ទស្សនៈ​យល់ឃើញ​របស់​សាធារណៈ (public perception) ហើយ​ក្នុង​អត្ថបទ​នេះ ខ្ញុំ​សូម​លើក​យក​នូវ​ទិដ្ឋភាព​ ៣ យ៉ាង​ដែលជា​កត្តា​វាស់​ស្ទង់​ទិន្នផល​ការងារ​ការបរទេស​។

ទី១ ​ក្រសួង​ការបរទេស​គឺជា “​អ្នក​បើកទ្វារ​កាលានុវត្តភាព​”​។ ក្រសួង​ការបរទេស គឺជា​អ្នកស្វែងរក​ជា​អ្នក​គោះទ្វារ និង​អ្នក​បើកទ្វារ​កាលានុវត្តភាព លើ​វិស័យ​វិនិយោគ​ពាណិជ្ជកម្ម ជំនួយ​អភិវឌ្ឍន៍​អាហារូបករណ៍​វគ្គ​បណ្តុះបណ្តាល ការងារ​កម្មសិក្សា កម្មវិធី​ផ្លាស់ប្តូរ​វប្បធម៌ និង​យុវជន​។​ល​។

បើ​ការបរទេស​មិនអាច​ចរចា​ដាក់​បញ្ចូល​ក្នុង​របៀបវារៈ​នូវ​គម្រោង​ផែនការ​សកម្មភាព ដែល​មាន​ប្រយោជន៍​ដល់​ខ្មែរ​ ឬ​ដាក់បញ្ចូល​អាទិភាព​អភិវឌ្ឍ​ជាតិ​ក្នុង​របៀបវារៈ​អន្តរជាតិ​នោះ ក៏​ពុំមាន​ការចាប់​កកើត​នូវ​សកម្មភាព​ការវិយោគ​សាធារណៈ​ និង​ឯកជន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទន់​ និង​រឹង​របស់​កម្ពុជា​ដែរ​។ ពិតណាស់ថា ក្រសួង​ការបរទេស​មិនមែន​ជា​តួអង្គ​ឯក​តួអង្គ​ទោល​នោះ​ទេ តែ​យើង​អាច​និយាយ​បាន​ថា ជា​តួអង្គ​ដែល​បើកទ្វារ​ដំបូង​គេ​។

ថ្វីដ្បិត​តែ​ក្រសួង​ជំនាញ​ជា​អ្នកទទួល​ធនធាន​ និង​ទទួល​ខុសត្រូវ អនុវត្ត​ផ្ទាល់​ក៏ដោយ ក៏​ការស្នើ​គម្រោង​អភិវឌ្ឍន៍​មួយចំនួន​ត្រូវ​ធ្វើ​ឡើង​តាម​ក្រសួង​ការបរទេស ហើយ​ជាមួយ​ប្រទេស​ខ្លះ​គឺ​ត្រូវមាន​ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ជាមួយ​នឹង​ទូត ឬ​តំណាង​ការបរទេស​នៃ​ប្រទេស​ដៃគូ​ជាមុន​សិន​មុន​នឹង​ក្រសួង​ជំនាញ​ឈាន​ដល់​ដំណាក់កាល​អនុវត្ត​គម្រោង​។ វេទិកា​នៃ​សំណើ​រាល់​គម្រោង​សំខាន់ៗ​នានា​គឺ​ធ្វើ​ឡើង​នៅក្នុង​ជំនួប​អន្តររដ្ឋាភិបាល​ដែល​មាន​ក្រសួង​ការបរទេស​ជា​សេនាធិការ​សម្របសម្រួល​។

ជា​ឧទាហរណ៍​ជាក់ស្តែង សេចក្តី​ថ្លែងការណ៍​ក្រុង​ភ្នំពេញ និង​ផែនការ​សកម្មភាព​ប្រាំ​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង គឺជា​ឯកសារយោង​ដ៏សំខាន់​សម្រាប់​ក្រសួង​ជំនាញ​លើក​ជា​សំណើ​គម្រោង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​អាទិភាព ដើម្បី​សុំ​ថវិកា​ទ្រទ្រង់​ពី​មូលនិធិ​ពិសេស​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ-ឡានឆាង​ហើយ​តួអង្គ​ចម្បង​ក្នុង​ការចរចា​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​ និង​ផែនការ​សកម្មភាព​នេះ​គឺ​ក្រសួង​ការបរទេស​គឺជា​អ្នកចរចា​បញ្ចូល​ទិសដៅ​អាទិភាព​នៃ​ការអភិវឌ្ឍ​របស់​កម្ពុជា​ និង​ប្រមែប្រមូល​ធាតុ​ចូល​នានា​ពី​ក្រសួង​ជំនាញ​។

គម្រោង​អភិវឌ្ឍន៍​ទាំងអស់​សុទ្ធតែ​លើកឡើង​ដោយ​យោង​ទៅ​លើ​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​រួម​ ឬ​ផែនការ​សកម្មភាព​នៃ​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ណាមួយ​។

ការសាងសង់​ស្ពាន​អ្នកលឿង​ត្រូវ​ឆ្លងកាត់​ការចរចា​ជិត​ ១០ ​ឆ្នាំ​ហើយ​អ្នកការទូត​កម្ពុជា​ត្រូវ​ទៅ​ជួប​ពន្យល់​សមាជិក​សភា​ជប៉ុន​ដែល​ប្រឆាំង​នឹង​គម្រោង​នេះ ហើយ​ក្រសួង​ការបរទេស​តែងតែ​បញ្ចូល​ក្នុង​ចំណុច​ពិភាក្សា​របស់​ថ្នាក់ដឹកនាំ​កម្ពុជា​អំពី​សារៈសំខាន់​នៃ​ស្ពាន​អ្នកលឿង​ស្ទើរតែ​គ្រប់​វេទិកា​ទាំង​កម្រិត​ទ្វេភាគី អនុតំបន់​មេគង្គ និង​ក្របខ័ណ្ឌ​អាស៊ាន ទម្រាំ​យើង​ទទួល​បាន​គម្រោង​អភិវឌ្ឍន៍​ដ៏ធំ​សម្បើម​មួយ​នេះ​។

បើ​និយាយ​ឲ្យ​ងាយ​យល់​ជាង​នេះ​ឧបមា​ថា បើ​យើង​គ្មាន​ទូត តើ​នរណា​ជា​បង្អួច​ចរចា​ស្នើសុំ​ការបង្កើត​ឱកាស​ការងារ​ដល់​ពលករ​ខ្មែរ​? តើ​នរណា​ដែល​បរទេស​ត្រូវ​ទាក់ទង​ដំបូង ដើម្បី​សាកសួរ​ពី​កាលានុវត្តភាព​ពាណិជ្ជកម្ម និង​វិនិយោគ​?

ថ្វីដ្បិតតែ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​អាច​ឲ្យ​គេ​ស្វែងរក​ព័ត៌មាន​បាន​ច្រើន​ពី​កម្ពុជា​ក៏ដោយ ក៏​អន្តរជាតិ​នៅតែ​ត្រូវការ​ស្តាប់​សំឡេង​ផ្ទាល់​របស់​តំណាង​កម្ពុជា ដើម្បី​ថ្លឹងថ្លែង​វិនិច្ឆ័យ​ពី​សភាពការណ៍​ពិត​នៅក្នុង​ប្រទេស​។ ម្យ៉ាង​ក៏​ព្រោះថា ព័ត៌មាន​ដ៏ច្រើន​លើសលប់​ក៏​មិនប្រាកដ​ថា សុទ្ធតែ​ជា​ព័ត៌មាន​ពិត​ទាំងស្រុង​មាន​ប្រយោជន៍​ចំពោះ​កម្ពុជា ឬ​គ្មាន​របៀបវារៈ​នយោបាយ​បរទេស​ដែរ​។

ត្រង់នេះ​គឺ​យើង​ចូលដល់​ចំណុច​ ទី២ ដែល​ក្រសួង​ការបរទេស​មាន​តួនាទី​ជា​ “​អ្នក​បង្ការ​ទប់ស្កាត់​វិបត្តិ​”​។ ការការពារ​វិបត្តិ​គឺ​ពិបាក​នឹង​មើលឃើញ ព្រោះ​ពេលខ្លះ ការ​ឡបប៊ី​ត្រូវ​ធ្វើ​ឡើង​ក្រោយ​ឆាក​ចៀសវាង​ទទួលរង​ការរិះគន់​ពី​តួអង្គ​ដែល​ប្រឆាំង​នឹង​ភាពល្អូកល្អិន​នៃ​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​នឹង​ប្រទេស​ដៃគូ​។

នៅពេល​ដែល​មាន​វិបត្តិ​កើតឡើង​មាន​ការវាយប្រហារ​លើ​ភាពស្របច្បាប់​របស់​រាជរដ្ឋាភិបាល​កិត្យានុភាព​ជាតិ និង​សមិទ្ធផល​ជាក់ស្តែង​របស់​រដ្ឋាភិបាល​ និង​ប្រជាជន​ ឬ​មានការ​រំលោភបំពាន​លើ​អធិបតេយ្យភាព​ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា ក្រសួង​ការបរទេស​គឺជា​ទាហាន​ឈានមុខ​ដែល​មិនមែន​ជា​កង​ប្រដាប់អាវុធ​ដែល​ធ្វើ​ជា​ខែល​ការពារ​ដំបូង​គេ​។

វិបត្តិ​នយោបាយ​របស់​កម្ពុជា​មិនមែន​កើតឡើង​ដោយសារ​តែ​តួអង្គ​ក្នុង​ប្រទេស​នោះទេ គឺ​មាន​ការ​លូកដៃ​ចូល​យ៉ាង​ជ្រាលជ្រៅ​ពី​តួអង្គ​នៅក្រៅ​ប្រទេស​ទាំង​ជនជាតិខ្មែរ​ និង​បរទេស​។

ប្រឈម​នឹង​ការវាយប្រហារ​បែបនេះ តួនាទី​ការងារ​ការបរទេស​មាន​សារៈសំខាន់​ខ្លាំង​ក្នុង​ការការពារ​ស្ថិរភាព​ម៉ាក្រូ​ទាំង​សេដ្ឋកិច្ច និង​នយោបាយ និង​សេចក្តី​ថ្លៃថ្នូរ​ និង​កិត្តិនាម​របស់​ប្រជាជន​ និង​ប្រជាជាតិ​ខ្មែរ​។

បើ​គ្មាន​តំណាង​ឯ​ក្រៅ​ប្រទេស​ទេ បរទេស​ភាគច្រើន​ដែល​គ្មាន​ព័ត៌មាន​អ្វី​ក្រៅពី​អ៊ីនធឺណិត​ប្រាកដ​ជា​គិតថា​ខ្មែរ​វេទនា​ដូច​ឋាននរក​ស្រមៃ​ឃើញ​តែ​របប​ប្រល័យ​ពូជសាសន៍ គ្រាប់មីន អសន្តិសុខ គ្មាន​ស្ថិរភាព​។​ល​។ ហើយ​ងាយ​នឹង​យល់ច្រឡំ​ថា កម្ពុជា​មិនមែន​ជា​ទីស្ថាន​នៃ​ការវិនិយោគ ឬ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដែល​មាន​ប្រយោជន៍​។

នៅពេល​មាន​ការឈ្លានពាន​ពី​ប្រទេស​ដទៃ តើ​មាន​នរណា​ដែលជា​អ្នកចរចា​ព្រំដែន ដើរ​ពន្យល់​ប្រទេស​ដទៃ​ថា កម្ពុជា​ជា​ជនរងគ្រោះ នៅពេល​ដែល​ភាគី​ម្ខាង​ទៀត​នៃ​ជម្លោះ​អាច​មាន​ស្ថានទូត​លើសពី​ ១០០ មាន​មន្ត្រី​ទូត​ដែលមាន​សមត្ថភាព​អាច​ពន្យល់​គ្រប់​ទិដ្ឋភាព​ច្បាប់ និង​នយោបាយ​ហើយ​ថែម​ទាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​​រឹងមាំ​ជាង​កម្ពុជា​ទៀត​នោះ​?

ទិដ្ឋភាព​ចុងក្រោយ​គឺ​អ្នក​ការទូត​ប្រៀប​បាន​ដូចជា ​“​ទែរម៉ូម៉ែត្រ​មនុស្ស​” (human thermometer)​។ អ្នកការទូត​គឺជា​អ្នក​ស្ទង់​ដឹង​មុនគេ​នូវ​ស្ថានភាព​ក្តៅ​ត្រជាក់​នៃ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដៃគូ ឬ​ស្ថានភាព​តំបន់ និង​សកល​ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​កម្ពុជា​។

អ្នកការទូត​ គឺជា​អ្នក​ស្ទង់​ដឹង​មុនគេ​នៅពេល​ណា​ដែល​ប្រទេស​ណាមួយ​មាន​បំណង​អមិត្ត​ចំពោះ​កម្ពុជា​ចង់​ដាក់ទណ្ឌកម្ម ឬ​សម្ពាធ​នយោបាយ​ការទូត​ និង​សេដ្ឋកិច្ច​មកលើ​កម្ពុជា ហើយ​ក៏​ជា​អ្នកដឹង​ជាងគេ​ថា តើ​តួអង្គ​ណា​ខ្លះ​ដែល​មាន​បំណងល្អ ឬ​អាក្រក់​ចំពោះ​កម្ពុជា ហើយ​យើង​ត្រឡប់​ទៅ​ចំណុច​ទី ២ វិញ ពោល​គឺ​តាមរយៈ​ព័ត៌មាន​ទាំងនេះ​អ្នកការទូត​ត្រូវ​ដើរតួ​ឈានមុខ​ក្នុង​ការការពារ​វិបត្តិ​ការទូត កុំ​ឲ្យ​កើត​មានឡើង ឬ​បើ​កើតមាន​ហើយ​ក្តី ត្រូវ​ដើរតួ​ជា​អ្នក​ដោះស្រាយ បង្រួម​ជម្លោះ បង្កើន​ការយោគយល់​គ្នា និង​កសាង​ការជឿទុកចិត្ត​ឡើងវិញ​។

ជារួម​យើង​អាច​មាន​ការបកស្រាយ​ច្រើន​អំពី​ទិដ្ឋភាព​ការងារ​ការបរទេស ប៉ុន្តែ ខាងលើ​នេះ​គឺជា​ទិដ្ឋភាព​ ៣ ​ត្រួសៗ​ដែល​​សុទ្ធសឹង​ជា​ការងារ​អរូបី គ្មាន​រង្វាស់​ខ្នាត និង​សូចនាករ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​គឺ​សុទ្ធតែ​ជា​ការងារ​ស្នូល​ដែល​មិនអាច​ខ្វះខាត​បាន​ទាក់ទង​នឹង​ផលប្រយោជន៍​ជាតិ​កម្ពុជា​៕

ដោយ ស៊ឹម វីរៈ ទីប្រឹក្សា​យុទ្ធសាស្ត្រ​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)