
ភ្នំពេញ : ប្រសិនបើមានពេលចូលរួមតាមតុពិសាកាហ្វេពេលព្រឹកដើម្បីជជែកលេង សើចពីនេះ ពីនោះផង យើងនឹងឮម្តងម្កាលចេញជាសុភាសិតថ្មីៗដូចជា «បុណ្យក៏ធ្វើ ឈើក៏កាប់!»។ កាលពីខ្ញុំនៅរៀនវិទ្យាល័យ មេរៀនភូមិវិទ្យាគឺបានបញ្ជាក់យ៉ាងច្បាស់លាស់ថា ប្រទេសកម្ពុជាយើងមានផ្ទៃព្រៃឈើប្រហែល៧៣% នៃផ្ទៃដីប្រទេស។ ហើយមានជនបរទេសខ្លះ ជិះយន្តហោះបានមើលពីលើមក ហើយសួរខ្មែរយើងថា ឯណាទីក្រុង របស់អ្នក បើមើលទៅសុទ្ធតែព្រៃបែបនេះ? ចុះបច្ចុប្បន្ននេះ សាកជិះយន្តហោះមើលម្តងទៀតមើល ថាតើយើងនឹងឃើញអ្វី? ព្រៃដូចមុនដែរឬទេ? តើសព្វថ្ងៃនេះសល់ប៉ុន្មានភាគរយនៃផ្ទៃប្រទេសសម្រាប់កម្មវិធី សិក្សាឲ្យប្អូនៗ សិស្សានុសិស្សសិក្សា?
នៅអំឡុងពេលសង្រ្គាមប្រទាញប្រទង់នៅទសវត្យរ៍ឆ្នាំ៨០រវាងកងទ័ពវៀតណាមរួមជាមួយនឹងកងទ័ពរដ្ឋាភិបាលប្រយុទ្ធគ្នានឹងកងទ័ពតស៊ូត្រីភាគី នៅតាមតំបន់ តាមជាយដែនខ្មែរ-ថៃ។ ដោយសារមានព្រៃស្តុកមានការលំបាកវាយយកទីតាំង រដ្ឋាភិបាលក៏បានបង្កើតនូវយុទ្ធសាស្រ្តកំណែន «ក៥» (កំណែន កម្លាំង ដើម្បីការពារ និងកសាងមាតុភូមិកម្ពុជា (Slocomb M., 2003)) ក្រោមស្លាកយុទ្ធសាស្រ្តនេះ ដើម្បីកាប់ព្រៃស្តុកទាំងនោះឲ្យស្រឡះ។
កាលនោះមានបងប្អូន យើងដែលបានចូលរួម «ក៥» នោះ បានទទួលរងនូវការស្លាប់ និងពិការដោយសារគ្រាប់មីនមួយចំនួនខ្លះស្លាប់ដោយសារជំងឺ គ្រុនចាញ់ និងខ្លះក៏រស់រហូតមកដល់សព្វថ្ងៃនេះតែមានសភាពទ្រុឌទ្រោម និងជំងឺប្រចំាកាយទៀតផង។ នេះមកពីស្រុកយើងកាលនោះមានសង្រ្គាមរ៉ាំរ៉ៃ មែនទេ?
ម្យ៉ាងវិញទៀត ប្រសិនបើមានការធ្វើដំណើរទៅខេត្តមណ្ឌលគិរីនិងខេត្តរតនគិរីដោយឆ្លងកាត់ស្រុកស្នួល កាលពី១០ឆ្នាំមុន យើងបានឃើញព្រៃឈើនៅតាមផ្លូវជាតិជាហូរហែ ហើយកន្លែងមួយចំនួនស្ទើរតែមើលមិនឃើញកាំរស្មីព្រះអាទិត្យទៀតផង ។ តែឥឡូវប្រែក្លាយទៅជាទីល្ហល្ហេវ មើលទៅភ្នំដាច់កន្តុយភ្នែក និងបែរជាឃើញមានការដាំជំនួសវិញនូវកូនដើមកៅស៊ូតូចៗ ដើមស្វាយចន្ទី និងដំឡូងមីរបស់ក្រុមហ៊ុនទៅវិញ។ រីឯអាកាសធាតុនៅទីនោះមានការក្តៅ និងត្រជាក់ខ្លាំងខុសពីធម្មតា ហើយមួយថ្ងៃៗប្រជាពលរដ្ឋមានការខ្លាចរអារឲ្យតែឮពាក្យថា៖ «តំបន់អភិវឌ្ឍន៍» មិនដឹងថា ប៉ះគេ ឬប៉ះយើងទេ។ តើព្រៃឈើមានតម្លៃស្រុកខ្មែរអាចផុតពូជដែរឬទេ?
បើតាមបទពិសោធក្នុងការដឹកនាំក្នុងហេតុផលនិន្នាការនយោបាយ និងសេដ្ឋកិច្ចបណ្តាប្រទេសមួយចំនួនមាន២ចំណុចជាចម្បង ក្នុងការកាប់ព្រៃឈើគឺ ទី១ ក្នុងការកាន់អំណាចក្នុងរបបមួយឲ្យបានយូរឆ្នាំដើម្បីរៀបយុទ្ធ សាស្រ្តនៃការកំចាត់ជម្រករបស់ក្រុមចលនាឧទ្ទាមទ័ពព្រៃ ដែលប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលកុំឲ្យមានរបបថ្មីមួយមកកាន់ អំណាចជំនួស។ ទី២ គឺការយកលេសបំផ្លាញជម្រកមូសដែកគោលញីដែលផ្ទុកមេរោគបណ្តា កើតជំងឺគ្រុនចាញ់។ ឧទាហរណ៍ ដូចនៅប្រទេសអាហ្វ្រិកមួយចំនួន កាលពីសម័យមុនឆ្នាំ១៩៧០ដោយមានការស្លាប់ដោយសារជំងឺគ្រុនចាញ់ ច្រើន ហើយពួកគេមិនអាចទប់ទល់បាន ពួកគេក៏នាំគ្នាកាប់បំផ្លាញព្រៃឈើដែលជាទីជម្រកសត្វមូសដែកគោល ញីដែលផ្ទុកមេរោគគ្រុនចាញ់។
តាមរយៈឯកសារស្រាវជ្រាវរបស់អាហ្វ្រេនឆ្នាំ២០០៨ (Afrane et al. 2008) នៅអនុតំបន់សាហារ៉ាអាហ្វ្រិកមិនត្រឹមតែកាប់តំបន់ព្រៃដែល មានប្រវត្តិជំងឺគ្រុនចាញ់ទេ ពួកគេថែមទាំងកាប់បំផ្លាញតំបន់ព្រៃស្តុកផ្សេងៗ គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ចពីតម្លៃនៃឈើទាំងនោះ ហើយក៏ថែមទាំងខួងយករ៉ែក្រោមដីទៀតផង។ តែជាផលវិបាក ប្រទេសអាហ្វ្រិកទាំងនោះឥឡូវនេះ មានការប្រែប្រួលបរិយាកាសក្តៅហួតហែង និងគ្មានសំណើម (តំបន់ខ្លះស្ទើរតែរកដើមឈើជ្រកគ្មានក្លាយជាទីរហោឋាន) ធ្វើឲ្យមានការមេរោគជំងឺគ្រុនចាញ់ដែលមាននៅក្នុងមូសនៅទីនោះមាន នូវការវិត្ត និងកើនទ្វេដង។ ហើយក៏បណ្តាលឲ្យមានការកើនឡើងនូវអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់ ទៀតផង ដូចជានៅប្រទេសតង់ហ្សានី ប្រទេសកេនយ៉ា និងប្រទេសអ៊ូហ្គាន់ដា ជាដើម។
នេះដោយសារការទទួលអនុផលពីការកាប់ព្រៃឈើមិនស្មើគ្នា និងក៏ដូចជាត្រូវបណ្តាសារបស់ធនធានធម្មជាតិទាំងនោះ ធ្វើឲ្យប្រទេសនៅតំបន់នោះមានការបះបោរឥតឈប់ឈរ និងសង្រ្គាមស៊ីវិលកើតមានឡើងជាបន្តបន្ទាប់ផងដែរ។ ចំណែកឯប្រទេសកម្ពុជាយើង តើមានអ្វីខុសប្លែកពីផលវិបាកបណ្តាប្រទេសអាហ្វ្រិក ពីទំនាក់ទំនងគ្នា យ៉ាងដូចម្តេចដែររវាងការកាប់បំផ្លាញព្រៃឈើ និងជំងឺគ្រុនចាញ់?
កាលពីខែមុននេះ នៅឯអង្គមហាសន្និបាតបូកសរុបប្រចាំឆ្នាំ២០១០ នៃក្រសួងសុខាភិបាល រាជរដ្ឋាភិបាលបានអះអាងថា៖ «ប្រទេសកម្ពុជានឹងគ្មានជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥»។ ខ្ញុំគិតថា ការអះអាងនេះ អាចពិតប្រសិនបើ រាជរដ្ឋាភិបាលមិនអាចបង្រ្កាបបទល្មើសកាប់ព្រៃឈើយ៉ាងអនាធិបតេយ្យ ដូចសព្វថ្ងៃនេះឲ្យមានប្រសិទ្ធភាពនោះទេ ទម្រាំរហូតដល់ឆ្នាំ២០២៥ គឺកម្ពុជានឹងអស់ព្រៃឈើល្មម ហើយនឹងគ្មានជម្រកមូស ឬក៏គ្មានជំងឺគ្រុនចាញ់ដែរ។ តែការអះអាងនេះ អាចមិនពិតដោយផ្អែកលើបទពិសោធបណ្តាប្រទេសអនុតំបន់សាហារ៉ានៃទ្វីប អាហ្វ្រិក អត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់នេះមានការកើនឡើងបណ្តាលមកពីការកាប់ព្រៃឈើតាមតំបន់ធំៗនេះ។
ខ្ញុំយល់ឃើញថា ជាការល្អ ដែលរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ចំពោះការប្រយុទ្ធ ប្រឆាំងនឹងជំងឺគ្រុនចាញ់នេះ ដែលសម្លាប់ប្រជាពលរដ្ឋខ្មែររាប់រយនាក់ក្នុង១ឆ្នាំៗ។ តែរាជរដ្ឋាភិបាលគួរតែផ្តោតទៅលើ ការពង្រឹងការថែរក្សាសម្បត្តិព្រៃឈើ ដើម្បីទុកឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ឈើប្រណីតផង និងពង្រីកយន្តការផ្សព្វផ្សាយអប់រំ និងការផ្តល់សេវាព្យាបាលឲ្យបានទូលំទូលាយជាងនេះទៀត អំពីការការពារជំងឺគ្រុនចាញ់ ជាពិសេសបងប្អូនដែលងាយរងគ្រោះ ការធ្វើការបន្លាស់ទី និងចំណាកស្រុក ហើយខ្ញុំជឿជាក់ថា ជំងឺគ្រុនចាញ់ និងអ្នកស្លាប់ដោយសារជំងឺនេះនឹងអាចថយចុះបនិ្តចម្តងៗជាលំដាប់៕